វ៉ាស៊ីនតោន៖ ពលរដ្ឋខ្មែរជាងមួយរយនាក់នៅសហគមន៍អឺរ៉ុបបានធ្វើបាតុកម្មតវ៉ានៅមុខទីស្នាក់ការក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវ នៅថ្ងៃអង្គារដើម្បីធ្វើបាតុកម្មតវ៉ាទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងការបោះឆ្នោតប្រកបដោយសេរីនិងយុត្តិធម៌នៅ កម្ពុជា។
ក្រុមបាតុករមកពី ប្រទេសបារាំង បែលហ្ស៊ិក និងស្វីសក៏បានសម្តែងការគាំទ្រចំពោះរបាយការណ៍ដែលបានចេញផ្សាយកាលពីខែកក្កដា របស់លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដែលបញ្ជាក់ពីស្ថានភាពមិនល្អខាងផ្នែកសិទ្ធិមនុស្ស។
លោក លី ពឿង អ្នករៀបចំធ្វើបាតុកម្មបានបញ្ជាក់ប្រាប់វីអូអេថា៖
«នៅក្នុងប្រទេសកម្ពុជាបើយើងនិយាយអំពីសេរីភាពនោះវិញគឺពិបាកនឹងថាយើងហាក់បីដូចជាស្រមោលមួយដែលគេធ្វើឡើងគឺឱ្យតែរន្ធោលតាមប្រាណ។ នៅទីណាមានលទ្ធិប្រជាធិបតេយ្យនៅទីនោះគណបក្សប្រជាជនតែងតែតាមបំផ្លាញ....អ្នកដែលជាអ្នកស្នេហាជាតិបែរទៅជាជនក្បត់ជាតិ តួរយ៉ាងលោកសម រង្ស៊ីដកបង្គោលពីបញ្ហាព្រំដែនវៀតណាមនិងខ្មែរទៅជាជនក្បត់ជាតិ។ អ្នកការពារជាតិទៅជាជនក្បត់ជាតិ»។
ក្រុមបាតុករបានលើកបដាមានរូបថតលោកហ៊ុន សែននិងភរិយារបស់គាត់ដោយថ្កោលទោសអំពើផ្តាច់ការនិងអំពើពុករលួយព្រមទាំងទាមទារឱ្យមេដឹកនាំបក្សប្រឆាំងសម រង្ស៊ីដែលពេលនេះកំពុងរស់នៅ និរទេសខ្លួននៅប្រទេសបារាំងបានវិលត្រឡប់ទៅកាន់ប្រទេសវិញ។
លោក លី ពឿងបានបញ្ជាក់បន្ថែមថា៖
«នៅក្នុងការតវ៉ាមានរួមការទាមទារឱ្យលោកសម រង្ស៊ីបានវិលត្រឡប់ទៅប្រទេសវិញតាមរយៈលោកសុរិយា ស៊ូប៊ែឌីគាត់បានសរសេរក្នុងរបាយការណ៍ហើយហត្ថលេខាគាំទ្ររបស់យើងគឺសរសេរពីការវិលត្រឡប់របស់លោកសម រង្ស៊ីដើម្បីបោះឆ្នោតតតាំងជាមួយនឹងលោកហ៊ុន សែន»។
បាតុកម្មនេះមានការចូលរួមដោយកម្រពីព្រះតេជគុណ លូន សូវ៉ាត ជ័យលាភីរង្វាន់សិទ្ធិមនុស្សដ៏ឆ្នើមដែលបាននិមន្តទៅពីប្រទេសកម្ពុជា។
ព្រះតេជគុណ លូន សូវ៉ាតបានមានសង្ឃដីការប្រាប់វីអូអេថា៖
«អ្វីដែលអាត្មាចង់បានគឺចង់ឱ្យប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្សជាធំ ដោយមិនត្រូវយកអំណាចជាធំដែលធ្វើឱ្យប្រទេសកម្ពុជាគ្មានយុត្តិធម៌ សន្តិភាព និងសេចក្តីសុខផ្សេងៗ។ នេះជាការរំលោភច្បាប់ទាំងច្បាប់ព្រះពុទ្ធសាសនាច្បាប់សិទ្ធិមនុស្សហើយនឹងច្បាប់ប្រជាធិបតេយ្យដែលយើងមើលទៅ គឺទៅ ជាប្រទេសមួយដែលកើតឡើងនូវអំពើអយុត្តិធម៌អំពើហិង្សាផ្សេងៗ»។
លោកសុរិយា ស៊ូប៊ែឌី បានឡើងអានរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សកម្ពុជាប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនិងបានចេញមកទទួលយកញត្តិរបស់ក្រុមបាតុករ។
នៅក្នុងរបាយការណ៍របស់លោកសុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអ.ស.ប.ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាបានស្នើធ្វើឱ្យប្រសើរឡើងដល់ស្ថានការណ៍សិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ នីតិរដ្ឋនៅកម្ពុជាដោយលោកលើកឡើងថាការរំលោភសិទ្ធិមនុស្ស ការ
បណ្តេញចេញពីលំនៅដ្ឋាន ការរិតត្បិតសេរីភាពបញ្ចេញមតិនៅមានជាច្រើននៅឡើយ។
លោកស៊ូប៊ែឌីក៏បានលើកឡើងដែរថា សេរីភាពនៃការបញ្ចេញមតិនៅតែជាក្តីបារម្ភដ៏សំខាន់មួយដោយលោកបញ្ជាក់ថាពលរដ្ឋជាច្រើនខ្លាចមិនហ៊ានបញ្ចេញមតិដោយសារខ្លាចត្រូវគេចាប់ខ្លួននិងឃុំខ្លួនក្រោមច្បាប់ក្រមព្រហ្មទណ្ឌស្តីពីការញុះញង់ និងបរិហារកេរ្តិ៍។
នៅក្នុងរបាយការណ៍របស់លោកស៊ូប៊ែឌីក៏បានលើកឡើងថា ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាមានបញ្ហាឆ្គាំឆ្គងច្រើនដោយសារតែមន្ត្រីរាជការធ្វើសកម្មភាពខាងនយោបាយ មានការបំភិតបំភ័យ លើសកម្មជនគណបក្សនយោបាយប្រឆាំង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដើម្បីចូលរួមប្រតិបត្តិការឃោសនា ឬសកម្មភាពនយោបាយមានការប្រើប្រាស់ប្រព័ន្ធឃោសនាមិនស្មើភាពហើយសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនឯករាជ្យដែលធ្វើឲ្យបាត់ជំនឿពីអ្នកបោះឆ្នោត។
រដ្ឋាភិបាលកម្ពុជាបានបដិសេធចោលរបាយការណ៍របស់លោកស៊ូប៊ែឌីដោយលើកឡើងថាដើរមិនទាន់សភាពការណ៍។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យបានសម្តែងការសោកស្តាយដែលមានពលរដ្ឋខ្មែរទៅតវ៉ាហើយហៅបាតុកម្មនេះថាធ្វើគ្រាន់តែបង្ហាញរូបភាពនយោបាយនិងមិនអាចដោះស្រាយអ្វីបានទេព្រោះបញ្ហាពិតគឺរដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយបណ្តើរៗ។
ក្នុងករណីមេបក្សប្រឆាំង លោកផៃ ស៊ីផានក៏បញ្ជាក់បន្ថែមថាការវិលចូលស្រុកបានឬមិនបានគឺអាស្រ័យលើលោក សមរង្ស៊ីផ្ទាល់។
«បញ្ហាចង់ឱ្យមានមាតុភូមិនិវត្តន៍របស់ឯកឧត្តមសម រង្ស៊ីដែលជាប្រធានរបស់គណបក្សប្រឆាំង…នេះជាសិទ្ធិរបស់លោកសម រង្ស៊ីគ្មានអ្នកណាដឹងពីរឿងហ្នឹងជាងលោកសម រង្ស៊ីទេ ថាតើឥរិយាបទបែបណាដែលអាចឱ្យគាត់មានសម្បទានមានការដោះ ស្រាយជានយោបាយនោះគឺគាត់ព្រោះការដោះ ស្រាយតាមនយោបាយវាមានច្រើនដងហើយយើងស្អប់ថាអ្នកមានអំណាច អ្នកមានតួរនាទីធំៗមិនដែលនៅ ក្រោមច្បាប់ទេចុះហេតុអ្វី បានជាឯកឧត្តមសម រង្ស៊ីចង់នៅពីលើច្បាប់?»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ដើម្បីជ្រើសរើសតំណាងរាស្រ្តនិងនាយករដ្ឋមន្ត្រីថ្មី។ សហគមន៍អន្តរជាតិបានដាក់សម្ពាធជាបន្តបន្ទាប់ឱ្យកម្ពុជាស្វែងរកដំណោះស្រាយផ្នែកនយោបាយដើម្បីឱ្យមានការបោះឆ្នោតមួយដែលមានការចូលរួមពីគ្រប់គណបក្សនយោបាយ៕