សកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ត្រូវបានសួរសំណួរពីចៅក្រមនិងមេធាវីការពារក្ដីតំណាងខាងរដ្ឋាភិបាល អំពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនិង «សន្ដិភាព» ជាដើម។
តុលាការរាជធានីភ្នំពេញ បានបើកសវនាការទ្រង់ទ្រាយធំ ក្នុងសំណុំរឿង «ក្បត់ជាតិ» ដែលមានចុងចម្លើយចំនួន ៦០ នាក់ ដែលជាមេដឹកនាំ មន្ត្រី សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែមានតែ ១១ នាក់ប៉ុណ្ណោះ ដែលបានបង្ហាញវត្តមាន ខណៈមនុស្សមួយចំនួនធំកំពុងស្ថិតនៅក្រៅប្រទេស។
ជនជាប់ចោទ ២ នាក់ប៉ុណ្ណោះត្រូវបានយកពីមន្ទីរឃុំឃាំង គឺលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហេង ចាន់សុធី អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិបក្សសង្គ្រោះជាតិប្រចាំខណ្ឌពោធិ៍សែនជ័យ។ ក្នុងសវនាការព្រឹកថ្ងៃព្រហស្បតិ៍នេះ ពួកគេទាំងពីរត្រូវបានចៅក្រមសាកសួរ។ ចំណែកចុងចម្លើយ ៩ នាក់ផ្សេងទៀតដែលមានវត្តមាន ត្រូវបានតម្រូវឱ្យរង់ចាំនៅក្រៅបន្ទប់សវនាការ។
អំឡុងដំណើរការអង្គសេចក្ដី លោក កាក់ កុម្ភារ ត្រូវបានសួរនាំអំពីសមត្ថភាពប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករបស់លោកនិងអំពីទស្សនៈរបស់លោកទៅលើស្ថានភាព «សន្ដិភាព» និង «ការអភិវឌ្ឍ» របស់ប្រទេស។ នេះបើយោងតាមលោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចូលស្ដាប់សវនាការ។
លោកស្រី ចក់ សុភាព បានហៅសំណួរដែលតាំងឡើងដោយមេធាវីការពារក្ដីដែលចាត់តាំងដោយរដ្ឋាភិបាលថា «មិនពាក់ព័ន្ធ» នឹងសំណុំរឿងទាល់តែសោះ។
នៅក្រៅអគារតុលាការរាជធានីភ្នំពេញ អ្នកស្រី ព្រុំ ចាន់ថា ភរិយារបស់លោក កាក់ កុម្ភារ ស្ថិតក្នុងចំណោមអ្នកគាំទ្ររាប់សិបនាក់ ដែលត្រូវបានកងកម្លាំងសន្ដិសុខហាមប្រាមមិនឱ្យទៅក្បែរតុលាការ។
អ្នកស្រី ព្រុំ ចាន់ថា ប្រាប់វីអូអេជាមួយជំនឿជឿជាក់ថា ស្វាមីរបស់អ្នកស្រីពុំមានកំហុសអ្វីនោះទេ ក្នុងជីវិតនយោបាយជាង ២០ ឆ្នាំ ដោយហៅស្វាមីថា «ស្រឡាញ់ជាតិនិងធ្វើដើម្បីជាតិ»។
រឿងរ៉ាវសំណុំរឿងដែលត្រូវលើកមកជំនុំជម្រះនេះ ពាក់ព័ន្ធនឹងដំណើរប៉ុនប៉ងចង់វិលត្រឡប់មកកម្ពុជាវិញ កាលពីឆ្នាំ ២០១៩ របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសហការីតែអាជ្ញាធរបានហៅការប៉ុនប៉ងមាតុភូមិនិវត្តន៍ថា «ប៉ុនប៉ងផ្ដួលរំលំ»រដ្ឋាភិបាលទៅវិញ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម រស់ ពិសិដ្ឋ បានប្រកាសថាសវនាការនឹងបន្ត នៅថ្ងៃទី២៨ ខែមករាខាងមុខទៀត។ នេះបើតាមមេធាវីការពារចុងចម្លើយ លោក សំ សុគង់។
គួរបញ្ជាក់ថា សវនាការជំនុំជម្រះនៅថ្ងៃព្រហស្បតិ៍នេះ ជាសំណុំរឿងទីមួយ ដែលមានចុងចម្លើយ ៦០ នាក់។ ចំណែកសំណុំរឿងទីពីរនៅក្នុងសំណុំរឿង «ក្បត់ជាតិ» ដូចគ្នា នឹងត្រូវបើកសវនាការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដែលមានចុងចម្លើយ ៧៧ នាក់៕