ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាបានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់នៅរយៈពេល២សប្តាហ៍ចុងក្រោយនេះ។ នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលបានរាយការណ៍ថាចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានចំនួន៧នាក់ ដែលនាំឲ្យករណីស្លាប់សរុបក្នុងប្រទេសកម្ពុជា គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៣៦៨នាក់។ ក្នុងរយៈពេល១៥ថ្ងៃនៃខែមិថុនានេះ អ្នកស្លាប់ដោយសារជំងឺកូវីដដែលត្រូវបានក្រសួងសុខាភិបាលប្រកាស មានប្រមាណ១៥០នាក់។
កាលពីថ្ងៃអង្គារ ក្រសួងបានរាយការណ៍ថាមនុស្ស១៣នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។ ចំណែកកាលពីថ្ងៃច័ន្ទ ក្រសួងបញ្ជាក់ថាមនុស្ស១៣នាក់ ក៏បានស្លាប់ដោយសារជំងឺនេះ។
កំណើនករណីស្លាប់ចុងក្រោយនេះ នាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើភាពទន់ខ្សោយនៃប្រព័ន្ធសុខាភិបាលកម្ពុជា ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋមិនល្អ និងកង្វះខាតឧបករណ៍ជំនួយផ្លូវដង្ហើមជាដើម ខណៈប្រទេសកម្ពុជាកំពុងប្រឈមនឹងការឆ្លងខ្លាំង និងកង្វះកន្លែងព្យាបាលសម្រាកព្យាបាលផងដែរ។
ចាប់តាំងពីផ្ទុះឆ្លងព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជារាយការណ៍ករណីឆ្លងសរុបប្រមាណ៤ម៉ឺននាក់ហើយរហូតមកដល់ថ្ងៃទី១៦ ខែមិថុនានេះ។ ករណីឆ្លងក្នុងរយៈពេល១៥ថ្ងៃក្នុងខែមិថុនានេះ មានប្រមាណ៩.៣៧០នាក់។
អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថាមនុស្សឆ្លងកូវីដ១៩ ហើយស្ថិតក្នុងហានិភ័យខ្ពស់ គឺជាក្រុមមនុស្សចាស់ជរា អ្នកជក់បារី អ្នកជំងឺធាត់ អ្នកមានជំងឺរ៉ាំរ៉ៃ ដូចជាបេះដូងនិងទឹកនោមផ្អែមជាដើម។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាវេជ្ជបណ្ឌិតមួយរូប មានប្រសាសន៍ថាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានាពេលនេះ ជា«តួលេខខ្ពស់» បើធៀបនឹងប្រទេសជិតខាងកម្ពុជា ដូចជាឡាវ ថៃ និងវៀតណាម ក្នុងចំណោមប្រជាជនសរុប។ លោកថាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ភាគច្រើនដោយសារពួកគេមានជំងឺរ៉ាំរៃច្រើន និងមានអាយុលើសពី៦៥ឆ្នាំ។ លោកបញ្ជាក់ថានេះបង្ហាញថាប្រជាពលរដ្ឋខ្មែរមានបញ្ហាសុខភាពច្រើន ហើយវាអាចមកពីឥទ្ធិពលនៃការឆ្លងកាត់របបខ្មែរក្រហម។
លោកថ្លែងថា៖ «អាហ្នឹងយើងក៏សបញ្ជាក់ឲ្យឃើញថាប្រជាជនយើងហ្នឹងមានបញ្ហាសុខភាពច្រើន ហើយគាត់អាយុប៉ុណ្ណឹង គាត់ឆ្លងកាត់របបខ្មែរក្រហម។ អញ្ចឹងអាការបន្សល់ពីរបបខ្មែរក្រហមនេះ ធ្វើឲ្យគាត់ខ្លះមានជំងឺរ៉ាំរ៉ៃ គាត់ខ្វះជីវភាព ហូបមិនគ្រប់គ្រាន់ វាធ្វើឲ្យវាខ្វះនូវជីវជាតិ ធ្វើឲ្យសរីរាង្គគាត់ហ្នឹង មិនមានអង់ទីករគ្រប់គ្រាន់សម្រាប់ប្រឆាំងនឹងមេរោគ។ អញ្ចឹងគាត់ងាយនឹងឆ្លង ហើយគាត់ងាយនឹងស្លាប់ដែរ អាហ្នឹងក៏ជាកត្តាមួយដែរ»។
លោក នុត សម្បត្តិ បន្ថែមថាប្រព័ន្ធសុខាភិបាលរបស់កម្ពុជានៅមានកម្រិតនៅឡើយ ដូច្នេះពេលជួបហានិភ័យ នឹងមានបញ្ហាច្រើនផងដែរ។
លោកបញ្ជាក់បន្ថែមថា៖ «ដូច្នេះហើយ បានជាអាហ្នឹងបានជាកត្តាមួយដែរ ដែលធ្វើឲ្យការឆ្លងរបស់យើង ក៏ងាយនឹងឆ្លង ហើយក៏ងាយរងគ្រោះដល់អាយុជីវិត»។
កន្លងទៅ ក្រសួងសុខាភិបាលធ្លាប់បានប្រកាសករណីស្លាប់ដោយសារជំងឺកូវីដ១៩ ដោយបញ្ជាក់ថាដោយសារពួកគេមានជំងឺប្រចាំកាយធ្ងន់ធ្ងរបន្ថែមពីលើជំងឺកូវីដ១៩ ទើបធ្វើឲ្យប៉ះពាល់ដល់សួតរបស់ពួកគេធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ក្នុងរយៈពេលខ្លី។ ក្រសួងបញ្ជាក់ថាអ្នកខ្លះមកទទួលការព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩។ ហើយអ្នកជំងឺបានស្លាប់នៅថ្ងៃបន្ទាប់។
ប៉ុន្តែក្រោយមក ក្រសួងសុខាភិបាលលែងផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាននៃករណីស្លាប់នីមួយៗ ដោយគ្រាន់តែបញ្ជាក់ចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលនិងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងបានទេ កាលពីថ្ងៃអង្គារនិងនៅថ្ងៃពុធនេះ។
VOA ក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ងី ម៉េង ប្រធានមន្ទីរពេទ្យខ្មែរសូវៀត ដែលជាកន្លែងព្យាបាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ បាននៅឡើយទេ។ ចំណែកអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លោក ឆឹង យ៉ៅយ៉េន បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយបង្វែរសំណួរទៅលោក ងី ម៉េង វិញ។
នៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលក៏បានផ្សព្វផ្សាយសារដែលមាននៅលើបដានិងមានអត្ថន័យថា«ប្តេជ្ញាឈប់ជក់បារីនៅថ្ងៃនេះ អ្នកនឹងអាចចូលរួមកាត់បន្ថយហានិភ័យ ផលវិបាកសុខភាពធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ១៩»។
លោក ភិន ទិត្យ អាយុ៤៦ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលបានបាត់បង់កូនស្រីរបស់លោកឈ្មោះ ភិន សុដាលីន អាយុ១៧ឆ្នាំ ដែលត្រូវបានរាយការណ៍ថាស្លាប់ដោយសារជំងឺកូវីដ១៩។ កូនស្រីរបស់លោកត្រូវបានពេទ្យបញ្ជាក់ថាមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមេសា ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលដឺព្រីមៀរសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឪពុករបស់ជនរងគ្រោះបានរៀបរាប់ថាកូនស្រីមានជំងឺប្រចាំកាយផ្នែកតម្រងនោម ដោយបានសម្រាកព្យាបាលជាងមួយខែនៅមន្ទីរពេទ្យកេតុមាលា។ ប៉ុន្តែបន្ទាប់មករកឃើញថាមានជំងឺកូវីដ១៩។
សម្រាប់លោកជាឪពុកមិនដឹងច្បាស់នោះទេថាកូនស្រីពិតជាមានជំងឺកូវីដ១៩ ឬយ៉ាងណា ដោយសារកូនមិនមានអាការៈផ្តាសាយ ក្អក ពិបាកដកដង្ហើម ក្រៅតែពីក្តៅខ្លួនតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «អត់មានហត់ អត់មានក្អក។ កូនរបស់ខ្ញុំនៅថែទាំផ្ទាល់ដៃ នៅនឹងពេទ្យហ្នឹងមួយខែហើយ អត់មានអីផង»។
ខណៈពេលកូនលោកត្រូវបញ្ជូនទៅសម្រាកព្យាបាលជំងឺកូវីដ១៩ លោកមិនបានដឹងដំណឹងអ្វីទាល់តែសោះ ដោយសារលោកនិងភរិយាត្រូវបានយកទៅធ្វើចត្តាឡីស័កនៅកន្លែងផ្សេង។ ក្រោយមកលោកបាត់ដំណឹងកូនស្រី រកមិនឃើញ ទើបលោកប្រកាសរកតាមហ្វេសប៊ុក រហូតដល់ពេទ្យខលមករូបលោក ហើយប្រាប់ថាកូនបានស្លាប់រួចទៅហើយកាលពីថ្ងៃទី២៦ ខែមេសា គឺនៅថ្ងៃដែលបញ្ជូនចេញពីមន្ទីរពេទ្យកេតុមាលា មកកន្លែងសម្រាកព្យាបាលនៅខណ្ឌសែនសុខ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពមានប្រសាសន៍ថាករណីស្លាប់ដោយសារជំងឺកូវីដ១៩មានចំនួនច្រើន ដែលជាការព្រួយបារម្ភមួយចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។ លោកជំរុញរដ្ឋាភិបាលរកមធ្យោបាយ ដើម្បីធ្វើយ៉ាងណាឲ្យអត្រានៃការស្លាប់នេះធ្លាក់ចុះ ខណៈក្រសួងសុខាភិបាលកំពុងប្រឹងប្រែងទប់ស្កាត់ការឆ្លងជំងឺនេះ។
លោកថ្លែងថា៖ «អញ្ចឹងខ្ញុំក៏ទទួលស្គាល់ថាក្រសួងសុខាភិបាលលោកបានប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ប៉ុន្តែជាមួយគ្នានោះដែរ ក៏គួររិះរកមធ្យោបាយឲ្យអស់ពីលទ្ធភាព ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលឆ្លងកូវីដ១៩ហ្នឹង ដើម្បីឲ្យមានអត្រានៃការស្លាប់នៅទាប ឬក៏អត់មានសោះដែលជាការប្រសើរ»។
បន្ថែមពីនេះ លោកក៏បារម្ភថាអ្នកជំងឺកូវីដ១៩ពុំមានគ្រួសារអាចជួយមើលថែ ក្រៅពីអ្នកជំងឺខ្លួនឯងនិងក្រុមគ្រូពេទ្យតែប៉ុណ្ណោះ។
លោកបញ្ជាក់បន្ថែមថា៖ «ក្នុងនោះដែរ យើងក៏មានការព្រួយបារម្ភដែរថាតើបំពង់អុកស៊ីសែនហ្នឹង វាគ្រប់គ្រាន់សម្រាប់ផ្តល់ឲ្យពួកគាត់ទេនៅពេលដែលគាត់មានអាការៈធ្ងន់ធ្ងរ ដែលត្រូវការខ្យល់អុកស៊ីសែន ដើម្បីជំនួយដល់ការដកដង្ហើមអីជាដើម»។
លោក យង់ គិមអេង ឲ្យដឹងទៀតថាការដែលប្រជាពលរដ្ឋមិនដឹងថាខ្លួនមានជំងឺកូវីដ១៩ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ទើបទៅមន្ទីរពេទ្យក៏នៅជាបញ្ហាមួយដែរ៕