ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ដែលបានបង្កើតឡើងដោយគណបក្សប្រឆាំងចំនួនពីរគឺគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានថា ខ្លួនកំពុងពិចារណាថា នឹងធ្វើពហិការមិនចូលរួមបោះឆ្នោតជាសកលដែលគ្រោងធ្វើនៅក្នុងអំឡុងខែកក្កដាឆ្នាំ២០១៣ខាងមុខនេះទេ។
ការប្រកាសរបស់គណបក្សសង្គ្រោះជាតិបានកើតមានឡើងក្រោយពីក្រសួងមហាផ្ទៃបានចា្រនចោលការទាមទាររបស់គណបក្សប្រឆាំងនេះ ដោយបានស្នើសុំឲ្យធ្វើការកំណែទម្រង់សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប.។
គណបក្សប្រឆាំងធ្លាប់បានរិះគន់ថា គ.ជ.ប.មិនព្យាក្រិត្យ លំអៀងនិងមាននិន្នាការបម្រើផលប្រយោជន៍នយោបាយឲ្យគណបក្សគ្រប់គ្រងអំណាចដែលជាដើមចមមួយធ្វើឲ្យគណបក្សនេះតែងតែឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។
មន្ត្រីគណបក្សសម រង្ស៊ីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សចំនួនបួននាក់នៅថ្ងៃព្រហស្បតិ៍នេះ បានចូលជួបពិភាក្សាគ្នាជាមួយលោកព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃដើម្បីពិភាក្សាលើខ្លឹមសារនៃការទាមទារឲ្យមានកំណែទម្រង់គ.ជ.ប.។
បន្ទាប់ពិភាក្សាអស់រយៈពេលពីរម៉ោង លោកព្រំ សុខាបានរៀបចំសន្និសីទកាសែតមួយដោយឥតព្រាងទុកថា ក្រសួងមហាផ្ទៃមិនយល់ព្រមតាមការទាមទាររបស់គណបក្សទាំងពីរឲ្យកំណែទម្រង់គ.ជ.ប.ទេ។
លោកបានលើកហេតុផលដែលមិនអាចកំណែទម្រង់គ.ជ.ប.ដោយសារខា្លចក្រែងការបោះឆ្នោតជាប់គាំង អស្ថិរភាពនយោបាយ អស្ថិរភាពសង្គម និង អស្ថិរភាពសន្តិសុខ។
«យើងនិយាយមួយម៉ាត់ថា គាំងហើយ។ ហើយបើគាំងហើយ មិនមែនមានន័យថា ជាជោគជ័យរបស់អ្នកណាមួយទេ។ ប្រជាពលរដ្ឋលោកអត់យល់ថា ហេតុអ្វីបានជាគាំង បើការបោះឆ្នោត(ឃុំសង្កាត់)ឆ្នាំ២០១៣ទើបបោះឆ្នោតថ្មីៗសោះ?»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បាននិយាយថា ប្រជាពលរដ្ឋមិនបានបោះឆ្នោតជាង១លាន៥សែននាក់ក្នុងអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនាកន្លងទៅនេះ។
លោកបានបញ្ជាក់ថា ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះនឹងមិនអាចប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ហើយអាចទទួលយកបានទេ បើមិនមានការកំណែទម្រង់គ.ជ.ប.។
លោកបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិកំពុងពិចារណាថា តើនឹងចូលរួមការបោះឆ្នោត ឬក៏យ៉ាងណា បើការបោះឆ្នោតយើងបានដឹងលទ្ធផលរួចជាស្រេច តាំងពីការរៀបចំដំបូងរហូតដល់ការប្រកាសលទ្ធផល។
«បណ្តាប្រទេសមួយចំនួនដែលគ្មានការរៀបចំបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌ ដែលរៀបចំដោយមេដឹកនាំផ្តាច់ការមួយចំនួន នៅទីបញ្ចប់ វាកើតឡើងនូវវិបត្តិសង្គម វាមានអំពើហិង្សា វាមានការបង្ហូរឈាម ដែលយើងប្រជាពលរដ្ឋខ្មែរចង់ចៀសវាង ហើយយើងខ្ញុំជាគណបក្សជំទាស់ទាំងពីរនេះក៏ចង់ចៀសវាងបំផុតនូវអំពើហិង្សាដែរ»។
លោកគុល បញ្ញា នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះខុមហ្វ្រែល បាននិយាថា ក្នុងដំណើរការកំណែទម្រង់គ.ជ.ប. គណបក្សនយោបាយគួរតែមានការជជែកនិងធ្វើការស្រុះស្រួលគ្នាទៅ ពីព្រោះបញ្ហានេះសំខាន់ណាស់ដើម្បីឲ្យដំណើរការបោះឆ្នោតមានការទុកចិត្តពីអ្នកប្រកួតប្រជែង។
«ធ្វើយ៉ាងណាឲ្យគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភាស្រុះស្រួលគ្នាទៅថា តើចង់បានគ.ជ.ប.របៀបម៉េច? របៀបរើសយ៉ាងម៉េចឲ្យមានតម្លាភាព ហើយឲ្យមានការស្រុះស្រួលគ្នាទៅ ពីព្រោះអ្នកប្រកួតហ្នឹងគឺអ្នកដែលត្រូវពិនិត្យមើលសមាសភាពស្ថាប័នគ.ជ.ប.»។
សមាសភាពគ.ជ.ប.បច្ចុប្បន្ននេះមានចំនួន១១រូប ភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា៕