ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អនុញ្ញាត​ឲ្យ​ការិយាល័យ​សិទ្ធិមនុស្ស​អ.ស.ប​ បន្ត​អាណត្តិ​ ក្រោយ​ភាព​ចម្រូង​ចម្រាស


រូបឯកសារ៖ លោកស្រី​រ៉ូណា ស្មីត​ អ្នករាយការណ៍ពិសេស​អង្គការ​សហប្រជាជាតិ​ថ្លែងការណ៍ក្នុង​សន្និសីទសារពត៏មានអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ឱកាស​ចុងបញ្ចប់​បេសកកម្ម​នៅ​ការិយាល័យ​ទីភ្នាក់ងារ​អ.ស.ប.ទទួល​បន្ទុក​ខាង​ជន​ភៀស​ហៅ​កាត់ថា​ UNHCR ​នាទីក្រុងភ្នំពេញ​នៅថ្ងៃ​ព្រហស្បតិ៏​ទី​៣១​ ខែមិនា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)
រូបឯកសារ៖ លោកស្រី​រ៉ូណា ស្មីត​ អ្នករាយការណ៍ពិសេស​អង្គការ​សហប្រជាជាតិ​ថ្លែងការណ៍ក្នុង​សន្និសីទសារពត៏មានអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ឱកាស​ចុងបញ្ចប់​បេសកកម្ម​នៅ​ការិយាល័យ​ទីភ្នាក់ងារ​អ.ស.ប.ទទួល​បន្ទុក​ខាង​ជន​ភៀស​ហៅ​កាត់ថា​ UNHCR ​នាទីក្រុងភ្នំពេញ​នៅថ្ងៃ​ព្រហស្បតិ៏​ទី​៣១​ ខែមិនា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ភាគី កម្ពុជា​និង​អ.ស.ប​ បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​មួយ ​ដើម្បី​បន្ត​សុពលភាព​កាលពី​ថ្ងៃ​ច័ន្ទ​ ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៦។

ប្រទេស​កម្ពុជា​ដែល​មិន​សប្បាយចិត្ត​នឹង​ការិយាល័យ​អង្គការ​សហប្រជាជាតិ(អ.ស.ប)​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ ហើយ​ព្រមាន​បិទទ្វារ​ការិយាល័យ​នេះ​ផង​នោះ​ បាន​ផ្ដល់​ការ​អនុញ្ញាត​ជាថ្មី ដើម្បី​ឲ្យ​ការិយាល័យ​នេះ​បន្ត​វត្តមាន​របស់​ខ្លួន​ទៅមុខ​ទៀត​ ក្រោយ​ពេល​កិច្ចចរចា​គ្នា​បាន​ធ្វើឡើង​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​ បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​រដ្ឋាភិបាល​កាលពី​ខែមុន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ភាគីកម្ពុជា​និង​អ.ស.ប​ បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​មួយ ​ដើម្បី​បន្ត​សុពលភាព​កាលពី​ថ្ងៃ​ច័ន្ទ​ ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៦ ​ដោយ​ក្នុង​នោះ ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ពី​ជំហរ​ប្ដេជ្ញា​ក្នុង​ការ​លើក​កម្ពស់​ការ​ការពារ​សិទ្ធិមនុស្ស ​សេរីភាព​ ប្រជាធិបតេយ្យ​ជាមួយ​អ.ស.ប ​ដោយ​ឈរ​លើ​ភាព​ជា​ដៃគូ​ស្មោះត្រង់ ​គោរព​គ្នា​ទៅវិញ​ទៅមក ហើយ​នឹង​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។

ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ថា​អ្វី​ជា​កិច្ចការ​ផ្ទៃ​ក្នុង​នោះ​ទេ ​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិមនុស្ស​នេះ។​ សេចក្ដី​ប្រកាស​ព័ត៌មាន​គ្រាន់តែ​សរសេរ​ថា៖

«គោល​បំណង​នៃ​អនុសារណៈ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី១៩ ខែ​ធ្នូ​ ឆ្នាំ២០១៦ គឺជា​ការ​ប្រកាស​ពី​បំណង​របស់​ភាគី​ទាំងពីរ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​អនុវត្ត​កម្មវិធី សហ​ប្រតិបត្តិការ​បច្ចេកទេស​លើ​វិស័យ​សិទ្ធិ​មនុស្ស​ និង​ដើម្បី​បង្កើត​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​គោល​បំណង​ និង​គោល​ការណ៍​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​មាត្រា២ ​កថាខណ្ឌ​៧​ ដែល​បាន​គូស​បញ្ជាក់​ថា​ ពុំ​មាន​បទបញ្ញត្តិ​ណាមួយ​នៅ​ក្នុង​ធម្មនុញ្ញ​អ.ស.ប ​អនុញ្ញាត​ឲ្យ​អ.ស.ប ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ដែល​ស្ថិត​ក្រោម​យុត្តាធិការ​របស់​ប្រទេស​ជា​សមាជិក​នីមួយៗ​ឡើយ»។

នៅមុន​ពេល​នៃ​សេចក្ដី​ថ្លែងការណ៍​បាន​ប្រកាស​ លោក​ ជុំ សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួង ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ប្រាប់ VOA ថា កិច្ចចរចា​បាន​ដំណើរការ​ទៅ​ល្អ ​ហើយ​រំពឹង​ថា​ មាន​ការ​ចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ។

«ហើយ​មាន​សង្ឃឹម​ថា ​យើង​អាច​ឈាន​ទៅដល់​ទៅ​ដល់​ការ​ដែល​អាច​សម្រេច​បាន​នូវ កិច្ច​ព្រមព្រៀង​គ្នា​នៅមុន​ដំណាច់​ឆ្នាំ​២០១៦‍»។

រូបឯកសារ៖ លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កំពុង​អង្គុយ​ជាមួយ​គ្រួសារ​ក្នុង​បន្ទប់​រង់ចាំ​នៅ​តុលាការ​កំពូល​ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កំពុង​អង្គុយ​ជាមួយ​គ្រួសារ​ក្នុង​បន្ទប់​រង់ចាំ​នៅ​តុលាការ​កំពូល​ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក ​ប្រាក់ សុខុន ​កាលពី​ខែ​មុន ​បាន​រិះគន់​ការិយាល័យ​ឧត្ដម​ស្នងការ​អ.ស.ប​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា​ បាន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ​ហើយ​ការិយាល័យ​នេះ​អាច​នឹង​បិទទ្វារ​នៅ​ដំណាច់​ឆ្នាំ២០១៦​នេះ​ ប្រសិន​ការិយាល័យ​នេះ​មិន​បញ្ឈប់​សកម្មភាព​បែប​នេះ​របស់​ខ្លួន​នោះ។

ការ​វាយ​ប្រហារ​ធ្ងន់ៗ​នេះ​កើត​ឡើង ​ក្រោយ​ពេល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប បាន រិះគន់​ខ្លាំងៗ​លើ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​ខែ​កញ្ញា​កន្លង​ទៅ​ ក្នុង​ពេល មាន​របាយការណ៍​សិទ្ធិមនុស្ស​នានា​ រួម​ទាំង​ការិយាល័យ​អ.ស.ប​នៅ​កម្ពុជា​ផង​នោះ។

​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ប្រទេស​កម្ពុជា​សន្យា​ជាមួយ អន្តរជាតិ​ថា​ នឹង​ធ្វើឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​មាន​ការ​រីកចម្រើន​ អនុញ្ញាត​ឲ្យ​មាន ការិយាល័យ​សិទ្ធិមនុស្ស​អ.ស.ប​ និង​អង្គការ​សិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ​នានា​ដើម្បី​ឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

កម្ពុជា​ក៏បាន​សន្យា​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​រហូត​ទាល់​មាន​ការ​រីកចម្រើន​ផ្នែក​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា​ កម្ពុជា​មិន​ទាន់​អាច​បិទ​ទ្វារ​ការិយាល័យ អ.ស.ប​ផ្នែក​សិទ្ធិមនុស្ស​បានទេ​ ហើយ​អន្តរជាតិ​នឹង​មិន​ព្រម​ឲ្យ​បិទទ្វារ​នៅឡើយ​ដែរ ​ក្នុង​ដំណាក់​កាល​ដែល​កម្ពុជា​នៅ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​ជំទាស់ អង្គការ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ ​ដោយ​ការ​ប្រើប្រាស់​តុលាការ។

ក្រុម​អ្នក​រិះគន់​បន្ត​ថា ​ឃាតកម្ម​នៅ​បន្ត​កើត​ឡើង​លើ​ក្រុម​អ្នកតស៊ូ​មតិ​ដូចជា​លោក ​កែម ឡី ​និង​ឃាតកម្ម​ផ្សេងៗ​ទៀត​ដោយ​គ្មាន​ការ​ផ្ដន្ទាទោស​ជន​ដៃ​ដល់​ពិតប្រាកដ រួម​ជាមួយ​ការ​រំលោភ​ដីធ្លី ​ការ​បិត​សិទ្ធិ​សេរីភាព បញ្ចេញ​មតិ​ សិទ្ធិ​ជួប​ប្រជុំ​និង​សិទ្ធិ​ប្រមូល​ផ្ដុំ​ជាដើម។

លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី ​បាន​ថ្លែង​ថា​ ការិយាល័យ អ.ស.ប ​មាន​សារៈសំខាន់​ណាស់​ សម្រាប់​វិស័យ​សិទ្ធិមនុស្ស​ ដែល​នេះ​ជា​ផ្នែក​មួយ​កើត​ឡើង​ដោយសារ​តែ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស កាល​ពី​២៥​ឆ្នាំមុន។

«កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ បាន​ផ្ដល់​ទស្សនវិស័យ​ចំពោះ​ការ​បន្ត​តួនាទី របស់​អ.ស.ប។​ ទាំងអស់​គ្នា​គិត​ថា ​ការិយាល័យ​នេះ​ត្រូវ​មាន​អាណត្តិ​តែ​២​ឬ​៣ឆ្នាំ​ប៉ុណ្ណោះ ​ព្រោះ​ថា​យើង​គិត​ថា​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ទំនងជា​អាច​នាំ​ទៅ​ដល់​ការគោរព​សិទ្ធិមនុស្ស ​និង​ការ​ស្ថាបនា​ប្រជាធិបតេយ្យ​ ដែល​ទោះ​ជា​មិន​ងាយ​ក្ដី​ ក៏​យើង​គិត​ថា​ វា​ដំណើរការ​ទៅតាម​ផ្លូវ​វិជ្ជមាន​ដែរ។​ តែ​ជា​ការ​ពិត ​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោកហ៊ុន សែន​ បាន​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​តាម​របៀប​ផ្ដាច់​ការ​មក​ដល់​ពេលនេះ ​ដូចជា​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធំ​ធេង​ ដែល​មាន​អំពើ​សម្លាប់​លោក​ កែម ឡី ​ជា​ឧទាហរណ៍​ ហើយ​នឹង​ការ​សម្លាប់​លោក​ ឈុត វុទ្ធី ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ។ កម្ពុជា​គ្មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ត្រឹមត្រូវ​ តុលាការ​មិន​ឯករាជ្យ ​យោធា​និង​ប៉ូលិស​ប្រតិបត្តិការ​ជា​អាវុធ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម​ ដែល​បង្ហាញ​ថា​បញ្ហា​សិទ្ធិមនុស្ស​មាន​ស្ថានភាព​អាក្រក់​ទាំង​ស្រុង»។

លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)
លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

លោក​ ប្រេដ អាដាមស៍ ​បាន​បញ្ជាក់​ថា ​កម្ពុជា​មិន​អាច​បិទ​ការិយាល័យ​សិទ្ធិមនុស្ស អ.ស.ប បាន​ទេ ព្រោះ​កម្ពុជា​នឹង​មាន​ផលវិបាក​ទាំង​ពាណិជ្ជកម្ម ​ទាំង​កិច្ច​សហ​ប្រតិបត្តិការ ហើយ​និង​មាន​ការ​សង្ស័យ​ថា ​រដ្ឋាភិបាល​នឹង​មាន​បំណង​ចង់​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ពេល​ខាងមុខ​ ឬ​ក៏​ក្នុង​ពេល​បោះឆ្នោត។

តែ​លោក​ ប្រេដ អាដាមស៍ បាន​អះអាង​ថា​ លោក​បាន​ឭ​មុន​នឹង​ភាគី​ទាំងពីរ​ត្រូវ​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​អង្គារ​ថា ​កម្ពុជា​នឹង​មិន​បិទ​ទ្វារ​ការិយាល័យ​អ.ស.ប ​ដែល​សហគមន៍​អន្តរជាតិ​នៅ​តែ​ចង់​ឲ្យ​មាន​ការ​បន្ត​អាណត្តិ​នេះ​ទេ។

លោក ​ធន សារាយ​ នាយក​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ដែល​មាន​បុគ្គលិក​របស់ លោក​៤នាក់ ​ត្រូវ​ជាប់​ឃុំឃាំង​ដោយ​សារ​អ្វី​មួយ​ដែល​គេ​ចាត់ទុក​ថា​ ជា​ការ​ចោទ​ប្រកាន់​តាម​បែប​ប្រឌិត​រឿង​នោះ ​បាន​ថ្លែង​ប្រាប់ VOA ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​សប្ដាហ៍​មុន​ថា ​លោក​បាន​ឭ​ពី​ការ​រីកចម្រើន​ដែល​ថា​កម្ពុជា​និងអ.ស.ប នឹង​អាច​ឈាន​ដល់​ការ​បន្ត​អាណត្តិ​ការិយាល័យ​អ.ស.ប​ទៅមុខ​ទៀត។

«ខ្ញុំ​គិត​ថា​នៅ​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​ដែល​មិន​សូវ​ល្អ​នៅ​កម្ពុជា​អញ្ចឹង​ហើយ មក​បិទ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អ.ស.ប​អញ្ចឹង​ថែមទៀត ​នោះ​គឺ​ថា​រូបភាព​ដែល ឃើញ​ពីក្រៅ​ទៅ​ហាក់​ដូចជា​កាន់តែ​មិនសូវ​ល្អ​ឡើង​ ហើយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិ មនុស្ស​របស់​អ.ស.ប ​គឺ​កាន់តែ​មាន​ជំហរ​មិន​សប្បាយ​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត​ទៅ​ដល់​កម្ពុជា​យើង​ ហើយ​និង​មាន​ការ​ជះឥទ្ធិពល​ទៅ​ដល់​ជា​ទ្វេភាគី​ ពហុភាគី​ជាមួយ​និង​ប្រទេស​នានា​ក្នុង​ពិភព​លោក​ថែមទៀត​ដែរ​ ប្រសិន​បើ​យើង​ប្រកាន់​នូវ​ការ​សម្រេច​ចិត្ត​បែប​នេះ»។

លោក​ ធន សារាយ​ បាន​អះអាង​បន្ត​ថា​ កម្ពុជា​ត្រូវ​ដូរ​ទស្សនៈ​របស់​ខ្លួន​ចេញ​ ហើយ​បើក​ចិត្ត​ទូលាយ​ទទួល​យក​ការ​រិះគន់​អំពី​រឿង​សិទ្ធិមនុស្ស ​ដែល​ជា​បញ្ហា​សកល ​និង​បញ្ហា​មនុស្ស​ជាតិ។

លោក ​ធន សារាយ​ នាយក​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)
លោក ​ធន សារាយ​ នាយក​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

​លោក​ថា​ ការ​រិះគន់​មិនមែន​ជា​រឿង​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទេ។

«ប្រសិន​បើ​ប្រទេស​យើង​នៅ​តែ​មានះ​ តាម​ខ្ញុំ​យល់​ថា​នៅ​តែ​មានះ​ថា​ រឿង​សិទ្ធិមនុស្ស អញ​ធ្វើ​តែ​អញ​ទេ​ ស្រុក​អញៗ​មាន​សិទ្ធិ​ធ្វើ​អី​ស្រេច​តែ​អញ​ អា​ហ្នឹង​គឺ​ថា​ខុស​ហើយ​ពី ព្រោះ​យើង​មិនមែន​រស់នៅ​តែឯង​ឯកោ​បានទេ​ ព្រោះ​យើង​បាន​ចុះ​ហត្ថលេខា យើង​ឲ្យ​សច្ចាប័ន ​ព្រោះ​គេ​មិនមែន​មក​ថា​ឲ្យ​យើង​ដោយសារ​យើង​អត់​បាន​ទទួល​ស្គាល់​កតិកាសញ្ញា ​សន្ធិសញ្ញា​អន្តរជាតិ​ទាំងអស់​ហ្នឹង​ទេ។ យើង​បាន​ស៊ីញេ​ យើង​បាន​ផ្តល់​សច្ចាប័ន​ ឆ្លង​កាត់​សភា​ត្រឹមត្រូវ​ ហើយ​ផ្ញើ​ឲ្យ​គេ​តម្កល់​ បានន័យ​ថា​ យើង​ទទួល​ព្រម​គោរព​សន្ធិសញ្ញា​អស់ហ្នឹង​រួច​ទៅ​ហើយ»។

ទោះ​ជា​យ៉ាង​ណា​ លោក​ ធន សារាយ ​បាន​កោត​សរសើរ​ដល់​រដ្ឋាភិបាល​កម្ពុជា​កន្លងមក​ ដែល​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ច្រើន​ជាង​គេ​ទាក់​ទង​នឹង​រឿង​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ី​ និង​អាស៊ាន។

​លោក​ថា​ កម្ពុជា​ត្រូវ​គោរព​តាម​ឆន្ទៈ​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​មាន​ភាព​អាម៉ាស់​ដល់​កម្ពុជា​និង​រដ្ឋាភិបាល​បច្ចុប្បន្ន​លើ​ឆាក​អន្តរជាតិ​ថា ជា​អ្នក​កែ​ប្រែ​ជំហរ​ខ្លួន។

លោក ​អំ សំអាត​ មន្ត្រី​បច្ចេកទេស​អង្គការ​សិទ្ធិមនុស្ស ​លីកាដូ (Licadho) ​បាន​សាទរ​ចំពោះ​ការបន្ត​អាណត្តិ​២ឆ្នាំ​ដល់​ការិយាល័យ​ផ្នែក​សិទ្ធិមនុស្ស​របស់​អ.ស.ប ​ដោយ​រំពឹង​ថា ការ​គោរព​សិទ្ធិមនុស្ស​នឹង​មាន​ការ​រីកចម្រើន​ឡើងវិញ​នៅ​ឆ្នាំ​ខាង​មុខៗ។

«ពីព្រោះ​វត្តមាន​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អ.ស.ប ប្រចាំ​កម្ពុជា​នេះ​ វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ជួយ​ទាក់ទង​ទៅ​នឹង​បច្ចេកទេស​លើ​វិស័យ​សិទ្ធិ មនុស្ស​ ឬ​ជួយ​ជំរុញ​និង​លើក​ស្ទួយ​ទៅ​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស កម្ពុជា​ក៏ដូចជា​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក ​អំ សំអាត ​បាន​បន្ត​ថា ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​មាន​សេចក្ដី​ថ្លែងការណ៍​ជា​អន្តរជាតិ​ពី​ប្រទេស​នានា​ចំនួន​៣៩​ប្រទេស ​ដែល​រិះគន់​បញ្ហា​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ឲ្យ​រីកចម្រើន​ឡើងវិញ​នៅ​ឆ្នាំ​ខាងមុខ។

សភា​សហរដ្ឋ​អាមេរិក​(ស.រ.អ)ថ្មីៗនេះ ​បាន​អនុម័ត​ច្បាប់​និង​សេចក្ដី​សម្រេច​ថ្កោលទោស​អំពើ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ហើយ​ច្បាប់​ចុងក្រោយ​ហៅថា ​Magnitsky Act​ របស់​ស.រ.អ ផ្ដល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​ស.រ.អ ​ដាក់ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​និង​បុគ្គល​រំលោភ​សិទ្ធិមនុស្ស​ និង​អ្នក​ចូលរួម​រំលោភ​សិទ្ធិមនុស្ស​ និង​អំពើ​ពុក​រលួយ​ក្នុង​ពិភពលោក ​ដូចជា​ការ​បង្កក​ទ្រព្យសម្បត្តិ​ មិន​ផ្ដល់​ទិដ្ឋាការ​(Visa) ​និង​មិន​ផ្ដល់​ជំនួយ​ មិន​សហការ​ជាមួយ​ប្រទេស​នោះ​ជាដើម។

នេះ​ជា​ច្បាប់​របស់​ស.រ.អ ដែល​ត្រូវ​បញ្ជូន​ទៅកាន់​ប្រធានាធិបតី​ដើម្បី​ចុះហត្ថលេខា​ឲ្យ​ក្លាយ​ជា​ច្បាប់៕

XS
SM
MD
LG