ប្រមុខដឹកនាំគណបក្សជំទាស់លោកសម រង្ស៊ី បានអះអាងឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះអំពីការគាំទ្របេក្ខភាពលោកហង្ស ពុទ្ធា ជាបេក្ខជនទី៩សម្រាប់ជ្រើសរើសជាសមាជិកថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ហើយរដ្ឋសភានៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនឹងបើកសម័យប្រជុំដើម្បីជ្រើសតាំងសមាជិកគ.ជ.ប ថ្មីនៅថ្ងៃទី១៣ខែមេសា។
សេចក្តីអះអាងរបស់ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញប្រតិកម្មខ្លាំងៗកាលពីថ្ងៃពុធម្សិលមិញនេះថារូបលោកបានប្តូរជំហរគាំទ្របេក្ខភាពលោកហង្ស ពុទ្ធា ដោយសារបញ្ហាសុខភាពរបស់មន្ត្រីឃ្លាំមើលការបោះឆ្នោតរូបនេះ។
លោកសម រង្ស៊ី ឲ្យដឹងតាមទូរស័ព្ទថាការខ្វែងគំនិតបែបនេះបានចប់សព្វគ្រប់ហើយក្រោយពីព័ត៌មានដែលលើកឡើងថាលោកហង្ស ពុទ្ធា មានជំងឺទឹកនោមផ្អែមនោះជាព័ត៌មានមិនពិត។
លោកហង្ស ពុទ្ធា ជានាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថានិកហ្វិក។
លោកសម រង្ស៊ី បញ្ជាក់ថាការខ្វែងគំនិតនេះត្រូវដោះស្រាយចប់ហើយ។ ម្យ៉ាងទៀតការជ្រើសតាំងសមាជិកថ្មីរបស់គជប នឹងធ្វើឡើងដូចការគ្រោងទុក។
«តាមយើងទទួលបានព័ត៌មានពិតអត់មានបញ្ហា(សុខភាព)បែបហ្នឹងចោទទេ។ដូច្នេះរឿងនេះបានដោះស្រាយចប់សព្វគ្រប់អស់ហើយ»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងកាលពីចុងខែមុនលើបេក្ខភាពលោកហង្ស ពុទ្ធា ដែលជាបណ្ឌិតច្បាប់មកពីអតីតសហភាពសូវៀតបន្ទាប់ពីលោកស្រីពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូបានបោះបង់ចោលបេក្ខភាពនេះ។មូលហេតុដោយសារលោកស្រីព្រួយបារម្ភមិនអាចអនុវត្តឯករាជ្យភាពរបស់ស្ថាប័នបោះឆ្នោតនោះបាន។
កាលពីថ្ងៃពុធលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទូចជាច្រើនដងក្នុងសុន្ទរកថាមួយនៅឯខេត្តស្ទឹងត្រែងដើម្បីការពារបេក្ខភាពលោកហង្ស ពុទ្ធា បន្ទាប់ពីលោកបរិហារថាប្រធានគណបក្សជំទាស់ស្នើបេក្ខភាពផ្សេងទៀតសម្រាប់ពិចារណាក្រៅពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនេះ។
«បើមិនបានលោកហង្ស ពុទ្ធា ខ្ញុំមិនព្រម»។
លោក សម រង្ស៊ី បានសម្តែងការសោកស្តាយចំពោះការដកខ្លួនរបស់លោកស្រី ពុង ឈីវកេក ប៉ុន្តែលោកសាទរបេក្ខភាពលោកហង្ស ពុទ្ធា។
«លោកហង្ស ពុទ្ធា ធ្វើការជាមួយលោកស្រីពុង ឈីវកេក១៧ឆ្នាំហើយ។គឺប្រៀបដូចជាមនុស្សតែមួយអញ្ចឹង។គឺច្បាស់ជាមានគោលជំហរដូចគ្នា ស្មោះត្រង់ដូចគ្នា ច្បាស់លាស់ដូចគ្នា។ដូច្នេះបើមិនបានលោកស្រីពុង ឈីវកេក បានលោកហង្ស ពុទ្ធា ក៏យើងពេញចិត្តដែរ»។
លោកគល់ បញ្ជា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយដែលហៅកាត់ថាខុមហ្វ្រែល ក៏បានគាំទ្រនិងមានសុទិដ្ឋិនិយមសម្រាប់បេក្ខភាពលោកហង្ស ពុទ្ធាផងដែរ។
«លោកពុទ្ធា ជាសមាជិករបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលធ្វើការតស៊ូមតិសម្រាប់ការកែទម្រង់ការបោះឆ្នោតយូរមកហើយ។យើងនឹងព្យាយាមទាក់ទងការងារជាមួយគាត់ដើម្បីធានាថាប្បញ្ញត្តិមួយចំនួនដែលមិនសូវល្អក្នុងច្បាប់បោះឆ្នោតដើម្បីកុំឲ្យការអនុវត្តអាក្រក់ទាក់ទិននឹងការរឹតត្បិតសេរីភាព។ហើយយើងសង្ឃឹមថាគាត់នឹងបន្តនូវរបៀបធ្វើការរដូចគាត់ធ្វើនៅសង្គមស៊ីវិលដែរ»។
រហូតមកទល់ពេលនេះបេក្ខជនចំនួនបួនរូបដែលស្នើដោយគណបក្សកាន់អំណាចត្រូវគេដឹងក្រៅផ្លូវការ។ ប៉ុន្តែបេក្ខជនរបស់គណបក្សជំទាស់មិនទាន់ត្រូវគេទម្លាយឲ្យដឹងនៅឡើយទេ៕