មន្ត្រីការពារសិទ្ធមនុស្សនិងមន្ត្រីការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជាសង្ស័យការបាញ់សម្លាប់អ្នកការពារធនធានធម្មជាតិព្រៃឈើដ៏ឆ្នើមគឺលោក ឈុត វុទ្ធីមានពាក់ព័ន្ធនឹងឧក្រិដ្ឋជនព្រៃឈើដោយបានទទូចដល់អាជ្ញាធរស៊ើបអង្កេតឲ្យបានដិតដល់ក្នុងការនាំខ្លួនជនប្រព្រឹត្តល្មើសមកកាត់ទោសតាមច្បាប់។
មន្ត្រីការពារធនធានធម្មជាតិនិងសិទ្ធិមនុស្សថ្លែងថាលោក ឈុត វុទ្ធីអាយុ៤៣ឆ្នាំ មានជម្លោះជាមួយមន្ត្រីប៉េអឹមម្នាក់ដែលបាញ់សម្លាប់លោកកាលពីថ្ងៃព្រហស្បតិ៍ក្រោយរយៈពេល៣ថ្ងៃដែលលោកវុទ្ធីធ្វើដំណើរទៅកាន់ខេត្តកោះកុងដើម្បីស៊ើបអង្កេតរឿងកាប់ឈើខុសច្បាប់យ៉ាងអនាធិបតេយ្យក្នុងតំបន់សោមខេត្តកោះ កុង។ នេះបើតាមការអះអាងរបស់មន្ត្រីអាជ្ញាធរនិង មន្ត្រីសិទ្ធិមនុស្ស។
លោក សុខ ហេង នៃអង្គការបណ្តាញសហគមន៍កម្ពុជាជាដៃគូជាមួយ លោក ឈុត វុទ្ធីបានថ្លែងថាការស៊ើបអង្កេតមួយដ៏មានតម្លាភាពនិងចាប់ខ្លួនអ្នកនៅពីក្រោយនៃការបាញ់ប្រហារដើម្បីបំបាត់វប្បធម៌គ្មានទោសពៃរ៍គឺជារឿងសំខាន់សម្រាប់ក្រុមអ្នកសេ្នហាជាតិ អ្នកតស៊ូដើម្បីការពារធនធានធម្មជាតិ។ លោក សុខ ហេងបានផ្តល់តម្រុយថាលោក ឈុត វុទ្ធីស្ថិតក្នុងបញ្ជីឈ្មោះនៃការយាយីអាយុ ជីវិតពីឧក្រិដ្ឋជនព្រៃឈើតាំងពីគាត់ប្រឡូកចូលក្នុងកិច្ចការការពារធនធានធម្មជាតិនេះ។
«តាមពិតខ្ញុំដឹងគាត់ធ្លាក់ក្នុងបញ្ជីខ្មៅរបស់ក្រុមល្មើស ក្រុមឧក្រិដ្ឋកម្មព្រៃឈើយូរ ហើយតាមខ្ញុំដឹង។ យើងដើរជាមួយគាត់ច្រើនទៅយើងដឹង»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថាបញ្ហាបង្កទៅជាជម្លោះនោះគ្រាន់តែជាមូលហេតុដើម្បីបង្កហេតុដើម្បីឲ្យមានការបាញ់សម្លាប់ប៉ុណ្ណោះនៅពេល លោក ឈុត វុទ្ធីជាគោលដៅយូរហើយនោះ។
ក្រុមមន្ត្រីសិទ្ធិមនុស្សក្នុងខេត្តកោះកុងបានរាយការណ៍ថាលោក ឈុត វុទ្ធី ត្រូវមន្ត្រី ប៉េអឹមម្នាក់ឈ្មោះ អ៊ិន រតនាបាញ់សម្លាប់ពេលលោកវុទ្ធីបដិសេធមិនព្រមឲ្យកាតមែមម៉ូរីក្នុងម៉ាស៊ីនថតរូបរបស់លោកដែលលោកបានថតរូបនានាទាក់ទងនឹងសកម្មភាពបទល្មើសព្រៃឈើនោះ។ ហើយមន្ត្រីប៉េអឹមនោះត្រូវស្លាប់ក្នុងហេតុការណ៍នោះដែរ។ អ្នកសារព័ត៌មាន The Cambodia Daily ២នាក់មានបរទេសម្នាក់ដែលរួមដំណើរនោះមានសុវត្ថិភាពក្រោយពីត្រូវឃាត់ខ្លួនមួយរយៈពេលខ្លី។ ការបាញ់សម្លាប់នោះគឺកើតឡើងនៅតំបន់វាលបី ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុងនៅតាមផ្លូវមកពីកន្លែងកាប់បំផ្លាញព្រៃឈើ។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សលីកាដូក្នុងខេត្តកោះកុង បានរៀបរាប់ពីសកម្មភាពរបស់លោក ឈុត វុទ្ធីថា៖
«គាត់បានចុះមកខេត្តកោះកុងនេះបីថ្ងៃហើយៗតាំងពីថ្ងៃច័ន្ទមក។ ហើយពីម្ស៉ិលម៉ិញព្រឹកគាត់ទៅចំណុចអូសោម គឺជាតំបន់ដែលរងការកាប់បំផ្លាញព្រៃឈើ ច្រើន បាននាំអ្នកសារព័ត៌មានយើងចុះទៅយកព័ត៌មាននៅតំបន់នោះបាទហើយជាអកុសលនៅពេលព្រឹកម៉ិញម៉ោង៩ ចេញពីអូសោមហ្នឹង មកដល់ចំណុចហ្នឹងក៏មានរឿងហ្នឹងកើតហេតុតែម្តង»។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សដែលធ្លាប់បានធ្វើការជាមួយលោកឈុត វុទ្ធីបានអះអាងថាឃាតកម្មនេះមានការសង្ស័យច្រើន ហើយជាការបាត់បង់សម្រាប់ធនធានធម្មជាតិប្រទេសកម្ពុជា។
«ជារឿងមួយដែលខ្ញុំមើលទៅយើងបាត់បង់មនុស្សដ៏ក្លាហានម្នាក់ដែលមានឆន្ទៈចង់ការពារព្រៃឈើប្រទេសកម្ពុជាយើង។ គាត់ធ្លាប់និយាយជាច្រើនដងថាគាត់ប្រហែលជាបើមិនជាប់គុកទេប្រហែលជាគេសម្លាប់»។
ក្រៅពីបន្ថែមថាអ្នកសារព័ត៌មានពីរនាក់គឺនាង ភន បុប្ផា និង ស្រីជនបរទេសម្នាក់ជាសាក្សីដ៏សំខាន់ដែលរដ្ឋាភិបាលត្រូវការពារពួកគាត់ លោក អ៊ូ វីរៈបានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយក្នុងរឿងឃាតកម្មនេះដែលដឹកនាំដោយអាជ្ញាធរថ្នាក់ជាតិ។
«ព្រោះអីបើសិនយើងពឹងផ្នែកទៅលើអាជ្ញាធរនៅខេត្តកោះកុង ខ្ញុំថាពួកគាត់មិនអាចធ្វើដោយឯករាជ្យបានទេបាទ។ ដោយសារប៉េអឹមជាភាគីមួយក្នុងបញ្ហានេះផងដែរ។ដូច្នេះបើមានអាជ្ញាធរមូលដ្ឋាន ទោះជាគាត់អត់មានការពាក់ព័ន្ធក៏គាត់មិនហ៊ានស៊ើបអង្កេតឲ្យបានត្រឹមត្រូវដែរ»។
លោក Partric Alley នាយកនៃអង្គការការពារបរិដ្ឋានពិភពលោក ហៅថា Global Witness បានហៅការបាញ់សម្លាប់លោក ឈុត វុទ្ធីជាព្រឹត្តិការណ៍រន្ធត់និងសោកនាដកម្ម ដោយចាត់ទុកថាលោក ឈុត វុទ្ធីជាសកម្មជនដ៏កម្រផ្នែកការពារបរិដ្ឋានធនធានធម្មជាតិ ក្នុងប្រទេសកម្ពុជា។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិមិនត្រូវឈរឱបដៃមើលទេ តែត្រូវមានសកម្មភាពជាបន្ទាន់ចំពោះអ្នកមានអំណាចជនកាប់ឈើខុសច្បាប់និងអ្នករឹបអូសដីធ្លីប្រជាពលរដ្ឋ។
«រដ្ឋាភិបាលថ្នាក់ជាតិនិងក្រុមប្រទេសអ្នកផ្តល់ជំនួយត្រូវតែថ្កោលទោសជាសាធារណៈ ចំពោះការសម្លាប់លោក ឈុត វុទ្ធី ហើយចាត់វិធានការបន្ទាន់ដើម្បីនាំខ្លួនជនល្មើសមកកាត់ទោស»។
លោក វរៈសេនីយ៍ឯកខេង ទីតូ មន្រ្តីអ្នកនាំពាក្យកងរាជអាវុធហត្ថផ្ទៃប្រទេស ឬប៉េអឹមផ្ទៃប្រទេសអះអាងថាមន្ត្រីអាវុធហត្ថកំពុងស៊ើបអង្កេតដើម្បីឈានដល់ចំណុចសន្និដ្ឋានជូនអ្នកដឹកនាំមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស។ លោកអះអាងថាលោកពុំទាន់បានទទួលព័ត៌មានអ្វីជាលាយល័ក្ខអក្សរដែរមកដល់ពេលនេះ។
«តាមព័ត៌មានជំហានដំបូងដែលខ្ញុំបានទទួលនៅកន្លែងកើតហេតុនោះគេបានឲ្យដឹងថាមានជម្លោះរវាងមន្ត្រីអាវុធហត្ថដែលចុះអនុវត្តច្បាប់ចុះអនុវត្តភារកិច្ចហ្នឹង គាត់ក៏ប៉ះពាក្យសំដីជាមួយខាងមន្ត្រីការពារ ធនធានធម្មជាតិរហូតដល់ ជម្លោះហ្នឹងមានការផ្ទុះអាវុធ»។
ទោះជាយ៉ាងណាក៏ដោយលោក បណ្ឌិ ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាបានសង្កេតឃើញមានកំណើននៃអំពើហិង្សាទាក់ទងនឹងការបាញ់ប្រជាពលរដ្ឋនៅខេត្តក្រចេះរឿងដីធ្លី បាញ់កម្មករនៅខេត្តស្វាយរៀង និង បាញ់ សម្លាប់អ្នកការពារបរិដ្ឋាននៅកោះកុងក្រៅពីអំពើហិង្សាដទៃទៀត។ លោកទទូចឲ្យមាន ការបញ្ឈប់ការប្រើអំពើហិង្សាក្នុងប្រទេសដែលនាំឲ្យ មានកង្វល់ ពីប្រជាពលរដ្ឋទាក់ទងនឹងសន្តិសុខ។
លោក ឈុត វុទ្ធីប្រធានអង្គការការពារធនធានធម្មជាតិបានចូលរួមដឹកនាំប្រជាពលរដ្ឋក្នុងការតវ៉ាការកាប់បំផ្លាញព្រៃឈើនិងការរឹបអូសដីធ្លីផ្ទះសម្បែងប្រជាពលរដ្ឋ ជាច្រើនខេត្តជាពិសេសនៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ កាលពីខែថ្មីៗនេះ៕