ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន​ប្រកាស​ផ្អាក​ការ​ផ្តល់​​ដី​សម្បទាន​សេដ្ឋ​កិច្ច​


The city of Malakal rests on the bank of the White Nile River, South Sudan.
The city of Malakal rests on the bank of the White Nile River, South Sudan.

ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋ​កិច្ច​អាច​នឹង​រក​ដៃ​គូ​ក្រុមហ៊ុន​វិនិយោគ​បាន​ តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋ​កិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​ផ្សេង​ទៀត​បាន​ឡើយ។​

​ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​អះអាង​សារជាថ្មី​ម្តងទៀត​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ ដែល​វិធានការ​នេះ​បាន​ទទួល​ការ​ស្វាគមន៍​ពី​មន្ត្រី​គណបក្ស​ប្រឆាំង ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ ជា​នយោបាយ​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចាប់​យក​ដីធ្លី​ដោយ​ក្រុមហ៊ុន​ឯកជន។​

ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ដោយ​លោក​បាន​និយាយ​ថា ​ការ​ផ្អាក​នេះ​អាច​នឹង​បន្ត​រយៈ​ពេល​វែង​ និង​អាច​ឈាន​ដល់​ពេល​ដែល​លោក​ចូល​និវត្តន៍​ពី​ឆាក​នយោបាយ​ទៀត​ផង។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋ​កិច្ច​អាច​នឹង​រក​ដៃ​គូ​ក្រុមហ៊ុន​វិនិយោគ​បាន​ តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋ​កិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​ផ្សេង​ទៀត​បាន​ឡើយ។​

ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​លោក​ក៏បាន​ធ្វើការ​កែ​តម្រូវ​ថា​ ក្រុម​ហ៊ុន​វិនិយោគ​ណា​ ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ ត្រូវ​បង់ពន្ធ​ថ្ងៃ​ឈ្នួល​ដី​ចំនួន​ប្រាំ​ដុល្លារ​នៅ​ក្នុង​មួយ​ហិច​តា ​ចាប់ពី​ឆ្នាំ​ទី៦ ​ជា​រៀងរាល់ឆ្នាំ​ដោយ​មិន​រើស​អើង​បែងចែក​ប្រភេទ​ដី ដែល​ត្រូវ​ធ្វើ​ផលិតកម្ម​នៅ​ក្នុង​វិស័យ​កសិកម្ម​នោះ​ឡើយ។​

លោកយឹម​ សុវណ្ណ​ អ្នកតំណាង​រាស្ត្រ ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​ បាន​គាំទ្រ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល។​ លោក​បាន​បញ្ជាក់​ថា​ ប្រសិនណា​បើ​ចាំបាច់​គួរ​តែ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​តែម្តង​ទៅ​ ពីព្រោះ​ប្រជា​កសិករ​មិន​មាន​ដី​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ទេ។​

«ពីព្រោះ​ខ្មែរ​យើង​ខ្វះ​ដី​ធ្វើស្រែ​ ប្រជា​កសិករ​រាប់លាន​នាក់​ដែល​ខ្វះ​ដី​ធ្វើ​ស្រែ​ចម្ការ។​ គ្រាន់តែ​ដាំ​ដំឡូងមី​ ដាំសណ្តែក ​ដាំអី​ មិន​ចាំ​បាច់​ឲ្យ​ក្រុម​ហ៊ុន​បរទេស​ធ្វើ​ទេ​ ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ កសិករ​ខ្មែរ​ធ្វើ​ទៅ»។​

លោកអំ សំអាត ​មន្ត្រី​អង្គការ​លីកាដូ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា​ កន្លង​មក ការ​រំលោភ​ ការ​ចាប់​យក​ដីធ្លី​ពាក់​ព័ន្ធ​នឹង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​បាន​កើត​មាន​ឡើង​ច្រើន​ជាង​គេ។​ ប្រសិន​ណា​បើ​រដ្ឋាភិបាល​អាច​ផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ វា​នឹង​អាច​កាត់​បន្ថយ​ជំលោះ​នេះ​បាន។​ ក៏ប៉ុន្តែ​លោក​បាន​អះអាង​ថា ​រដ្ឋាភិបាល​គួរតែ​ប្រកាស​ថា​ មាន​ក្រុមហ៊ុន​ប៉ុន្មាន​ទៀត​ដែល​នៅ​សេស​សល់ ​បន្ទាប់​ពី​បាន​ទទួល​គោល​ការណ៍​ពី​រដ្ឋាភិបាល​រួចហើយ​ដើម្បី​បញ្ឈប់​ការ​សង្ស័យ​អំពី​ការ​ចេញ​អនុក្រិត្យ​ឲ្យ​ក្រុម​ហ៊ុន​ជា​បន្ត​បន្ទាប់​ទៀត។​

«សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ប្រកាស​ថា ​ក្រុមហ៊ុន​មាន​ប៉ុន្មាន​ទៀត​ដែល​ត្រូវ​ទទួល​គោល​ការណ៍​នឹង​ចេញ​អាជ្ញា​បណ្ណ​ជា​បន្ត​ទៀត»។​

កាល​ពីដើម​ខែ​ឧសភា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ដាក់​បទ​បញ្ជា​ម្តង​ឲ្យ​ផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ហ៊ុន​ឯក​ជន។​ ក៏ប៉ុន្តែ​បទ​បញ្ជា​នេះ​បាន​បើកផ្លូវ​សម្រាប់​ឲ្យ​មាន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​មួយ​ចំនួន​ ដែល​បាន​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល​រួច​ហើយ។​

រហូត​មក​ដល់​ពេល​នេះ​ មាន​ក្រុមហ៊ុន​ឯកជន​ប្រមាណ​ជាង​២០០​ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​លើ​ទំហំ​ផ្ទៃ​ដី​សរុប​ប្រមាណ​ជាង​ពីរ​លាន​មួយ​សែន​ហិចតា។​

ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​កន្លង​មក​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ថា​ បាន​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ប្រជាជន​ និង​ការ​រក​ផល ​អនុផល​ព្រៃឈើ​របស់​ជន​ជាតិ​ភាគតិច​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន៕​
XS
SM
MD
LG