ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ខណៈថៃ​មិនដឹង​ដក​ទ័ព​នៅពេល​ណា


ទាហាន​កម្ពុជា​អង្គុយ​នៅ​ឯប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​ប្រឈម​ដាក់​គ្នា​ជាមួយ​នឹង​ទ័ពថៃ ថ្ងៃទី៥ កុម្ភៈ ២០១១។
ទាហាន​កម្ពុជា​អង្គុយ​នៅ​ឯប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​ប្រឈម​ដាក់​គ្នា​ជាមួយ​នឹង​ទ័ពថៃ ថ្ងៃទី៥ កុម្ភៈ ២០១១។
សៀមរាប៖ កម្ពុជា​នៅ​ថ្ងៃពុធ​នេះ​បាន​ដក​កងទ័ព​ចំនួន​៤៨៥​នាក់​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន (PDZ) នៃ​តំបន់​ប្រាសាទព្រះវិហារ​តាម​ដីការ​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ហើយ​ជំនួស​មកវិញ​ដោយ​កងកម្លាំង​នគរបាល​ជាតិ​២២៥​នាក់ និង​កង​សន្តិសុខ​អភិរក្ស​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​១០០នាក់​ដើម្បី​បន្ត​កិច្ចការពារ​នៅ​ក្នុង​តំបន់​នោះ។
តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​សម្រេច​ឲ្យ​ប្រទេស​ទាំង​ពីរ​ធ្វើការ​ដក​កងទ័ព​ចេញ​ពីតំបន់​នោះ​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ដែលការ​ដក​នេះ​គឺ​ធ្វើឡើង​ក្រោយ​រយៈពេល​មួយ​ឆ្នាំនិង ក្រោយពីមានជំនួប​មួយ កាល​ថ្ងៃ​ទី១៣ ខែ​កក្កដា​នេះ នៅ​ក្នុង​ខេត្ត​សៀមរាប រវាង​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក​ហ៊ុន​សែន និង​នាយក​រដ្ឋមន្ត្រីថៃ​លោក​ស្រីយីងឡាក់។

«ចង់​ឲ្យ​មាន​ស្ថិរភាព​រហូត យើង​អាច​នៅ​ក្រៅ​ប្រកប​មុខ​របរ​បន្ថែម​ចិញ្ចឹម​ក្រុម​គ្រួសារ​ដូចជា​ធ្វើ​ការងារ​ស្រែ​ចំាការ​កំប៉ិក​កំប៉ុក»។
ទាហាន​ម្នាក់​ឈ្មោះ ខា
លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ដែលធ្វើ​ជា​អធិបតី​ក្នុង​ពិធីនេះ បាន​មាន​ប្រសាសន៍​ថា ការ​ដក​នេះ​គឺ​ធ្វើ​ឡើង​គោរពទៅ​តាម​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​ផង និង​ជាឆន្ទៈ​របស់​កម្ពុជា​ផង​ដើម្បី​ជា​ការ​រួម​ចំណែក​ក្នុង​ការងារ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផង៖
«ពេលនេះ​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​ប្រទេស​កម្ពុជា​គោរព​ករណីកិច្ច​ជា​រដ្ឋភាគី​សមាជិក​អង្គការ​សហប្រជាជាតិ​និង​ច្បាប់​អន្តរជាតិ ជាពិសេស​គោរព​បាន​នូវ​សិទ្ធ​ជា​ម្ចាស់ផ្ទះ​ដែល​មាន​កាតព្វកិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​ជាតិ ហើយ​បាន​ចាប់​ផ្តើម​អនុវត្ត​ដីការ​បង្គាប់​តុលាការ​យុត្តិធម៌ អន្តរជាតិ​លេខ​១៥១​ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ​២០១១ ដាក់​ជំនួស​វិញដោយ​កងកម្លាំង​នគរបាល​ និង​ភ្នាក់ងារ​ដែល​មាន​តួនាទី​បំពេញ​ភារកិច្ច​នៅទីនោះ​តាម​ទំហំ​នៃ​ការងារ​ដែល​តម្រូវ​ឲ្យ​មាន»។
កងទ័ព​ទាំងនោះ​ត្រូវ​បាន​ដក​ចេញ​ពី​តំបន់​ចំនួន​បួន​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​គឺ​បរិវេណ​ជណ្តើរ​នាគ ជណ្តើរ​បុរាណ​ភាគ​ខាងកើត ជណ្តើរ​បុរាណ​ភាគខាងជើង និង​វត្ត​កែវសិក្ខាគីរីស្វារៈ ដោយ​មាន​ការ​ចូលរួម​ធ្វើ​ជា​សក្សី​ពី​សំណាក់​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​កម្ពុជា​ចំនួន​១១ប្រទេស។ អនុព័ន្ធ​យោធា​ទាំងនោះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ទេ​ជុំវិញការ​ដក​កងទ័ព​របស់​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ។ រីឯប្រទេសថៃ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​នឹង​មាន​ការ​ដកកងទ័ព​នៅ​ពេល​ណា​នោះទេ។
ទាហាន​ម្នាក់​ឈ្មោះ ខា នៅ​កងពលធំ​អន្តរាគមន៍​លេខ៣​ដែល​កំពុង​ស្ថិត​នៅ​លើ​រថយន្ត​ដើម្បី​ចាក ចេញ​ពី​តំបន់​ព្រះវិហារ​បានសម្ដែង​ការ​សប្បាយ​រីករាយ​ដោយ​បាន​ចាក​ចេញ​ពី​សមរភូមិ​ដែល​គាត់​នៅ​ប្រចាំ​អស់​រយៈពេល​ជិតបួន​ឆ្នាំ​មក​ហើយ​នោះ តែ​លោក​បាន​និយាយ​ថា លោក​នឹង​ត្រឡប់​មក​វិញ​ដើម្បី​ការពារ​ទឹកដី​នៅ​ពេលណា​ដែល​មាន​បទបញ្ជារ​ពី​មេបញ្ជាការ​របស់​គាត់៖
«ចង់​ឲ្យ​មាន​ស្ថិរភាព​រហូត យើង​អាច​នៅ​ក្រៅ​ប្រកប​មុខ​របរ​បន្ថែម​ចិញ្ចឹម​ក្រុម​គ្រួសារ​ដូចជា​ធ្វើ​ការងារ​ស្រែ​ចំាការ​កំប៉ិក​កំប៉ុក»។
កម្ពុជា និង​ថៃ​បាន​មាន​ជម្លោះ​នឹង​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​បណ្តាល​មក​ពី​ការ​ដណ្តើម​កាន់​កាប់​ប្រាសាទ​ព្រះវិហារ​រហូត​ដល់​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក បណ្តាល​ឲ្យ​ទាហាន​ទាំង​សង​ខាង​ស្លាប់​និង​រួស៕
XS
SM
MD
LG