ភ្នំពេញ៖ មន្ដ្រីមកពីអង្គការឃ្លាំមើលការបោះឆ្នោត ក្រសួងមហាផ្ទៃ ស្ថាប័នព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សនយោបាយសំខាន់ៗចំនួនបីនិងមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានពិភាក្សាគ្នាជាលើកដំបូងកាលពីព្រឹកថ្ងៃពុធនេះដើម្បីពិគ្រោះយោបល់ស្វែងរកការកែលម្អបទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត។ ក៏ប៉ុន្តែនៅមិនទាន់មានការព្រមព្រៀងគ្នាណាមួយនោះទេ។
យោងតាមក្រុមមន្ដ្រីសង្គមស៊ីវិលនិងមន្ដ្រីផ្លូវការរបស់គជបភាគីនិមួយៗបានផ្តល់អនុសាសន៍ដល់គជប ប៉ុន្តែការពិភាក្សាទើបតែបានបួនទំព័រក្នុងចំណោមអនុសាសន៍ដែលមាន១៦ទំព័រដាក់ជូនគជប ពីគ្រប់ភាគី។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថាខុមហ្វ្រែលបានថ្លែងក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃពុធនេះថាមានការពិភាក្សាគ្នាច្រើនលើការបង្កើតគណៈកម្មការជ្រើសរើសគណៈកម្មការបោះឆ្នោតថ្នាក់ក្រោមមានជាអាទិ៍នៅថ្នាក់ខេត្ត ស្រុក ឃុំនិងសង្កាត់និងការដាក់ទីផ្សារសម្រាប់ចូលឃោសនាជាដើម។
«ព្រឹកម៉ិញហ្នឹង ជជែករឿងហ្នឹងច្រើន មានការជជែកគ្នាច្រើនអំពីរឿងកន្លែងសាធារណៈមួយចំនួន គឺថាទទួលការរើសអើងគឺថារារាំងឧទាហរណ៍ជាពិសេសនៅតាមទីផ្សារ។ លើកនេះយើងឲ្យយោបល់ទៅគជបថានៅក្នុងបទបញ្ជាហ្នឹងគួរតែមានការនិយាយឲ្យច្បាស់អំពីបញ្ហារឿងទីផ្សារនេះ។ ធ្វើយ៉ាងម៉េចឲ្យគណបក្សនយោបាយគេចូលបាននៅក្នុងទីផ្សារ ធ្វើការឃោសនា។ ក៏ប៉ុន្តែគ្រាន់តែថាឲ្យមានរបៀបរៀបរយទៅ»។
ខុមហ្វ្រែលរួមជាមួយអង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួនទៀតដូចជាអង្គការនិកហ្វិក និងគណបក្សក្រៅរដ្ឋាភិបាលចំនួនពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលគណបក្សទាំងពីរបានច្របាច់បញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិបានផ្តល់អនុសាសន៍ចំនួន១៦ចំណុចដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ក្នុងចំណោមអនុសាសន៍ទាំងនោះរួមមានការបង្កើតគណៈកម្មការជ្រើសរើសនិងត្រួតពិនិត្យការតែងតាំងសមាជិកបោះឆ្នោតនៅមូលដ្ឋាន ការរៀបចំយន្តការឃោសនាបោះឆ្នោតតាមទីប្រជុំជននិងទីសាធារណៈ ការប្រើប្រាស់ស្លាកសញ្ញាគណបក្សនិងឧបករណ៍ឃោសនា ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូន ការពង្រឹងអព្យាក្រិតភាពកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីតុលាការជាដើម។
លោកនី ចរិយា អ្នកសម្របសម្រួលមកពីអង្គការការពារសិទ្ធិមនុស្សអាដហុកបានថ្លែងក្នុងសនិ្នសីទកាសែតនោះដែរថាអនុសាសន៍ទាំង១៦ចំណុចនឹងជួយពង្រឹងឯករាជ្យភាពរបស់គជប ប្រសិនបើស្ថាប័នរៀបចំការបោះឆ្នោតជាតិនេះទទួលយក។
«ចំណុចទាំង១៦នេះហើយដែល ជាចំណុចសំខាន់ធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតអាចទទួលយកបាន និងបញ្ជាក់អំពីភាពឯករាជ្យរបស់គណៈកម្មការរៀបចំការបោះឆ្នោត។ អីចឹងឯករាជ្យភាពរបស់គជប គឺឋិតនៅទៅលើ១៦ចំណុចនេះឯង»។
លោកទេព នីថា អគ្គលេខាធិការ គជប បានទទួលស្គាល់ថាមានការឯកភាពគ្នាតែលើការកែសម្រួលពាក្យពេចន៍តែប៉ុណ្ណោះ។ ដោយឡែកអនុសាសន៍មួយចំនួនមានលក្ខណៈជាចរិតនយោបាយនិងមិនស្របតាមគោលការណ៍ច្បាប់។
«ករណីខ្លះហ្នឹងស្នើសុំមកគឺផ្ទុយនឹងច្បាប់។ កាលណាវាមិនត្រឹមត្រូវតាមច្បាប់ គជប មិនអាចធ្វើតាមបានទេ។ ដូចជាឧទាហរណ៍គាត់ឲ្យបង្កើតគណៈកម្មាធិការជ្រើសរើសគណៈកម្មាធិការបោះឆ្នោតនៅថ្នាក់ខេត្តដោយមានគណបក្សនយោបាយដែលមានអសនៈនៅសភាចូលរួម។ ច្បាប់ឥតមានឲ្យធ្វើអីចឹងទេ។ ច្បាប់ប្រគល់ការងារហ្នឹងឲ្យគជប។ គជបឥតមានសិទ្ធិទៅបង្កើតគណៈកម្មាធិការមួយដែលមានគណបក្សនយោបាយអីទៅជ្រើសរើសទេ»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។
គណបក្សប្រឆាំងនិងអង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួនបានរិះគន់ការចាត់វិធានការរៀបចំការបោះឆ្នោតរបស់ គជប ដោយផ្តល់ចំណេញដល់គណបក្សកាន់អំណាចជាពិសេសសមាជិកក្នុងអង្គរៀបចំការបោះឆ្នោតជាអ្នកគាំទ្រដល់បក្សកាន់អំណាច។
លោកទេព នីថា មានប្រសាសន៍ថាកិច្ចប្រជុំជាមួយបក្សនយោបាយនិងអង្គការសង្គមស៊ីវិលនឹងត្រូវលើកទៅធ្វើនៅពេលក្រោយបន្តទៀតប៉ុន្តែមិនទាន់មានការកំណត់ពេលវេលានៅឡើយ៕