ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​បិទ​ផ្លូវ​ចរចា​ផ្ទាល់​ក្នុង​ការ​ឱ្យ​លោក​សម រង្ស៊ី​បាន​ចូល​ស្រុក​វិញ


លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​

ច្រកផ្លូវ​តែ​មួយ​គត់​ដូចជា​ពេល​មុនៗ​ដែរ​សម្រាប់​អ្នក​នយោបាយ​កម្ពុជា​ដែល​មាន​កំហុស​ដោយ​ អយុត្តិធម៌​ឬ​យុត្តិធម៌​ក្តី​គឺ​គេ​រំពឹង​ថា​ត្រូវ​សុំទោស ​ឬ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ជាមួយ​ លោក​នាយក​រដ្ឋមន្តី ​ហ៊ុនសែន​ដ៏​មាន​អំណាច​ដើម្បី​អាច​ចូល​មក​ប្រទេស​កម្ពុជា​វិញ​បាន។ តែ​ផ្ទុយ​ទៅ​វិញ​ ថ្លែង​ប្រាប់​ វីអូអេ​កាលពី​ដើម​សប្តាហ៍​នេះ​លោក ​សម រង្ស៉ី​ដែល​កំពុង​ជាប់​ពិរុទ្ធ​ហើយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រឿង​ព្រំដែន​ បាន​អះអាង​ថា​លោក​ត្រូវ​ទៅ​និយាយ​ជាមួយ​វៀតណាម​ជា​ចៅហ្វាយ​មេដឹកនាំ​ កម្ពុជា​បច្ចុប្បន្ន​ឬ​បរទេស​ដែល ​មាន​ឥទ្ធិពល​លើ​ វៀតណាម​ដើម្បី​គាប​សង្កត់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ឲ្យ​បញ្ឈប់​ការយាយី​ប្រើប្រាស់​តុលាការ​ ចាត់ការ​ក្រុមអ្នក​នយោបាយ​ជំទាស់​ ជា​ពិសេស​លោកសម រង្ស៉ី​ខ្លួន​ លោក។​ ក៏​ប៉ុន្តែ​ប្រតិកម្ម​ទៅនឹង​អត្ថាធិប្បាយ​របស់​លោក ​សម រង្ស៉ី​ជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​តាម​រយៈ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ព្រមាន​ទាំង​កំហឹង​ថា​ការមក​និយាយ​ជាមួយ​លោក​រឿង​ការ​វិល​ត្រឡប់​មក​វិញ​របស់​អ្នកទោស​ម្នាក់​ ដែល​គេ​ដឹង​ថា​សំដៅ​ទៅ​លើ ​លោក សម រង្ស៉ី​នោះ​ មិន​អាច​ធ្វើ​ទៅ​បាន​ទៀត​ទេ។

លោក​ហ៊ុន សែន​បាន​បញ្ជាក់​ថា៖

«អញ្ចឹង​ទេ​សូម​លោក​ កត់ត្រា​សំដី​ខ្លួន​ឯង​ទុក។​ខ្ញុំ​អរគុណ។​ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នកទោស​ម្នាក់​មក​រំខាន ខ្ញុំ​ទេ។​ កត់ត្រា​ទុកណា ។​ ថ្ងៃ​ក្រោយ​តិច​តែ​សរសេ​សំបុត្រ​ ហើយ​ឲ្យ​មាន​ ភ្នាក់ងារ​អី​មក​ចរចា​សម្រុះសម្រួល​ជាមួយ​ខ្ញុំ។​អត់ទេ​ ព្រោះ​ខ្ញុំ​អាយ៉ង​គ្មាន​សិទ្ធិ។​ ខ្ញុំ​សុំ​ឆ្លើយ​ប៉ុណ្ណឹង។​ ខ្ញុំ​អាយ៉ង​អត់​មាន​សិទ្ធិ​ទេ»។

លោកហ៊ុន សែន​បាន​បញ្ជាក់​ថា​ក្រៅពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ គឺ​អន្តរជាតិ ​បរទេស​ណា​ក៏ដោយ​គ្មាន​សិទ្ធិ ត្រួតត្រា​លោក​បាន​ទេ។

«ក៏​ប៉ុន្តែ​លើ​លោកីយ​នេះ​អ្នក​ដែល​មាន​សិទ្ធ​ត្រួតត្រា​ហ៊ុន​ សែន​បាន​គឺ​មាន​តែ​ប្រជាជន​ខ្មែរ​តែ ​ប៉ុណ្ណោះ។​ សំឡេង​ភាគច្រើន​នៃ​ប្រជាជន​ខ្មែរ​ទើប​មាន​សិទ្ធិ​ត្រួតត្រា​ហ៊ុន សែន។​ ព្រោះបើ ​ប្រជាជន​បោះឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន​ទម្លាក់​ហ៊ុន សែន​ហើយ​ ខ្ញុំ​ត្រូវតែ​គោរព។​ អញ្ចឹង​មាន​ន័យ​ថា​អ្នក ​ដែល​ខ្ញុំ​ត្រូវ​គោរព​ហើយ​កោតខ្លាច​បំផុត​គឺ​ប្រជាជន»។

ថ្លែង​ប្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ហើយ​ត្រូវ​ទូរទស្សន៍​ជាតិ​កម្ពុជា​យក​មក​ចាក់ផ្សាយ​ទាំង ស្រុង​គឺ​ពេល​លោក​ចុះ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៦​នោះ​ លោក ហ៊ុន សែន​ ប្រៀប​ធៀប​អត្ថាធិប្បាយ​ របស់​លោក​ សម រង្ស៉ី​ទៅនឹង​អត្ថាធិប្បាយ​លោក​ ខៀវ សំផន​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ដែល​មិន​ឲ្យ​ តម្លៃ​រដ្ឋាភិបាល​លោក​និង​រិះគន់​ដូចគ្នា​នឹង​លោក​សម រង្សី​ដែរ​ពេល​លោក​ហៀប​ចរចា ជាមួយ​សម្តេចឪ​ព្រះ​នរោត្តម​សីហនុ​ដើម្បី​បញ្ចប់​សង្រ្គាម​រវាង​ខ្មែរ​និង​ខ្មែរ​ក្នុង​ទសវត្សរ៍​១៩៨០។

រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ហើយ​កាន់​អំណាចជាង​៣០ឆ្នាំ មកនេះ​ត្រូវក្រុម​ជំទាស់​និង​អ្នកវិភាគ​បាន​ចាត់​ទុក​ថា​ លើក​បន្តុប​ឬ​បង្កើត ​ដោយ​ប្រទេស​វៀតណាម ដែល​ធ្លាប់​ឈ្លានពាន​ទឹកដី​កម្ពុជា​ដើម្បី​បណ្តេញ​កងទ័ព​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៧៩។

ហើយ​នេះ​ជា​អត្ថាធិប្បាយ​របស់​លោក​សម រង្ស៉ី​ដែល​ធ្វើឲ្យ​លោក ហ៊ុន សែន​ប្រតិកម្ម៖

«ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​គេ​ទេ។​ ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​បម្រើ​គេ​ទេ។​ ខ្ញុំ​ត្រូវ​និយាយ​ជា មួយ​ចៅហ្វាយ។​ ចៅហ្វាយ​ហ្នឹង​គឺ​ប្រទេស​វៀតណាម។​ អ្នកដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​គឺ ​ធ្វើតាម បញ្ជា​ប្រទេស​វៀតណាម។​ដូច្នេះ​ខ្ញុំ​និយាយ​ជាមួយ​ប្រទេស​ណា​ដែល​គេ​មាន​ឥទ្ធិពល​លើ​ប្រទេស​ វៀតណាម​ឲ្យ​គេ​គាប​សង្កត់​ប្រទេស​វៀតណាម​ឲ្យ​គេទៅ​និយាយ​ជំរុញ​ឲ្យ​ចៅហ្វាយ​យួន ​ដើម្បី​ឲ្យ​ប្រទេស​វៀតណាម​ហ្នឹង​បញ្ជា​មក​គណបក្ស​ប្រជាជន​ដើម្បី​កុំឲ្យ​រករឿង​គណបក្ស​សម រង្ស៉ី ​ជា​ពិសេស​កុំឲ្យ​រក​រឿង​ខ្ញុំ​សម រង្ស៉ី​ទៀត​បើចង់​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​ត្រូវ​គេ​ទទួល​ស្គាល់»។

មេដឹកនាំ​គណបក្ស​ជំទាស់​លោក សម រង្ស៉ី​ត្រូវ​តុលាការ​កម្ពុជា​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​ជាង​១០ឆ្នាំ ពី​បទដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្តស្វាយរៀង​កាលពី​ឆ្នាំ២០០៩​ដើម្បី​ជួយ​ អន្តរាគមន៍​ដល់​ពលរដ្ឋ​ដែល​មក​ប្តឹង​លោក​ជា​អ្នក​តំណាង​រាស្ត្រ។ ​លោក សម រង្ស៉ី ​អះអាង​ថា​សម្ពាធ​ បរទេស​ទាំងនោះ​លោក​ រំពឹង​ថា​ឲ្យ​លោក​ វិល​មក​កម្ពុជា​ កន្លះ​ឆ្នាំ​ មុនការ​បោះឆ្នោត​ជាតិ។​ លោក ព្រមាន​ថា​ការរារាំង​រូប​លោក​មិនឲ្យ​ចូល​មក​កម្ពុជា​ នឹង​ធ្វើឲ្យ​បាត់ភាព​ស្របច្បាប់​ហើយ​ ប្រជា​ពលរដ្ឋ​ នឹង​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់។ ​លោក សម​ រង្ស៉ី​ពុំបាន​បញ្ជាក់​ពី ​ប្រទេស​ណាមួយ​ ជួយ​អន្តរាគមន៍​ទៅ​វៀតណាម​ទេ​ តែថ្មីៗ​លោក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​សរអា​ ដើម្បី ​ស្វែង​រក​ការ​គាំទ្រ​នយោបាយ ​និង​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​គួរ​ឲ្យ​ចិន​រីករាយ​ចំពោះ​ជម្លោះ​សមុទ្រ ​ខាងត្បូង​ប្រទេស​ចិន៕

XS
SM
MD
LG