ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​ព្រួយ​បារម្ភ​ពី​ការស្លាប់​បាត់​បង់​សកម្មជន​និង​អ្នក​ស្នេហា​ជាតិ​​ដោយ​សារ​ការសម្លាប់​ហិង្សា


លោក​ ឈុត វុទ្ធី​ជើងឯក​ ខាង​ការពារ​ធនធាន​ធម្មជាតិ ​ព្រៃឈើ
លោក​ ឈុត វុទ្ធី​ជើងឯក​ ខាង​ការពារ​ធនធាន​ធម្មជាតិ ​ព្រៃឈើ

ដោយសារ​ពលរដ្ឋ​កម្ពុជា​ដ៏​ឆ្នើម​និង​ជនរងគ្រោះ​ជា​អ្នក​សេ្នហា​ជាតិ​យ៉ាង​ច្រើន​នាក់​ត្រូវគេ​បាញ់​សម្លាប់​ជា​បន្ត​បន្ទាប់​នោះ​ព្រះសង្ឃ​កម្ពុជា​មួយ​ចំនួន​មាន​សង្ឃ​ដីការ​ថា​ការបាញ់​សម្លាប់​ពលរដ្ឋ​ស្នេហា​ជាតិ​ល្អៗ​នឹង​បង្ក​ជា​អន្តរាយ​ដល់​ប្រទេស។

ការបាញ់​សម្លាប់​ ការបង្ក​ឲ្យ​របួស​ដោយសារ​ការទាមទារ​សេរីភាព​និង​បញ្ហា​ផ្សេងៗ​ចន្លោះ​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​លើ​អ្នកសេ្នហា​ជាតិ​ដែល​មាន​ជំនាញ​ខ្ពស់ៗ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​រួម​ទាំង​លោក​ ជា វិជ្ជា​មេដឹកនាំ​កម្មករ​ដ៏ឆ្នើម​ព្រះតេជគុណ​សំ ប៊ុនធឿន​ លោក ឱម រ៉ាដសាឌី​អ្នកនយោបាយ ​អ្នកសារព័ត៌មាន ​តារា​ល្បីៗ​គឺ​ អ្នកស្រី​ពិសិដ្ឋ ពិលីកា​ កញ្ញា​ ទូច ស្រីនិច​ កញ្ញា ​ពៅ បញ្ញាពេជ្រ ​កម្មករ​រោងចក្រ​ ជនរងគ្រោះ​ដីធ្លី​និង​ចុង​ក្រោយ​គឺ​លោក​ ឈុត វុទ្ធី​ជើងឯក​ ខាង​ការពារ​ធនធាន​ធម្មជាតិ ​ព្រៃឈើ​ជាដើម។

មានសង្ឃ​ដីការ​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ព្រះតេជគុណ​ ហុក សុវណ្ណ ​ព្រះចៅ ​អធិការ​វត្ត​ខ្មែរ​មួយ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់​ប្រទេស​កាណាដា​បញ្ជាក់​ថា​ ធនធាន​មនុស្ស​ មាន​ចំណេះ​ដឹង​សំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ទោះ​បុគ្គល​ទាំង​នោះ​ស្ថិត​ក្នុង​បក្ស​ណា​ពួកណា​ក៏​ដោយ។

«ទោះបី​គណបក្ស​ខុស​គ្នា​ក៏​ដោយ​ បក្ស​ពួក​ខុសគ្នា​កុំ​ឲ្យ​ប្រកាន់​ថា​បក្ស​អញ ​បក្ស​គេ។​អាហ្នឹង​ហើយ​ដែល​ច្រើន​សម្លាប់​គ្នា។​ទោះបី​មនុស្ស​ហ្នឹង​មាន​ចំណេះ​វិជ្ជា​ខ្ពស់ ​ស្នេហា​ជាតិ​យ៉ាងណា​ក៏​ដោយ​ត្រូវគេ​ចាត់​ទុក​ថា​ជា​សត្រូវ។ ​អាហ្នឹង​ហើយ​ដែល​គ្រោះថ្នាក់​ដល់​ជាតិ»។

ក្រៅពី​បង្ហាញ​ថា​ការសម្លាប់​ដែល​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ពី​ការមិន​អនុវត្ត​ច្បាប់​ មាន​សីលធម៌​ទាប​ប្រទេស​ទន់ខ្សោយ​ មាន​សន្តិភាព​មិន​ពេញ​លេញ​ រស់នៅ​ដោយ​ការ​ភ័យខ្លាច​ផង​នោះ ​ព្រះតេជគុណ​ ហុក សុវណ្ណ​បាន​លើក​យក​ធម៌​ព្រះពុទ្ធ​មក​ទូន្មាន​ឲ្យ​ដឹង​ថា​អ្នក​សម្លាប់​ និង​អ្នកបញ្ជា​ឲ្យ​គេ​សម្លាប់​មានទោស​ធ្ងន់ធ្លាក់​នរក​ដូចគ្នា​ក្នុង​សិក្ខាបទ​ទីមួយ​នៃ​សីល​ប្រាំ​តែ​ម្តង។

«អំពើ​បាបកម្ម​នេះ​តាម​ព្រះពុទ្ធ​សាសនា​ទោះបី​ក្នុង​បច្ចុប្បន្ន​គេ​តាម​ចាប់​មិន​បាន​ក៏​ត្រូវ​តែ​មាន​ទោស​តាម​ច្បាប់​ធម្មជាតិ​គឺ​ត្រូវ​ទៅ​សោយទុក្ខ​ក្នុងនរក​អស់​ពេល​ដ៏​យូរ។​ លុះ​សេស​សល់​ផលកម្ម​បាន​កើត​មក​ជា​មនុស្ស​ឬ​សត្វ​វិញ​ត្រូវគេ​សម្លាប់​ប្រាំ​រយ​ជាតិ​ទៀត»។

ព្រះតេជគុណ​ លួន សុវ៉ាត​ ដែល​សកម្ម​ខាង​ការ​ការពារ​សិទ្ធិ​មាន​សង្ឃ​ដីការ​ថា​អំពើ​ហិង្សា ​ការសម្លាប់​នានា​បាន​បង្ក​ឲ្យ​មាន​វិនាសកម្ម​ជាច្រើន​ រាប់​ទាំង​គ្រួសារ ​សហគមន៍​ និង​សង្គម​កម្ពុជា​ផង។​ អ្នកប្រើ​អំពើ​ហិង្សា​ច្រើន​តែ​អ្នក​ដែល​មាន​អំណាច​ដែល​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ហើយ​បាន​ប្រគល់​ជូន​សម្រាប់​ការពារ ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ។

«បើ​អ្នក​ទាំង​នោះ​មិន​មាន​សីល​នៅក្នុង​ខ្លួន​ មិន​មាន​ខន្តី​នៅ​ក្នុង​ខ្លួន​ មិន​មាន​ អហិង្សា​ និង​សន្តិភាព​នៅ​ក្នុង​ខ្លួន​ទេ​ បុគ្គល​ទាំង​នោះ​តែងតែ​ប្រើប្រាស់​អំណាច​នៃ​កម្លាំង​ហិង្សា​ដោយ​ការបាញ់​ប្រហារ​វាយដំ​ផ្សេងៗ​ទៅ​លើ​ជន​ទាំងឡាយ​នៅក្នុង​សង្គម​ហ្នឹង​នឹង​បង្ក​ឲ្យ​មាន​ការវិនាស​អន្តរាយ»។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ​មួយ​រូប​នៃ​រដ្ឋាភិបាល​បាន​អះអាង​ថា​ការបាញ់​សម្លាប់​ដែល​កើត​ឡើង​និង​បញ្ហា​ផ្សេងៗ​ទៀត​នោះ​គឺ​ជា​ឧប្បត្តិហេតុ។ ហើយ​អាជ្ញាធរ​កម្ពុជា​នឹង​នាំ​ខ្លួន​ជនល្មើស​មក​កាត់​ទោស​នៅ​ថ្ងៃ​ណា​មួយ ។

«ក៏​ប៉ុន្តែ​ឧប្បត្តិហេតុ​ដែល​កើត​ឡើង​ជារឿង​គួរឲ្យ​សោកស្តាយ។​ តែ​គេ​ត្រូវ​បែង​ចែក​ ថា​ឧប្បត្តិហេតុ​ដែល​បាន​កើត​ឡើង​មិនមែន​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល»។

លោកផៃ ស៊ីផាន​បានអះអាង​ថា​បញ្ហាដែល​គួរឲ្យ​ពិចារណាគឺ​មាន​ចលនា​មហាជន​យ៉ាង​ច្រើន​តាម​រយៈ​សកម្មភាព​ផ្សេង​រួម​ទាំង​រឿង​ដីធ្លី​ផង​ក្នុងពេល​ដែល ​កម្ពុជា​កំពុង​មាន​ដំណើរការ​បោះឆ្នោត​និង​ជា​ប្រធាន​អាស៊ាន​ផង​នោះ។ លោក​ចាត់​ទុក​ថា​នេះ​ជា​ការឆ្លៀត​ឱកាស​ទាញ​យក​ការចាប់​អារម្មណ៍។

របាយការណ៍​ប្រចាំឆ្នាំ​របស់​សរអា​បាន​ចាត់ទុក​ថា​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ខកខាន​ក្នុង​ការ​បំពេញ​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​គ្រប់​តាម​ស្តង់ដា​អន្តរជាតិ។

ក្នុង​របាយការណ៍​ឆ្នាំ​២០១១​ក្រសួង​ការ​បរទេស​សរអា​បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​នោះ​ដោយ​យោង​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ទន់ជ្រាយ​មិនអាច​ផ្តល់​ការកាត់​ទោស​តាម​ច្បាប់​ និង​យុត្តិធម៌។​ អំពើ​ពុករលួយ​ អំពើ​ហិង្សា ​ប្រើប្រាស់ ​បណ្តឹង​បរិហារកេរ្តិ៍​ព្រហ្មទណ្ឌ​ និង​ការផ្តល់​ព័ត៌មាន​មិនពិត​និង​ការ​សម្លាប់​ក្រៅច្បាប់​ដែលប្រព្រឹត្ត​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ រដ្ឋាភិបាល​ជាដើម។​

កញ្ញា​ ទូច ស៊ុននិច​ជាតារា​ចម្រៀង​ដ៏​ល្បីល្បាញ​និង​មាន​ទឹកដម​សំឡេង​ពិរោះ​ជា​ពិសេស​ហើយ​ជា​ជនរងគ្រោះ​ដោយ​ការបាញ់​ប្រហារ​ម្នាក់​ដែលមាន​នៅ​មាន​ជីវិត។​ កញ្ញា​ត្រូវ​ឃាតករ​ បាញ់​ប្រហារ​ឲ្យ​ពិការ​ខ្លួន ​ហើយ​ម្តាយ​ត្រូវ​ស្លាប់​ភ្លាមៗ​កាលពី​ខែ​តុលា​ឆ្នាំ​២០០៣​ក្នុង​រាជធានី​ភ្នំពេញ។ កញ្ញា​បាន​ថ្លែង​ប្រាប់​ វីអូអេ​តាម​ទូរស័ព្ទ​ពី​រដ្ឋកាលីហ្វ័រញ៉ា​មក​ពី​ជីវិត​ទុក្ខ​លំបាក​វេទនា​ក្រោយពី​ការ​បាញ់​ប្រហារ​ក្រៅពី​បញ្ជាក់​ថា​ អំពើ​បាញ់​សម្លាប់​មិនគួរ​កើត​មាន​ទេ។

«បើសិនជា​អំពើ​បែប​ហ្នឹង​កើតមាន​គឺ​នាង​ខ្ញុំ​សំណូមពរ​តែម្យ៉ាង​ថា​សុំ​ឲ្យ​មាន​យុត្តិធម៌​កើត​មាន​ឡើង»។

គ្មាន​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​នាំ​យក​មក​ជំនុំ​ជម្រះទោស​នៅឡើយ​ទេ​ទាក់ទិន​នឹង​ការបាញ់​ប្រហារ​កញ្ញា​ទូច ស៊ុននិច​និង​ឥស្សរជន​ និង​សកម្មជន​ល្បីល្បាញ​ជាច្រើន​ទៀត។

លោក ស៊ាន ទូច​ឳពុក​របស់​កញ្ញា​ ទូច ស៊ុននិច ​បានថ្លែង​ប្រាប់​វីអូអេ​ថា​ប្រទេស​កម្ពុជា​នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​បើសិនជា​មាន​ការសម្លាប់​ជនជាតិ​ខ្មែរ​ល្អៗ​របស់​ខ្លួន​ក្រៅ​ច្បាប់​ដូច្នេះ។

«បើ​ប្រទេស​នៅតែ​បណ្តោយ​អនាធិបតេយ្យ​របៀប​នេះ​ថ្ងៃ​ណា​មួយ​យើង​នឹង​ស្លាប់​ទាំងអស់​គ្នា​ មាន​ន័យ​ថា​អ្នកដឹកនាំ​ហ្នឹង​ក៏​ស្លាប់​ដែរ។​ ស្លាប់​ទាំងអស់​គ្នា»។

លោក ស៊ាន ទូច​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​កុំ​ឲ្យ​បណ្តែត​បណ្តោយ​ចំពោះការ​កាប់​សម្លាប់​ធនធាន​មនុស្ស​ល្អៗ​ដោយ​អះអាង​ថា​រដ្ឋាភិបាល​ត្រូវ​គិត​ពិចារណា​ឡើង​វិញ៕

XS
SM
MD
LG