ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ក្រសួង​មហាផ្ទៃ៖ ​ពលករ​ខ្មែរ​ជាង​ ១៤.០០០ ​នាក់​ត្រូវ​បញ្ជូន​ត្រឡប់​ពី​ថៃក្នុង​ឆ្នាំ​២០១៩ ​


រូបឯកសារ៖ កម្មករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើ​សំណង់​រង់​ចាំ​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ខាង​ក្រៅ​អគារ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៦។
រូបឯកសារ៖ កម្មករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើ​សំណង់​រង់​ចាំ​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ខាង​ក្រៅ​អគារ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៦។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ ​២០១៩ ​ពលរដ្ឋ​ខ្មែរ​ជាង ​១៤.០០០ ​នាក់​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ថៃ ​ក្រោម​ហេតុ​ផល​ថា​ រស់​នៅ​ខុស​ច្បាប់។ ​ អ្នក​ធ្វើ​ការ​លើ​វិស័យ​ការងារ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ​ការ​ធ្វើ​ការ​ខុស​ច្បាប់​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ថៃ ​នៅ​តែ​ជា​បញ្ហា​សម្រាប់​កម្ពុជា ​ខណៈ​ពួកគេ​មិន​មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​ ហើយ​ប្រាក់​ឈ្នួល​ទាប​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ លោកស្រី ​ជូ ប៊ុនអេ ង​បាន​ថ្លែង​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ជាង ​១៤.០០០ ​នាក់ មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ ​២០១៩ ។ ​លោកស្រី​បញ្ជាក់​ថា ​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាត់​ទុក​ថា​ រស់​នៅ​ខុស​ច្បាប់ ​បើ​ទោះ​ពួកគេ​មួយ​ចំនួន​មាន​លិខិត​ឆ្លង​ដែន​ក៏​ដោយ។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ ​«ពួក​គាត់​មួយ​ចំនួន​មាន​ប៉ាស្ព័រ ​ប៉ុន្តែ​ថៃ​គេ​ដាក់​នៅ​ក្នុង​លិខិត​បញ្ជូន​មក​ឲ្យ​យើង​ហ្នឹង​ថា​ ជា​ពលករ​ខុស​ច្បាប់។​ តែ​ពាក្យ​ថា ​ខុស​ច្បាប់​របស់​គេ​ហ្នឹង​មាន​ន័យ​ថា​ម៉េច?​ មាន​ន័យ​ថា​មាន​ប៉ាស្ព័រ​ដែរ ​តែ​លើស​សុពល​ភាព​ ឬ​មួយ​ក៏​មាន​ពេល​ខ្លះ ​គាត់​មាន​តែ​បណ្ណ​ចូល ​ឬ​មួយក៏​ស្អី​អ៊ីចឹង»។ ​

លោកស្រី​បន្ថែម​ថា៖​ «ប៉ុន្តែ​ដល់​ចូល​ក្នុង​បញ្ជី​របស់​គាត់​ គឺ​គាត់​ត្រូវ​ដាក់​ថា​ ជា​ពលករ​ខុស​ច្បាប់​ដើម្បី​គាត់​ដឹក​មក​ហ្នឹង​ វា​ស្រប​ច្បាប់​របស់​គាត់។​ អ៊ីចឹង​មាន​ពេល​ខ្លះ ​អា​ព័ត៌មាន​ដែល​ឲ្យ​មក​ពី​សមត្ថកិច្ច​ ឬ​អាជ្ញាធរ​ខាង​ក្រៅ​ប្រទេស​ហ្នឹង​ ជាពិសេស​ប្រទេស​ថៃ​ហ្នឹង ​សឹង​តែ​យក​ជា​ការ​មិន​បាន។ ​ប៉ុន្តែ​ពួកយើង​ត្រូវ​តែ​ទទួល​ពលករ​ខ្លួន​ឯង»។

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​អ៊ីម៉ែល​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​នៅ​ឡើយ​ទេ។

ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ​១៩ ​ពលករ​ខ្មែរ​ជាង​៩​ម៉ឺន​នាក់​បាន​សម្រុក​មក​ប្រទេស​កម្ពុជា​ ដោយ​សារ​ថៃ​បិទ​ប្រទេស​ ហើយ​ពួកគេ​មួយ​ចំនួន​បាត់​បង់​ការងារ​នៅ​ប្រទេស​ថៃ ​និង​ខ្លះ​មក​លេង​ស្រុក​កំណើត ​ហើយ​ក៏​មិន​អាច​វិល​ត្រឡប់​ទៅ​វិញ​បាន។ ​អ្នក​ខ្លះ​ក៏​ព្យាយាម​ឆ្លង​ដែន​ខុស​ច្បាប់​ក្នុង​ពេល​នេះ ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ហាម​ឃាត់​ជា​បន្ត​បន្ទាប់។​

អ្នក​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​កំពុង​ប្រឈម​អត់​ការងារ​ធ្វើ​ និង​គ្រួសារ​ប្រឈម​ជំពាក់​បំណុល​គេ។ ​

ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​ជាតិ​ស្ដីពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ឆ្នាំ ​២០១៩ ​និង​ដាក់​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០២០​ កាល​ពី​ថ្ងៃ​ពុធ​ លោកស្រី​ ជូ ប៊ុន​អេង ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​ក៏​បាន​លើក​ឡើង​ថា​ ក្នុង​ឆ្នាំ ​២០១៩​ តាម​រយៈ​ក្រសួង​ការ​បរទេស​កម្ពុជា ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​សាក​សព​ពលរដ្ឋ​ខ្មែរ​ចំនួន ​៥៥ ​នាក់ ​ពី​ក្រៅ​ប្រទេស ​ដែល​ក្នុង​នោះ​ ៣៥​ នាក់​មកពី​ប្រទេស​ថៃ ១២​ សព​មកពី​កូរ៉េខាង​ត្បូង​ ម្នាក់​មក​ពី​ជប៉ុន​ និង​ ៧​ នាក់​មកពី​ប្រទេស​ម៉ាឡេស៊ី។​

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ អាជ្ញាធរ​នឹង​បន្ត​រៀបចំ​ផែន​ការ​ដោះ​ស្រាយ​លទ្ធភាព​នៃ​ការ​ជួញ​ដូរ​មនុស្ស ​អំឡុង​ពេល​និង​ក្រោយ​ពេល​បញ្ចប់​ជំងឺ​កូវីដ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «រៀប​ចំ​ផែន​ការ​អនុវត្ត​ផ្អែក​លើ​យុទ្ធសាស្រ្ត​រួម ដែល​បាន​កំណត់​ក្នុង​ផែន​ការ​ជាតិ ​ជាពិសេស​ការ​ត្រៀម​ខ្លួន​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង ​និង​ក្រោយ​ដំណាក់​កាល​កូវីដ​១៩»។​

អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​លោក ​ឃុន ថារ៉ូ​ លើក​ឡើង​ថា ​រហូត​មក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​ការ​ចុះ​បញ្ជី​ត្រឹម​ត្រូវ​នៃ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​នោះ​ទេ។ ​លោក​បន្ត​ថា​ ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​នឹង​ក្លាយ​ជា​បន្ទុក​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ ​ជាពិសេស​ពលករ​ខ្មែរ​ជាង ​៩ ​ម៉ឺន​នាក់ ​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ​ហើយ​មិន​អាច​វិល​ត្រឡប់​ទៅ​វិញ​បាន។​

លោក​ក៏​រំពឹង​ថា​ ពលរដ្ឋ​ខ្មែរ​បន្ថែម​ទៀត​នឹង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​ក្រោយ​ជំងឺ​កូវីដ​បញ្ចប់​ដោយសារ​កម្ពុជា​មិន​មាន​ការ​ងារ​សម្រាប់​ពួក​គេ​ធ្វើ ​ហើយ​ប្រាក់​ឈ្នួល​ក៏​ទាប ​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ថៃ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​គិត​ថា​ លំហូរ​នៃ​ចំណាក​ស្រុក​វា​កាន់​តែ​ច្រើន ​ហើយ​លំហូរ​នៃ​ពលករ​ដែល​គាត់​ធ្វើ​ការ​អត់​មាន​ឯកសារ​ស្រប​ច្បាប់​ដែល​គាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​របៀង​ហ្នឹង​កាន់​តែ​ច្រើន»។

កាល​ពី​ដើម​ខែ​ឧសភា ​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​សិក្សា​មួយ​ ដែល​លើក​ឡើង​ថា ​ការ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ ដើម្បី​រក​លុយ​សង​បំណុល​គេ។ ​របាយ​ការណ៍​នេះ​បញ្ជាក់​ថា​ បំណុល​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​គ្រួសារ​របស់​អ្នក​ទាំង​នេះ​ត្រូវ​ធ្វើ​ចំណាក​ស្រុក។​

ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ១ ​លាន ​២ សែន​នាក់​ កំពុង​រស់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ប៉ាន់​ប្រមាណ​ថា ​ពួក​គេ​ច្រើន​គួរ​សម​ គឺ​ជា​ពលករ​មិន​ស្រប​ច្បាប់។ ​របាយ​ការណ៍​របស់​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរ​ជាតិ​ (IOM)​ ឆ្នាំ​ ២០១៩ ​ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​ម្នាក់​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត ​ចំនួន​ ១.២២៨ ​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ ​ហើយ​ប្រាក់​ទាំង​នេះ​ប្រើប្រាស់​ចម្បង​សម្រាប់​ទំនុក​បម្រុង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា ​ឬក៏​ដើម្បី​ប្រើប្រាស់​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង៕

XS
SM
MD
LG