ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ញាតិសន្តាន​ចូលរួម​ពិធី​ប្រារព្ធ​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​


លោក​សង្ឃ​សូត្រមន្ត​នៅ​​កន្លែង​​ដែល​​អ្នក​មក​លេង​បុណ្យ​អុំ​ទូក​បាន​ផ្អើល​រត់​ជាន់​​គ្នា​។
លោក​សង្ឃ​សូត្រមន្ត​នៅ​​កន្លែង​​ដែល​​អ្នក​មក​លេង​បុណ្យ​អុំ​ទូក​បាន​ផ្អើល​រត់​ជាន់​​គ្នា​។

ញាតិ​សន្តាន​ពោរពេញ​ដោយ​ទឹក​ភ្នែក​ជា​ច្រើន​រាប់​រយ​នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ប្រារព្វ​ខួប​មួយ​ឆ្នាំ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​៣៥៣​នាក់​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ​និង​ញាតិសន្តាន​អ្នក​ស្លាប់ ​បាន​អុច​ទាន​ ធូក ​និង​ដាច់​បាច់​ផ្កា ​ផ្លែឈើ ​និង​នំ​ចំណី​នៅ​ជើង​ស្តូប​ថ្មី​សម្រាប់​ចងចាំ ​និង​គោរព​ដល់​វិញ្ញាណក្ខន្ធ​មនុស្ស​ចំនួន​៣៥៣​នាក់​ ដែល​បាន​ស្លាប់​ដោយការ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពានពេជ្រ​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

ស្តូប​សម្រាប់​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ថ្មី​មួយ​ដែល​បាន​កសាង​នៅ​ជាប់​គល់​ស្ពានពេជ្រ​ត្រូវ​បាន​បើក​សម្ពោធ​ជាមួយ​នឹង​ការប្រារព្វ​ខួប​មួយ​ឆ្នាំ​ដោយ​មាន​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​ចំនួន​៣៥៣​អង្គ។

លោក ​កែប ​ជុតិមា ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ក្រោយ​ពី​ការប្រារព្វ​ពិធី​ថា ស្តូប​ដើម្បី​ចងចាំ​ចំពោះ​ជនរងគ្រោះ​លើ​ស្ពានពេជ្រ​នេះ​បាន​ស្ថាបនា​ឡើង​ក្នុង​តម្លៃ​១សែន​២ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​ការ​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ។

«យើង​គិត​ថា​នេះ​ ជា​[ឧបទ្ទវហេតុ]មួយ​ ដែល​យើង​ត្រូវ​ចងចាំ។ ជា​រឿង​ដែល​កើត​ឡើង​នៅ​ទី​ក្រុងភ្នំពេញ​ដើម្បី​កត់​សម្គាល់​ផង​ និង​ដើម្បី​ចងចាំ​ផង។ អញ្ចឹង​ស្តូប​នេះ​ធ្វើ​ឡើង​ដើម្បី​ការ​ចងចាំ​ចំពោះ​អ្នក​រងគ្រោះ​ទាំង​អស់។ យើង​ត្រូវ​តែ​សោកស្តាយ។ យើង​ត្រូវតែ​ចងចាំ​ជន​រួម​ជាតិ​របស់​យើង​ដែល​ទទួល​រងគ្រោះ​ថ្នាក់។ យើង​ត្រូវតែ​មាន​ការ​សោកស្តាយ»។

លោក ​អ៊ុង ​សំអឿន ​អាយុ​៥២​ឆ្នាំ ​នៅ​ខណ្ឌ​ចំការមន​ បាន​បញ្ជាក់​ថា​ នៅ​ពេល​លោក​រំលឹក​អំពី​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពានពេជ្រ​ លោក​នៅ​តែ​មាន​ការភ័យ​រន្ធត់​ចំពោះ​ការ​ស្លាប់​កូនស្រី​អាយុ​១៨​ឆ្នាំ​របស់​លោក។

«ខ្ញុំ​មិន​ដែល​ហ៊ាន​មក​ទីនេះ​ទេ​។ ​ខ្ញុំ​ទើប​តែ​មក​ថ្ងៃ​នេះ​ត្រូវ​មក​ទី​នេះ​។ ​នៅ​ពេល​ខ្ញុំ​មក​ដល់​កន្លែង​នេះ​ ខ្ញុំ​នឹក​ឃើញ​ថា​ខ្ញុំ​មាន​ចិត្ត​រន្ធត់​ មាន​ការសង្វែក​ សោកស្តាយ​បំផុត​ ដែល​កូន​បាន​បាត់បង់​ជីវិត​នៅ​កន្លែង​នេះ។ ខ្ញុំ​ជិះ​ម៉ូតូ។​ ក៏​ខ្ញុំ​មិន​ដែល​ជិត​កាត់​កន្លែង​នេះ​ដែរ។ ខ្ញុំ​សុខ​ចិត្ត​ជិត​ម៉ូតូ​វៀង។ នៅ​ពេល​មាន​វិធី​ខួប​មួយ​ឆ្នាំ​នេះ ខ្ញុំ​មក​ទី​នេះ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​កូន​ដែល​បាន​ចែក​ឋាន​ទៅ​ឱ្យ​ជាតិ​ក្រោយ​ឱ្យ​បាន​អាយុ​វែង​ចំពោះ​កូន​ខ្ញុំ ​និង​អ្នក​ទាំង​អស់​ដែល​បាន​ស្លាប់»។

អ្នកស្រី​ ង៉ែត​ ពៅ ​អាយុ​៦០​ឆ្នាំ ​នៅ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល​ បាន​រំលឹក​ថា​អ្នកស្រី​បាន​ដើរ​ស្វែង​រក​កូន​ពី​មន្ទីរពេទ្យ​មួយ​ទៅ​មន្ទីរពេទ្យ​មួយ ​ហើយ​បន្ទាប់​មក​អ្នកស្រី​បាន​រក​ឃើញ​សព​កូន​ស្រី​មួយ​ នៅ​មន្ទីរពេទ្យ​រុស្ស៊ី ​និង​សព​កូន​ស្រី​មួយ​ទៀត​នៅ​មន្ទីរពេទ្យ​ព្រះកុសមៈ ​ហើយ​សព​ចៅ​ស្រី​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

«ខ្ញុំ​នឹក​ឃើញ​កូន​គ្រប់​បែប​យ៉ាង​ទាំង​អស់ ​និង​អាណិត​នឹក​ឃើញ​កូន​ថា​មក​ដើរ​លេង​សប្បាយ​ ប៉ុន្តែ​បែរ​ជា​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៅ​វិញ»។

អ្នកស្រី ​ធូ ​វឿន ​អាយុ​៥១​ឆ្នាំ ​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ បាន​លើក​ឡើង​ពី​ការឈឺចាប់​ចំពោះ​ការ​ស្លាប់​កូន​ប្រុស​របស់​អ្នក​ស្រី​យ៉ាង ​ដូច្នេះ​ថា ៖

«ខ្ញុំ​តាំង​ពី​ជិត​ដល់​ខួប​មួយ​ឆ្នាំ​របស់​គេ​ហ្នឹង។ ខ្ញុំ​ឈឺ​រហូត​បាយ​ទឹក​មិន​បាន​នឹក​កូន​រហូត។ កូន​ខ្ញុំ​ល្អ​ណាស់។​ គាត់​រៀន​មិន​ដែល​ឱ្យ​ខ្ញុំ​ពិបាក​ទេ។ វា​មិន​គួរ​ណា​កូន​ខ្ញុំ​អាយុ​ខ្លី​ទេ។ ​គាត់​មិន​ដែល​ដើរ​លេង​ទៅ​ណា​ទេ ​ហើយ​យប់​ហ្នឹង​ គាត់​មក​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ប្រាំ​នាក់​របស់​គាត់​ ហើយ​ស្លាប់​ពីរ​នាក់​ទាំង​កូន​ខ្ញុំ​ នៅ​រស់​បីនាក់»។

លោក ​ធូ ​សារី ​អាយុ​៣០​ឆ្នាំ ​នៅ​ស្រុក​ល្វាឯម ​ខេត្ត​កណ្តាល ​បាន​រំលឹក​ថា​លោក​មាន​សំណាង​រស់រាន​មាន​ជីវិត​ពី​ការ​ស្លាប់​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ ​ប៉ុន្តែ​ភរិយា​របស់​លោក​មិន​មាន​សំណាង​ដូច​រូប​លោក​ទេ។ លោក​បាន​រៀបរាប់​ថា លោក​បាន​បែក​ពី​ភរិយា​របស់​លោក​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នោះ​ ដោយ​លោក​ជាប់​លី​កូន​នៅ​លើ​ស្មា​និង​មិន​បាន​កាន់​ដៃ​ភរិយា​របស់​លោក​ទេ។

«ខ្ញុំ​និយាយ​ពី​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នេះ។ វា​តក់​ស្លុត​មែន​ទែន។ ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ព្រឹត្តិការណ៍​បែប​ហ្នឹង។ ​នៅ​ពេល​ខ្ញុំ​ជួប​ប្រទះ​ព្រឹត្តិការណ៍​អញ្ចឹង​ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​តក់​ស្លុត។ ​សូម្បី​តែ​រាល់​ថ្ងៃ ​ខ្ញុំ​ចងចាំ​ និង​បំភ្លេច​មិន​បាន​ក្នុង​ហេតុការណ៍​នោះ»។

អ្នកស្រី​ តឹក ​សំអាត​ អាយុ​៤០​ឆ្នាំ​ នៅ​ខណ្ឌដង្កោ ​បាន​និយាយ​ថា អ្នកស្រី​មាន​ចិត្ត​អាណិត​ និង​សោកស្តាយ​កូន​ដែល​បាន​ស្លាប់​ទៅ​ទោះ​បី​ប្រាក់​ប៉ុន្មាន ​អ្នកស្រី​មិន​ចង់​បាន​ទេ ​តែ​អ្នក​ស្រី​ចង់​បាន​តែ​កូន​ប៉ុណ្ណោះ។ អ្នកស្រី​មាន​ការ​រន្ធត់​ចំពោះ​ដំណឹង​អំពី​ការ​ស្លាប់​កូន។ ក្រោយ​ការ​ស្លាប់​ អាជ្ញាធរ​បាន​ហៅ​អ្នក​ស្រី​ឱ្យ​មក​ទទួល​អំណោយ​ជា​ប្រាក់​របស់​សម្តេច។

«ខ្ញុំ​បាន​ចូល​មក​មើល​កន្លែង​នេះ​មួយ​ភ្លេត ​ហើយ​ខ្ញុំ​នឹក​ឃើញ​ស្ពាន​ហ្នឹង​ខឹង។ ខ្ញុំ​ខឹង​ថា វា​មិនមែន​មាន​ឧបទ្ទវហេតុ​អញ្ចឹង»។

ពិធី​បុណ្យ​អ៊ុំទូក​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ បាន​បញ្ចប់​ទៅ​ដោយ​សោក​នាដកម្ម​កាល​ពី​ឆ្នាំ​២០១០​ នៅ​ពេល​ហ្វូង​មនុស្ស​ច្រើន​កក​កុញ ​ភ័យ​ស្លន់ស្លោ​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​ដែល​ភ្ជាប់​ដី​កោះ​ជា​មួយ​ដីគោក។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​បាន​ហៅ​ឧបទ្ទវហេតុ​នេះ​ថា​ ជា​សោកនាដកម្ម​ដ៏​ធំធេង​បំផុត​ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣១​ឆ្នាំ ​ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ។ កម្ពុជា​បាន​ផ្តល់​ជំនួយ​ជា​ប្រាក់​ជាង​១ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​សព​នីមួយៗ៕

XS
SM
MD
LG