ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន ​Chevron ​រង់ចាំ​លក្ខខណ្ឌ​សារពើពន្ធ​មុន​ការ​បូម​ប្រេង​នៅ​កម្ពុជា


ក្រុមហ៊ុន ​Chevron ​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​ខួង​រុករក​ប្រេង​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​។
ក្រុមហ៊ុន ​Chevron ​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​ខួង​រុករក​ប្រេង​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​។

កាល​ពី​ដើម​សប្តាហ៍​នេះ​លោក​ Gareth Johnstone ​ទីប្រឹក្សា​ព័ត៌មាន​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ​នៃ​ក្រុមហ៊ុន ​Chevron ​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​ខួង​រុករក​ប្រេង​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ បាន​និយាយ​តាមរយៈ​សារអេឡិចត្រូនិច ​ឬ​អ៊ីម៉ែល​មក​ថា ​ក្រុមហ៊ុន​កំពុង​តែ​ទន្ទឹង​តែ​រង់ចាំ​នូវ​លក្ខខណ្ឌ​សារពើពន្ធ​សម្រាប់​គម្រោង​ដែល​ចាំបាច់ ​ត្រូវតែ​អនុម័ត​ពី​រដ្ឋាភិបាល​ជា​មុន​សិន។

ប្រទេស​កម្ពុជា​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ទទួល​បាន​ដំណក់​ប្រេង​ជា​លើក​ដំបូង ​នៅ​វេលា​ម៉ោង​១២​ ថ្ងៃ​ទី​១២ ​ខែ​១២​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

លោក​ Gareth Jonhstone ​បាន​មាន​ប្រសាសន៍​ថា ​ក្រុមហ៊ុន ​Chevron ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ក្នុង​ការ​បន្ត​ការ​សាងសង់​របស់​ខ្លួន​ ក៏ប៉ន្តែ​គន្លឹះ​សំខាន់​មួយ​ទៀត​ ដែល​ត្រូវ​បំពេញ​ឈាន​ទៅ​ដល់​ដំណាក់កាល​បន្ត​បន្ទាប់។ ​ដំបូង​គឺ​លក្ខខណ្ឌ​សារពើពន្ធ ​នឹង​ការ​ដាក់​ពាក្យ​ស្នើរសុំ​ការ​អនុញ្ញាត​ផលិត​ប្រេង ​ពី​រដ្ឋាភិបាល​ជា​មុន​សិន។

លោក Gareth Jonhston ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ នៅ​ពេល​ដែល​លក្ខខណ្ឌ​ទាំង​នោះ​ត្រូវ​បាន​សម្រេច​ហើយ ​សេចក្តី​សម្រេច​សម្រាប់​ការវិនិយោគ​ចុង​ក្រោយ ​នឹង​អាច​ធ្វើ​ទៅ​បាន​បើ​ទោះ​បី​ជា​មាន​ការ​សន្យា​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ខួង​យក​ប្រេង​តាម​ការ​កំណត់ ​ក៏​មន្ត្រី ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​ដែល​តាម​ឃ្លាំមើល​ចំនូល​ធនធាន​មិន​រំពឹង​ថា ​ការ​ខួង​យក​ប្រេង​នេះ​ នឹង​អាច​ប្រព្រឹត្ត​បាន​តាម​ការ​កំណត់។

លោក ​ហាយ ​សារ៉ាត់ ​អ្នក​សម្របសម្រួល​សម្ព័ន្ធភាព​កម្ពុជា​ ដើម្បី​ចំនូន​ធនធាន​បាន​មាន​ប្រសាសន៍​ថា ​វិស័យ​ប្រេងកាត ​និង​ឧស្ម័ន​នៅ​កម្ពុជា ​គឺ​ជា​វិស័យ​ថ្មី​មួយ​ដែល​ទាមទារ​បច្ចេកទេស ​និង​សមត្ថភាព​ខ្ពស់។ ​ដូច្នេះ​លោក​រំពឹង​ថា​ បើ​ទោះ​បី​ជា​មាន​ការ​យឺតយ៉ាវ ​បន្តិចបន្តួច ក៏​លោក​សុំ​ស្វាគមន៍។

«យើង​ដឹង​ហើយ​ថា​ ទី​មួយ​គឺ​ទាក់ទង​នឹង​រឿង​ប្រទេស​យើង។ បើ​និយាយ​ពី​រឿង​ការ​រីកចម្រើន​ នៅ​ក្នុង​វិស័យ​នេះ ​យើង​ទើប​តែ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ទេ។ ​ដូច្នេះ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​ គឺ​យើង​មិន​ទាន់​ផ្តោត​អារម្មណ៍​ជា​ខ្លាំង​នៅ​ឡើយ​ទេ។ អ្វី​ដែល​សំខាន់​គឺ​យើង​ខ្វះ​ធនធាន​ថវិកា​ហ្នឹង​ ហិរញ្ញវត្ថុ​ដើម្បី​ឲ្យ​យើង​ឈាន​ទៅ​រក​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស​របស់​យើង»។

ក្រុមហ៊ុន ​Chevron ​បាន​ទទួល​សិទ្ធិ​រុករក​ប្រេង​នៅ​ក្នុង​ប្លុក​ A ​ដែល​គ្រប់​ដណ្តប់​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង​បួន​ពាន់​គីឡូម៉ែត​ពី​ឈូង​សមុទ្រ​កម្ពុជា ​នៃ​ភូមិភាគ​នីរតី​នៃ​ប្រទេស។

លោក ​ដៀប ​សេរីវិសិត ​ជំនួយការ​ផ្ទាល់​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ ​អាន​ នៃ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំនួរ​របស់​វីអូអេ​សម្លេង​សហរដ្ឋអាមេរិច ​តាមរយៈ​សារ​អេឡិចត្រូនិច ឬ​អ៊ីម៉ែល​នោះ​ទេ​ ក៏ប៉ុន្តែ​លោក​បាន​ផ្ញើសំនូរ​នេះ​ទៅ​មន្ត្រី​ដែល​ជា​អ្នក​ទទួល​បន្ទុក​ ជា​អ្នក​ឆ្លើយ​ទៅ​នឹង​សំនួរ​ទាំង​នេះ។ រហូត​មក​ដល់​ថ្ងៃ​សៅរ៍​នេះ​ មិនមាន​ចម្លើយ​ឆ្លើយ​តប​ពី​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ ​ក្រុមហ៊ុន​ប្រេង ​និង​ឧស្ម័ន​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន​ ដែល​មាន​ឈ្មោះ​ថា ​CNOOC ​បាន​ជួប​ពិភាក្សា​គ្នា​មួយ ​ជាមួយ​នឹង​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ​ អាន ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​អះអាង​ថា​ក្រុមហ៊ុន​នេះ ​នឹង​ធ្វើ​ការ​ជី​អណ្តូង​ទី​មួយ​ នៅ​ក្នុង​ប្លុក​F ​ក្នុង​ខែ​ធ្នូ​ ខាង​មុខ​នេះ។ ក្រុមហ៊ុន​ CNOOC ​បាន​ចាប់​ផ្តើម​វិនិយោគ​លើ​ទឹក​ប្រាក់​ប្រមាណ​ជាង​២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការ​ជីក​រុករក​ប្រេង ​នៅ​ក្នុង​ប្លុក​F​នេះ។

ប្រទេស​កម្ពុជា​មាន​ប្លុក​ប្រេង​ចំនូន​ប្រាំមួយ ​នៅ​ក្នុង​ឈូង​សមុទ្រ ​ចាប់​ពី​ប្លុក​A ​រហូត​ដល់​ប្លុក​F។ ​ប្លុក​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​ដល់​ក្រុមហ៊ុន ​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន​ក្រុមហ៊ុន​មក​ពី​សហរដ្ឋអាមេរិក​ ប្រទេស​ចិន​ រុស្សី ​បារាំង​ និង​ប្រទេស​ជប៉ុន​។ ​ដើម្បី​គ្រប់គ្រង​ចំណូល​ប្រេងកាត ​និង​ឧស្ម័ន​ឲ្យ​មាន​ប្រសិទ្ធិភាព ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​ គឺ​សេចក្តី​ព្រាងច្បាប់​ពី​ការ​គ្រប់គ្រង​វិស័យ​ប្រេងកាត​ និង​សេចក្តី​ព្រាង​ច្បាប់​លើ​ការ​យកពន្ធ​លើ​វិស័យ​ប្រេងកាត ​ដែល​សេចក្តីព្រាងច្បាប់​ទាំង​ពីរ​នេះ ​កំពុង​តែ​ស្ថិត​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ៕

XS
SM
MD
LG