ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា មនុស្ស ២៤ នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ហើយការឆ្លងនេះបានរាលដាលទៅដល់ខេត្តមួយចំនួនទៀត។
ក្រៅពីរាជធានីភ្នំពេញខេត្តព្រះសីហនុ កោះកុង កណ្តាល ស្វាយរៀង និងព្រៃវែង ក្រសួងសុខាភិបាលបានរាយការណ៍នៅថ្ងៃនេះថា ករណីឆ្លងសហគមន៍នេះ បានរាលដាលដល់ខេត្តកំពង់ធំនិងកំពង់ចាមផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា មនុស្ស ២៤ នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ» កើនទៅដល់ ៥០១ នាក់ ដែលភាគច្រើនជាជនជាតិចិន។
ក្នុងចំណោមមនុស្ស ២៤ នាក់ដែលឆ្លងនៅថ្ងៃនេះ មានជនជាតិខ្មែរ ៧ នាក់ ក្នុងនោះមានម្នាក់នៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ និងម្នាក់ទៀតនៅស្រុកកងមាស ខេត្តកំពង់ចាម ព្រមទាំងជនជាតិចិន ១២ នាក់ និងវៀតណាម ៥ នាក់។
គួរបញ្ជាក់ថា ករណីឆ្លងសរុបក្នុងប្រទេសកម្ពុជា មានចំនួន ១០១១ នាក់ គិតចាប់ពីថ្ងៃឆ្លងជំងឺកូវីដ១៩លើកដំបូងក្នុងប្រទេស មកដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២១ នេះ៕