ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​លើក​ឡើង​អំពី​«បរាជ័យ»​គម្រោង​បូម​ប្រេង ខណៈ​តវ៉ា​ផ្លូវ​ច្បាប់​ប្រឆាំង​រឿង​លួច​ដឹក​ប្រេង​ចេញ​ពី​ដែន​ទឹក​កម្ពុជា


រូបឯកសារ៖ រូបថតដែលផ្សព្វផ្សាយដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ បង្ហាញឲ្យឃើញសកម្មភាពទាញយកប្រេងនៅឈូងសមុទ្រកម្ពុជា។ (AFP/ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល)
រូបឯកសារ៖ រូបថតដែលផ្សព្វផ្សាយដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ បង្ហាញឲ្យឃើញសកម្មភាពទាញយកប្រេងនៅឈូងសមុទ្រកម្ពុជា។ (AFP/ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​លើក​ឡើង​អំពី​«បរាជ័យ»នៃ​គម្រោង​បូម​ប្រេង​នៅ​កម្ពុជា ខណៈ​ក្រុម​ហ៊ុន​វិនិ​យោគ​ឈ្មោះ​ Kris​Energy បាន​ក្ស័យ​ធន ហើយ​ប្រេង​ដែល​បូម​បាន​ត្រូវ​បាន​រាយ​ការណ៍​ថា​ត្រូវគេ​លួច​ដឹក​ចេញ​ពី​ដែន​ទឹក​កម្ពុជា​ទៅ​ប្រទេស​ថៃ។

ពាក់​ព័ន្ធ​នឹង​ករណី​លួច​ដឹក​ប្រេង​ដែល​បូម​បាន​កាល​ពី​កន្លង​ទៅ​ចេញ​ពី​ដែន​ទឹក​កម្ពុជា ដោយ​មិន​មាន​ការ​អនុញ្ញាត មន្រ្តី​កម្ពុជា​បាន​អះអាង​ថា​រដ្ឋាភិបាល​កំពុង​រៀប​ចំ​ចំណាត់​ការ​ផ្លូវ​ច្បាប់ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ KrisEnergy ដែល​ជា​ក្រុម​ហ៊ុន​វិនិយោគ​របស់​សិង្ហបុរី។

កាល​ពី​ថ្ងៃ​អាទិត្យ ទី​១ ខែ​សីហា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ថ្លែង​ថា​អាជ្ញាធរ​កម្ពុជា​មិន​អាច​ឃាត់​នាវា​ផ្ទុក​ប្រេង​កម្ពុជា​មិន​ឲ្យ​ចាក​ចេញ​ទៅ​បាន​ទាន់​ពេល​វេលា។

លោកថ្លែង​ថា៖ «ឥឡូវ​ហ្នឹង​ ក្រុមហ៊ុន​ហ្នឹង​ក្ស័យ​ធន វា​បូក​ថែម​អា​កប៉ាល់​ដែល​យើង​បូម​ដាក់​នេះ វា​រត់​ចេញ​ទៅ​បាត់​ទៅ។ យើង​ទប់​វា​មិនទាន់​ ចូល​ដល់​ដី​ថៃ​។ រួច​ហើយ​គេ​មាន​មេធាវី​របស់​គេ អា​នោះ​ជួល​កប៉ាល់​មក​ទុក ឥឡូវ​វា​យក​ទាំង​អាប្រេង​ហ្នឹង​ទៅ​បាត់​អស់​អាលីង​។ បាត់​អស់​អា​ប្រេង​ហ្នឹង»។

លោក ហ៊ុន សែន បាន​លើក​ឡើង​អំពី«​បរាជ័យ​»នៃ​គម្រោង​បូម​ប្រេង​នៅ​កម្ពុជា ដែល​ទទួល​បាន​តំណក់​ប្រេង​លើក​ដំបូង​កាល​ពី​ចុង​ឆ្នាំ​២០២០ ប៉ុន្តែ​លោក​ថា​នឹង​បន្ត​ការ​រុក​រក​នៅ​ប្លុក​ផ្សេង​ទៀត។

លោក ហ៊ុន សែន បន្ថែម​ថា​៖ «២៩ ធ្នូ ដែល​យើង​ប្រកាស​តំណក់​ប្រេង​លើក​ដំបូង​ប្រហែល​ជា​បរា​ជ័យ​ហើយ។ គ្រោង​ថា​មួយ​ថ្ងៃ​បាន​៥៧០០​បារ៉ែល(ធុង)​។ ទី​ចុង​បំផុត​ មួយ​ថ្ងៃ​បាន​តែ​១​ពាន់​បារ៉ែល»។

កាល​ពី​ខែ​មិថុនា ក្រុមហ៊ុន​ Kris​Energy ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​លើក​ឡើង​ថា​ «ក្រុម​ហ៊ុន​សូម​ប្រកាស​ថា​ក្រុមហ៊ុន​មិន​មាន​លទ្ធ​ភាព​សង​បំណុល​ខ្លួន ដោយ​ផ្អែក​លើ​បំណុល​ដែល​អាច​កើន​ឡើង ​និង​កំពុង​មាន​ជាក់​ស្តែង​ ហើយ​និង​បន្ត​ទៅ​រក​ការ​ទូទាត់​បំណុល»។ ក្រុមហ៊ុន​បន្ថែម​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​រក​ឃើញ​ប្រេង​និង​លំហូរ​សាច់​ប្រាក់​ពី​ការ​អភិវឌ្ឍក្នុង​ប្លុក​បូមប្រេង​ ប្លុក​ A​ ឬ​គេ​ហៅ​ថា​ប្លុក​អប្សរា​ក្នុង​ប្រទេស​កម្ពុជា ក៏​ជា​មូលហេតុ​មួយ​ដែរ ​ដែល​នាំ​ឲ្យ​បិទ​ក្រុមហ៊ុន។

រូបឯកសារ៖ រូបថតដែលផ្សព្វផ្សាយដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ បង្ហាញឲ្យឃើញទីតាំងនៃការទាញយកប្រេងនៅឈូងសមុទ្រកម្ពុជា។ (AFP/ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល)
រូបឯកសារ៖ រូបថតដែលផ្សព្វផ្សាយដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ បង្ហាញឲ្យឃើញទីតាំងនៃការទាញយកប្រេងនៅឈូងសមុទ្រកម្ពុជា។ (AFP/ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល)

VOA ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​លោក​ អ៊ិត ប្រាង​ រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ ជៀប សួរ បាន​ប្រាប់សារ​ព័ត៌មានក្នុង​ស្រុក ThmeyThmey នៅ​ថ្ងៃ​អង្គារ​នេះ​ថា​បរិមាណ​ប្រេង​ដែល​នាវា​ខាង​លើ​បាន​ដឹក​ទៅ​ដល់​ប្រទេស​ថៃ​នោះ​មាន​ប្រមាណ​២៩​ម៉ឺន​បារ៉ែល​ ដែល​ជា​ប្រេង​ឆៅ បើ​គិត​ជាមួយ​តម្លៃ​ប្រេង​នា​ពេល​បច្ចុប្បន្ន អាច​ស្មើ​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក។

លោក ជៀប សួរ បញ្ជាក់​ថា ​នាវា​ដែល​លួច​ដឹក​ប្រេង​ពី​កម្ពុជា​ គឺ​នាវា​ដែល​ក្រុម​ហ៊ុន ​KrisEnergy បាន​ជួល​ ដើម្បី​ដំណើរ​ការ​អាជីវកម្ម​បូម​ប្រេង​នៅ​កម្ពុជា​។ តែ​ក្រោយ​ពី​កម្ពុជា​បាន​ដាក់​សំណើ​ទាម​ទារ​ប្រេង​មក​វិញ ម្ចាស់​នាវា​បាន​បដិសេធ​ដោយ​លើក​ឡើងថា​ក្រុម​ហ៊ុន ​KrisEnergy បាន​ជំពាក់​លុយ​ខ្លួន។

លោក​បាន​បន្ត​ថា នា​ពេល​បច្ចុប្បន្ន​ ក្រសួងរ៉ែ ​និង​ថាមពល​ កំពុង​បន្ត​និតីវិធី​ផ្លូវ​ច្បាប់​ ជាមួយ​ក្រុមហ៊ុន KrisEnergy​ ខណៈ​ក្រុមហ៊ុន​នេះក៏​កំពុង​ដំណើរ​ការរឿង​ក្ដី​នៅ​តុលាការ​ ក្រោយ​ប្រកាស​ក្ស័យធន​ដោយសារ​បំណុល។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Thmey Thmey។

អ្នកស្រី លឹម សូលីន នាយិកា​អង្គការ​អុកស្វាម​ (Oxfam) ប្រចាំ​កម្ពុជា ប្រាប់ ​VOA ​តាម​រយៈ​សារ​អ៊ីមែល​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​៖ «វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​ដែល​ក្រុមហ៊ុន​ជួប​ប្រទះ​បញ្ហា​ក្ស័យ​ទុន​ក្នុង​ពេល​នេះ។ យ៉ាងណា​មិញ​អង្គការ​អុកស្វាម​ជឿ​ជាក់​ថា​ភាគី​ពាក់ព័ន្ធ​រួម​មាន​រាជ​រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​រ៉ែ​ នឹង​ជជែក​ពិភាក្សា​គ្នា​ ដើម្បី​រក​ដំណោះ​ស្រាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ និង​ធានា​ថា សាធារណ​ជន​ដែល​ជា​ម្ចាស់​ធនធាន​នេះ​ អាច​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​ធានា​នូវ​គណ​នេយ្យភាព​ និង​តម្លា​ភាព»។

គួរ​រំឭក​ថា​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន ​KrisEnergy ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​កម្ពុជា កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន ​Chevron Overseas Petroleum(Cambodia) Ltd ​ដែល​បាន​ធ្វើ​ការ​រុក​រក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ បាន​សម្រេច​ដក​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ កាល​ពី​ឆ្នាំ​២០​១៤​ ​ហើយ​បាន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទាំង​មូល សរុប​ចំនួន​៣០​%​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ដៃ​គូ ​គឺ​ ​KrisEnergy Ltd ​របស់​ប្រទេស​សិង្ហបុរី។

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៧ ក្នុង​ពេល​ចុះ​ហត្ថ​លេខា​ជាមួយ​ក្រុមហ៊ុន​ KrisEnergy​ Group លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ​ និង​ថាមពល​ ​បាន​ឲ្យ​ដឹង​ថា​ ប្រេង​ក្នុង​ប្លុក​ 1A និង​ ប្លុក ​1B ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា អាច​មាន​លើស​ពី​៣០​លាន​បារ៉ែល។

កាល​ពី​កន្លង​ទៅ លោក ជៀប សួរ អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​កាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា​រដ្ឋា​ភិបាលកម្ពុជា​កំពុង​រង់ចាំ​អ្នក​វិនិ​យោគ​ផ្សេង​ទៀត​មក​វិនិយោគ​លើ​ប្លុក​៤​ទៀត គឺ​ប្លុកB ប្លុកC ប្លុកEនិង​ប្លុកF៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG