នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានដាក់បញ្ជាដាច់ណាត់ដោយផ្ទាល់មាត់ ឲ្យលុបបំបាត់រាល់ឡូត៍នេសាទទាំងឡាយក្នុងបឹងទន្លេសាប ដែលលោកចាត់ទុកថាជាប្រភពនៃរឿងហេតុដ៏ចម្រូងចម្រាស់ក្នុងសង្គម។ ក៏ប៉ុន្ដែក្រុមមន្ដ្រីគណបក្សជំទាស់ និងមន្ដ្រីសង្គមស៊ីវិលបានហៅបទបញ្ជានោះថា គឺជាទង្វើប្រជាភិថុតនៅពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជិតមកដល់។
ប្រទេសកម្ពុជា គ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១២នេះ។ នេះគឺជាការបោះឆ្នោតដ៏មានសារៈសំខាន់បំផុតសម្រាប់ជ្រើសតាំងរដ្ឋអំណាចមូលដ្ឋានហើយក៏ជាការបោះឆ្នោតដែលនឹងបង្ហាញពីកម្រិតឥទ្ធិពលប្រជាប្រិយ៍ភាព និងកម្លាំងនយោបាយរបស់គណបក្សនយោបាយនីមួយៗ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រមួយក្នុងក្រុងភ្នំពេញ លោកនាយករដ្ឋមន្រ្ដីបានប្រកាសថា លោកបានសម្រេចចិត្តរំលាយចោលឈប់ឲ្យមានតទៅទៀត នូវការធ្វើឡូត៍នេសាទជាលក្ខណៈពាណិជ្ជកម្មនៅក្នុងបឹងទន្លេសាប។
«ខ្ញុំសូមប្រកាសជូនប្រជាពលរដ្ឋថា នៅក្នុងទន្លេសាបទាំងមូលនឹងពុំមានឡូត៍នេសាទទៀតទេ គឺត្រូវរំលាយចោលនូវឡូត៍នេសាទទាំងអស់»។
លោក ហ៊ុន សែន បានពន្យល់ពីការសម្រេចចិត្តនេះថា ដោយសារតែការធ្វើអាជីវកម្មខាងលើនេះនាំឲ្យមានការរំលោភបំពានលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងរារាំងពួកគេពីការរកផលត្រីសម្រាប់ចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ។
លោកប្រមុខរដ្ឋាភិបាលខ្មែរបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនឹងកំណត់តំបន់អភិរក្សពូជត្រីនៅក្នុងបឹងទឹកសាបដ៏ធំនេះ។
លោក ហ៊ុន សែន ក៏បានឆ្លៀតនិយាយភ្ជាប់លក្ខខណ្ឌនៃការសម្រេចចិត្តលុបបំបាត់ឡូត៍នេសាទឯកជននេះ ទៅនឹងការបោះឆ្នោតផងដែរ។
លោក សុន ឆ័យ តំណាងរាស្ដ្រមណ្ឌលក្រុងភ្នំពេញរបស់គណបក្សសម រង្ស៊ី បានលើកឡើងដូចលោកហ៊ុន សែន ដែរថា ការបង្កើតឲ្យមានឡូត៍នេសាទដ៏ច្រើននៅក្នុងបឹងទន្លេសាបនោះ គឺជាការបង្កើតការឈឺចាប់របស់ប្រជារាស្ដ្រ ហើយនោះគឺជាកំហុសក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល។
លោក សុន ឆ័យ ព្រួយបារម្ភថា ការដាក់បញ្ជារបស់លោកនាយករដ្ឋមន្ដ្រីនៅក្នុងពេលនេះអាចនឹងមិនមានប្រសិទ្ធភាពក្រោយពេលបោះឆ្នោតកន្លងផុតទៅ។
«អ្វីដែលកើតមាន វាគ្រាន់តែជាការកែតម្រូវ ដែលជាអំពើខុសឆ្គង ដែលមន្ត្រីរាជរដ្ឋាភិបាលបានធ្វើកន្លងទៅទេ។ ក៏ប៉ុន្តែប្រសិទ្ធភាពយ៉ាងណា យើងមិនទាន់អាចសន្និដ្ឋានបាន ឬមួយក៏គ្រាន់តែជាការប្រកាស ដោយសារតែពេលខាងមុខនេះ យើងមានការបោះឆ្នោត។ ហើយលោកនាយករដ្ឋមន្ត្រី គាត់ចង់ធ្វើឱ្យប្រជាពលរដ្ឋត្រេកត្រអាលមួយរយៈខ្លី»។
មានឡូត៍នេសាទឯកជនចំនួន ៣៥ ក្នុងបឹងទន្លេសាប ដែលជាប់ព្រំប្រទល់ជាមួយខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។
កាលពីថ្ងៃទី១៦ ខែសីហា លោក ហ៊ុន សែន ធ្លាប់បានប្រកាសនៅចំពោះមុខអង្គទូតនានាឲ្យមានការព្យួរអាជ្ញាប័ណ្ណឡូត៍នេសាទទាំង៣៥នេះ រហូតដល់ឆ្នាំ២០១៤។ មូលហេតុដោយសារឡូត៍នេសាទទាំងនោះ បានរំលោភ និងបំផ្លាញធនធានត្រីក្នុងបឹងទន្លេសាប។ ក៏ប៉ុន្ដែក្នុងពេលនេះ លោក ហ៊ុន សែន បញ្ជាក់ថា នឹងមិនមានការបើកអាជ្ញាប័ណ្ណណាមួយ សម្រាប់ការធ្វើអាជីវកម្មឡូត៍នេសាទក្នុងបឹងទន្លេសាបនៅពីរឆ្នាំខាងមុខនេះទេ។
យោងតាមតួលេខពីនាយកដ្ឋានជលផលកម្ពុជាបានឲ្យដឹងថា បឹងទន្លេសាប ផ្ដល់ផលត្រីជាមធ្យមប្រចាំឆ្នាំចំនួន ២៣០.០០០តោន និងអាចចិញ្ចឹមប្រជាពលរដ្ឋក្នុងតំបន់ជុំវិញជាងបីលាននាក់។ ក៏ប៉ុន្ដែប្រជាសហគមន៍នេសាទ បានត្អូញត្អែរពីការហិនហោចពូជត្រីនៅក្នុងបឹងដោយសារការនេសាទខុសច្បាប់ និងវិធានការទប់ស្កាត់ទន់ខ្សោយ។
លោក ទាវ ឡូវ តំណាងសហគមន៍កសិកម្មអភិវឌ្ឍន៍ធិបតីអង្គរក្នុងខេត្តសៀមរាប ដែលមួយផ្នែកផ្តោតលើការនេសាទជឿថា ផលត្រីក្នុងបឹងទន្លេសាប អាចនឹងកើនឡើងវិញប្រសិនបើវិធានការរបស់លោកនាយករដ្ឋមន្ដ្រីនៅពេលនេះមានប្រសិទ្ធភាព។
«ខ្ញុំមានពួកម៉ាកនៅទន្លេសាបដែរ គាត់ថាដូចជាបាត់បង់ពូជត្រីច្រើន ដូចជាប្រភេទត្រីប្រា ត្រីឆ្តោរ និងត្រីឆ្ពិន ត្រីរៀល ត្រីលេញហ្នឹង ដូចជាឥតមានទៀតទេ។ បើសិនជាគោលការណ៍ហ្នឹង ពិតប្រាកដមែនហ្នឹង ជាប្រការមួយដែលបានកំណើនទិន្នផលច្រើន រក្សាពូជត្រីឲ្យបានច្រើន»។
នៅក្នុងពេលបច្ចុប្បន្នខណៈដែលមានការអះអាងពីការបាត់បង់ពូជត្រីក្នុងស្រុក ឈ្មួញកម្ពុជាបាននាំចូលពីប្រទេសជិតខាង នូវផលត្រីប្រភេទខ្លះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងប្រទេស៕