ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ស្រឡាញ់​ភេទ​ដូច​គ្នា​សុំ​បញ្ឈប់​ការ​រើសអើង


បាតុករ​​ខ្មែរ​ម្នាក់​​បិទ​ផ្លាក​នឹង​មាត់​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​​​​ចំពោះ​មនុស្ស​ស្រឡាញ់​ភេទ​​ដូច​គ្នា (LGBT) នៅ​មុខ​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
បាតុករ​​ខ្មែរ​ម្នាក់​​បិទ​ផ្លាក​នឹង​មាត់​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​​​​ចំពោះ​មនុស្ស​ស្រឡាញ់​ភេទ​​ដូច​គ្នា (LGBT) នៅ​មុខ​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា ​មនុស្ស​ស្រឡាញ់​ភេទ​ទាំង​ពីរ​ និង​មនុស្ស​កែប្រែ​ភេទ ​ដែល​ហៅកាត់​ថា ​LGBT ​សរុប​ជាង​៧០​នាក់​មក​ពី​បណ្តា​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេសបាន​ត្អូញ​ត្អែរ​ថា​ពួកគេ​ត្រូវ​សង្គម​បោះ​បង់​ចោល​និង​ទទួល​រង​ការរើស​អើងនិង​ការ​រំលោភ​ផ្សេងៗ។

ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​លើក​ដំបូង​ស្តី​ពី​ LGBT ​ដែល​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ក្នុង​ក្រុង​ភ្នំពេញ​ លោក វីរៈ​ ដែលជា​បុរស​ស្រឡាញ់ភេទ​ដូចគ្នា​ម្នាក់លើកឡើង​ថា​ លោក​ធ្លាប់​ត្រូវ​បាន​ឪពុក​លោក​គំរាម​កាត់​កាល​ចោល​ដោយ​សារ​លោក​ជា​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា។​

«ខ្ញុំ​បាន​ជួប​ប្រទះ​នៅ​ពេល​ខ្ញុំ​ចូលរួម​សិក្ខាសាលា​មួយ​បង្ហាញ​ពី​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា​ហើយ​នៅ​ពេល​ហ្នឹង​ខ្ញុំ​បាន​បង្ហាញ​ថា​ខ្ញុំ​ជា​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា បន្ទាប់​មក​ប៉ា​របស់​ខ្ញុំ​ទូរស័ព្ទ​មក​រក​កាត់​កាល​ខ្ញុំចោល។ ខ្ញុំ​ជជែក​ជាមួយ​គាត់​វិញ ខ្ញុំ​ធ្វើ​អ្វី​ខុស​គ្រាន់​តែ​ស្រឡាញ់មនុស្ស​ភេទ​ដូចគ្នា​ហ្នឹង»។

លោក វីរៈ​បន្ថែម​ថា នេះ​ជា​វេទិកា​ដ៏​កម្រ​មួយបាន​ផ្តល់​ឱកាស​ដល់​ពួក​លោក​ដែល​មាន​មនោសញ្ចេត​នា​ខុស​ប្លែក​ពី​មនុស្ស​ភាគ​ច្រើន​នោះ​សំដែង​ពី​ទុក្ខ​លំបាក​របស់ខ្លួន​ប្រាប់​សាធារណជន​ហើយ​ពួក​ខ្លួន​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ក្នុង​សង្គម។

លោក យ៉ា សុថានវុធ ​ហៅ​ក្រៅ​ថា«​ចែ​មុំ» ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ។​ លោក​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នាដែរ។ លោក​បាន​លើក​ពី​ការ​រឿសអើង​ក្នុង​ការ​ផ្តល់​ការងារ​ដល់​រូបលោក។​

«ពេល​ជាប់​ឈ្មោះ​ជាប់​ខ្ញុំ ស្រាប់​តែ​ពេល​យក​ខ្ញុំ​ទៅ​សម្ភាស​ជាមួយ​នាយកសាលា​ផ្ទាល់​ គាត់​មិន​ហ៊ាន​និយាយ​ថា​ខ្ញុំ​មិន​ត្រូវ​បាន​ទទួល​ទេ ប៉ុន្តែ​គាត់​ឱ្យ​ខ្ញុំ​ចាំ​សិន។ ឥឡូវ​៤​ខែ​ហើយ​ខ្ញុំ​មិន​ត្រូវ​បាន​ហៅ​បន្តិច​សោះ។ ខ្ញុំ​និយាយ​ឱ្យ​ត្រង់​ទៅ​ធ្លាប់​មាន​ការ​អន់​ចិត្ត​ក្នុង​សង្គម​របស់​ខ្មែរ​យើង​ដែល​គាត់​មិន​ទាន់​បើក​ចិត្ត​គំនិត​ឱ្យ​ទូលាយ។ គាត់​ត្រូវ​តែ​បែងចែក​អ្នក​ណា​ដែល​អាច​ធ្វើ​ការ​បាន អ្នក​ណា​ដែល​មិន​អាច​ធ្វើ​ការ​បាន។ រឿង​អ្វី​ដែល​គាត់​ត្រូវ​បញ្ជាក់​អំពី​រឿង​ភេទ»។

សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា ​មនុស្ស​ស្រឡាញ់​ភេទ​ទាំង​ពីរ​ និង​មនុស្ស​កែប្រែ​ភេទ ​ហៅ​ថា​ LGBT​ ប្រហែល​ជាង​មួយ​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​លោកស្រ៊ុន ស្រ៊ន ទីប្រឹក្សា ​LGBT ​របស់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា។

ប៉ុន្តែ​លោក​អះអាង​ថា ​តួលេខ​នេះ​រាប់តែ​ជន​ក្នុង​ក្រុម​នេះ​ដែល​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​តែ​ប៉ុណ្ណោះ។

លោក​ស្រ៊ុន ស្រ៊ន ​ប៉ាន់​ប្រមាណ​ថា ​តួលេខ​ពិតប្រាកដ​នៃ​ក្រុម​ LGBT ​អាច​មាន​ចំនួន​លើស​ពី​នេះ។

ហើយក្រុម ​LGBT​ មាន​ទាំង​ជនជាតិ​ដើម​ភាគតិច​និង​ជនជាតិ​ខ្មែរ​ឥស្លាម​ផង​ដែរ។

លោក ស៊្រុន ស៊្រន បញ្ជាក់​បន្ថែម​ថា​ សព្វថ្ងៃ​នេះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ច្បាប់​និង​គោល​នយោបាយសម្រាប់​មនុស្ស​ប្រភេទ​ LGBT​ នេះ​នៅ​ឡើយ​ទេ​ ហើយការ​បោះបង់​និង​ការ​រើស​អើង​ពួកគេ​ជា​ការ​ខាតបង់​មួយ​របស់​សង្គម។

«ដោយ​យើង​មើល​ឃើញ​អញ្ចេះ ដោយ​មើល​ឃើញ​មិត្ត​ភ័ក្ត​ខ្ញុំ​ដែល​ចេះ​ដឹង​ហើយ​មិន​អាច​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​បាន​គាត់​ទៅ​នៅ​អូស្ត្រាលី អាមេរិក សិង្ហបុរី គឺ​នៅ​ប្រទេស​ដែល​មាន​ភាព​កក់ក្តៅ​ជាង។ ដូច្នេះ​ធនធាន​មនុស្ស​ដែល​ល្អៗ​មិន​អាច​មាន​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​បាន គាត់​នឹង​រត់​ចេញ។ ហើយ​ធនធាន​មនុស្ស​ដែល​មិន​ត្រូវ​បាន​អភិវឌ្ឍ​ហ្នឹង គឺ​គាត់​លក់ផ្លូវ​ភេទ ប្រើប្រាស់​គ្រឿងញៀន ដើរ​លួច​ឆក់​ប្លន់​គេ ដូច្នេះ​អ្នក​ដែល​នៅ​មិន​បាន​អភិវឌ្ឍ​គឺ​នៅ​ដោយ​បែប​ហ្នឹង»។

សូម​បញ្ជាក់​ថា​សិក្ខាសាលា​ស្តីពី ​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា ​មនុស្ស​ស្រឡាញ់​ភេទ​ទាំង​ពីរ​ និង​មនុស្ស​កែប្រែ​ភេទ​នេះ​គាំទ្រ​ដោយឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​គាំទ្រ​ដោយទី​ភ្នាក់ងា​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក(USAID) ​និង​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ(UNDP)។

ក្រោយ​ពី​បញ្ចប់​សិក្ខាសាលា​នេះ ក្រុម​សិក្ខាកាម​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដើម្បី​ស្វែងរក​ការ​លើក​ទឹកចិត្ត និង​បញ្ឈប់​អំពើ​ហិង្សា​និង​ការ​រើសអើង​ទៅ​លើ​ពួកគេ​ពី​សំណាក់​ក្រុម​គ្រួសារ នៅ​ក្នុង​វិស័យ​អប់រំ សារព័ត័មាន ​និង​សេវា​សាធារណៈ។ សេចក្តី​ថ្លែងការណ៍​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋពាក់​ព័ន្ធដូចជា​ក្រសួង​កិច្ចការ​នារី ក្រសួង​សុខាភិបាល និង
​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ជា​ដើម៕
XS
SM
MD
LG