កម្ពុជាត្រូវការភស្តុតាងបន្ថែមពីរដ្ឋាភិបាលនៃប្រទេសចិន ដើម្បីសម្រចនៅក្នុងការធ្វើបត្យាប័នជនជាតិបារាំងម្នាក់ទៅកាត់ទោសនៅក្នុងប្រទេសចិន បន្ទាប់ពីអាជ្ញាធរកម្ពុជា បានចាប់ខ្លួនកាលពីចុងសប្តាហ៍មុន។
រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនលោក ប៉ាទ្រិក ដេវីល្ល័រ (Patrick Devillers) អាយុ៥២ឆ្នាំ ជនជាតិបារាំងដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងលោក បូ ស៊ីឡៃ (Bo Xilai) អ្នកនយោបាយដែលប្រឆាំងនៅក្នុងប្រទេសចិន។ កម្ពុជាមានផែនការធ្វើបត្យាប័នបុរសបារាំងនេះទៅចិន ដើម្បីប្រឈមមុខក្នុងការកាត់ទោសនៅទីនោះ។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់វីអូអេនៅថ្ងៃពុធនេះថា កម្ពុជាបានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសចិនរួចហើយ ដើម្បីធ្វើបត្យាប័នជនឧក្រិដ្ឋទៅចិន។ លោកមានប្រសាសន៍ថា យើងត្រូវការឲ្យរដ្ឋាភិបាលចិនផ្តល់ភស្តុតាងបន្ថែមទៀតពាក់ព័ន្ធនឹងលោក ប៉ាទ្រិក ដេវីល្ល័រ មុននឹងសម្រេចធ្វើបត្យាប័នទៅកាត់ទោសនៅចិន។
ទោះជាយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ មិនបានផ្តល់ព័ត៌មានអ្វីបន្ថែមទៀតទេ ពាក់ព័ន្ធទៅនឹងករណីនេះ។
«ទី១ កម្ពុជា និងចិនមានកិច្ចព្រមព្រៀងស្តីពីការធ្វើបត្យាប័ន។ ដូច្នេះជនណាមួយ ដែលប្រព្រឹត្តបទល្មើសនៅចិន ហើយគេចមកកម្ពុជា ហើយផ្ទុយទៅវិញ បើកម្ពុជាគេចទៅចិន បើតាមសំណូមពរភាគីណាមួយ ភាគីទាំងពីរលោកអាចឃាត់ខ្លួនជននោះតាមសំណូមពរភាគីអ្នកស្នើរ។ ដូច្នេះយើងអនុវត្តតាមកិច្ចព្រមព្រៀងបត្យាប័នរវាងកម្ពុជា និងចិន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅរង់ចាំចំពោះជនឈ្មោះ ប៉ាទ្រិក។ ពេលនេះយើងធ្វើតាមភស្តុតាង ជាក់ស្តែងដែលចិនលោកផ្តល់ឲ្យថាតើត្រូវធ្វើបត្យាប័នតាមណា យើងអាចនិយាយបានថា រហូតមកដល់ពេលនេះ យើងមិនទាន់ឃើញថាលោក ប៉ាទ្រិក ហ្នឹងមានទោសទណ្ឌអីនៅឡើយទេ»។
លោក ប៉ាទ្រិក ដេវីល្ល័រ ធ្លាប់បានរស់នៅទីក្រុងភ្នំពេញ ហើយលោកជាម្ចាស់កម្មសិទ្ធិដីមួយកន្លែងនៅក្នុងទីក្រុងកែប ដែលកន្លងមកលោកមិនធ្លាប់បានចោទប្រកាន់អ្វីទាំងអស់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមិនបានបញ្ជាក់អំពីការចាប់ខ្លួនជនជាតិបារាំងនេះទេ ហើយលោកបានបង្វែរសំណួរនេះទៅសួរក្រសួងមហាផ្ទៃ។
«ខ្ញុំយល់ថាទៅសួរក្រសួងមហាផ្ទៃវិញ ទូលំទូលាយជាង»។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបានអ្នកលើកទូរសព្ទនិយាយថាលោក ស ខេង កំពុងជាប់រវល់ប្រជុំ។
ស្ថានទូតបារាំងប្រចាំកម្ពុជាមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេនៅថ្ងៃពុធនេះ នៅពេលដែលបានផ្ងើសារអេឡិចត្រូនិច ទៅលោកទឹង សុលីម មន្ត្រីទំនាក់ទំនងសាធារណៈស្ថានទូតបារាំង តែលោកមិនបានធ្វើការឆ្លើយតប។
លោក ប៉ាទ្រិក ដេវីល្ល័រ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងលោកអ្នកស្រី ហ្គូ កូឡៃ (Gu Koilai) ភរិយាលោក បូ ស៊ីឡៃ អតីតអ្នកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលចិនមួយរូប ហើយលោកកំពុងជាប់ឃុំឃាំងពីបទធ្វើចារកម្មលើមន្ត្រីចិនជាន់ខ្ពស់ដោយខុសច្បាប់។
អ្នកស្រី ហ្គូ កូឡៃ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីអំឡុងខែមេសា ពីបទសង្ស័យថាជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោកនៃ ហេវូដ (Neil Heywood) ពាណិជ្ជករជនជាតិអង់គ្លេសមួយរូប។
កាសែត ញូយ៉កថែមស៍ (The New York Time) បានចុះផ្សាយថាលោក Patrik Devillers បានបដិសេធថាលោកមិនជាប់ពាក់ព័ន្ធនឹងបទល្មើសទាំងនោះទេ៕