ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​កម្មករ​ប្តឹង​នាយក​ក្រុមហ៊ុន​ទូរស័ព្ទ​ពីបទ​មិន​គោរព​ច្បាប់​ការងារ​


ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​របស់​ Mfone ​ជា​កម្មសិទ្ធិ​របស់​លោក​ថាក់ ស៊ីនស៊ីណាវ៉ាត់​ ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​។​
ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​របស់​ Mfone ​ជា​កម្មសិទ្ធិ​របស់​លោក​ថាក់ ស៊ីនស៊ីណាវ៉ាត់​ ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​។​
ភ្នំពេញ​៖ សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃអង្គារ៍​នេះ​ បាន​ចេញ​មុខ​ប្តឹង​នាយក​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​មួយ​ទៅ​ក្រសួង​ការងារ​ដោយ​ចោទ​ប្រកាន់​ថា​ ក្រុម​ហ៊ុននេះ​មិន​បាន​គោរព​ច្បាប់​ការងារ។​

ការ​ដាក់ពាក្យ​បណ្តឹង​នេះ​បាន​កើតមាន​ឡើង ​ក្រោយពី​តំណាង​បុគ្គលិក​ទូរស័ព្ទ​ចល័ត​ Mfone​ ប្រមាណ​២៥​នាក់​ ដែល​តំណាង​ឲ្យ​បុគ្គលិក​សរុប​៥៤​នាក់​ បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​របស់​សហ​ជីព​សេរី​កម្មករ​ដោយ​សារ​តែ​ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ដោយ​គ្មាន​ហេតុផល។​

ពាក្យ​បណ្តឹង​មួយច្បាប់​របស់​សហជីព​សេរីកម្មករ​ដាក់​ទៅក្រសួង​ការងារ​បាន​ចោទប្រកាន់​ថា​ នាយក​ក្រុមហ៊ុន​Mfone​បាន​ព្យួរការងារ​បុគ្គលិក​ដោយ​ពុំបាន​ផ្តល់​ប្រាក់​បៀវត្ស​ឡើយ ​ចាប់​តាំងពី​ខែ​វិច្ឆកា​ឆ្នាំ​២០១២​រហូត​មកដល់​ខែ​មករា​ឆ្នាំ​២០១៣។​

ពាក្យបណ្តឹង​ដដែល​បាន​ចោទប្រកាន់​ថា​ ក្រុមហ៊ុន​មាន​ចេតនា​បញ្ឈប់​បុគ្គលិក​ទាំង​នោះ ​ដោយ​ពុំបាន​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ទៅ​តាម​ច្បាប់​ស្តីពី​ការងារ​ទេ។​

លោក​ស្រី​សំ ស្រីមុំ ​អគ្គលេខាធិការ​រង​នៃ​សហ​ជីព​សេរីកម្មករ​ បាន​និយាយ​ថា​ សហ​ជីព​ចង់​ឲ្យក្រុម​ហ៊ុន​ទទួល​កម្មករ​ចូល​ធ្វើការ​វិញ។​

«ប្តឹង​ទា​មទារ​ឲ្យ​ក្រុមហ៊ុន​ ទីមួយ​ ទទួល​ពួកគាត់​ចូលធ្វើការ​វិញ។​ ទីពីរ​បើ​ក្រុម​ហ៊ុនមិន​ទទួល​ពួកគាត់​ចូលធ្វើ​ការ​ទេ​ ក្រុមហ៊ុន​ត្រូវ​តែ​ទូទាត់​ស្តីពី​ច្បាប់​ការងារ»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​កុយ ទេពតារាវុធ ​ប្រធាន​នាយក​ដ្ឋាន​វិវាទ​ការងារ​របស់​ក្រសួង​ការងារ​ ដើម្បី​សុំអត្ថាធិប្បាយ​ តែមិន​អាច​ទាក់ទង​បានទេ។​
កាលពី​ដើម​ខែ​វិច្ឆកា​ឆ្នាំ​២០១២ ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​Mfone​ បានផ្អាក​ការងារ​បុគ្គលិកបម្រើ​ផ្នែក​អតិថិជន​ ដែល​ភាសារ​អង់គ្លេស​ហៅថា​ Tele Marketing ​ចំនួន​ប្រមាណ​ជិត​១០០​នាក់​ ដោយលើក​ហេតុផល​ថា​ កម្ពុជា​កំពុង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​

អ្នកស្រី ​ភុន កែវ​ពិសិដ្ឋ​ អាយុ​២៨ ​ដែល​បាន​បម្រើ​ការងារ​នៅ​ក្រុម​ហ៊ុន​Mfone​ប្រមាណ​ជាង​៤​ឆ្នាំ​ បាន​និយាយ​ថា ​ពួក​គេ​បាន​ព្យាយាម​ទៅ​ជួប​ក្រុម​ហ៊ុន​ដើម្បីឲ្យ​បាន​ការងារ​ត្រឡប់មក​វិញ​ តែត្រូវបាន​ខាង​តំណាង​ក្រុម​ហ៊ុន​បដិសេធ។​

អ្នកស្រី​បាននិយាយ​ថា​ កម្មករ​ចង់ទាមទារ​ឲ្យក្រុមហ៊ុន​ទទួល​ពួកគេ​ឲ្យ​ចូល​ធ្វើការ​វិញ ​និង​ទាម​ទារ​ប្រាក់​សំណង​ទៅតាម​អតីត​ភាព​ការងារ។​

«ដូច​ថា​ វា​អត់​សម!​ តាម​ធម្មតាក្រុម​ហ៊ុន​ត្រូវ​ជូន​ដំណឹង​មុន​ យ៉ាង​តិចក៏​មួយ​ខែ​ដែរ។​ ប៉ុន្តែនេះ​អត់​មាន​ទេ។ គេ​ប្រាប់​ពួក​ខ្ញុំ​ថ្ងៃ​ហ្នឹង ​ផ្អាក​ពួក​ខ្ញុំ​ថ្ងៃ​ហ្នឹង ​ហើយអត់​មាន​និយាយ​ថ្ងៃ​ចូល​វិញ​ទេ។​ ​កាលពីមុន​ គាត់​និយាយ​ថា ​គាត់​ផ្អាក​តែ​កន្លះ​ខែ​ ឬ​ក៏​តែ​មួយ​ខែ​ទេ។ ​គាត់​ថា​ យ៉ាងណា​គាត់ទាក់ទង​មក​ខាង​ពួក​ខ្ញុំ។ ក៏ប៉ុន្តែ​អត់មាន​ទេ។ លើស​ពីមួយខែ​ហើយ​ ពុំមាន​ទាក់ទង​មក​ទេ»។​

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ​Mfone ​មិន​អាច​ស្នើសុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ។​នៅពេល​វីអូអេ​ទាក់ទង់​តាម​ទូរស័ព្ទ​ខ្សែ​របស់​ក្រុម​ហ៊ុន​ ​អ្នកលើក​ទូរស័ព្ទ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

«បង​ខ្ញុំ​អត់​អាច​ជម្រាប​បាន​ទេ ​ដោយសារ​ខ្ញុំ​ជា​បុគ្គលិក​ក្រោម​គេ»។​

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ Mfone ​បាន​ដំណើរ​ការ​ចាប់តាំង​ពីឆ្នាំ​១៩៩០ ​ដោយ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រសួង​ប្រៃសណី ​និង​ទូរ​គមនាគមន៍​រយៈពេល៣៥​ឆ្នាំ។​

ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​របស់​ Mfone ​ជា​កម្មសិទ្ធិ​របស់​លោក​ថាក់ ស៊ីនស៊ីណាវ៉ាត់​ ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ និង​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ចាត់​ទុក​ថា​ ជា​មិត្តភ័ក្រ​ដ៏​ជិត​ស្និទ្ធ។​
ក្រុម​ហ៊ុន​នេះ​មាន​បណ្តាញ​ខ្សែ​ទូរស័ព្ទ​ចល័ត​ជាច្រើន​ខ្សែ​ ដូច​ជា​ប្រព័ន្ធ​០១១​ , ០៩៩, ០៨៥, ០៧៦​ និង​០៦១៕​
XS
SM
MD
LG