សារមន្ទីរSotheby នឹងរក្សារូបចម្លាក់អ្នកចម្បាំងខ្មែរសម័យសតវត្សរ៍ទី១០បន្តទៀតសិនក្រោយពីសវនាការកាលពីថ្ងៃពុធក្នុងតុលាការនៅបុរីញ៉ីវយ៉កមិនបានសម្រេចថានឹងត្រូវអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិករឹបអូសទុកឬយ៉ាងណា។
លោកស្រី ស្តេហ្វានី សឺកូវិច (Stephanie Cirkovich) អ្នកនាំពាក្យតុលាការប្រចាំតំបន់៧បានប្រាប់វីអូអេផ្នែកខេមរភាសាថា៖
«រហូតមកដល់ពេលនេះតុលាការមិនទាន់សម្រេចសេចក្តីយ៉ាងណានៅឡើយទេ»។
លោកស្រីបានបន្តថាតុលាការពន្យាពេលសម្រេចនេះរហូតដល់ថ្ងៃទី២០ខែមិថុនាដើម្បី ធ្វើសវនាការម្តងទៀតដែលជាការទុកពេលឱ្យភាគីនានាមានឱកាសចូលរួមការពារសំណុំរឿងនេះ។
វត្ថុបុរាណដែលហៅថាជា អ្នកចម្បាំងសម័យបុរាណ ឬអ្នកខ្លះហៅថាជាអ្នកចំបាប់ត្រូវបានសារមន្ទីរ Sotheby គ្រោងដាក់លក់ដេញថ្លៃប៉ុន្តែបានដកចេញវិញ នៅនាទីចុងក្រោយបន្ទាប់ពីមានការជំទាស់យ៉ាងខ្លាំងពីអាជ្ញាធរកម្ពុជា។
អាជ្ញាធរអាមេរិកចង់រឹបអូសយកហើយប្រគល់ទៅឱ្យប្រទេសកម្ពុជាវិញតាមការទាមទារប៉ុន្តែត្រូវបានសារមន្ទីរSotheby ស្នើសុំមិនឱ្យរដ្ឋាភិបាលរឹបអូសយកនៅឡើយទេដោយលោកមេធាវី Peter Neimanបានបញ្ជាក់ក្នុងឯកសាររបស់តុលាការថាក្រសួងសន្តិសុខជាតិដែលមានភារៈកិច្ចជាអ្នកត្រូវមករឹបអូសយកគឺមានបច្ចេកទេសតិចតួចក្នុងការទុកដាក់វត្ថុដ៏មានតម្លៃមហាសាលនេះហើយវត្ថុនេះកំពុងត្រូវរក្សាទុកក្នុងកន្លែងដែលរក្សាទុកបានត្រឹមត្រូវហើយ។
លោកហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ប្រាប់វីអូអេថា៖
«វត្ថុបុរាណនេះជាវត្ថុបុរាណរបស់កម្ពុជា១០០ភាគរយ។ ខ្ញុំគិតថាយុត្តិធម៌នឹងបានមកកម្ពុជាហើយក៏ឆ្លៀតឱកាសនេះខ្ញុំសូមសម្តែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានខិតខំយកចិត្តទុកដាក់ដើម្បីនឹងជួយធ្វើយ៉ាងណាដើម្បីនឹងដោះស្រាយបញ្ហានេះតាមផ្លូវតុលាការដើម្បីប្រគល់នូវវត្ថុបុរាណនេះមកឱ្យកម្ពុជាវិញ»។
លោកស្រី តេស ដាវីស នាយកប្រតិបត្តិនៃក្រុមមេធាវីរបស់គណកម្មាធិការដើម្បីថែរក្សាបិតិកភណ្ឌវប្បធម៌បានបញ្ជាក់ថាមានស្ថាប័នរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាច្រើនចូលរួមក្នុងការតាមប្រមូលមកវិញនូវវត្ថុបុរាណនេះក្នុងនោះ មានក្រសួងសន្តិសុខជាតិនិងក្រសួងយុត្តិធម៌ហើយថារដ្ឋាភិបាលអាមេរិកមានប្រៀបខ្លាំងក្នុងការរឹបអូសយកវត្ថុបុរាណដែលខ្មែរទាមទារនោះ។ លោកស្រីក៏បានបញ្ជាក់ដែរថាសារមន្ទីរSotheby គឺបានដឹងជាមុនពីភាពចម្រូងចម្រាសដែលអាចកើតមានឡើងទាក់ទងនឹងរូបចម្លាក់នោះ។
«អ្នកជំនាញផ្ទាល់របស់សារមន្ទីរ Sothebyបានព្រមានជាបន្តបន្ទាប់មិនឱ្យដាក់លក់ដេញថ្លៃរូបចម្លាក់នោះជាសាធារណៈទេដោយអះអាងថាវាត្រូវបានលួចចេញមកហើយថាវានឹងមានផលអាក្រក់មកវិញហើយគ្មានប្រយោជន៍ដែលត្រូវសន្សំរឿងទេ»។
វត្ថុបុរាណនោះត្រូវគេរាយការណ៍ថាអាចមានតម្លៃពីពីរលានដល់បីលានដុល្លារហើយត្រូវបានលួចចេញពីប្រាសាទចិនតំបន់ប្រាសាទកោះកែរបស់ខ្មែរក្នុងអំឡុងពេលប្រទេសកម្ពុជាមានការវឹកវរក្នុងទសវត្សរ៍១៩៦០។ វាមានទម្ងន់ប្រហែល២៥០គីឡូក្រាមនិងកម្ពស់ជាង១,៥ម៉ែត្រ។ ត្រូវបានគេកាត់យកត្រឹមកជើងមកដល់លើ៕