ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​៦នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​ចាប់ជម្រិត និង​ប្លន់​ធនាគារ​​


ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវ​បាន​បង្ហាញ​មុខ​ជាសាធារណៈ​នៅ​ស្នង​ការ​ប៉ូលិស​​ខេត្ត។​
ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវ​បាន​បង្ហាញ​មុខ​ជាសាធារណៈ​នៅ​ស្នង​ការ​ប៉ូលិស​​ខេត្ត។​
ហេង រស្មី ភ្នំពេញ​
ក្រុម​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ បន្ទាប់​ពីបាន​រៀប​ចំ​គម្រោងប្លន់​ប្រាក់​ពី​ធនាគារ​អេស៊ីលីដា ​សាខា​នៅ​ស្រុក​ស្ទឹង​ត្រង់។​ នេះ​បើតាម​ការ​បញ្ជាក់​ពីមន្ត្រី​សមត្ថកិច្ច។​

ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវ​បាន​បង្ហាញ​មុខ​ជាសាធារណៈ​នៅ​ស្នង​ការ​ប៉ូលិសខេត្ត។​ មាន​ជន​សង្ស័យ​ខ្លះ​អត់​អាវ​ ​ស្លៀក​តែខោខ្លី​ និង​មាន​ស្នាម​វាយ​ដំ​ជាំ​មុខ​ដែល​សង្ស័យ​ថា​ ក្រុម​សមត្ថកិច្ច​វាយ​ដើម្បី​សួរ​ចម្លើយ។​
ព័ត៌មាន​ដំបូង​ដែល​បាន​បង្ហាញ​ពី​ក្រុម​សមត្ថកិច្ច​កាលពី​ថ្ងៃពុធ ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ជន​ល្មើស ដែល​មាន​គ្នា​ចំនួន​ពីរ​នាក់​ បាន​ប្រើប្រាស់​អាវុធ​ខ្លី​មួយ​ដើម​ បាន​ចាប់​ជម្រិត​បុគ្គលិក​ធនាគារ​អេស៊ីលីដា​ធ្វើជា​ចំណាប់​ខ្មាំង​ដើម្បី​ជម្រិត​ទារ​ថ្នាំញៀន។

បើតាម​ការ​បញ្ជាក់​ពី​លោក​វរៈសេនីយ៍​ឯក​ជឹម គឹមហុង​ ស្នងការរង​ប៉ូលិសខេត្ត​ បាន​ថ្លែង​ប្រាប់​អង្គ​សន្និសីទ​ការសែត​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​តាម​ការណ៍​ពិត​មិន​មែន​ជា​សកម្មភាព​ចាប់​ជម្រិត​ទារ​ប្រាក់​ទេ​ ប៉ុន្តែ​ផ្ទុយទៅ​វិញ​ជា​ការ​រៀប​ចំ​គម្រោងប្លន់​លុយ​ធនាគារ​អេស៊ីលីដា​តែ​ប៉ុណ្ណោះ។​

លោក​បាន​និយាយ​ថា​ ជនសង្ស័យ​ចំនួន​៥​នាក់​ក្នុង​ចំណោម​៦​នាក់​ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា​ផ្ទាល់តែ​ម្តង​ ហើយ​ក្នុង​នោះ​ជន​សង្ស័យ​ឈ្មោះ​ស៊ឹម​គឹមថាន​ អាយុ៣៥​ឆ្នាំ​ជា​ប្រធាន​បេឡា​ធនាគារ​អេស៊ីលីដា​ស្រុក​ស្ទឹង​ត្រង់​គឺ​ជា​មេគំនិត​នៅ​ក្នុង​ការ​រៀបចំ​សកម្មភាព​ប្លន់​ប្រាក់​ពី​ធនាគារ។​

លោក​មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ស៊ឹម គឹម​ថាន​រៀបចំ​គម្រោងប្លន់​លុយ​ពីធនាគារ​គឺ​ដោយ​សារ​តែ​ជំពាក់​ប្រាក់​គេ​ច្រើន​ពេក ​និង​បាន​យក​ប្រាក់​ចំនួន​២ម៉ឺន​ដុល្លារ​ពី​ធនាគារ​យក​ទៅ​ចាយ​វាយ។​

«នៅពេលដែល​រៀបចំ​សកម្មភាព​ ស៊ឹម គឹមថា​ ដែល​ជាបុគ្គលិក​បេឡា​នោះ​គឺ​ជា​មនុស្ស​ដែល​ជំពាក់​លុយ​គេ​ច្រើន។ ​ទីមួយ​គាត់​ជាប់ធ្វើ​ផ្ទះ​ថ្មី។ ​ទីពីរ​គាត់​ម៉ៅ​ចម្ការ​ស្វាយ​ចន្ទី​គេ។​ គាត់​ខាត​លុយ​ច្រើន។ ​ទីបី​ប្រពន្ធ​គាត់​លេង​តុងទីន»។​

បុគ្គលិក​ធនាគារ​អេស៊ីលីដា ​ដែលជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ប្លន់​ប្រាក់​ពី​ធនាគារ រួមមាន​ឈ្មោះ​ស៊ឹម គឹម​ថា​ន​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ព្រែក​បារាំង ​ស្រុក​ស្ទឹងត្រង់ ​ជា​ប្រធាន​បេឡា ​និង​ជា​មេខ្លោង​ក្នុង​រឿងនេះ។ ​ ស៊ឹម តុលា ​ហៅ​ជែ​ម ​អាយុ​២៨​ឆ្នាំ​មក​ពី​ភ្នំពេញ​ ជា​ម្ចាស់​អាវុធ​ខ្លីម៉ាក​កា​៥៤​ រស់​នៅ​ខេត្ត​កំពត។ ​ស៊យ លី​ណា អាយុ​២០​ឆ្នាំ ​ជា​ប្រធាន​បេឡាស្តីទី។ ​អាន ម៉ាត់លី ​អាយុ​២៤​ឆ្នាំ ​ជា​បុគ្គលិក​ធនាគារ​ ដែលរត់​រួចកាល​ពី​ម្សិលម៉ិញ​ ដោយ​បាន​នាំ​យក​លុយ​ចំនួន​៥៧​លាន​រៀល។​ ទីន គុយ​ហេង ​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​ជា​បុគ្គលិក​ធនាគារ​ ស្នាក់នៅ​ភូមិ​ព្រែក​ព្រះ​អង្គ ​ឃុំ​ព្រែក​បាក់​ ស្រុក​ស្ទឹងត្រង់ ​និង​រឿន ​សុជាតិ ​អាយុ​២៩​ឆ្នាំ ​ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា។

លោក​អ៊ីន ចាន់នី​ អគ្គនាយក​ធនាគារ​អេស៊ីលីដា​ប្រចាំ​ក្រុង​ភ្នំពេញ ​បាន​ទទួល​ស្គាល់​ថា ​ពិត​ជា​បុគ្គលិក​របស់​ធានាគារ​អេស៊ីលីដា​ពិតប្រាកដ​មែន​ដែល​បាន​រៀបចំ​គម្រោងប្លន់​ប្រាក់​ពី​ធនាគារ។​

លោក​បាន​និយាយ​ថា ​បុគ្គលិក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​នោះ​នឹង​ត្រូវ​បញ្ឈប់​ពីការ​ងារ​ហើយ។​ ហើយ​លោក​កំពុង​រៀប​ចំដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ។​

«បុគ្គលិក​ដែល​ពាក់​ព័ន្ធ​គាត់​រំលោភ​អនុ​សញ្ញា​រួម ​ស្តីពីការងារ។​ ​យើង​បញ្ជប់​គាត់​ ហើយ​យើង​នឹង​ប្តឹង​ទៅ​តុលាការ​ដើម្បី​ចោទ​ប្រកាន់​ពីបទ​បោក​ប្រាស់​ ពីបទ​បន្លំ ​ពីបទ​បំពាន​ដើម្បី​កេង​យក​លុយ​កាក់»។​
លោក​អ៊ីន ចាន់នី​បាន​និយាយ​ថា ​លោក​មិន​ទាន់​ដឹង​ថា ​ទឹកប្រាក់​ប៉ុន្មាន​ដែល​ត្រូវ​បាត់​បង់ទេ ​ដោយ​សារ​តែ​កំពុង​ធ្វើ​សវនា​កម្ម​នៅ​ឡើយ។​ លោក​បាន​បញ្ជាក់​ថា ​នៅ​តាម​ប៉ុស្តិ៍​សាខា​របស់​ធនាគារ​និមួយៗ​មាន​ទឹកប្រាក់​ប្រមាណ​៧​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ៕​
XS
SM
MD
LG