ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល​ថា កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ


រូបឯកសារ៖ ព្រះអាទិត្យ​កំពុង​លិច​នៅ​ខេត្ត​ប៉ែលិន នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែ​មិនា ឆ្នាំ២០០៥។ (AP/David Longstreath)
រូបឯកសារ៖ ព្រះអាទិត្យ​កំពុង​លិច​នៅ​ខេត្ត​ប៉ែលិន នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែ​មិនា ឆ្នាំ២០០៥។ (AP/David Longstreath)

គម្រោង​ដើម្បី​ការ​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ​ (UNDP) បាន​រក​ឃើញ ​ក្នុង​អំឡុង​ចន្លោះ​ឆ្នាំ​២០០៥ ​និង​ឆ្នាំ​២០១២ ប្រជាពលដ្ឋ​កម្ពុជា​ប្រមាណ​ជាង​២២,០០០នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត។

កាល​ពី​ខែ​មករា ឆ្នាំ​២០១៦​នេះ ក្រសួង​បរិស្ថាន​បាន​ចេញ​ផ្សាយ​ផែនការ​សកម្មភាព​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ឆ្នាំ​២០១៦-ឆ្នាំ២០១៨ មុន​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ ដែល​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក៏​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​រវាង​លោក​ប្រធានា​ធិបតី ​បារ៉ាក់ អូបាម៉ា ​និង​មេដឹកនាំ​ទាំង​១០​របស់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន ​នៅ​ថ្ងៃច័ន្ទ ទី១៥ និង​ថ្ងៃ​អង្គារ ទី១៦ ខែ​កុម្ភៈ។

លោក Ben Rhodes ​អនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី អូបាម៉ា ​បាន​ឲ្យ​ដឹង​ថា ​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាក់ទង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

លោក​បាន​និយាយ​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​សប្តាហ៍​មុន​ថា៖​«‍យើង​មាន​ភាព​ជា​ដៃ​គូ​ដ៏ល្អ​ជាមួយ​នឹង​អាស៊ាន​ ក្នុង​ការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។ ហើយ​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​អនុសាសន៍​ជា​ច្រើន ដែល​ពួកគេ​បាន​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​កន្លង​ទៅ​នេះ។ ហើយ​ពួក​គេ​ក៏​បាន​លើក​កម្ពស់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ»។

ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ ដែល​ងាយ​ទទួល​រងគ្រោះ​បំផុត​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ជាក់ស្តែង ​ផល​ប៉ះពាល់​ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​កើត​មាន​រួច​ទៅ​ហើយ​នៅ​កម្ពុជា។ គម្រោង​ដើម្បី​ការ​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ​ (UNDP) បាន​រក​ឃើញ ​ក្នុង​អំឡុង​ចន្លោះ​ឆ្នាំ​២០០៥ ​និង​ឆ្នាំ​២០១២ ប្រជាពលដ្ឋ​កម្ពុជា​ប្រមាណ​ជាង​២២,០០០នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត។

របាយការណ៍​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​សូវ​មាន​កិត្តិនាម​ក្នុង​ការ​ដើរ​ឈាន​ទៅ​មុខ​ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​ទេ។ ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​បរិស្ថាន​នៅ​កម្ពុជា​នៅ​ទន់ខ្សោយ​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​អាជ្ញាធរ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​កាប់​ព្រៃឈើ​យ៉ាង​រង្គាល ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​តំបន់​ព្រៃ​ធម្មជាតិ​ជាង​១ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​ក្នុង​រយៈពេល​១២ឆ្នាំ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ លោក សៅ សុភាព​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​កំពុង​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​ត្រៀមខ្លួន​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដូចជា​បង្កើត​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម។

ផែនការ​នេះ​បាន​កំណត់​គោលដៅ​មួយ​ចំនួន​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ​ដោយ​ផ្តោត​លើ​បញ្ហា​មួយ​ចំនួន ​រួម​មាន «‍ការ​បញ្ជ្រាប»​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​ផែនការ​ថ្នាក់​ក្រោម​ជាតិ ​និង​ថ្នាក់​ជាតិ ​និង​ក្នុង​ដំណើរការ​ថវិកាជាតិ​ ក៏ដូច​ជា​ការ​ថែរក្សា​បរិស្ថាន ​ភាព​ចម្រុះ​នៃ​សត្វព្រៃ ​និង​រុក្ខជាតិ ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ ​និង​ការ​ពង្រឹង​ការ​យល់​ដឹង ​និង​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន។

លោក​ សៅ សុខភាព ​បាន​ឲ្យ​ដឹង​ថា៖​«‍ពាក់ព័ន្ធ​នឹង​ការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ជាពិសេស​ខាង​បន្សុំា ​និង​ភាព​ធន់ គឺ​កម្ពុជា​របស់​យើង​ធ្វើបាន​ល្អ គួរ​ជា​ទីមោទនៈ​ដែរ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ជិត​ខាង​របស់​យើង។ ទោះ​បី​ថា​យើង​នៅ​មាន​តម្រូវការ​ជា​ជំនួយ​ខាង​បច្ចេកទេស និង​ថវិកា ​ក៏ប៉ុន្តែ​អ្វី​ដែល​យើង​បាន​កំពុង​ធ្វើ​នេះ​គឺ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ ដោយ​បាន​ឆ្លើយតប​មួយ​កម្រិត ​ជាពិសេស​ក្នុង​ការ​លើក​កម្ពស់​ការ​យល់ដឹង​នៅ​ក្នុង​សង្គម​ជាតិ​របស់​យើង​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​មាន​ការ​កើន​ឡើង​ជា​លំដាប់»។

មក​ទល់​ពេល​នេះ ​ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​១៤ ​បាន​អនុម័ត​ផែនការ​សកម្មភាព​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​តាម​វិស័យ​របស់​ខ្លួន ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​កិច្ច​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ ​និង​ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ​ឲ្យ​បាន​ជោគជ័យ។ ក៏​ប៉ុន្តែ ទន្ទឹម​នឹង​នោះ លោក សៅ សុភាព បាន​ចង្អុល​បង្ហាញ​ពី​បញ្ហា​ចម្បង​មួយ​ចំនួន​ធំៗ ដែល​កម្ពុជា​កំពុង​ព្យាយាម​ដោះស្រាយ។

លោក​និយាយ​ថា៖​«‍យើង​អាច​នៅ​មាន​បញ្ហា​ការ​យល់​ដឹង​ជា​ទូទៅ ហើយ​ទី២ គឺ​បញ្ហា​កង្វះខាត​សមត្ថភាព​ស្ថាប័ន ខ្វះខាត​មន្ត្រី​ជំនាញ​ដែល​មាន​ការ​យល់ដឹង​ខ្ពស់​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។ ហើយ​ចំណុច​សំខាន់​មួយ​ទៀត​គឺ​បញ្ហា​ធនធាន​ថវិកា ​សម្រាប់​អនុវត្ត​ដំណើរការ​ការងារ ដែល​យើង​បាន​បញ្ជ្រាប​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ចូល​ទៅ​ក្នុង​ផែន​ការ​សកម្មភាព​របស់​វិស័យ​ពាក់ព័ន្ធ»។

លោក​បាន​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ចូលរួម​ប្រើប្រាស់​ធនធាន​ដោយ​មាន​ប្រសិទ្ធភាព។ លោក​ថា៖​«‍អញ្ចឹង​ទេ យើង​អនុវត្ត​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ដែល​ក្រសួង​ស្ថាប័ន​ភាគច្រើន​បាន​ចូលរួម​អនុវត្ត​កម្មវិធី​ថវិកា។ ពួកគាត់​បាន​លើក​យក​កម្មវិធី​សកម្មភាព​ប្រចាំ​ឆ្នាំ​ដោយ​គិតគូរ​ផង​ដែរ​អំពី​ការ​វិនិយោគ​សាធារណៈ មាន​ន័យ​ថា ការ​ប្រើប្រាស់​ថវិកា​រដ្ឋ។ ហើយ​ទន្ទឹម​នឹង​នោះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ​ក៏​ត្រូវ​ខិតខំ​ធ្វើ​ការងារ​សហការ​ជាមួយ​នឹង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​គៀងគរ​ធនធាន ​ដើម្បី​ជំរុញ​ការ​អនុវត្ត​ផែនការ​សកម្មភាព​នៅ​តាម​វិស័យ​រៀងៗ​ខ្លួន»។

បញ្ហា​ប្រែប្រួល​អាកាសធាតុ​គឺជា​បញ្ហា​សកលលោក ​ដែល​សហរដ្ឋ​អាមេរិក​មាន​តួនាទី​ជា​អ្នក​ដឹកនាំ ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​មួយ ​ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូចជា​កម្ពុជា ​ក្នុង​ការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើ​យោង​តាម​ការ​យល់​ឃើញ​របស់​ លោក ឈាង វណ្ណារិទ្ធិ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ។

លោក​ថា៖​«‍នេះ​គឺជា​អ្វី​ដែល​គេ​ហៅថា​តួនាទី​សកល​របស់​សហរដ្ឋ​អាមេរិក ​ព្រោះ​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មហា​អំណាច។ អញ្ចឹង​ទេ ​ប្រទេស​មហា​អំណាច​ត្រូវ​តែ​មាន​តួនាទី​សកល​ ដើម្បី​ដោះស្រាយ​បញ្ហា​សកលលោក ​ពីព្រោះ​ថា​បញ្ហ​បម្រែបម្រួល​អាកាសធាតុ​នេះ​គឺជា​បញ្ហា​សកល»។

លោក​ក៏​បាន​បញ្ជាក់​ថា ​តួនាទី​របស់​ប្រទេស​មហា​អំណាច​ក្នុង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​ត្រូវ​បាន​កំណត់​រួច​ហើយ​នៅ​ក្នុង​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ កាល​ពី​ដើម​ឆ្នាំ​២០១៦​នេះ។

លោក​បាន​ឲ្យ​ដឹង​ថា៖​«‍កិច្ច​សន្និបាត​នៅ​ទីក្រុង​ប៉ារីស​ គឺ​ឃើញ​បាន​លទ្ធផល​ល្អ ហើយ​បណ្តា​ប្រទេស​អ្នក​មាន គឺ​ត្រូវតែ​មាន​កាតព្វកិច្ច​ជួយ​បណ្តា​ប្រទេស​អ្នក​ក្រ នៅ​ក្នុង​ការ​កសាង​សមត្ថភាព ​ក៏​ដូចជា​បង្កើត​យន្តការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ហ្នឹង»។

សហរដ្ឋ​អាមេរិក​បាន​ដើរ​តួនាទី​នាំ​មុខ​ ក្នុង​ការ​បញ្ជ្រាប​យន្តការ​បន្សុំា ​និង​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​សកលលោក ​តាមរយៈ​ការ​ផ្តល់​ជំនួយ​ទាំង​ផ្នែក​បច្ចេកទេស ​និង​ថវិកា។

ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​ខាង​បច្ចេកទេស និង​ថវិកា​ពី​បណ្តា​ប្រទេស​ជា​ច្រើន ដូចជា​សហរដ្ឋ​អាមេរិក ប្រទេស​ស៊ុយអែត ​និង​សហភាព​អឺរ៉ុប​ជាដើម។ ចាប់​តាំង​ពី​ឆ្នាំ​២០១០មក រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​សហការ​ពី​ដៃ​គូ​អភិវឌ្ឍន៍​នានា បាន​បង្កើត​«សម្ព័ន្ធ​កម្ពុជា​ដើម្បី​ការ​ប្រែប្រួល​អាកាសធាតុ​‍» ដើម្បី​ផ្តល់​ជំនួយ​បច្ចេកទេស ការ​ប្រឹក្សា​ខាង​គោលការណ៍ ​និង​ជំនួយ​ហិរញ្ញវត្ថុ ​ដល់​ស្ថាប័ន​នានា​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​បន្សុំា និង​ឆ្លើយតប​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ៕

XS
SM
MD
LG