វ៉ាស៊ីនតោន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបដិសេធសំណើសុំជួបរបស់គណបក្សជំទាស់ទាក់ទងនឹងយន្តការនៃការបោះឆ្នោត។ លោកសុខ ខេមរានៃវីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោនរាយការណ៍ថា ក្រុមគណបក្សជំទាស់ប៉ុនប៉ងធ្វើឲ្យយន្តការបោះឆ្នោតឆ្នាំ២០១៣មានលក្ខណៈសេរី និងយុត្តិធម៌ អាចទទួលយកបានពីគ្រប់ភាគី។
គណបក្សជំទាស់ធំៗពីរគឺគណបក្សសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្សបានស្នើសុំជួបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ដើម្បីផ្តល់យោបល់នៅថ្ងៃ២១មករា ដោយឃើញថា យន្តការនិងនីតិវិធីបោះឆ្នោតមិនអាចផ្តល់ភាពសេរី យុត្តិធម៌ ក្នុងពេលបោះឆ្នោត។ តែគ.ជ.ប.បានច្រានចោលសំណើរបស់គណបក្សជំទាស់ទាំងពីរចំពោះសេចក្តីព្រាងបទបញ្ជានិងនីតិវិធីបោះឆ្នោតខាងមុខ ហើយស្នើឲ្យសរសេរលិខិតជាលាយលក្ខអក្សរជាជំនួសវិញ។
លោកទេព នីថា អគ្គលេខាធិការគ.ជ.ប. បានអះអាងថា ដោយសារពេលវេលាមានកម្រិត គ.ជ.ប.បានបញ្ជូនលិខិតជាផ្លូវការទៅកាន់គណបក្សនយោបាយ អង្គការសង្គមស៊ីវិលរួចហើយ ដោយទុករយៈពេលមួយខែដើម្បីឲ្យមានការផ្តល់អនុសាសន៍តាមរយៈការសរសេរលិខិតមកគ.ជ.ប.មុនថ្ងៃ២៤មករា គឺមុនពេលមានជំនួបរួមគ្នា។
«គឺមិនជួបម្តងមួយៗទេ គឺជួបទាំងអស់គ្នា។ ហើយយើងជជែកគ្នានៅលើអនុសាសន៍ហ្នឹងទៅ ទើបបានយើងរៀបចំឯកសារផ្តល់ឲ្យគ.ជ.ប.ធ្វើការសម្រេចចិត្តដើម្បីបញ្ចូលក្នុងនីតិវិធីសម្រាប់ការបោះឆ្នោត»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.កាលពីថ្ងៃពុធ គ.ជ.ប.បានស្នើឲ្យគណបក្សសម រង្ស៉ីនិងគណបក្សសិទ្ធិមនុស្សបញ្ជូនអនុសាសន៍និងចំណុចខ្វះខាតមកដល់គ.ជ.ប. មុនថ្ងៃ២៤ មករាដែរ។
មន្ត្រីគណបក្សជំទាស់បានអះអាងថា ការជួបទល់មុខ សួរដេញដោល ហើយបកស្រាយបំភ្លឺភ្លាមៗជាការធ្វើឲ្យមានការពិភាក្សាបានស៊ីជម្រៅហើយយោគយល់គ្នាច្រើនលើបញ្ហាស្មុគស្មាញនានា។ មន្ត្រីគណបក្សជំទាស់ថ្លែងយ៉ាងដូច្នេះ ដោយយោងថា ការបោះឆ្នោតថ្ងៃទី២៨ កក្កដាឆ្នាំ២០១៣ត្រូវមានយន្តការអព្យាក្រិត្យ គ្មានការប្រើប្រាស់ទ្រព្យសម្បត្តិ ធនធានរបស់រដ្ឋ រួមមានធនធានមនុស្ស មន្ត្រីរាជការ ប៉ូលិស ទាហាន កងកម្លាំងប្រដាប់អាវុធ ដែលច្បាប់ហាមឃាត់ ដើម្បីបម្រើគណបក្ស ហើយត្រូវមានសមធម៌ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ប្រភពថវិការបស់ មន្ត្រី និងគណបក្សក្នុងពេលឃោសនា សមាសភាពមន្ត្រីគណបក្សនយោបាយក្នុងស្ថាប័នគ.ជ.ប.ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន យន្តការដោះស្រាយពាក្យបណ្តឹង ហើយនឹងការធ្វើឲ្យមានតម្លាភាពរឿងបញ្ជីឈ្មោះបោះឆ្នោតជាដើម។
នៅក្នុងលិខិតជាផ្លូវការចុះហត្ថលេខាដោយមេដឹកនាំគណបក្សទាំងពីរគឺលោកគង់ គាំ និងលោកកឹម សុខា ហើយដែលផ្ញើរទៅកាន់លោកអ៊ឹម សួស្តី ប្រធានគ.ជ.ប. កាលពីថ្ងៃទី១៥ខែមករានោះ គណបក្សជំទាស់ទាំងពីរគឺគណបក្សសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស ដែលបានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥មានការខ្វះខាតច្រើនដែលតម្រូវឲ្យគណបក្សជំទាស់ទាំងពីរផ្តល់យោបល់ដល់គ.ជ.ប. មុនពេលគ.ជ.ប.រៀបចំបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោត។
នៅក្នុងលិខិតជាផ្លូវការចុះហត្ថលេខាដោយមេដឹកនាំគណបក្សទាំងពីរគឺលោកគង់ គាំ និងលោកកឹម សុខា ហើយដែលផ្ញើរទៅកាន់លោកអ៊ឹម សួស្តី ប្រធានគ.ជ.ប. កាលពីថ្ងៃទី១៥ខែមករានោះ គណបក្សជំទាស់ទាំងពីរគឺគណបក្សសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស ដែលបានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥មានការខ្វះខាតច្រើនដែលតម្រូវឲ្យគណបក្សជំទាស់ទាំងពីរផ្តល់យោបល់ដល់គ.ជ.ប. មុនពេលគ.ជ.ប.រៀបចំបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោត។
ការបដិសេធ របស់គ.ជ.ប.មិនព្រមជួបជាមួយក្រុមជំទាស់នេះបានធ្វើឲ្យមានការមិនពេញចិត្តពីមេដឹកនាំគណបក្សជំទាស់ដែលចង់បានការកែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលអាចនាំឲ្យកម្ពុជាមានរបបប្រជាធិបតេយ្យពិតប្រាកដនោះ។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានអះអាងថា ការពន្យល់ផ្ទាល់មាត់ទៅលើសំណួរនឹងចម្លើយដែលមានការដេញដោលគ្នាជារឿងល្អ ហើយនឹងមានការយល់ដឹងច្បាស់លាស់ ប្រសិនបើមានគំនិតខ្វែងគ្នា។
«រឿងហ្នឹងហើយជាគោលបំណងធំរបស់យើង ព្រោះយើងចង់បានឲ្យមាន ការសម្របសម្រួលគ្នាដើម្បីឲ្យមានការបោះឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌។ ដល់ពេលបោះឆ្នោតហើយកុំឲ្យថា យើងប្រឆាំង យើងតវ៉ា ថាយើង មិនទទួលស្គាល់អី។ អាហ្នឹងយើងចង់ការពារមុន។ អញ្ចឹងហើយបានយើងទៅសម្របសម្រួលគ្នាមុនឲ្យហើយ»។
លោកកឹម សុខា ដែលសម្តែងពីការមិនពេញចិត្តនឹងការបដិសេធរបស់គ.ជ.ប. បានអះអាងថា កន្លងមកការសរសេរសំណើជាលាយលក្ខណ៍អក្សរមិនដែលទទួលបានលទ្ធផលជោគជ័យទេ ដោយលោកអះអាងថា គ.ជ.ប.តែងតែទុកចោល ហើយបើឆ្លើយតបវិញ គ.ជ.ប.គឺមិនពន្យល់ច្បាស់លាស់ទេ។
ចំណែកលោកកួយ ប៊ុនរឿន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ដែលជាអ្នក ជំនាញខាងការបោះឆ្នោតនៃគណបក្សសម រង្ស៉ី បានអះអាងថា ការចង់ជួប ដាច់ដោយឡែកនេះគឺចង់បង្ហាញបទពិសោធន៍និងផលវិបាកដែលគណបក្សលោកឆ្លងកាត់ ព្រោះគ.ជ.ប. មិនដែលបានទទួលយកអនុសាសន៍ ដែលធ្វើជាលាយលក្ខណ៍អក្សរទេ។
«បើគ.ជ.ប.មានសុឆន្ទៈក្នុងការចង់រុញដំណើរការបោះឆ្នោតឲ្យបានល្អតាម អនុសាសន៍របស់សហគមន៍អន្តរជាតិក្តី ប្រទេសផ្តល់ជំនួយក្តី គ.ជ.ប.គួរតែ បើកវេទិកាឲ្យគណបក្សនយោបាយ ឲ្យសង្គមស៊ីវិលហ្នឹងទៅបង្ហាញ ទៅពន្យល់អំពីអនុសាសន៍ ដែលគណបក្សនិងសង្គមស៊ីវិលចង់កែលម្អនៅក្នុងនីតិវិធីនិងបទបញ្ជាក្នុងការបោះឆ្នោតហ្នឹង ព្រោះបទបញ្ជានិងនីតិវិធីដែលគេធ្វើសេចក្តីព្រាងឲ្យមកហ្នឹងគឺគ្មានអីកែប្រែទេ គឺនៅតែដដែល។ បើការរៀបចំនៅដដែលរបៀបហ្នឹងគឺលទ្ធផលនៃការបោះឆ្នោតនឹងនៅតែដដែល គ្មានការអ្វីប្រែប្រួលទេ»។
គណបក្សជំទាស់ទាំងពីរ ដែលរួមគ្នាបង្កើតជាគណបក្សថ្មីមួយដាក់ឈ្មោះថា គណបក្សសង្គ្រោះជាតិ ហើយដែលលោកសម រង្ស៉ីជាប្រធាននោះ បានប្រកាសថា នឹងរួមគ្នាប្រជែងយកជ័យជំនះលើគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់កាប់អំណាចជាង៣០ឆាំ្ន៕