«ឱសថក្លែងក្លាយអន្ដរាយដល់ជីវិត ឱសថពិតជីវិតរស់រាន» នេះគឺជាសារដ៏សំខាន់នៅក្នុងប័ណ្ណប្រកាសដែលនឹងត្រូវចែកចាយនៅទូទាំងប្រទេសកម្ពុជានៅក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃឱសថខូចគុណភាព និងឱសថក្លែងក្លាយ។ យុទ្ធនាការនេះបានចាប់ផ្ដើមនៅថ្ងៃច័ន្ទក្រោមការជួយឧបត្ថម្ភពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក ដេវីដ រីឆែលសូហ្វ (David Richelsoph) អនុប្រធានបេសកម្មស្ដីទីស្ថានទូតអាមេរិកក្នុងក្រុងភ្នំពេញ មានប្រសាសន៍ក្នុងពិធីប្រកាសបើកយុទ្ធនាការនេះថា គឺជាផ្នែកមួយនៃការគាំទ្រភាពជាដៃគូរបស់សហរដ្ឋអាមេរិកក្នុងការរួមចំណែកលើកកម្ពស់កម្មវិធីអប់រំសុខភាពក្នុងប្រទេសនៃតំបន់មេគង្គក្រោមដូចជាប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ។
លោក រីឆែលសូហ្វ មានប្រសាសាន៍តាមរយៈអ្នកបកប្រែផ្លូវការថា ឱសថក្លែងក្លាយ និងឱសថ ដែលខូចគុណភាពបានគំរាមកំហែងដល់សុខភាពអ្នកប្រើប្រាស់។
«ការក្លែងក្លាយឱសថបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្ត។ ការបន្លំផលិតផលឱសថនិងការលួចផលិតឱសថក្លែងបន្លំ ដើម្បីចែកចាយក្នុងទីផ្សារងងឹតគឺជាការគំរាមកំហែងដោយផ្ទាល់ដល់សុខភាពសាធារណៈ។ ឱសថក្លែងក្លាយ អាចមានសារធាតុសកម្មមិនត្រឹមត្រូវ។ សារធាតុទាំងនោះ អាចមានចំនួនច្រើនជ្រុល តិចជ្រុល និងអាចមានសារធាតុពុលផងដែរ។ ឱសថទាំងនោះក៏អាចបង្កើននូវភាពស៊ាំ។ សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការផ្គត់ផ្គង់ឱសថនៅកម្ពុជា។ យុទ្ធនាការសាធារណៈលើកនេះ នឹងចូលរួមក្នុងការប្រយុទ្ធប្រឆាំងជារួមដើម្បីឈានទៅលុបបំបាត់ឱសថដែលមានគ្រោះថ្នាក់ និងគ្មានសុវត្ថិភាព ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវគុណភាព និងភាពស័ក្ដិសិទ្ធិ នៃគ្រប់ផលិតផលទាំងឡាយដែលនឹងប្រើប្រាស់ដោយមិត្តភក្ដិគ្រួសារ និងអ្នកជិតខាងរបស់យើង»។
លោក ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលធ្វើជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការនេះក្នុងស្ថានទូតអាមេរិកក្រុងភ្នំពេញបានឲ្យដឹងថា ប័ណ្ណប្រកាសចំនួន ២០.០០០ ដំបូង នឹងត្រូវចែកចាយតាមមន្ទីរពេទ្យសាធារណៈ មណ្ឌលសុខភាព និងតាមឱសថស្ថាននានានៅទូទាំងប្រទេស។ ហើយការចែកចាយនឹងធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍។
លោក ជូ យិនស៊ីម មានប្រសាសន៍ថា នេះគឺជាយុទ្ធនាការទ្រង់ទ្រាយធំមួយដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
«ប្រជាពលរដ្ឋគ្រាន់តែក្រឡេកឃើញសារនេះ យល់ហើយថា ប្រសិនបើគាត់ប្រើឱសថក្លែងក្លាយ គឺគាត់នឹងមានគ្រោះថ្នាក់ បើគាត់ប្រើឱសថពិត នឹងឲ្យរស់រាន មានជីវិត។ ហើយនេះគឺជាគឺជាយុទ្ធនាការទ្រង់ទ្រាយធំ ដែលយើងសហការជាមួយសហរដ្ឋអាមេរិក»។
ប្រទេសកម្ពុជាត្រូវគេមើលឃើញថា គឺជាប្រទេសក្រីក្រមួយ ដែលការអនុវត្តវិធានការនានារួមទាំងការអនុវត្តច្បាប់នៅមានភាពទន់ខ្សោយ និងធូររលុង។ ការលក់ដូរថ្នាំពេទ្យជាពិសេសនៅតាមតំបន់ជនបទច្រើនតែធ្វើឡើងលាយឡំជាមួយនឹងការលក់គ្រឿងទេស។ ហើយឱសថទាំងនេះ ពុំមានការត្រួតពិនិត្យដិតដល់ពីប្រភពនិងការត្រួតពិនិត្យទៅលើការថែទាំ និងការរក្សាទុកឲ្យបានត្រឹមត្រូវឡើយ។
យ៉ាងណាក៏ដោយលោករដ្ឋលេខាធិការក្រសួងសុខាភិបាល ជូ យិនស៊ីម បានអះអាងថា ប្រទេសកម្ពុជា បានទទួលជោគជ័យក្នុងការបោសសម្អាតការចរាចរណ៍និងការលក់ដូរឱសថក្លែងក្លាយ។ ជាក់ស្ដែងអត្រានៃឱសថក្លែងក្លាយនៅលើទីផ្សារបានធ្លាក់ចុះពីកម្រិត ០,៥ភាគរយនៅឆ្នាំ ២០១០ មកត្រឹមកម្រិត ០,១៨ភាគរយនៅឆ្នាំ ២០១១។ ប៉ុន្ដែលោកទទួលស្គាល់ថា ឱសថក្លែងក្លាយ ដែលបានរកឃើញមានក្នុងចំណោមឱសថសម្រាប់ព្យាបាលជំងឺរបេង និងជំងឺគ្រុនចាញ់។ ហើយការប្រើប្រាស់ឱសថក្លែងក្លាយនេះ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការព្យាបាលប៉ុណ្ណោះទេ ក៏ប៉ុន្ដែវានឹងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕