ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ៊ុន​ សែន៖ ​បញ្ហា​របៀបវារៈ​សមុទ្រ​ចិនខាងត្បូង​គ្មាន​ឥទ្ធិពល​ពីចិន​ទេ​


មេដឹកនាំ​បណ្តា​ប្រទេស​សំខាន់ៗ​ទាំង​១០​ មក​ពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​បាន​មក​ជួបប្រជុំ​គ្នា​រយៈពេល​ពីរ​ថ្ងៃ ​នៅ​រាជធានី​ភ្នំពេញ ​ប្រទេស​កម្ពុជា ​ចាប់​ពី​ថ្ងៃ​អង្គារ ​រហូត​មក​ដល់​ថ្ងៃ​ពុធ។​ (AP Photo/Heng Sinith)
មេដឹកនាំ​បណ្តា​ប្រទេស​សំខាន់ៗ​ទាំង​១០​ មក​ពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​បាន​មក​ជួបប្រជុំ​គ្នា​រយៈពេល​ពីរ​ថ្ងៃ ​នៅ​រាជធានី​ភ្នំពេញ ​ប្រទេស​កម្ពុជា ​ចាប់​ពី​ថ្ងៃ​អង្គារ ​រហូត​មក​ដល់​ថ្ងៃ​ពុធ។​ (AP Photo/Heng Sinith)

បញ្ហា​ជម្លោះ​នៃ​ដែន​សមុទ្រចិន​ខាង​ត្បូង​បាន​ឋិត​នៅ​ក្នុង​របៀបវារៈ​ដ៏​សំខាន់​មួយ ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ ​ដែល​ទើប​នឹង​បិទ​បញ្ចប់​ក្នុង​ប្រទេស​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

មេដឹកនាំ​បណ្តា​ប្រទេស​សំខាន់ៗ ​ទាំង​១០​ មក​ពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​បាន​មក​ជួបប្រជុំ​គ្នា​រយៈពេល​ពីរ​ថ្ងៃ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​អង្គារ ​រហូត​មក​ដល់​ថ្ងៃ​ពុធ។

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មិន​ត្រូវ​បាន​លើក​យក​មក​នៅ​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដំបូង​ទេ។ ​ក៏ប៉ុន្តែ​ដោយសារ​តែ​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​ នៅ​ក្នុង​សមាគម​អាស៊ាន​ គឺ​ប្រទេស​ហ្វីលីពីន ​និង​ប្រទេស​វៀតណាម​ បាន​លើក​យក​បញ្ហា​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាស៊ាន ​ទើប​នៅ​នាទី​ចុងក្រោយ​កម្ពុជា​បាន​សម្រេច​ដាក់​របៀបវារៈ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​អង្គសន្និសីទ​កាសែត​ ក្រោយ​ពី​បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​កម្ពុជា​មិន​បាន​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ចិន​ ក្នុង​បញ្ហា​ជម្លោះ​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​បញ្ហា​ដែន​សមុទ្រចិន​ខាង​ត្បូង​គឺ​ជា​ដំណើរការ​មួយ ​មិនមែន​នៅ​ក្នុង​ប្រទេស​វៀតណាម​ ឥណ្ឌូនេស៊ី ​ប្រ៊ុយនេ​ ហើយ​ឥតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​របៀបវារៈ​នៃ​បញ្ហា​សមុទ្រចិន​ខាង​ត្បូង​ ត្រូវ​មាន​ជា​រៀងរហូត ​ដ៏រាបណា ​ដល់​ដំណាក់​កាល​នៃ​ការ​កំណត់​ក្រម​នីតិប្រតិបត្តិ ​ដែល​ហៅ​កាត់​ថា​ COC។

«គ្មាន​ការ​រារាំង​ណាមួយ​ពី​ចិន​អំពី​ការ​ពិភាក្សា​គ្នា​លើ​បញ្ហា​នេះ​ទេ។​ អ្វី​ដែល​ជា​ក្របខណ្ឌ​នៃ​ការ​ពិភាក្សា​នោះ​ឋិត​នៅ​ត្រង់​កម្រិត​ប៉ុណ្ណេះ។ ​វេទិកា​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​វេទិកា​រវាង​អាស៊ាន​ និង​ចិន។ ​មិនមាន​វេទិកា​ណា​មក​ជំនួស​បាន​ទេ»។

មុន​ពេល​ដែល​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន ​លោក​ប្រធានាធិបតី​ចិន ​ហ៊្វូ ​ជីនតាវ​បាន​មក​ទសន្សកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​បួន​ថ្ងៃ ​ដោយ​បាន​នាំយក​មក​នូវ​ជំនួយ​ប្រមាណ​ជិត​៥០០​លាន​យ៉ាន់ ​មក​ដល់​ប្រទេស​កម្ពុជា។​ ​ប្រទេស​ចិន ​ក៏​បាន​ផ្តល់​សម្ភារៈ​បច្ចេកទេស​ទំនើបៗ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ផងដែរ។

ការ​ផ្តល់​ថវិកា ​និង​សម្ភារៈ​បច្ចេកទេស​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាមៗ​នេះ ​បាន​បង្ក​ឲ្យ​មាន​ការិះគន់​ថា​ ទំនង​ជា​សង្ស័យ​ថា ​ការ​ផ្តល់​ជំនួយ​ទាំង​នេះ ​ជា​ថ្នូរ​មិន​ឲ្យ​កម្ពុជា​ដាក់​របៀប​វារៈ​ នៃ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ចូល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​បាន​មាន​ប្រសាសន៍​ទៀត​ថា​ អាស៊ាន​មិន​ទាន់​ចុះ​សម្រុង​គ្នា​ទៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ​ហើយ​ក៏​មិន​ទាន់​ដល់​ចំណុច​រួម​នៃ​បញ្ហា​ដែល​ត្រូវ​ជជែក​គ្នា​ជាមួយ​ចិន​ផងដែរ។

ប្រទេស​ចិន​ចង់​ឲ្យ​ដាក់​បញ្ហា​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ចិន​តែ​ប៉ុណ្ណោះ ​ដោយ​មិន​ចង់​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​ទេ។

លោក Surapomg Tonijakchaikul រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ បញ្ហា​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង ​គួរតែ​ជជែក​គ្នា​រវាង​ចិន ​និង​បណ្តា​ប្រទេស ​ដែល​មាន​តំបន់​ត្រួត​ស៊ីគ្នា។ ​ដូច្នេះ ​គេគួរ​តែ​ដោះស្រាយ​បញ្ហា​នេះ​ក្រៅ​ទ្វេភាគី។

លោក Albert Del Rosario រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​មាន​ប្រសាសន៍​ថា​ គោលដៅ​របស់​លោក​ចង់​ឲ្យ​បញ្ចប់​នូវ​សេចក្តីព្រាង​នៃ​ក្រមនីតិ​ប្រតិបត្តិ ​COC​ ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើក​ក្រោយ។

«ជា​ការណ៍​ពិត ​គោលជំហរ​របស់​យើង​ គឺ​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិភាព​ ក្នុង​ក្របខណ្ឌ​តុលាការ​ ក៏​ដូច​ជា​ថ្នាក់​តំបន់។ ​ហើយ​ចំណុច​សំខាន់​ថ្មី ​ដែល​យើង​បាន​លើក​យក​មក​បង្ហាញ​ គឺ​ជា​សេចក្តីព្រាង​នៃ​COC។ ​ហើយ​នេះ​ក៏​ជា​ការ​បញ្ចូល​នូវ​ចំណុច​ធំៗ​មួយ​ចំនួន​ទៀត។ ​បញ្ហា​នេះ ​គេគួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កិច្ចការ​ផ្ទៃ​ក្នុង​អាស៊ាន​ជា​មុន​សិន​គឺ​នៅ​មុន​ការ​កោះ​អញ្ជើញ​ភាគី​ចិន​ឲ្យ​ចូលរួម»។

លោក ​ម៉ាទី ​ណាតេឡាហ្គាវ៉ា ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី ​បាន​មាន​ប្រសាសន៍​ថា​ ការ​ជជែក​គ្នា​ថ្ងៃ​នេះ​គឺ​ឈាន​ទៅ​ដល់​ចំណុច​វិជ្ជមាន​មួយ ​ហើយ​នៅ​ក្នុង​ការ​ជជែក​អំពី​ក្រម​នីតិវិធី​ប្រតិបត្តិ ​COC។ ​ហើយ​លោក​ចង់​ឲ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ចិន។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ជជែក​ដំបូង​គួរតែ​ធ្វើ​ឡើង​ក្នុង​ក្របខណ្ឌ​អាស៊ាន​ជា​មុន​សិន ​រួច​ហើយ​ទើប​អញ្ជើញ​ប្រទេស​ចិន​មក​ចូល​រួម៕

XS
SM
MD
LG