ភ្នំពេញ៖ «ចាប់ពីពេលនេះទៅយើងមានសេចក្ដីសង្ឃឹមហើយថានឹងមានការផ្លាស់ប្តូរនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ»។ នេះជាសម្តីរបស់លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបនឹងបង្កើតថ្មី។
នៅក្នុងឱកាសបើកសម្ពោធទីស្នាក់ការកណ្តាលរបស់គណបក្សកូនកាត់របស់ខ្លួនគឺគណបក្សសង្គ្រោះជាតិ នៅក្នុងទីក្រុងភ្នំពេញកាលពីរសៀលថ្ងៃអង្គារនេះ លោកសម រង្ស៊ី បានបង្ហាញសង្ឃឹមពីជ័យជម្នះនៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនេះហើយឈានទៅប្តូររបបគ្រប់គ្រងបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដែលលោករិះគន់ជាច្រើន។
«មួយទល់នឹងមួយនេះនឹងនាំមកនូវការផ្លាស់ប្តូរជាពុំខានពីព្រោះនៅក្នុងពិភពលោកគ្រប់ប្រទេសទាំងអស់បទពិសោធន៍បង្ហាញឲ្យឃើញថា ពេលណាកម្លាំងប្រជាធិបតេយ្យរួបរួមគ្នាជាធ្លុងមួយពេលនោះកម្លាំងប្រជាធិបតេយ្យនឹងដណ្តើមយកជ័យជម្នះលើពួកផ្តាច់ការជាពុំខាន»។
កម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣។
លោកសម រង្ស៊ី ក្នុងពេលនេះកំពុងស្ថិតក្នុងការនិរទេសដោយស្ម័គ្រចិត្តនៅក្រៅប្រទេស។ លោកបានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សរបស់លោកតាមប្រព័ន្ធស្កៃផ (Skype)ពីទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។
គណបក្សជំទាស់ដ៏ធំជាងគេចំនួនពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា បានព្រមព្រៀងគ្នាបង្កើតគណបក្សរួមមួយគឺគណបក្សសង្គ្រោះជាតិកម្ពុជាដោយសំដៅផ្តួលការដឹកនាំសព្វថ្ងៃរបស់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដែលកាន់អំណាចរយៈពេលជាង៣០ឆ្នាំមកហើយ។
ក៏ប៉ុន្តែជាញឹកញយមន្ដ្រីគណបក្សប្រជាជនកម្ពុជាបានអះអាងថា គណបក្សខ្លួនមិនមានការព្រួយបារម្ភពីវត្តមានគណបក្សប្រជែងថ្មីនេះទេ ហើយគណបក្សប្រជាជននៅតែសង្ឃឹមលើជ័យជម្នះរបស់ខ្លួន។
លោកសម រង្ស៊ី ត្រូវតែងតាំងជាប្រធានគណបក្សសង្គ្រោះជាតិ រីឯលោកកឹម សុខា ត្រូវតែងតាំងជាអនុប្រធានគណបក្សបង្រួបបង្រួមគ្នានេះ។ លោក កឹម សុខា មានប្រសាសន៍នៅទីក្រុងភ្នំពេញថា ឆ្នាំ២០១៣ នឹងក្លាយជាការបោះឆ្នោតមួយដែលមានអត្ថន័យ។
«នេះជាការប្រកួតមួយដ៏អស្ចារ្យ។ ព្រឹត្តិការណ៍នឹងកើតមាននៅឆ្នាំ២០១៣។ នយោបាយយើងខ្មែរតែមួយនយោបាយយើងសង្គ្រោះខ្មែរ»។
នៅក្នុងពេលនេះគណបក្សសង្គ្រោះជាតិមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៅឡើយ។ លោកសម រង្ស៊ី បានប្រកាសថា លោកទើបនឹងចុះហត្ថលេខាលើបញ្ជីស្នាមមេដៃសមាជិកគាំទ្រចំនួន៥.០០០នាក់កាលពីថ្ងៃចន្ទម្សិលមិញនេះ។ តាមច្បាប់បោះឆ្នោតនៃប្រទេសកម្ពុជា ការបង្កើតគណបក្សនយោបាយត្រូវមានសមាជិកគាំទ្រដោយស្នាមមេដៃយ៉ាងតិចចំនួន៤.០០០នាក់។ លោកសម រង្ស៊ី មានអះអាងថា គណបក្សសង្គ្រោះជាតិនឹងប្រមូលសមាជិកឲ្យបាន៥លាននាក់ពីពេលនេះរហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។ គណបក្សប្រជាជនកម្ពុជា ក៏បានអះអាងដូចគ្នានៅក្នុងពេលនេះថា ខ្លួនមានសមាជិកចំនួន៥លាននាក់រួចទៅហើយដែរ៕