ប្រជាពលរដ្ឋខ្មែរ និងខ្មែរកម្ពុជាក្រោមជាច្រើនពាន់នាក់រួមទាំងព្រះសង្ឃនិងក្រុមយុវជនផង នៅថ្ងៃច័ន្ទនេះ បានដង្ហែញត្តិទៅស្ថានទូតវៀតណាមនិងស្ថានទូតបរទេសសំខាន់ៗចំនួន៦ ដើម្បីទាមទារឱ្យអ្នកនាំពាក្យស្ថានទូតវៀតណាមសុំទោសជុំវិញការអះអាងថាកម្ពុជាក្រោមជាទឹកដីប្រវត្តិសាស្ត្ររបស់ខ្លួន។ ប៉ុន្តែពុំមានមន្ត្រីស្ថានទូតវៀតណាមណាម្នាក់ចេញមកទទួលញត្តិនោះទេ។ (ចុចមើលកម្រងរូបថតបាតុកម្ម)
តាំងពីព្រឹកព្រលឹម ក្រុមបាតុករបានធ្វើដំណើរដោយដើរ ជិះកង់ ម៉ូតូ និងរឺម៉កកង់បីជាក្បួនដើម្បីដង្ហែញត្តិរបស់ខ្លួនទៅដាក់នៅស្ថានទូតបារាំង សហរដ្ឋអាមេរិក អង់គ្លេស សហភាពអឺរ៉ុប រុស្ស៊ី និងស្ថានទូតចិន មុនហ្នឹងសំដៅឆ្ពោះទៅកាន់ស្ថានទូតវៀតណាម។ ក្រុមបាតុករបានពាក់អាវយឺតស ដែលសរសេរថា «ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ» និងមានកាន់បដាដែលសរសេរថា «ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល ឈាមខ្មែរតែមួយ» និង «ខ្មែរស្នេហាជាតិក្រោកឡើងហើយ»ជាដើម។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ថ្លែងទៅកាន់ហ្វូងបាតុករថា អ្នកនាំពាក្យវៀតណាមលោកត្រឹង វ៉ាន់ថុង គប្បីសូមទោសជាសាធារណៈដល់ពលរដ្ឋខ្មែរ។
«យើងខ្ញុំមកមិនមែនមានន័យថា ប្រកាន់ពូជសាសន៍ ស្អប់ខ្ពើម ឬប្រឆាំងរដ្ឋាភិបាលយួនទេ។ ប៉ុន្តែអ្វីដែលអ្នកនាំពាក្យស្ថានទូតវៀតណាម និងរដ្ឋាភិបាលខ្លួនបាននិយាយត្រូវតែទទួលខុសត្រូវ ដែលនិយាយថា ទឹកដីកម្ពុជាក្រោមជាទឹកដីវៀតណាមជាយូរលុងណាស់មកហើយនោះ ត្រូវទទួលស្គាល់ការណ៍ពិតនៃប្រវត្តិសាស្ត្ររបស់ខ្មែរ»។
នេះជាលើកទីពីរហើយសម្រាប់បាតុកម្មទាមទារឱ្យលោកត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមសុំទោសជាសាធារណៈជុំវិញការអត្ថាធិប្បាយដ៏ចម្រូងចម្រាសរបស់ខ្លួនកាលពីថ្ងៃទី០៦មិថុនា ដោយបានអះអាងថាកម្ពុជាក្រោមជាទឹកដីរបស់ដូនតាខ្លួន។ កាលពីថ្ងៃទី៨កក្កដា ក្រុមបាតុករបានធ្វើបាតុកម្មនេះម្តងហើយនៅពីមុខស្ថានទូតវៀតណាម។
ពាក់មួកកាស និងវែនតាខ្មៅ បុរសចំណាស់ខ្មែរកម្ពុជាក្រោមម្នាក់ដែលសូមមិនបញ្ចេញឈ្មោះនិយាយក្នុងសំឡេងរដឺនៗថា៖
«ខ្មែរក្រោមដែលធ្វើបាតុកម្មនៅថ្ងៃនេះដើម្បីឱ្យត្រឹង វ៉ាន់ថុងហ្នឹងសូមទោស ព្រោះទឹកដីហ្នឹងមិនមែនជារបស់យួនទេគឺរបស់ខ្មែរកម្ពុជាក្រោមរាប់សតវត្សរ៍មកហើយ ដែលយួនបានឈ្លានពាន»។
ក្បួនបាតុកម្មនេះស្ថិតក្រោមការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នពីកងកម្លាំងសមត្ថកិច្ចប្រដាប់ដោយខែល ដំបង និងកាំភ្លើងជាច្រើនរយនាក់ ដែលបានដាក់ពង្រាយនៅតាមផ្លូវដែលហ្វូងបាតុករឆ្លងកាត់ ប៉ុន្តែពុំមានការប៉ះទង្គិចណាមួយនោះទេ។
លោកណៃ វង់ដា អនុប្រធានស៊ើបអង្កេតនៃសមាគមអាដហុក បានសរសើរការអត់ធ្មត់រវាងភាគីទាំងពីរ។
«ការដង្ហែក្បួននេះដំណើរការដោយសន្តិវិធី មិនមានការរារាំងអ្វីជាដុំកំភួនទេ។ យើងឮដំណឹងថា មានការរារាំងនៅខាងមុខស្ថានទូតរុស្ស៊ី។ ប៉ុន្តែពួកគាត់បានទម្លុះចេញរហូតមកដល់ចំហៀងខាងកើតស្ថានទូតវៀតណាមនេះ។ ប៉ុន្តែមិនមានបញ្ហាអ្វីជាដុំកំភួនទេ»។
ក្រុមបាតុករបានយកញត្តិរបស់ខ្លួនទៅដាក់នៅស្ថានទូតនានា ដោយជោគជ័យ ប៉ុន្តែពុំមានតំណាងស្ថានទូតវៀតណាមណាម្នាក់ចេញមកទទួលញត្តិនោះទេ។ ក្រុមបាតុករបានឈរតវ៉ានៅខាងមុខស្ថានទូតវៀតណាមរហូតដល់ថ្ងៃរសៀល មុននឹងរំសាយទៅវិញ ហើយប្រកាសថា នឹងមកតវ៉ាជាថ្មីម្តងទៀតនៅថ្ងៃអង្គារស្អែក។
វីអូអេបានព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីលោកត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាម តែលោកបានថ្លែងថា លោកកំពុងជាប់រវល់។
«សូមអធ្យាស្រ័យ ខ្ញុំអត់មានពេលទេ។ ភ្ញៀវគេអញ្ជើញមកច្រើនណាស់»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងថា ខ្លួននឹងពិភាក្សាជាមួយតំណាងបាតុករដើម្បីរកដំណោះស្រាយនៅថ្ងៃស្អែកដើម្បីបញ្ជៀសបាតុកម្មជាថ្មីម្តងទៀត។
«ពិភាក្សាគ្នាដើម្បីរកវិធីដោះស្រាយ ធ្វើយ៉ាងម៉េចដើម្បីបញ្ជូនញត្តិហ្នឹងឱ្យទៅដល់ដៃរដ្ឋាភិបាលវៀតណាម។ កុំឱ្យគាត់តវ៉ាតទៅទៀត ដែលវាប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃផង។ អ្វីដែលគាត់ចង់សម្តែងមតិមួយថ្ងៃនេះ ដោយហែញត្តិទៅស្ថានទូត៦ហ្នឹងគឺគាត់បានសម្តែងរួចហើយ»។
សូមបញ្ជាក់ថា កម្ពុជាក្រោមជាទឹកដីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលសព្វថ្ងៃជាផ្នែកមួយនៃប្រទេសវៀតណាម។ បារាំងដែលជាម្ចាស់អាណានិគមនៅឥណ្ឌូចិនបានកាត់ទឹកដីកម្ពុជាក្រោមចេញពីកម្ពុជាឱ្យទៅនៅក្រោមការគ្រប់គ្រងដោយវៀតណាមកាលពីថ្ងៃទី៤មិថុនា ឆ្នាំ១៩៤៩៕