ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​កម្មករ​ចូលរួម​រំឭក​ខួប​លើក​ទី​៨ ​នៃ​ការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា


លោក​ប៊ន ​សំណាង ​(ស្តាំ) និង​លោក ​សុខ ​សំអឿន (ឆ្វេង) ​ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ថា​ ជា​ឃាតករ​សប្បនិម្មិត​នោះ​មិន​មាន​វត្តមាន​នៅ​ក្នុង​ពិធី​រំឭក​ខួប​ការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា​ឆ្នាំ​នេះ​ទេ។
លោក​ប៊ន ​សំណាង ​(ស្តាំ) និង​លោក ​សុខ ​សំអឿន (ឆ្វេង) ​ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ថា​ ជា​ឃាតករ​សប្បនិម្មិត​នោះ​មិន​មាន​វត្តមាន​នៅ​ក្នុង​ពិធី​រំឭក​ខួប​ការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា​ឆ្នាំ​នេះ​ទេ។

ក្រុម​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់​ប្រមាណ​ជាង​៥០​នាក់​ ដែល​ដឹកនាំ​ដោយ​សហជីព​សេរីកម្មករ​កម្ពុជា​របស់​លោក​ជា​ មុន្នី ​បាន​ចូលរួម​រំឭក​ខួប​លើក​ទី​៨​នៃ​ការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា​ មេដឹកនាំ​សហជីព​សេរីកម្មករ​ដ៏​ល្បីល្បាញ​កាល​ពី​ឆ្នាំ​២០0៤។

ការ​ចូលរួម​របស់​កម្មករ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លើក​នេះ​មាន​ភាព​ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​មុនៗ ​ដោយ​ក្រុម​កម្មករ​មិន​បាន​ដើរ​ក្បួន​ដង្ហែ​ដោយ​ថ្មើរ​ជើង​ទេ ​គឺ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ ​តាម​រថយន្ត​ និង​តាម​ម៉ូតូ​កង់​បី​ខ្លះ ​ដោយ​គ្មាន​ស្រែក​ឧគ្ឃោសនសព្ទ​បំពង​សម្លេង ​និង​គ្មាន​កម្លាំង​សមត្ថកិច្ច​ឈរ​យាមកាម​តាម​ផ្លូវ​មាំទាំ​ទេ ​គឺ​មាន​ចំនួន​តិចតួច​តែ​ប៉ុណ្ណោះ។

ការ​គោរព​វិញ្ញាណ​ក្ខន្ធ​យ៉ាង​ស្ងាត់ស្ងៀម​របស់​សហជីព​សេរីកម្មករ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​យល់ព្រម​ឲ្យ​សាងសង់​រូប​សំណាក​លោក​ជា ​វិជ្ជា​ នៅ​លើ​សួនច្បារ​មួយ​កន្លែង​ក្បែរ​វត្ត​លង្កា ​ជា​ទីកន្លែង​នៃ​ការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា។

លោក​ជា ​មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​លោក​ជា ​វិជ្ជា​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​កន្លែង​គោរព​វិញ្ញាណ​ក្ខន្ធ​ថា​ ការ​ដើរ​ក្បួន​ដង្ហែ​យ៉ាង​ស្ងាត់ស្ងៀម​នេះ​ ដោយសារ​តែ​គោរព​ច្បាប់​នៅ​ពេល​ដែល​កម្ពុជា​កំពុង​តែ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា។

«ដោយសារ​តែ​មាន​ការ​ប្រជុំ​ពីរ​លើក​ជាមួយ​នឹង​[សាលា]​ក្រុង​ភ្នំពេញ ​ក្រុង​ភ្នំពេញ​គេ​ថា​ មិន​មាន​ការ​ហាមឃាត់​ក្បួន​របស់​សហជីព​សេរីកម្មករ​មក​ដាក់​កម្រង​ផ្កា​ទេ។ ​ហើយ​គេ​មិន​ឃាត់ឃាំង​ទេ​ក្នុង​ការ​ស្រែក​ក្នុង​ការ​អី ​ប៉ុន្តែ​យើង​គោរព​ក្រម​សីលធម៌​មួយ​ ដោយសារ​តែ​ឆ្នាំ​នេះ​គឺ​ជា​ការ​បោះឆ្នោត​ព្រឹទ្ធសភា ​ហើយ​គជប​បាន​ហាមឃាត់»។

លោក​គង់​ គាំ ​ប្រធាន​ស្តីទី​គណបក្ស​សម ​រង្ស៊ី​ បាន​ផ្តល់​ថវិកា​ចំនួន​១​លាន​រៀល​គឺ​ស្មើនឹង​ប្រមាណ​ជាង​២០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដល់​លោក​ជា ​មុន្នី ​ដើម្បី​ឲ្យ​ធ្វើ​រូប​សំណាក​លោក​ជា ​វិជ្ជា។

លោក​គង់ គាំ​បាន​មាន​ប្រសាសន៍​ថា ​លោក​គាំទ្រ​ក្រុម​គ្រួសារ​លោក​ជា ​វិជ្ជា​ ដើម្បី​វែក​មុខ​រក​ឃាតករ​ពិតប្រាកដ​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់។

«ខ្ញុំ​គាំទ្រ​លោក​ជា ​មុន្នី ​គាំទ្រ​គ្រួសារ​សព​លោក​ជា ​វិជ្ជា​ ហើយ​នឹង​មជ្ឈដ្ឋាន​ផ្សេងៗ​ ដែល​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​បន្ត​វែកមុខ​រក​ឃាតករ​លើ​រូប​ជា​ វិជ្ជា​ ឲ្យ​បាន​ពិត​ប្រាកដ»។

ចំណែក​លោកស្រី​មួរ ​សុខហួរ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម​ រង្ស៊ី ​បាន​ចែក​ឌីស្ហ​ថត​ចម្លង​មួយ​ដែល​អ្នកស្រី​បាន​និយាយ​ជា​សាធារណៈ​ថា​ នេះ​ជា​ភស្តុតាង​មួយ​បន្ថែម​ទៀត ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើបអង្កេត​ស្វែងរក​ចាប់​ខ្លួន​ឃាតករ​ពិត​ប្រាកដ​មក​កាត់​ទោស។

«យើង​ដឹង​ហើយ ​រដ្ឋ​មិន​ទាន់​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចាប់ឃាតករ​ និង​អ្នក​បញ្ជា​នោះ​ទេ។​ យើង​ជា​ពលរដ្ឋ​ខ្មែរ​ យើង​មិន​អាច​រស់នៅ​ដោយ​មាន​សុវត្ថិភាព​បាន​ទេ។ ​ឥឡូវ​ខ្ញុំ​សួរ​មែន​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​ចាប់​បាន​ទេ»។

លោក​រ៉ុង​ ឈុន ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​កម្ពុជា ​និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ​សហជីព​សេរី​កម្មករ​ ​និងសមាគម​គ្រូ​បង្រៀន​រង់ចាំ​មើល​ថា ​ពេល​ណា​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ជូន​លោក​ជា ​វិជ្ជា ​និង​សាច់​ញាតិ​ក្រុម​គ្រួសារ​សព​របស់​លោក។

«ថ្ងៃ​នេះ​ គម្រប់​ប្រាំបី​ឆ្នាំហើយ​មិន​ទាន់​បាន​រក​ឃាតករ​ពិត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់។​ បើ​យើង​ស្តាប់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ គ្រាន់​តែ​យើង​បន្ត​ការ​ស៊ើប​អង្កេត។ ​សួរ​ថា​ បន្ត​នៅ​ពេល​ណា? ​ប៉ុន្តែ​អ្វី​ដែល​យើ​បន្ត​មក​ដល់​ពេល​នេះ​ឥត​មាន​ឃើញ​នូវ​លទ្ធផល​ នូវ​ការ​ប្រែប្រួល​ណាមួយ​សោះ»។

លោក​ជា ​វិជ្ជា ​អតីត​មេដឹកនាំ​សហជីព​សេរីកម្មករ​ដ៏​ល្បីល្បាញ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ត្រូវ​បាន​ឃាតករ​ដើរ​ចូល​បាញ់​យ៉ាង​កៀក​បំផុត​ នៅ​ពេល​ដែល​លោក​កំពុង​តែ​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​ជិត​វត្ត​លង្កា ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មករា ​ឆ្នាំ​២០០៤។ ​រយៈពេល​ប្រាំបី​ឆ្នាំ​បន្ទាប់​ពី​ការ​បាញ់​លោក​ជា​ វិជ្ជា​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ឃាត់ករ​ពិតប្រាកដ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។ ​ក៏ប៉ុន្តែ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្លាប់​បាន​អះអាង​ថា​ សំណុំរឿង​ដ៏​រសើប​មួយ​នេះ​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

លោក​ប៊ន ​សំណាង ​និង​លោក ​សុខ ​សំអឿន ​ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ថា​ ជា​ឃាតករ​សប្បនិម្មិត​នោះ​មិន​មាន​វត្តមាន​នៅ​ក្នុង​ពិធី​រំឭក​ខួប​ការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា​ឆ្នាំ​នេះ​ទេ៕

XS
SM
MD
LG