វ៉ាស៊ីនតោន៖ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបង្ហើបឲ្យដឹងជាសាធារណៈថា នឹង មានក្រុមមន្ត្រីសង្គមស៊ីវិលខ្លះត្រូវហៅមកសាកសួរអំពីរឿងជួយការពារសកម្មជនដីធ្លីម្នាក់ដែលរដ្ឋាភិបាលចោទថា ប៉ុនប៉ងធ្វើអបគមន៍នោះ អ្នកវិភាគនិងមន្ត្រីសង្គមស៊ីវិលចាត់ទុកថា អាត្ថាធិប្បាយនេះធ្វើឲ្យភ័យខ្លាចនិងធ្វើឲ្យប៉ះពាល់ដល់កិច្ចការរបស់សង្គមស៊ីវិលក្នុងការជួយពលរដ្ឋដែលទទួលរងការរំលោភសិទ្ធិសេរីភាព ការរំលោភបំពានដីធ្លី និងផ្ទះសម្បែងជាដើម។ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការភ័យខ្លាចកាន់តែកើនឡើងជាងមុន ដោយមិនមែនត្រឹមតែអង្គការ ឬអ្នកដែលត្រូវបាន តុលាការចោទប្រកាន់ទេ។ លោកបន្ថែមថា លោកមើលទៅអង្គការសិទ្ធិមនុស្សមួយចំនួន អង្គការសង្គមស៊ីវិលមួយចំនួននឹងអត់ហ៊ានធ្វើកិច្ចការរបស់ខ្លួន ការពារពលរដ្ឋដែលមានជម្លោះដីធ្លីទេ ដោយភ័យខ្លាចថា មានការចោទប្រកាន់ទោស។ «នឹងមានការពិរុទ្ធខ្លួនឯងនិងការព្យាយាមប្រុងប្រយ័ត្នច្រើន។ នៅពេលណា ដែលអង្គការមានការប្រុងប្រយ័ត្ននេះបានន័យថា ការភ័យខ្លាចនេះនឹងប៉ះពាល់ ទៅលើប្រសិទ្ធិភាពការងាររបស់អង្គការនោះ»។ លោកអ៊ូ វីរៈបានបន្ថែមថា សង្គមស៊ីវិលនឹងលែងហ៊ានចេញមុខការពារឬតតាំង ដើម្បីភាពយុត្តិធម៌ដូចមុនហើយ នៅពេលមានការរំលោភបំពានសិទ្ធិសេរីភាព ប្រជាពលរដ្ឋ និងការកៀបសង្កត់ក្នុងសង្គមផ្សេងៗដែលប្រព្រឹត្តដោយមន្ត្រី រដ្ឋាភិបាលណាមួយនោះ។ លោក ម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុសំបុកឃ្មុំអេហ្វអ៊ឹម១០៥ មេហ្គាហឺត ត្រូវចាប់ខ្លួនតាមការឆ្លើយដាក់ថា ពាក់ព័ន្ធរឿងធ្វើអបគមន៍នៅស្រុកឆ្លូងខេត្ត ក្រចេះដែលក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថា ជាដំណើរការបំបិតសំឡេង សង្គមស៊ីវិលនៅប្រទេសកម្ពុជា។ ក្រុមសកម្មជនដីធ្លីយ៉ាងតិច៥នាក់ត្រូវតុលាការចេញដីការចោទប្រកាន់ពីបទធ្វើ អបគមន៍ ដោយភ្ជាប់ការពាក់ព័ន្ធនេះជាមួយលោកម៉ម សូណង់ដូ។ ក្នុងចំណោម នោះមាន៤នាក់ហើយដែលបានចេញមកសារភាព ដែលគេដឹងថា មានមួយ ចំនួនបានឆ្លើយដាក់លោកម៉ម សូណង់ដូ។ ដោយឡែកមានតែម្នាក់ប៉ុណ្ណោះ ឈ្មោះ ប៊ុន រដ្ឋា ដែលមិនទាន់មកសារភាព។ តាមដំណឹង តុលាការក្រុងភ្នំពេញ គ្រោងនឹងកោះហៅសាកសួរមន្ត្រីអង្គការដែលលាក់ប៊ុន រដ្ឋា។ ក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈមួយក្នុងពេលប្រគល់សញ្ញាប័ត្រនៅសាកលវិទ្យាល័យរដ្ឋមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ លោក ហ៊ុន សែនបានបង្ហើបឲ្យដឹងពីការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការកោះហៅសាកសួរ មន្ត្រីអង្គការសង្គមស៊ីវិលមួយដែលលោកមិនបញ្ចេញឈ្មោះពីបទពាក់ព័ន្ធ នឹងរឿងជួយផ្តល់ការស្នាក់អាស្រ័យ និងគាំពារលោកប៊ុន រដ្ឋា ដែលរដ្ឋាភិបាលចាត់ទុកថា ជាមេចលនាធ្វើអបគមន៍ដីធ្លីខុសច្បាប់ ដែលបច្ចុប្បន្ននេះកំពុងរស់នៅក្នុងប្រទេសថៃ។ «ហើយអ្នកដែលមុនចេញទៅថៃ មកនៅដូចដែលខ្ញុំប៉ាន់ស្មានអញ្ចឹង មកនៅ ដេកផ្ទះមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយនៅភ្នំពេញអស់ពីរយប់ ហើយបានលុយ៣០ម៉ឺនរៀលចេញតាមឡាវ ចូលប្រទេសថៃ»។ លោកហ៊ុន សែនងាកទៅសួរមន្ត្រីរបស់លោកនៅខាងក្រោយខ្នង ហើយបានបន្តថា៖ «ដូចហៅសួរនៅ? អត់ទាន់ហៅសួរទេ? អត់ទាន់ហៅសួរ។ ដឹងខ្លួនហើយអ្នកហ្នឹងដឹងខ្លួនហើយ»។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានអះអាងថា លោកនាយក រដ្ឋមន្ត្រីហ៊ុន សែនគួរទុករឿងការហៅសាកសួរមន្ត្រីសង្គមស៊ីវិលនេះឲ្យក្រុម អ្នកជំនាញធ្វើកិច្ចការនេះជាជាងការប្រកាសដោយខ្លួនលោក ដែលនាំឲ្យមាន ការចោទប្រកាន់ថា ពាក់ព័ន្ធនឹងនយោបាយ ឬកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះទេ។ «ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង។ ហើយដល់ខ្លាំងទៅវាមានទិដ្ឋភាពនយោ បាយ ដូចជាថា ធ្វើឲ្យមានការកៀបសង្កត់ ធ្វើឲ្យមានការភ័យខ្លាចអញ្ចឹងទៅ»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសដែរថា អ្នកចេញមកសារភាពបាន បញ្ជាក់ពីការទទួលបទបញ្ជាពីអ្នកនៅពីក្រោយខ្នងដែលលោកមិនបានចេញ ឈ្មោះនោះ។ ទោះជាយ៉ាងណាក៏ដោយ ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីកន្លែងដែលលោកលាក់ ខ្លួនកាលពីដើមសប្តាហ៍ លោកប៊ុន រដ្ឋាបានអះអាងពីការមិនពាក់ព័ន្ធជាមួយ លោកម៉ម សូណង់ដូ ហើយនឹងអង្គការសង្គមស៊ីវិលទេ។ «អត់ទេ តាំងពីដើមមក ខ្ញុំធ្វើកិច្ចការដោយឆន្ទៈ ដោយឧត្តមគតិរបស់ខ្ញុំ។ ខ្ញុំអត់មានការពាក់ព័ន្ធជាមួយអង្គការ ឬស្ថាប័នណាដើម្បីជាខ្នងបង្អែក ឬដើម្បីជាជម្រកអីទាំងអស់»។ លោកថ្លែងថា លោកចូលចិត្តសហការតែប៉ុណ្ណោះ ពេលលោកធ្វើការតវ៉ារឿងដីធ្លីជាមួយប្រជាពលរដ្ឋរាប់រយគ្រួសារនៅស្រុកឆ្លូងខេត្តក្រចេះនោះ។ ចំណាត់វិធានការលើក្រុមអង្គការសង្គមស៊ីវិលនិងការចាប់ខ្លួនលោកម៉ម សូណង់ដូបានកើតឡើងក្រោយពីមានការបង្ក្រាបដោយអំពើហិង្សាមួយពាក់ព័ន្ធនឹងការទន្ទា្រនចាប់យកដីធ្លីក្នុងភូមិប្រម៉ា ឃុំកំពុងដំរី ស្រុកឆ្លូងខេត្តក្រចេះ កាលពីខែឧសភា ដែលរដ្ឋាភិបាលត្រូវគេដឹងថា បានបរាជ័យក្នុងការដោះស្រាយបញ្ហា ជម្លោះដីធ្លី ហើយនាំឲ្យពលរដ្ឋមានការមិនសប្បាយចិត្ត៕ មន្ត្រីសិទ្ធមនុស្សនិងអ្នកវិភាគនៅកម្ពុជាបានអះអាងថាចំណាត់វិធានការលើ អង្គការសង្គមស៊ីវិលនឹងធ្វើឲ្យមានការភ័យខ្លាចហើយប៉ះពាល់ដល់កិច្ចការរបស់ សង្គមស៊ីវិល។ លោក ខេមរា នៃ វីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោនរាយការណ៍ ជូនពិស្តារ។