ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ចូលរួមពិធី​ជួបជុំ​មួយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (AFP PHOTO / ASEAN-AUSTRALIA SPECIAL SUMMIT 2024 / PENNY STEPHENS)
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ចូលរួមពិធី​ជួបជុំ​មួយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (AFP PHOTO / ASEAN-AUSTRALIA SPECIAL SUMMIT 2024 / PENNY STEPHENS)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែល​ឡើង​កាន់​អំណាច​បាន​ជិត ១០ ​ខែ​មក​ហើយ នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​ពី​ចុង​សប្តាហ៍​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន លោក ហ៊ុន ម៉ាណែត នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​លោក​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋកូរ៉េ ចាប់​ពី​ថ្ងៃទី ១៨ ដល់ទី ​១៩ ខែឧសភា ឆ្នាំ ២០២៤ តប​តាម​ការ​អញ្ជើញរបស់​លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី​នៃសាធារណរដ្ឋកូរ៉េ។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏អម​ដំណើរ​ដោយ​អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​របស់​លោក ហ៊ុន ម៉ាណែត លោក ស៊ុន បាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត និង​តំណាងពី​សភា​ពាណិជ្ជកម្មកម្ពុជា។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន។

លោក ហ៊ុន ម៉ាណែត នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង ដើម្បី​ពិភាក្សា​ស៊ី​ជម្រៅ​នូវភាព​ជាដៃគូ និងពង្រីក​កិច្ចសហប្រតិបត្តិការ ពហុ​វិស័យ ក្នុង​គោល​បំណង​លើក​កម្ពស់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ទៅ​កម្រិតថ្មី។

នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ហ៊ុន ម៉ាណែត ក៏​នឹង​អញ្ជើញចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-សាធារណរដ្ឋកូរ៉េ និង​ជួប​ជាមួយក្រុមហ៊ុន​សំខាន់ៗ​មួយ​ចំនួន ព្រម​ទាំង​ជួប​សំណេះ​សំណាល​ជាមួយ​ស​ហគមន៍​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG