ភ្នំពេញ៖ ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថានឹងមិនមានផែនការជម្លៀសប្រជាពលរដ្ឋនិងមន្ត្រីការទូតចេញពីប្រទេសកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងជើងទេក្នុងខណៈពេលដែលឧបទ្វីបកូរ៉េកំពុងតែមានភាពតានតឹងដែលអាចឈានដល់ការធ្វើសង្គ្រាម។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាបានមានប្រសាសន៍នៅក្នុងខេត្តព្រៃវែងនៅថ្ងៃព្រហស្បត៍នេះថារហូតមកដល់ពេលនេះគ្មានប្រទេសណាមួយបានដកមន្ត្រីការទូតរបស់ខ្លួនចេញពីប្រទេសកូរ៉េទាំងពីរនៅឡើយទេ។ លោកបាននិយាយថាបញ្ហាភាពតានតឹងនៅឧបទ្វីបកូរ៉េលោកបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតហើយប្រសិនបើមានសង្គ្រាមកើតឡើងមែនវិធានការចាំបាច់គឺត្រូវការពារប្រជាពលរដ្ឋនៅនឹងកន្លែងដោយមិនចាកចេញពីប្រទេសកូរ៉េទាំងពីរទេ។
លោកបានមានប្រសាសន៍ថាយើងនឹងបន្ថែមមន្ត្រីមកពីក្រសួងការងារនិងសង្គមកិច្ចទៅថែមទៀតដើម្បីពិនិត្យសុវត្ថិភាពរួមប្រជាពលរដ្ឋខ្មែរនៅទីនោះ។
«យើងមិនអនុញ្ញាតឱ្យទូតយើងដកចេញទេតាំងពីកូរ៉េខាងជើងនិងពីកូរ៉េខាងត្បូង។ អត់ឱ្យដកទេ មានតែថែមបើមានការចាំបាច់អាចបញ្ជូនរដ្ឋមន្ត្រីទៅពីក្នុងប្រទេសដើម្បីទៅពិនិត្យសុវត្ថិភាពរួមចំណែកដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែង។ បើសិនសង្គ្រាមផ្ទុះមែនសូម្បីតែយន្តហោះដែលគេត្រូវជម្លៀសក៏គេបាញ់ទម្លាក់ដែរ»។
យោងតាមការប៉ាន់ស្មានរបស់មន្ត្រីក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថាយ៉ាងតិចមានពលករខ្មែរប្រមាណជាង៣ម៉ឺននាក់ និសិ្សតប្រមាណជាង៤០០នាក់ ដោយបូករួមទាំងមន្ត្រីការទូតមួយចំនួនកំពុងធ្វើការនិងបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូងចំណែកឯប្រទេសកូរ៉េខាងជើងមានចំនួនតិចតួចនៅឡើយ។
លោកអ៊ុំ វណ្ណថារិទ្ធ តំណាងសមាគមនិសិ្សតខ្មែរនៅប្រទេសកូរ៉េខាងត្បូងបានប្រាប់VOAតាមប្រព័ន្ធSkypeថានៅប្រទេសកូរ៉េប្រជាពលរដ្ឋនៅតែបន្តធ្វើការដូចធម្មតាតែគ្រាន់តែមានការចាប់អារម្មណ៍ខ្លាំងទៅលើការវិវត្តន៍នៃបញ្ហានេះបើមានសភាពការណ៍កើតឡើងពួកគេនឹងស្វែងរកកន្លែងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
លោកបាននិយាយថាមកដល់ពេលកំពុងសម្ភាសន៍នេះមិនមានការជូនដំណឹងពីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងចំពោះពលរដ្ឋខ្មែរនៅឡើយទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវដល់ក្រុមគ្រួសារទាំងឡាយដែលមានសមាជិករស់នៅប្រទេសកូរ៉េខាងត្បូងកុំឱ្យមានការព្រួយបារម្មណ៍ពីព្រោះរដ្ឋាភិបាលកំពុងមានវិធានការការពារសុវត្ថិភាពរបស់ពួកគេ។
លោកបាននិយាយថាមន្ត្រីការទូតណាដែលបានចាកចេញពីប្រទេសកូរ៉េខាងជើងនិងខាងត្បូងនិងត្រូវដកចេញពីមុខតំណែងក្នុងខណៈពេលដែលភាពតានតឹងកំពុងកើតមានឡើង។
ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រសប្តាហ៍មុនបានប្រាប់មន្ត្រីការទូតទាំងអស់ រួមទាំងប្រទេសកម្ពុជាផងឱ្យជម្លៀសចេញពីប្រទេសខាងជើងដោយបានលើកហេតុផលថាសង្គ្រាមអាចនឹងកើតមានឡើង។
ហើយក្នុងពេលថ្មីៗនេះបានព្រមានឱ្យជនបរទេសទាំងអស់ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងចាកចេញពីប្រទេសនេះជាបន្ទាន់ដោយបានប្រកាសថាមិនធានាសុវត្ថិភាពជនបរទេសទាំងនោះទេ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបាននិយាយថាសង្គ្រាមនិងមិនអាចកើតមានទេនៅលើឧបទ្វីបកូរ៉េ ហើយប្រសិនបើកើតមានវិញប្រទេសកូរ៉េខាងជើងប្រហែលជានឹងខ្ទេចខ្ទាំ។
«ពីព្រោះថាអាមេរិកកាំងប្រហែលជានឹងអាចទប់ស្កាត់មុនបាន។ នេះខ្ញុំដូចថារំពឹងទៅលើវិធានការណ៍ទប់ស្កាត់មុន»។
ភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េបានកើតមានឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបនិងបាញ់សាកល្បងគ្រាប់មីស៊ីលដែលអាចផ្ទុកក្បាលនុយក្លេអ៊ែចូលទៅក្រោមដីកាលពីខែមិនាដែលបានហាមប្រាមដោយអង្គការសហប្រជាជាតិ ជាពិសេសសហរដ្ឋអាមេរិក។
ប្រទេសកូរ៉េខាងជើងបានដាក់ឱសានវាទថានឹងបាញ់សាកល្បងគ្រាប់មីស៊ីលដែលអាចផ្ទុកក្បាលនុយក្លេអែទីបួនចាប់ពីថ្ងៃទី១០ខែមេសាទៅដែលបង្កឱ្យសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសកូរ៉េខាងត្បូងបានដាក់រាយខែលកាំជ្រួចការពារប្រឆាំងនឹងការបាញ់សាកល្បងនេះ។ ក៏ប៉ុន្តែមកដល់ពេលនេះការបាញ់សាកល្បងលើកទីបួននេះមិនទាន់បានបាញ់ចេញនៅឡើយ៕