ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះបាទ​សីហនុ​នាំ​ឯករាជ្យ​និង​សន្តិភាព​ដល់​កម្ពុជា​តែ​កេរ្តិ័​ឈ្មោះ​ស្រអាប់​ខ្លះ​ដោយ​សារ​សម្ព័ន្ធ​ភាព​ជាមួយ​ខ្មែរ​ក្រហម


ប្រែសម្រួល​ដោយ លោក​ កែ យ៉ាន​
​ភ្នំពេញ៖​ នៅ​ពេល​ដែល​ប្រទេស​បារាំង​បាន​ដាក់​សម្តេច​ នរោត្តម​ សីហនុ​ ឲ្យឡើង​សោយ​រាជ្យក្នុងឆ្នាំ​១៩៤១​ ក្នុង​ព្រះ​ជន្មាយុ​ ១៩​ វស្សាមនុស្ស​ច្រើន​គ្នាមិន​មាន​ការ​រំពឹង​ច្រើនទេ។

ប្រទេស​បារាំង​បាន​យល់​ខុស​ថា ​ព្រះ​អង្គ​នឹង​ស្តាប់​តាម​ពួក​គេ។​ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ក៏មិន​ស្គាល់​ព្រះ​អង្គ​ដែរ។​ ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​បាននឹក​ស្មាន​ថា​ថ្ងៃ​ណា​មួយ​ព្រះ​អង្គ​នឹង​បាន​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​នយោបាយ​ដ៏​សំខាន់​ម្នាក់​នៃ​ប្រទេស​កម្ពុជា​ទេ។​

ក្មួយ​របស់​ព្រះ​អង្គ​គឺ​ព្រះ​អង្គ​ម្ចាស់​ Sisowath Thomico ដែល​មាន​ការ​ទាក់​ទង​ជិត​ស្និទ្ធ​ជា​មួយ​សម្តេច​ សីហនុ​ ស្ទើរពេញ​មួយ​ជីវិត​ព្រះ​អង្គ​ ​មាន​បន្ទូល​ថា​ ការ​បាន​ឡើង​គ្រង​រាជ្យ​បាន​ធ្វើ​ឲ្យ​សម្តេច​ សីហនុ ផ្ទាល់​ព្រះ​អង្គ​មាន​ការ​ភ្ញាក់​ផ្អើល។

«ព្រះ​អង្គ​ទ្រង់​ចង់​ធ្វើ​ជា​សាស្រ្តាចារ្យ​អក្សរសាស្រ្ត​ ចង់​បង្រៀន​ភាសា​បារាំង​ ឡាតាំង​ និង​ក្រិក​ ពីព្រោះ​ព្រះ​អង្គ​ស្រឡាញ់​ប្រធានបទទាំង​នេះ​ណាស់។​ ​បារាំង​បាន​បោះ​ព្រះ​អង្គ​ចូល​ទៅ​ក្នុង​ឆាក​នយោបាយ​ ហើយ​ព្រះ​អង្គ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ លើក​លែង​តែ​ទទួល​យក​មុខ​នាទី​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​ តែ​ព្រះ​អង្គ​មិន​ដែល​ចង់​ឡើង​សោយរាជ្យ​ទាល់​តែ​សោះ»។

កាលពី​ថ្ងៃ​សុក្រ​នេះ​ សព​របស់​ព្រះ​មហាក្សត្រ​ដែល​ឡើង​គ្រងរាជ្យ​ដោយ​បង្ខំ​ត្រូវ​បាន​ដង្ហែ​ពី​ព្រះ​បរមរាជវាំង ដែល​គេ​ដំកល់​ទុក​ជា​កិត្តិយស​ ឆ្លង​កាត់​ទី​ក្រុង​ទៅ​កាន់​វាល​ព្រះ​មេរុ។​

នៅ​ថ្ងៃ​ចន្ទ​ ព្រះ​បរម​សព​នឹង​ត្រូវ​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដ៏​ឧឡារិក​មួយតាម​ប្រពៃណី​ព្រះ​ពុទ្ធសាសនា។​ ​អាជ្ញាធរ​រំពឹង​ថា ពលរដ្ឋ​ខ្មែរ​ជាង​មួយ​លាន​នាក់​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ទៅ​មើល​ពិធី​នេះ។​

ព្រះ​អង្គ​មា្ចស់​ ស៊ីសុវត្ថិ ធម្មិកោ​ ថ្លែង​ថា​ ព្រះ​អង្គ​មាន​សេចក្តី​សោមនស្ស​ចំពោះ​កិច្ច​ប្រឹង​ប្រែង ដែលរដ្ឋាភិបាល​បាន​ធ្វើ។​

«ព្រឹត្តិការណ៍​បែប​នេះ​មិន​ដែល​មាន​ធ្វើ​ទេ។​ មិន​បាន​ធ្វើ​ថ្វាយ​ព្រះ​បាទ ​នរោត្តម​ ព្រះ​បាទស៊ីសុវត្ថិ​ ព្រះ​បាទមុនីវង្ស និងសូម្បី​តែ​ព្រះ​បាទសុរាម្រិត ដែល​ជា​ព្រះ​បីតា​របស់​ព្រះ​បាទសីហនុ​ក៏​មិន​មាន​ធ្វើ​ដែរ។​ យើង​មិន​ដែល​មាន​មនុស្ស​ច្រើន​ដូច្នេះ ហើយ​ក៏​មិន​មាន​ការ​រៀបចំ​ដ៏​សម្បើម​ដូច​នេះដែរ»។

អ្នក​និពន្ធ​ Justin Corfield​ ដែល​បានបោះ​ពុម្ព​សៀវភៅ​បី​ក្បាល​អំពី​ប្រទេស​កម្ពុជា​ពន្យល់​ថា​ មូលហេតុ​មួយ​គឺ​មក​ពី​ព្រះ​ករុណា​ព្រះបាទសីហនុ​ជា​អ្នក​ដឹកនាំ​សំខាន់​ជាង​ព្រះ​មហាក្សត្រ​ឯ​ទៀតៗ។​ មនុស្ស​ជា​ច្រើន​មើល​ឃើញ​សមិទ្ធិផល​ដ៏​ធំ​បំផុត​របស់​ព្រះ​អង្គ ​នៅ​ក្នុង​ការ​ទាម​ទារ​យក​ឯករាជ្យ​ពី​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៥៣។

«ទោះ​ជាសព្វ​ថ្ងៃ​ យើង​ទទួល​យក​ឯករាជ្យ​ភាព​និង​បូរណភាព​ទឹក​ដីរបស់​ប្រទេស​កម្ពុជាថាមិន​ជា​រឿង​សំខាន់​ប៉ុន្មានក៏​ដោយ​ ក៏​វា​មិន​មែន​ជា​ករណី​ដូចគ្នា​នេះទេ ​នៅ​ក្នុង​ចុង​ទសវត្សរ៍​ ១៩៤០​ និង​ដើម​ទសវត្សរ៍​ ១៩៥០​»។

ក្នុង​ឆ្នាំ​ ១៩៥៥​ ក្រោយ​ពី​បាន​ទទួល​ឯករាជ្យភាព​ឲ្យ​ប្រទេស​កម្ពុជា​ហើយ​ សម្តេច​ សីហនុ​ ទ្រង់​បាន​ដាក់​រាជ្យ​ដើម្បី​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។​ ក្នុង​អំឡុង​ពេល​ ១៥​ ឆ្នាំ​ក្រោយ​មក​ ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ ជា​ប្រមុខរដ្ឋ​ ព្រះ​អង្គ​ជា​អ្នក​នយោបាយ​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ​ក្នុង​ប្រទេស។

ក៏​ប៉ុន្តែ​សុឆន្ទៈ​របស់​ព្រះ​អង្គ​ចំពោះ​ប្រជារាស្រ្ត​ក៏​មាន​រួម​ជា​មួយ​នឹង​ការ​មិន​អត់ឱន​ឲ្យមាន​ការ​ប្រឆាំង​ជំទាស់​ដែរ។​ មនុស្ស​ខ្លះ​នៅ​ចាំ​មធ្យោបាយ​យង់​ឃ្នង​ ដែល​រដ្ឋបាល​ព្រះ​អង្គ​បាន​ប្រើ​ដើម្បី​រក្សា​ការ​គ្រប់​គ្រង​អំណាច​នយោបាយ។​

តែ​មនុស្ស​ជា​ច្រើនបាន​មើល​ទៅ ទសវត្សរ៍ ១៩៥០​ និង​ដើមទសវត្សរ៍ ១៩៦០​ ថា​ជា​ យុគ​ដ៏​រុង​រឿង​របស់​កម្ពុជា​ គឺ​ជា​ពេល​ដែល​ប្រជាពលរដ្ឋមាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​និង​ប្រទេស​ជាតិ​មាន​សន្តិភាព។​

ឯកអគ្គរដ្ឋទូត​ Julio Jeldres​ អ្នក​និពន្ធ​ព្រះ​រាជ​ជីវៈប្រវត្តិ​ មាន​ភាព​ជិត​ស្និត​ជា​មួយ​អតីត​ព្រះ​មហាក្សត្រអស់​ពេល​ជា​ច្រើន​ទសវត្សរ៍។​ លោក​ Jeldres​ ថ្លែង​ថា​ ព្រំប្រទល់​របស់​ប្រទេស​កម្ពុជា​ គឺ​ស្ថិត​នៅ​ជាប់​ក្នុង​បេះដូងរបស់​សម្តេច​ សីហនុ​ ជា​និច្ច​ នៅ​ក្នុង​កិច្ច​ការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ។

«ខ្ញុំ​គិត​ថា​ គោលដៅ​ចម្បង​ក្នុង​ជីវិត​របស់​ព្រះ​អង្គ គឺ​ការ​ការពារ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​ ហើយ​ព្រះ​អង្គ​បាន​ខិត​ខំ​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​សម្រេច​គោលដៅ​នេះ​ រួម​ទាំង​ធ្វើ​សម្ព័នភាព​ជា​មួយ​មនុស្ស​ដែល​ក្រោយ​មក​បាន​បែរ​មកក្បត់​នឹង​ព្រះ​អង្គវិញ​»។​

តាម​ទស្សនៈ​របស់ព្រះបាទ​ សីហនុ​ អំពើ​ក្បត់​ទី​មួយ​បាន​កើត​ឡើង​នៅ​ខែ​មិនា​ ឆ្នាំ​ ១៩៧០។ នៅ​ពេល​ដែល​ព្រះ​អង្គ​គង់​នៅ​ក្រៅ​ប្រទេស​ រាជរដ្ឋាភិបាល​របស់​ព្រះ​អង្គ​បាន​ទម្លាក់​ព្រះ​អង្គ​នៅ​ក្នុង​រដ្ឋ​ប្រហារ​មួយ​ដែល​គ្មាន​ការ​បង្ហូរ​ឈាម។​ ព្រះ​អង្គ​បាន​យាង​ទៅ​ក្រុង​ ប៉េកាំង​ ហើយ​បាន​ត្រូវ​គេ​បញ្ចុះ​បញ្ចូល​ឲ្យ​គាំទ្រ​ពួក​កុម្មុយនិស្ត​ខ្មែរ ដែល​រហូត​មក​ទល់​នឹង​ពេល​នោះ​ធ្លាប់​ជា​សត្រូវ​របស់​ព្រះ​អង្គ។​ គឺ​សម្តេច​ សីហនុ​ ខ្លួន​ព្រះ​អង្គ​ឯង​ ដែល​កាល​ពី​ច្រើន​ឆ្នាំ​មុន​ បាន​លាប​ពណ៌ (ដាក់​ឈ្មោះ)​ ពួក​នេះ​ថា​ជាខ្មែរ​ក្រហម​។​

សម្តេច​ សីហនុ​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរចូល​រួម​ជា​មួយ​ព្រះ​អង្គនិង​ពួក​ខ្មែរ​ក្រហម​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​ដណ្តើម​អំណាច​ពី​ព្រះ​អង្គ។​ មនុស្ស​ជាច្រើន​បានចូល​រួម។​ ក្នុង​ឆ្នាំ​ ១៩៧៥​ ពួក​ខ្មែរក្រហម​បាន​ចូល​កាន់​អំណាច។​ មក​ដល់​ពេល​ដែល​ពួក​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​អំណាច​ក្នុង​ឆ្នាំ​ ១៩៧៩​ ពលរដ្ឋ​ខ្មែរ​ ២​ លាន​នាក់​បាន​បាត់​បង់​ជីវិត។​

លោក​ Jeldres​ ថ្លែង​ថា​ មេ​ដឹកនាំ​ខ្មែរ​ក្រហម​ ប៉ុល ពត​ ដែល​ចូល​ចិត្តលាក់​រឿង​សម្ងាត់​ បាន​ពួន​ពី​ក្រោយ​មនុស្ស​ដែល​និយម​នយោបាយ​ផ្លូវ​កណ្តាល​ ដែល​បាន​អះអាង​ថា​ សម្តេច​ សីហនុ​ ពិត​ជា​មិន​ចូល​រួម​ជា​មួយ​ពួក​គេ​ទេ​ បើ​ព្រះ​អង្គ​ដឹង​ថា​នរណា​ជា​មេ​ដឹកនាំ​ពិត​ប្រាកដ​របស់​ខ្មែរ​ក្រហម​។​

លោក​ Jeldress​ ថ្លែង​ថា​ សេចក្តី​សម្រេច​របស់​សម្តេច​ សីហនុ​ ក៏​បាន​ទទួល​ការជំរុញ​ពី​ការ​ធានា​ដែលប្រទេស​ វៀតណាម​ខាង​ជើងបានធ្វើ​ជា​មួយ​ព្រះ​អង្គ​នៅ​ទី​ក្រុង​ប៉េកាំងដែរ​ ​ដែល​ថា​ វៀតណាម​ ​នឹង​គោរព​ព្រំ​ប្រទល់​របស់​ប្រទេស​ កម្ពុជា​។​

«ការ​ធានា​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សម្តេច​ សីហនុ​ ពីព្រោះ​ព្រះ​អង្គ​មាន​ជំនឿ​ថា​ប្រទេស​ វៀតណាម​ខាង​ជើង​នឹង​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​សរអា​ ហើយ​ព្រះ​អង្គ​មិន​អាច​មាន​រដ្ឋាភិបាល​វៀតណាម​ខាង​ជើងដែល​មិន​មែន​ជា​មិត្ត​ នៅ​ជាប់​ព្រំដែនជា​មួយ​កម្ពុជា​បានទេ»។​

សម្ព័នភាព​របស់​សម្តេច​ សីហនុ​ បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​និង​ប្រទេស​កម្ពុជាមាន​ការ​បង់ខាត​យ៉ាងសម្បើម ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​មាន​ការ​សោក​ស្តាយជាទី​បំផុត។​ ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ​ សម្តេច​ សីហនុ​ ជា​អ្នក​ទោស​នៅ​ក្នុង​រាជវាំង​របស់​ព្រះ​អង្គ​នៅ​ក្រុង​ភ្នំពេញ។​

ក្នុង​ខណៈ​ដែល​ជោគជ័យ​ខ្លះ​របស់​សម្តេច​ សីហ​នុ​ ត្រូវ​លប់​លើ​ដោយ​ស្រមោល​របស់​ពួក​ខ្មែរ​ក្រហម​ អ្នក​និពន្ធ​ Justin Corfield​ និយាយ​ថា ​ក្រោ​ម​ការ​គ្រង​រាជ្យ​របស់​ព្រះ​អង្គ​ សេវា​អប់រំ​និង​សុខាភិបាល​មាន​ការ​ជឿនលឿន​ ហើយព្រះ​អង្គ​បានជួយ​រក្សា​ប្រទេស​កម្ពុជា​ឲ្យ​នៅ​ឯករាជ្យ។​

ក្នុង​ឆ្នាំ​ ១៩៩៣​ សម្តេច​ សីហនុ​ បាន​ទទួល​រាជាអភិសេក​ជា​ព្រះ​មហាក្សត្រ​ប្រទេស​កម្ពុជា​ជាលើក​ទី​ពីរ​ នៅ​ពេល​ដែល​បំណែក​នយោបាយ​នៃ​ប្រទេស​នេះ​ត្រូវ​បាន​ភ្គួប​បញ្ចូល​គ្នា​ឡើង​វិញ​ នៅ​ក្រោយ​ទី​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់។​ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ តួ​នាទី​បាន​ផ្លាស់​ប្តូរ​ហើយ។ តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​មាន​ន័យ​ថា​ព្រះបាទ​សីហនុ សោយរាជ្យ​ប៉ុន្តែ​មិន​កាន់​អំណាច​ទេ។ លោក​ Jeldres ​និយាយ​ថា​នោះ ជាការ​គួរ​ឱ្យ​ខឹង​សម្បារ​មួយ​សម្រាប់​ក្សត្រ​មួយ​អង្គ​ដែល​ធ្លាប់​តែ​សម្រួល​សម្រួល​កិច្ចការ​ជាច្រើន។ នៅ​ឆ្នាំ​២០០៤​ព្រះបាទ​សីហនុ​បាន​ដាក់​រាជ្យ​ជាថ្មី​ហើយ​ត្រូវ​បាន​ព្រះរាជ្យ​បុត្រ​របស់​ព្រះអង្គ​គឺ​ព្រះ​មហាក្សត្រ​នរោត្តម​ សីហមុនី​ស្នងរាជ្យ។

ដូច្នេះ​តើ​ការចូល​ទិវង្គត​របស់​ព្រះបាទ​សីហនុ​នឹង​មាន​ន័យយ៉ាង​ដូចម្តេច​ចំពោះ​របប​រាជានិយម?​ព្រះ​អង្គម្ចាស់​ធម្មិកោ​បាន​មាន​បន្ទូល​ថា៖

«ការសម្រេច​ព្រះ​ទ័យ​ចុងក្រោយ​ខាងផ្នែក​នយោបាយ​របស់​ព្រះ​បាទ​សីហនុ​គឺ​ត្រូវ​ដាក់​រាជ្យ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​អនាគត​នៃ​របប​រាជានិយម ហើយ​ខ្ញុំ​គិត​ថា​ព្រះ​អង្គ​បាន​ជោគជ័យ​នៅ​ក្នុង​វិស័យ​នេះ»។
ព្រះ​អង្គ​ម្ចាស់​ធម្មិកោ​មាន​បន្ទូល​ថា​ពលរដ្ឋ​កម្ពុជា​ចូលចិត្ត​និង​ទទួល​យក​ព្រះ​មហាក្សត្រ​នា​ពេល​បច្ចុប្បន្ន​នេះគឺ​ព្រះ​មហាក្សត្រ​នរោត្តម​ សីហមុនី។ ការណ៍​នេះ​ផ្តល់​ឱ្យ​ព្រះ​អង្គ​នូវ​ការ​ជឿ​ជាក់​ថា​សូម្បី​អត់​មាន​ព្រះរាជ​វត្ត​មាន​ព្រះបាទ​សីហនុ គឺ​របប​រាជានិយម​អាច​ស្ថិតនៅ​បាន​ ឬ​ក៏​យ៉ាង​ហោចណាស់​នៅ​បាន​ក្នុង​ពេល​នេះ​ដែរ។ ​
XS
SM
MD
LG