ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ថ្មី​នៃសាលាក្តី​ខ្មែរក្រហម​នឹង​ប្រឈម​មុខ​ឧបសគ្គ​ដូច​ចៅក្រម​លាឈប់​


វ៉ាស៊ីនតោន​៖ ក្រុមអ្នក​វិភាគ​នយោបាយ​បាន​បង្ហាញ​ពីឧបសគ្គ​ស្រដៀងគ្នា​ចំពោះ​ដំណើរការ​សំណុំ រឿង​ខ្មែរក្រហម​បន្ថែម​ដែល​រដ្ឋាភិបាល​ជំទាស់​ ទោះបីជា​សហចៅក្រម​ស៊ើបអង្កេត​ ត្រូវ​តែងតាំង​រួច​ហើយក្តី។​

សហ​ចៅក្រម​ស៊ើបអង្កេត​ជនជាតិ​អាមេរិក​លោក​ ម៉ាក ហាម៉ុន ​(Mark Harmon ) និង​លោក​សហ​ចៅក្រម​ស៊ើបអង្កេតបម្រុង​ជាជន​ជាតិ​បារាំង​ អូលីវីយេ បូវ៉ាឡេត​ (Olivier Beauvallet )​ ត្រូវ​បាន​តែងតាំង​ក្នុង​គោលបំណង​បន្ត​ការ​ស៊ើបអង្កេត​សំណុំ​រឿង​០០៣​ និង០០៤​ដែល​រដ្ឋាភិបាល​បាន​ជំទាស់​នោះ។​ តែ​ក្រុម​អ្នកវិភាគ​បាន​ដាក់​សំណួរ​ជាច្រើន​សម្រាប់​សហ​ចៅក្រមថ្មី​ និង​សំណួរ​អំពី​ដំណើរការ​នីតិវិធី​នេះ​ ដោយ​បាន​និយាយ​ពី​ឧបសគ្គ​មួយ​ចំនួន​ទាក់ទង​នឹង​ឯករាជ្យភាព​របស់​ចៅក្រម​ក្នុង​ការ​ស៊ើបអង្កេត​ និង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។​

លោកស្រី​ នូស៊ីន ​សាការ៉ាទី ​(Nushin Sarkarati)​ ជំនួយ​ការ​ផ្នែកច្បាប់​នៃអង្គការ​ ច្បាប់​របស់​ស.រ.អា.​មួយ​ឈ្មោះ​ថា​ មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការទទួល​ ខុសត្រូវ​ដែល​ឃ្លាំមើល​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ថា ការ​ស៊ើប អង្កេត​សំណុំ​រឿង​បន្ថែម​ត្រូវតែ​ធ្វើ​ឡើង​ដោយ​គ្មាន​សម្ពាធ​នយោបាយ​ពី រដ្ឋាភិបាល​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​ជនរងគ្រោះ​ និង​សាធារណជន​ ដែល​មើល​ឃើញ​ថា​ សាលាក្តីនេះ​មិន​ឯករាជ្យ។​

«នៅពេលនេះ​ បញ្ហា​សំណុំរឿង​០០៣ ​និង​០០៤​ប៉ះពាល់​ដល់​ភាព​ស្រប​ច្បាប់​របស់​តុលាការ​នេះ។​ សាធារណជនកត់​សម្គាល់ថា​ តុលាការ​នេះ​ជាស្ថាប័ន​ នយោបាយ​ ពេល​ដែល​តុលាការ​នេះ​គួរតែ​ឯករាជ្យ​ពិតប្រាកដ​ពី​រដ្ឋាភិបាល»។​

សំណុំ​រឿង​០០៣​ និង​០០៤​មាន​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល​៥នាក់​ដែល ​ព្រះរាជ​អាជ្ញា​បាន​ចោទប្រកាន់​តាំងពី​ខែវិច្ឆិកា​ឆ្នាំ២០០៨​ថា​ មាន​ជាប់​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ក្នុង​ទសវត្សរ៍​១៩៧០។​ តែ​សំណុំរឿង​ទាំងនេះ​មិន​បាន​ដំណើរការ​ទៅ មុខ​ឬ​មិនមាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ទេ​ ដោយសារ​ចៅក្រម​ពីររូប​បាន​លាឈប់​ពី​មុខ​តំណែង​បណ្តាល​មក​ពី​អ្វីមួយ​ ដែល​គេ​អធិប្បាយ​ថា​ មាន​ការ​រារាំង​ផ្នែក​នយោបាយ​ពីរដ្ឋាភិបាល​ចំពោះ​ដំណើរការ​តុលាការ​ដែល​កំពុង​ខ្វះខាត​ថវិកា។​

លោកស្រី​ សាការ៉ាទី​បានបន្ថែម​ថា​ ការ​ស៊ើបអង្កេត​សំណុំរឿង​បន្ថែម​គឺ​ជា កាតព្វកិច្ច​របស់​តុលាការ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​នានា​ដែល​ស្ថិតនៅ​ក្នុង​យុត្តាធិការ​របស់​សាលាក្តី។​

«តុលាការ​តម្រូវ​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​ចាំបាច់​រាល់​ឧក្រិដ្ឋកម្ម​ដែល​ស្ថិត​នៅក្នុង ​យុត្តាធិការ​នៃ​សាលាក្តី​ខ្មែរក្រហម។​ ប្រសិន​បើតុលាការ​នេះ​មិនអាច​បំពេញ​ កិច្ចការ​បាន​ដោយសារ​តែ​បញ្ហាថវិកាគឺពេលនោះ​គួរត្រូវតែ​បញ្ជាក់​ជា​សាធារណៈ។​ ប៉ុន្តែតុលាការ​មិន​គួរស៊ើបអង្កេត​ដោយ​មិនត្រឹមត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ​ ហើយ​គ្មាន​តម្លាភាព​អំពី​បញ្ហា​ទាំងនេះ​ទេ»។​

ចំណែក​លោក​ ភីធ័រ ម៉ាការវ៉ៃយ៍​ (Peter Maguire)​ សាស្រ្តាចារ្យ​ច្បាប់​និង​ជាអ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ដែល​មាន​ចំណង​ជើងថា​ «ប្រឈមមុខ​នឹង​មរណភាព​ក្នុង​ប្រទេសកម្ពុជា»​ ឬ Facing Death in Cambodia ​បាន​ថ្លែង​ថា ​អ.ស.ប.​គួរ ផ្តោត​លើ​សំណុំ​រឿង​០០២​និង​ការ​បញ្ចប់នៃ​សំណុំ​រឿងនេះ​ជា​ការប្រសើរ​ជាង​ការ​ចំណាយ​ពេល​អាសារឥតការ​ និង​ការ​ចំណាយ​ធនធាន​លើ​សំណុំរឿង​បន្ថែម​ដែល​រដ្ឋាភិបាល​ប្រាកដ​ជា​នឹង​រារាំងការ​ស៊ើបអង្កេត​នោះ។
«សំណុំរឿង​០០៣​ និង០០៤ ​មិន​មែន​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដើម​របស់ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជាមួយ​នឹង​អ.ស.ប.ទេ។ ​ចំពោះ​អ.ស.ប.​ដែល នៅ​បន្ត​វិលត្រឡប់​មកវិញ​ ហើយ​ប្រសិន​បើរឿង​នេះ​ ក្រុមខ្មែរក្រហម​មាន តំបន់​ស្វ័យយ័ត​ក្នុងប្រទេស​កម្ពុជា​វិញ​ នោះ​គឺជា​រឿង​ដែល​គួរឲ្យ​សើច​ហើយ»។​

លោកម៉ាការវ៉ៃយ៍​បាន​បន្ថែម​ថា ​សំណុំរឿង​បន្ថែម​មិនមែន​ជារឿង​ច្បាប់​ មិនមែន ជារឿង នីតិវិធី​ទេ​ តែ​ជារឿង​នយោបាយ។ ​

លោកថ្លែង​យោង​ទៅ​ដល់​បញ្ហា​ចុះចូល​របស់ក្រុម​ខ្មែរក្រហម​ផ្តាច់ខ្លួន​ក្នុង​ឆ្នាំ​ ១៩៩៦​ ហើយ​និង​ការ​សន្យា​របស់​រដ្ឋាភិបាល​ដើម្បីផ្តល់​ការ​លើក​លែង​ទោស ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និយាយ​ជាសាធារណៈ​ជារឿយៗ​ថា ការ​កាត់ទោស​កម្មាភិបាល​ខ្មែរក្រហម​បន្ថែម​នឹង​នាំឲ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស។​

លោក​បាន​បន្ថែមថា​ ជា​ភព្វ​សំណាង​ហើយ​បើសិន​ជា​សាលាក្តី​ដែល​ចូល​រួម ដោយ​អ.ស.ប.​នេះ​អាច​បញ្ចប់​សំណុំរឿង​០០២​ដែលកំពុង​ជំនុំជម្រះ​ទោស​បាន​ នោះ។​

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​អះអាង​ថា​ ​ជារឿង​ដែល​មាន​ផល​ប្រយោជន៍​តិចតួច​ ណាស់​សម្រាប់​ក្រុម​មេដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ ដែល​ភាគច្រើន​ជាអតីត​កម្មាភិបាល​ខ្មែរក្រហម​ បើមានការ​បង្ហាញ​ឲ្យគេ​ដឹង​ពី​ប្រវត្តិរបស់​ខ្លួន។​

នៅ​សប្តាហ៍​នេះ​រដ្ឋមន្ត្រី​ជាន់ខ្ពស់​ពីរ​រូប​របស់​រដ្ឋាភិបាលគឺ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ គាត ឈុន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ត្រូវ​សាក្សី​បញ្ជាក់​ឈ្មោះ​ថា​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម។​ រដ្ឋមន្ត្រី​ទាំងពីរ​នេះ​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​កំពូល​របស់​ប្រទេស​៦នាក់​ដែល​បដិសេធ​មិន​ធ្វើតាម​ការ​កោះហៅ​របស់​តុលាការ​ខ្មែរក្រហម​ឲ្យ​ទៅឆ្លើយ​បំភ្លឺ​ជាសាក្សី​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ​កើត​ឡើង​ក្នុង​របប​ខ្មែរក្រហម​ដែល​ត្រូវ​ស្តីបន្ទោស​ថា​ បាន​កាប់សម្លាប់​មនុស្ស​ជាង​១លាន​៧សែន​នាក់ក្នុង​ទសវត្សរ៍​១៩៧០។​

លោក​ James Goldston​ នាយក​ប្រតិបត្តិ​នៃ​អង្គការច្បាប់​របស់​ស.រ.អា.គឺ​ ​Open Society Justice Initiative​ បាន​ស្វាគន៍ការ​តែងតាំង​លោក​ ម៉ាក ហាម៉ុន​ តែ​លោក​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ថា៖​

«ការ​សាកល្បង​គឺ​ថា​ តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​លោក​ចៅក្រម ​ហាម៉ុន ធ្វើ​កិច្ចការ​អ្វី​ដែល​ចៅ​ក្រមមុនៗ​លាឈប់​ពីមុខ​តំណែង​ មិន​អាច​ធ្វើនោះ​ឬ​ទេ​ គឺ​ដូចជា​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ភាពហ្មត់ចត់​ និង​មាន​ប្រសិទ្ធិភាព​ចំពោះ​ សំណុំរឿង​សេស​សល់​ចំនួនពីរ​ ០០៣ ​និង០០៤ ​ដែល​ស្ថិតក្នុង​រឿង​ក្តីក្តាំង​ តុលាការ​នោះ»។​

នៅពេល​ព្យាយាម​សុំការ​បំភ្លឺពី​រឿង​ចោទ​ប្រកាន់​នានា​និង​ការ​តាំងចិត្ត​របស់​ រដ្ឋាភិបាល​លើ​បញ្ហា​ទាក់ទង​នឹង​សាលាក្តី​ខ្មែរក្រហម​នោះ ​លោក​ឯក ថា អ្នក​នាំពាក្យ​មួយ​រូប​នៃ​ការិយាល័យ​ព័ត៌មាន​និង​ប្រតិកម្មរហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​បដិសេធ​ពុំ​ធ្វើអត្ថាធិប្បាយ។​
មិនមែនអ្នកវិភាគ​និង​អ្នកឃ្លាំមើល​ទាំងអស់​សុទ្ធ​តែ​សង្ស័យ​លើដំណើរ​ការ​ទៅមុខ ​របស់​តុលាការ​ទាក់ទង​នឹង​សំណុំរឿង​បន្ថែម​០០៣​និង​០០៤ទេ។​ លោក ឆាំង យុ ​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឯកសារ​កម្ពុជា​បានថ្លែង​ថា ​បើទោះបីជា​មានការ​ ចៅក្រម​បាន​លាឈប់មែន​ រឿងនោះ​បាន​ជួយ​ដោះស្រាយ​ឧបសគ្គខ្លះៗ​ហើយ។​ ភាគី​អ.ស.ប. ​និង​កម្ពុជា​ក៏មាន​ភាពចាស់ទុំ​ហើយដែរ​ក្នុង​ការ​ដោះស្រាយ​ភាព​រកាំ រកូសនេះ។​ លោកថ្លែងថា ​បញ្ហានេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​មាន​សុទិដ្ឋិ​និយម​ពី​ការ​ដែល​ថា​ សំណុំរឿង​បន្ថែម០០៣​និង០០៤ ​នឹង​មិនរាំងស្ទះ​ទៅថ្ងៃ​ខាងមុខ។​ លោក​ថ្លែងថា​ សហចៅក្រមថ្មី​អាច​បំពេញ​បេសក​កម្មថ្មី​នេះ​បាន។​

«ហើយ​ជាទូទៅ​ខ្ញុំ​គិតថា​ បេសកកម្ម​នេះ​វា​ហ្នឹងផ្តល់​មក​នូវជោគជ័យ ​ដោយសារ ថា​ ផ្អែក​ទៅលើ​ការ​ដក​ពិសោធន៍​របស់ចៅក្រម​ពីររូប​ ដែល​កន្លង​ផុតទៅ​ បញ្ហាជា ច្រើន​ដែល​ជា​ឧបសគ្គ​ត្រូវ​បាន​ដោះសា្រយ​រួចហើយ។​ ហើយ​ខ្ញុំ​គិត​ថា ​វាជា​របត់ សំខាន់​មួយ​ ព្រោះនេះ​គឺ​ជា​បញ្ហាមួយ​ដែលបង្ក​ឲ្យ​មានភាព​អាប់អួរ​នៅ​ក្នុង​ តុលាការ​លើ​ជោគជ័យ​ជាច្រើន​ដែល​តុលាការ​បាន​ធ្វើ​កន្លង​មក»។​

លោក​ ឆាំង យុ ​បានអះអាង​ថា​ តុលាការ​ខ្មែរក្រហម​គាំទ្រ​ដោយ​ថវិកា​ស្ម័គ្រចិត្ត​ពីក្រុមប្រទេស​អ្នក​ផ្តល់​ជំនួយ៖​

«អញ្ចឹង​យើង​ទុកឲ្យ​សហគមន៍​ទាំងអស់​សម្លឹង​មើល​ភាព​វិជ្ជមាន​និង​ជោគជ័យ របស់​តុលាការ ​ហើយ​ស្ម័គ្រ​ផ្តល់ជួយ​ជាជាង​បង្ខំ​ ឬ​តម្រូវ​ ព្រោះនេះ​តាំងពី​ដើមមក​យើង​បាន​និយាយ​គ្នា​រួចហើយ​ថា ​គឺជា​តុលាការ​មួយ​ពឹងផ្អែក​ទាំងស្រុង​ទៅ​ លើ​ការ​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល​និង​សហគមន៍​អន្តរជាតិ។​ អញ្ចឹង​យើង​ ត្រូវ​បន្តឈរ​នៅ​លើជំហរ​នេះ ​ហើយ​ប្រឹង​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​នេះ​ជា ផល​ប្រយោជន៍​របស់​ជន​រងគ្រោះ»។​

ទោះជាយ៉ាងណា​ក៏ដោយ ​សាលាក្តី​ខ្មែរក្រហម​កំពុង​ប្រឈមមុខ​នឹងការ​ខ្វះខាត​ថវិកា។ ​

ថវិកាផ្នែក​អ.ស.ប.​អាចនឹង​អស់​នៅខែ​សីហា ​ប្រសិនបើ​គ្មាន​ការ​ផ្តល់​ថវិកា​ថ្មី។​ អ្នកការ​ទូតម្នាក់​ក្នុង​ទីក្រុង​ញូយ៉ក​ បាន​អះអាង​ក្នុង​លក្ខខណ្ឌ​មិនឲ្យ​ បញ្ចេញ​ឈ្មោះ​ថា​ តុលាការ​ត្រូវ​ការទឹកប្រាក់​ជាង​៨លាន​ដុល្លារ​ទៀត​សម្រាប់​ប្រតិ បត្តិការ​ដល់​ចុង​ឆ្នាំ​២០១២​នេះ។​ សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ទឹកប្រាក់ ៩០​លាន​ដុល្លារ​សម្រាប់​កាត់ទោស​ខ្មែរក្រហម​ក្នុងឆ្នាំ​២០១២​និង​ឆ្នាំ​២០១៣៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG