សហរដ្ឋអាមេរិកត្រូវរំឭកខួបអនុស្សាវរីយ៍ចំនួនពីរជាប់ៗគ្នានៅលើជ្រោយឥណ្ឌូចិន នាខែកក្កដាឆ្នាំនេះ។ នោះគឺខួប៧០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការអាមេរិកនិងកម្ពុជា (១៩៥០-២០២០) និងខួប២៥ឆ្នាំនៃការធ្វើប្រក្រតីកម្មទំនាក់ទំនងការទូតឡើងវិញរវាងអាមេរិកនិងវៀតណាម (១៩៩៥-២០២០)។
កម្ពុជានិងវៀតណាម សុទ្ធតែជាប្រទេសដែលបានប្រឆាំងនឹងវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ កាលពីអតីតកាល តាមរយៈសង្គ្រាមវៀតណាមនិងសង្គ្រាមស៊ីវិលនៅកម្ពុជា។
ប៉ុន្តែមកដល់ខែកក្កដា ឆ្នាំ២០២០នេះ វៀតណាមកុម្មុយនីស្ដដែលធ្លាប់តែប្រឆាំងនឹងសហរដ្ឋអាមេរិកឥតសំចៃដៃ បានក្លាយជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ ទាំងផ្នែកសេដ្ឋកិច្ច និងសន្ដិសុខ ខណៈដែលរដ្ឋាភិបាលក្រុងភ្នំពេញ ដែលជួបបញ្ហាមួយចំនួនក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បានបង្កើនទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងល្អូកល្អិនជាមួយប្រទេសចិនដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
ប្រទេសចិន ជាមហាអំណាច កំពុងដណ្ដើមឥទ្ធិពលសកលជាមួយសហរដ្ឋអាមេរិក និងជាគូសត្រូវគំរាមកំហែងជាប្រវត្ដិសាស្ត្ររបស់វៀតណាម។
លោកបណ្ឌិត ប៉ា ចន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) បាននិយាយថា សហរដ្ឋអាមេរិកខិតស្និទ្ធខ្លាំងជាមួយនឹងវៀតណាម ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកយោធា ដោយសារតែតម្លៃយុទ្ធសាស្ត្ររបស់វៀតណាមបំពេញគ្នាឱ្យអាមេរិកក្នុងបរិបទនៃការប្រជែងប្រណាំងជាមួយចិនក្នុង«សង្គ្រាមត្រជាក់បែបថ្មី»។
«ហេតុនេះហើយអាមេរិកមើលឃើញថា មានតែការចាប់វៀតណាមទេ ដែលជាគោលដៅចម្បងអាចឱ្យអាមេរិកហ្នឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន និងក៏ដូចជាប្រើប្រាស់អ្វីដែលវៀតណាមមានស្រាប់ហ្នឹង ដើម្បីទប់ជាមួយចិន»។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យរងជំនាញកិច្ចការទូត នៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិកមើលឃើញថា កម្ពុជាជួបនឹងផលវិបាកផ្នែកនយោបាយនៅពេលដែលវៀតណាមកៀកនឹងសហរដ្ឋអាមេរិក ហើយកម្ពុជាត្រូវបង្ខំងាកមករកចិនកាន់តែស្និទ្ធ។
ក្នុងសារអេឡិកត្រូនិកមកកាន់ VOA លោកបណ្ឌិត អៀ សុផល សង្កត់ធ្ងន់ថា ផលវិបាកចម្បងនោះគឺកម្ពុជាត្រូវផ្លាស់ប្តូរឥរិយាបទពីភាពជិតស្និទ្ធល្អូកល្អិនជាមួយវៀតណាមដែលធ្លាប់លើកបន្តុបអំណាចរដ្ឋាភិបាលក្រុងភ្នំពេញនោះ មករកភាពល្អូកល្អិនជាមួយប្រទេសចិនវិញ។
ក្នុងបរិបទនៃផលវិបាកផ្នែកនយោបាយនេះដែរ ស្របពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រិះគន់ខ្លាំងៗមកលើប្រទេសកម្ពុជាទាក់ទងនឹងការធ្លាក់ចុះនៃលំហសេរីភាពប្រជាធិបតេយ្យ និងការរំលោភបំពានសិទ្ធិមនុស្ស នោះ ប្រទេសចិនបានចេញមុខថ្លែងការពារប្រទេសកម្ពុជា។
ដោយឡែកក្នុងពេលជាមួយគ្នានោះ មហាអំណាចលេខ១លើលោក គឺសហរដ្ឋអាមេរិក បូកនិងសហភាពអឺរ៉ុប មិនបានលើកបញ្ហាដូចគ្នានេះមកសង្កត់ប្រទេសវៀតណាមទេព្រោះរដ្ឋធម្មនុញ្ញវៀតណាមបានកំណត់ថា ប្រទេសនេះប្រទេសកុម្មុយនីស្ដ។ នេះបើយោងតាមលោកប៉ា ចន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាននិយាយថា ក្រុមរាជការដឹកនាំនៅទីក្រុងភ្នំពេញសម្លឹងឃើញថា ទំនាក់ទំនងជិតស្និទ្ធវៀតណាមសហរដ្ឋអាមេរិក ជាប្រការបំពេញឱ្យគ្នាធ្វើតុល្យកម្មជាមួយចិននៅក្នុងតំបន់។
«យើងឃើញថា នៅជាប់ព្រំដែនយើងមានចំហៀងខាងនោះ មានសហរដ្ឋអាមេរិកដែលលោកយកចិត្តទុកដាក់។ នៅចំហៀងខាងយើងនេះ មានខាងចិនយកចិត្តទុកដាក់។ ដូច្នេះជាខ្សែបន្ទាត់មួយសមតាវានៅកន្លែងនេះឯង»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះបានបន្តថា៖ «រឿងអាមេរិកនៅជិតជាមួយវៀតណាម នេះជារឿងព្រះប្រទានមួយសម្រាប់សន្តិភាពនៅតំបន់យើង ហើយចិនក៏នៅជិតអាស៊ានដែរ ក៏ជាព្រះប្រទានមួយសម្រាប់សន្ដិភាពនៅស្រុកយើង»។
ក្នុងប្រវត្តិសាស្ត្រ កម្ពុជាតែងរងការគំរាមកំហែងផ្នែកសន្ដិសុខជាតិជាប្រចាំពីបណ្ដាប្រទេសជិតខាងធំៗពីរគឺវៀតណាមនិងថៃ។ នេះបើតាម ស្មេរ Tanner Greer ក្នុងកំណត់តែងសេចក្ដីមួយសរសេរឱ្យព្រឹត្តិប័ត្រទស្សនាវដ្ដីអន្តរជាតិ The Foreign Policy កាលពីខែមករាឆ្នាំ២០១៧។
លោក Tanner Greer បានសរសេរបន្ថែមថា រដ្ឋាភិបាលក្រុងភ្នំពេញទុកចិត្តរដ្ឋាភិបាលក្រុងប៉េកាំងជាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការខ្ចីដៃយកឥទ្ធិពលមហាអំណាចមកទប់ទល់បន្លាចកម្លាការពារខ្លួនពីអ្នកជិតខាងធំៗទាំងពីរ ជាពិសេសនៅពេលរដ្ឋាភិបាលក្រុងហាណូយ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកាន់តែស្និទ្ធស្នាលគ្នាខ្លាំង។
លើសពីនេះ ប្រទេសចិនបានផ្ដល់ជំនួយសេដ្ឋកិច្ចនិងយោធាជាហូរហែសម្រាប់របបដឹកនាំប្រទេសកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះ រាល់គំរោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមានផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ ព្រលានយន្តហោះថ្មីរបស់រាជធានីភ្នំពេញនិងខេត្តសៀមរាប សុទ្ធតែទទួលបានហិរញ្ញប្បទាន និងការវិនិយោគពីប្រទេសចិន។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជាអាមេរិក មានភាពល្អប្រសើរសន្សឹមៗចាប់តាំងពីការមកដល់របស់លោកឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកគឺលោក W. Patrick Murphy។
លោក មាជ សុវណ្ណារ៉ា អ្នកនយោបាយមួយរូបនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោល បានលើកឡើងថា ចំណងទាក់ទងកាន់តែជិតដិតរវាងសហរដ្ឋអាមេរិកនិងវៀតណាម នឹងពុំមានផលប៉ះពាល់អ្វីជាដុំកំភួនដល់រដ្ឋាភិបាលក្រុងភ្នំពេញ ដែលទទួលការធានាសន្ដិសុខ ឯករាជ្យភាព និងអធិបតេយ្យភាពពីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសនោះទេ។
«គ្រោះភ័យមិនគ្រោះភ័យស៊ីសងនឹងមេដឹកនាំនិងអ្នកនយោបាយកម្ពុជា ដឹងថាយើងត្រូវធ្វើអ្វីទៅតាមអ្វីជានីតិរដ្ឋ»។
អតីត «អ្នកទោសនយោបាយ»ខ្មែររូបនេះ បានលើកឡើងថាការណ៍ដែលទៅស្និទ្ធនឹងអាមេរិកនាំឱ្យវៀតណាមត្រូវបានចងដោយគោលការណ៍ច្បាប់ទម្លាប់អន្តរជាតិជាងមុន ហើយកម្ពុជានឹងទទួលបានការធានាច្រើនជាងមុនថា បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន មិនប្រឈមនឹងការរំលោភបំពានឡើយ។
ក្នុងទិដ្ឋភាពមួយទៀត ភាពជិតស្និទ្ធរបស់វៀតណាមជាមួយសហរដ្ឋអាមេរិកក៏បានបង្ហាញពីការមានប្រៀបចំណេញផ្នែកសេដ្ឋកិច្ចផងដែរ បើធៀបជាមួយប្រទេសកម្ពុជា។
ទំហំពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកបានកើនឡើងពី១៦លានដុល្លារក្នុងឆ្នាំ១៩៩២មកដល់៥,៨ពាន់លានដុល្លារនៅឆ្នាំ២០១៩។ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក ជាមួយវៀតណាមបានកើនឡើងពី៤,៦លានដុល្លារ ដល់៧៧,៥ពាន់លានដុល្លារ ក្នុងចន្លោះពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ដូចគ្នា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាក៏មានលក្ខណៈបើកចំហជាមួយនឹងសហរដ្ឋអាមេរិកដែរ តែនៅមានទំហំតូចនៅឡើយ មិនទាន់អាចទាញផលឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ។
ទោះជាវៀតណាមបានងាកទៅរកសហរដ្ឋអាមេរិកដែលជាអតីតសត្រូវរបស់ខ្លួនក៏ដោយ ក៏អ្នកស្រី Tran Thi Bich បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Antwerp ប្រទេសបែលហ្ស៊ិក កត់សម្គាល់ឃើញថា វៀតណាមនៅតែរក្សាចំណងទាក់ទងល្អជាមួយចិននិងកម្ពុជា។ បន្ថែមពីនោះទៀត ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេប្រចាំតំបន់អាស៊ី។ នេះបើតាមការវាយតម្លៃរបស់អ្នកស្រី Tran Thi Bich។
អ្នកឯកទេសភូមិសាស្ត្រនយោបាយជនជាតិវៀតណាមរូបនេះបានបន្ថែមថា៖ «ការឈ្លានពាននិងចរិតឯកត្តោភាគីនិយមរបស់ចិននៅសមុទ្រចិនខាងត្បូងបានរុញវៀតណាមក្នុងល្បឿនកាន់តែសន្ធាប់ឡើងឆ្ពោះទៅកៀកសហរដ្ឋអាមេរិក»។
តាមអ្នកស្រី Tran Thi Bich វៀតណាមក៏មាន«ក្ដីព្រួយបារម្ភយ៉ាងជាក់ច្បាស់»ផ្នែកសន្ដិសុខផងដែរ បើសិនជាចិនសម្រេចបានការដាក់មូលដ្ឋានឬវត្តមានយោធានៅកម្ពុជានោះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាបានប្រកាសជាច្រើនលើកច្រើនសារថា នឹងមិនមានមូលដ្ឋានកងទ័ពបរទេសណាមួយបោះទីតាំងនៅលើទឹកដីរបស់ខ្លួនទេ។
ដំណាលគ្នានេះក៏មានការជជែកពិភាក្សាអំពីលទ្ធភាពដែលរដ្ឋាភិបាលក្រុងហាណូយអាចបើកដៃទទួលវត្តមានមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅបណ្ដោយឆ្នេរសមុទ្ររបស់ខ្លួន ដូចយ៉ាងនៅតំបន់ Cam Ranh ជាដើម។ផ្ទុយទៅវិញ កាលពីខែធ្នូ ឆ្នាំ២០១៩ ក្រសួងការពារប្រទេសវៀតណាម បានចេញផ្សាយនូវសៀវភៅសការពារជាតិរបស់ខ្លួន ដែល មានខ្លឹមសារ«រក្សាគោលការណ៍មិនទទួលវត្តមានយោធាបរទេស»នោះទេ។
លោកប៉ា ចន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ផ្តល់យោបល់ថា កម្ពុជាគួរតែប្រើនយោបាយទ្រូប្រឹសពីរចំពោះមុខមហាយក្សទាំងពីរគឺសហរដ្ឋអាមេរិកនិងចិន។
«ហើយនយោបាយទ្រូប្រឹសពីរនេះ បាទ ត្រីឡើងក៏ចូលត្រីចុះក៏ចូល គួរតែជាមធ្យោបាយសម្រាប់ខ្មែរយើងក្នុងការប្រកាន់ជំហរចំពោះមហាអំណាចប្រៀបបាននឹងភ្លើង។ បើយើងនៅឆ្ងាយពីមហាអំណាចវារងារ ហើយនៅកៀកពេកវាអាចរលាកឬអាចឆេះខ្លោចក៏មានដែរ»។
ដំណាលគ្នាដែលប្រទេសវៀតណាម ងាកទៅរកខ្នងបង្អែកសហរដ្ឋអាមេរិកដែលមិនមានភាពផ្អែមត្រជាក់ជាមួយកម្ពុជា ហើយកម្ពុជាងាកទៅរកខ្នងបង្អែកចិនដែលមិនសូវចុះសម្រុងផ្នែកនយោបាយជាមួយវៀតណាម។ ប្រទេសជាប់ព្រំដែនជាមួយគ្នានេះ ហាក់ដូចជាព្យាយាមរក្សាចំណងរួមឲ្យមាននិរន្តភាព។
ក្រុមអ្នកតាមដានសភាពការណ៍នយោបាយមើលឃើញថា បក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្ដវៀតណាម នៅបន្តផ្ដោះផ្ដងពាក្យពេជន៍ផ្អែមល្ហែម ក្នុងពេលមានពិធីអនុស្សាវរីយ៍ប្រវត្តិសាស្ត្រនានាម្ដងៗ ដូចយ៉ាងថ្ងៃខួបកំណើតបក្ស និងទិវា៧មករាជាដើម។
មួយដងជាពីរដង ប្រទេសវៀតណាមចេញមុខនិយាយកាលពីពេលថ្មីៗនេះថែមទៀតថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងដែលបំបែកមិនបាន៕