ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្មួយ​របស់​ប៉ុល ពត ថាលោក​គាត ឈន់ មាន​តួនាទី​ក្នុង​របប​ខ្មែរក្រហម


លោក​​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ គាត​ ឈន់
លោក​​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ គាត​ ឈន់

ក្មួយ​ប្រុស​បង្កើត​របស់​ប៉ុល ​ពត ​ដែល​ជា​មេ​ស្ថាបនិក​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​គាត​ ឈន់ ​បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋបាល​របស់​ក្រសួង​ការបរទេស​នៃ​របប​ខ្មែរក្រហម។

ប៉ុល ​ពត ​មាន​ឈ្មោះដើម​គឺ ​សាឡុត ​ស។ ​ក្មួយប្រុស​របស់​គាត់​លោក ​សាឡុត ​បាន ​ឆ្នាំនេះ​មាន​អាយុ​៦៧​ឆ្នាំ និង​ធ្លាប់​ធ្វើ​ជាអគ្គលេខា​ធិការ​ក្រសួង​ការបរទេសដែល​ត្រូវ​បានកាន់កាប់​ដោយ​អៀង ​សារី ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩។

លោក ​សាឡុត ​បាន​បាន​ថ្លែង​ចំនួន​ពីរ​ដង​ពី​ឈ្មោះ​របស់​លោក​ គាត ​ឈន់ ​ក្រោម​ការ​ចោទសួរ​របស់​សហ​ព្រះរាជអជ្ញារង​ជាតិ ​និង​អន្ដរជាតិ​ក្នុង​ការ​កាត់ទោស​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង​ក្នុង​សំណុំ​រឿង​០០២។

សាក្សី​ដដែល​បាន​បញ្ជាក់​ដោយ​មិន​ចាំ​ឆ្នាំ​ច្បាស់លាស់​ថា ​លោក​បាន​អមដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​មួយ​អៀង ​សារី ​ហើយ​ក្នុង​នោះ​ក៏​មាន​រូប​លោក​គាត ​ឈន់ ​ផងដែរ។

«គណៈប្រតិភូ​មាន​លោក ​គាត ​ឈន់ ​លោក ​ជួន ​ប្រសិទ្ធ ​លោក​ចាន់ ​យូរ៉ាន់ ​និយាយ​រួម​អ្នក​នៅ​ក្រសួង​ការបរទេស​ទៅ​តាម​លោក​អៀង ​សារី ​តាម​មុខងារ​របស់​គេ»។

អតីត​សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម ​លោក ​ម៉ាកសែល ​ឡឺម៉ុង ​ធ្លាប់​បាន​ធ្វើ​ដីកា​កោះអញ្ជើញ​មន្ដ្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច​ក្នុង​ពេល​បច្ចុប្បន្ន​

ចំនួន​ប្រាំមួយ​រូប​ឲ្យ​ចូល​ផ្តល់​សក្ខីកម្ម​ក្នុង​សំណុំរឿង ​០០២​នេះ ដែលក្នុង​នោះ​ក៏​មាន​រូប​លោក​ គាត ​ឈន់​ ផងដែរ។ ​ក៏ប៉ុន្ដែ​រដ្ឋាភិបាល​បាន​ជំទាស់។

លោក ​សាឡុត ​បាន​គឺ​ជា​អតីត​កងការពារ​ ឬ​អង្គរក្ស​របស់ ​ប៉ុល ​ពត ​មុន​ពេល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច។

លោក​លើក​ឡើង​ថា ​លោក ​គាត ​ឈន់ បាន​ចូលរួម​ប្រជុំ​នានា​ក្នុង​ជាមួយ​កម្មាភិបាល​ខ្មែរក្រហម​ដទៃ​ទៀត​ក្នុង​ក្រសួង​ការបរទេស។

«ពេល​ខ្លះ​មាន​ការ​ប្រជុំ​ជាមួយ​គណៈនេះទៅ ​គណៈនោះទៅ។ មាន​បង​គាត ​ឈន់ ​មាន​បង​សួង ស៊ីគឿន ​មាន​ឈ្មោះ​សូ ​សែ។ ​ខ្ញុំ​ចាំ​ឈ្មោះ​មិន​អស់​ទេ»។

មេដឹកនាំ​គណបក្ស​ជំទាស់ ​លោក​សម​ រង្ស៊ី ​ធ្លាប់​បាន​ចោទប្រកាន់​ថា ​មេដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួន​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ ​និង​ក្នុង​រដ្ឋាភិបាល​ គឺ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​ក្នុង​នោះ​លោក​បាន​លាត​ត្រដាង​អត្តសញ្ញាណ​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​ ដែល​សំដៅ​ទៅ​រក​លោក ​គាត ឈន់ ​និង​លោក ​ហោ ​ណាំហុង ​ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​បច្ចុប្បន្ន​នេះ។ ​លោក​ប្រមុខ​ការទូត ​ហោ ណាំហុង ​បាន​ប្តឹង​ប្រឆាំង​លោក ​សម ​រង្ស៊ី ​ប៉ុន្ដែ​លោក​គាត​ ឈន់ ​បាន​សម្រេច​ចិត្ត​មិន​ធ្វើ​ការ​ប្ដឹងផ្តល់​តបត​នឹង​លោក​សម ​រង្ស៊ី​ នោះ​ទេ។

នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ ​ក្មួយប្រុស​របស់​ប៉ុល ​ពត ​លោក ​សាឡុត ​បាន ​ក៏​បាន​បញ្ជាក់ដែរ​ថា ​មុន​បាន​កាន់​អំណាច​ពួកខ្មែរក្រហម​បាន​ដើរតាម​នយោបាយ​សម្របសម្រួល​ជាមួយ​អតីត​ព្រះមហាក្សត្រ​សម្តេចឪ ​នរោត្តម ​ស៊ីហនុ ​ហើយ​គោលដៅ​សំខាន់​គឺ​វាយប្រហារ​តបត​ទៅ​នឹង​សហរដ្ឋ​អាមេរិក។

«មុន​ឆ្នាំ ​១៩៧៥ ​គឺ​គាំទ្រ​នយោបាយ​អព្យាក្រិត​របស់​សម្ដេចតា។ ​ឲ្យ​តែ​សម្ដេចតា​ប្រឆាំង​នឹង​អ្នកណា​គឺ​គាំទ្រ»។

សហព្រះរាជអាជ្ញារង​ជាតិ ​និង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ​ បាន​ចោទសួរ​ដេញដោល​សាក្សី​ខាង​លើ​ពីតួនាទី​និង​ការ​សម្រេច​ការងារ​របស់​ជន​ជាប់​ចោទ​ទាំង​បី ​នួន​ ជា ​អៀង ​សារី ​ខៀវ ​សំផន ​ផងដែរ។ ​ប៉ុន្ដែ​សាក្សី ​បាន​បញ្ជាក់​ថា ដឹង​ខ្លះ ​និង​មិន​ដឹង​ខ្លះ​ជា​ពិសេស​ទាក់ទង​នឹង​កិច្ចការ​ស៊ី​ជម្រៅ​ក្នុង​ការ​សម្រេច​ចិត្ត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG