ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ប្រទេស​អនុតំបន់​ទន្លេ​មេគង្គ​រក​មធ្យោបាយ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស


ផ្ទាំង​​រូបភាព​​​​​នៅ​ប្រទេស​​ថៃ ណែនាំ​​ដល់​​នារី​​ក្មេងៗ​ដើម្បី​ឲ្យ​​ជៀស​ផុត​​ពី​​ការជួញដូរ។
ផ្ទាំង​​រូបភាព​​​​​នៅ​ប្រទេស​​ថៃ ណែនាំ​​ដល់​​នារី​​ក្មេងៗ​ដើម្បី​ឲ្យ​​ជៀស​ផុត​​ពី​​ការជួញដូរ។

បណ្តា​ប្រទេស​នៅ​ក្នុង​អនុតំបន់​ទន្លេមេគង្គ​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថៃ្ង​ពុធ​នេះ​ដើម្បី​រិះរក​មធ្យោបាយ​ឲ្យកាន់​តែ​មាន​ប្រសិទិ្ធ​ភាព ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបតិ្តការ​អន្តរជាតិ​លើ​ការ​ស៊ើប​អង្កេត ​និង​ការ​ផ្តន្ទាទោស​ពួក​ជួញដូរ​មនុស្ស។

អ្នក​ចូលរួម​ចំនួន​៤៥​នាក់​មក​ពី​ប្រទេស​ចំនួន​ប្រាំមួយ​នៅ​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ​ រួមមាន​ប្រទេស​កម្ពុជា ​ប្រទេស​ចិន​ ប្រទេស​ឡាវ​ ប្រទេស​ភូមា​ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ បាន​ចាប់​ផ្តើម​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់​បី​ នៅ​ក្នុង​សិក្ខា​សាលា​រយៈពេល​បី​ថ្ងៃ ​គឺ​កិច្ច​សហ​ប្រតិបតិ្តការ​ក្រៅ​ផ្លូវការ​រវាង​នគរបាល​នៃ​ប្រទេស​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ​ កិច្ចសហ​ប្រតិបតិ្តការ​ផ្លូវការ​លើ​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​ និង​តួនាទី​របស់​ទីភ្នាក់ងារ​ជួយ​គាំពារ​ជន​រងគ្រោះ។

លោកស្រី​ Lisa Rende Taylor ​ប្រធាន​ទីប្រឹក្សា​បចេ្ចកទេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ UNIAP ​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ នៅ​ក្នុង​ពេល​សម្រាក​ពិសា​កាហ្វេ​ថា​ តាម​ការ​ប៉ាន់ស្មាន​ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​២០០០០​នាក់​ត្រូវ​បាន​គេ​ជួញ​ដូរ​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​តួលេខ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់។

លោកស្រី​ Lisa Rende Taylor​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​ទម្រង់​ច្រើន​យ៉ាង​ណាស់។​ ដូច្នេះ​ វា​ពិបាក​ មិនអាច​គូរ​ទម្រង់​តាម​តែ​វិធី​មួយ​ប៉ុណ្ណោះ​ទេ។​ មាន​ករណី​ជួញដូរ​ផ្លូវភេទ​ជា​ច្រើន​ ព្រមទាំង​មាន​ករណី​ជួញដូរ​ពលកម្ម​ជា​ច្រើន»។

ការ​សិក្សា​របស់​អង្គការ​សហ​ប្រជាជាតិ​ UNIAP​ ក្នុង​ឆ្នាំ​២០០៨​ ឆ្នាំ​២០០៩​ និង​២០១០​បាន​រក​ឃើញ​ថា​ មាន​ការ​ជួញដូរ​មនុស្ស​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​ច្រើន​រាប់រយ​ពាន់​នាក់​ ដើម្បី​ស្វែង​រក​ការងារ​ធើ្វ។

លោកស្រី​ Lisa Rende Taylor​ បាន​លើកឡើង​ថា​ ប្រជាពលរដ្ឋ​ខែ្មរ​ទាំង​នេះ​អាច​នឹង​ត្រូវ​គេ​ជួញ​ដូរ​ និង​ធើ្វ​អាជីវកម្ម​ដោយ​ងាយ​ស្រួល។

លោក​អង្គ ​វង្សវឌ្ឍានា​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ បាន​ថែ្លង​បើក​សិក្ខា​សាលា​នេះ​ថា ​ការ​ឆ្លើយ​តប​ថ្នាក់​តំបន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​គឺ​ជា​ជម្រើស​ដ៏​មាន​ប្រសិទិ្ធភាព​យ៉ាង​ពិត​ប្រាកដ។

«ផែនការ​សកម្មភាព​អនុតំបន់​ទី​៣ ​ដែល​បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​២០១១​ រហូត​ដល់​ឆ្នាំ​២០១៣​ ទាមទារ​ឲ្យ​រដ្ឋ​ជា​សមាជិក​កំណត់​អំពី​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​ឆ្លើយតប​ នា​ពេល​បច្ចុប្បន្ន​ ចំពោះ​ការ​ជួញដូរ​មនុស្ស​ក្នុង​មហា​អនុតំបន់​ និង​ចាត់​វិធានការ​ដោះស្រាយ​ភាព​ខ្វះ​ចន្លោះ​ទាំង​នោះ​ឲ្យ​បាន​ប្រសិទិ្ធភាព។​ សិក្ខា​សាលា​នា​ពេល​នេះ​គឺ​ជា​ឧបករណ៍​មួយ​ក្នុង​ជំហាន ​ដែល​កំពុង​អនុវត្ត​ដើម្បីកំណត់​ការវិវត្ត​ ដែល​បាន​ធ្វើ​កន្លង​មក​ក្នុង​កិច្ច​សហ​ប្រតិបតិ្តការ​ដើម្បី​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ និង​កំណត់​វិស័យ​ដែល​គួរ​ពង្រឹង​បន្ថែម»។

លោក​ឧត្តមសេនីយ៍​ទោ ​ជីវ​ ផល្លី អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ​បាន​ថែ្លង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ក្រៅ​កិច្ចប្រជុំ​ថា​ ការ​ជួញដូរ​មនុស្ស​ឆ្លងដែន​ទៅ​ធើ្វ​ជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ​មាន​សភាព​ស្ងាត់​ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​នៅ​តែ​ខំ​ប្រឹងប្រែង​ទប់ស្កាត់​ករណី​ជួញដូរ​មនុស្ស​នេះ។

«សិក្ខា​សាលា​នេះ​គឺ​មាន​សារៈសំខាន់​សម្រាប់​កិច្ច​សហ​ប្រតិបតិ្តការ​អន្តរ​ជាតិ​ទាក់ទិន​ទៅ​នឹង​ប្រទេស​នៅ​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ ​ហើយ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទង​ទៅ​នឹង​ការ​ជួយ​ជន​រងគ្រោះ​ និង​ការ​ផ្តន្ទាទោស​ជន​ល្មើស។​ យើង​មិន​ចង់​ឲ្យ​មាន​និទណ្ឌភាព​ក្នុង​ការ​ជួញដូរ​មនុស្ស​នេះ​ទេ»។

ពលករ​ខ្មែរ​ជាង​៦០​នាក់​ ដែល​ត្រូវ​បាន​ជួញ​ដូរ​ឲ្យ​ទៅ​ធើ្វ​ជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ចុង​ឆ្នាំ​២០១១ ​បន្ទាប់​ពី​បាន​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី៕

XS
SM
MD
LG