ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​តុលាការ​ខ្មែរក្រហម​ថា​គ្មាន​ជនសង្ស័យ​នឹង​ត្រូវ​ចោទ​ប្រកាន់ទៀត​ទេ


អតីត​ទាហាន​ខ្មែរក្រហម​ម្នាក់​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​មួយ​ដោយ​រៀបចំដោយ​មន្រ្តី​អង្គការ​សហប្រជាជាតិ នៅ​អន្លង់វែង ដែល​ធ្លាប់​ជាទីតាំង​ដ៏រឹងមាំ​របស់​ខ្មែរក្រហម ក្នុង​ខេត្ត​ឧត្តរមានជ័យ កាល​ពីថ្ងៃទី៥ ខែកក្កដា ២០១២។
អតីត​ទាហាន​ខ្មែរក្រហម​ម្នាក់​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​មួយ​ដោយ​រៀបចំដោយ​មន្រ្តី​អង្គការ​សហប្រជាជាតិ នៅ​អន្លង់វែង ដែល​ធ្លាប់​ជាទីតាំង​ដ៏រឹងមាំ​របស់​ខ្មែរក្រហម ក្នុង​ខេត្ត​ឧត្តរមានជ័យ កាល​ពីថ្ងៃទី៥ ខែកក្កដា ២០១២។

មន្រ្តី​អាជ្ញាធរ​ និង​មន្ត្រី​ផ្លូវការ​របស់​សាលាក្តី​ខ្មែរក្រហម​បាននិយាយ​ធានា​ទៅ​ដល់​អតីត​កងទ័ព​ខ្មែរក្រហម​នៅ​ក្នុង​ស្រុក​អន្លង់វែង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នឹង​ពុំ​មាន​ការចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​ទៀត​ទេ។

អតីត​កងយោធា​ខ្មែរ​ក្រហម​មួយចំនួន​បាន​សម្តែង​កង្វល់​ចំពោះ​ការចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តទៀត ដែល​ទាក់ទង​ទៅ​នឹងអំពើ​ព្រៃផ្សៃ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ប៉ុល ពត។ កង្វល់​ដែល​លាត​ត្រដាង​នៅ​ក្នុង​វេទិកា​សាធារណៈ​ដែលរៀបចំ​ដោយ​សាលាក្តី​ខ្មែរក្រហម​នៅ​ផ្ទះ​តាម៉ុក នៃ​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ។ ផ្ទះ​នេះ​បានក្លាយ​ទៅ​ជា​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ។

លោក សាន រឿន បាន​ថ្លែង​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ចូលរួម​នៅ​ក្នុង​វេទិកា​នេះ​ប្រមាណ​ជាង​២០០​នាក់។

«ការ​កាត់ទោស​មេ​ខ្មែរក្រហម​ជាន់ខ្ពស់​ទាំង​នោះ មាន​តែ​ប៉ុន្មាន​រូប​ទេ។ ក៏ប៉ុន្តែ​ទស្សនៈ​មហាជន គឺ​មិន​ស្រួល​ទេ។ មិនស្រួល​ៗ មាន​០១០ មាន​០២០​ត​ៗ​ទៀត គឺ​នៅ​តែ​មានការភ័យ​ខ្លាច​តែ​អញ្ចឹង។ ខ្ញុំ​ឡើង​មក​នេះ​ចង់​សួរ​ថា​តើ​មាន​ទោស​ប៉ុន្មាន​ទៀត​សម្រាប់​ទៅ​ថ្ងៃ​មុខ​ទៀត»។

លោក សាន រឿង បច្ចុប្បន្ន​អាយុ​៦០​ឆ្នាំ គាត់​បាន​ចូល​ក្នុង​ចលនា​តស៊ូទ័ព​ព្រៃ​ជាមួយ​នឹង​ពួក​កុម្មុយនិស្ត​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧២។ គាត់​បាន​បាត់បង់​ជើង​ឆ្វេង​ម្ខាង​នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម។

លោក សាន រឿង គាំទ្រ​ការកាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម និង​ជំរុញ​ឲ្យ​មានការ​ពន្លឿន​ការ​កាត់ទោស​ពួក​គេ។ ក៏ប៉ុន្តែ​លោក​បាន​ស្នើសុំ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ពិចារណា​ការ​កាត់ទោស​ជន​ទាំង​នេះ​មុន​នឹង​សម្រេច​ផ្តន្ទាទោស​ពួក​គេ។

«ជា​គុណវិបត្តិ​របស់​គាត់​ដែល​គាត់​បានប្រព្រឹត្ត​ប្រល័យ​ពូជសាសន៍។ ក៏ប៉ុន្តែ​ជា​គុណសម្បត្តិ​របស់​គាត់​កន្លង​មក គាត់​ណែនាំ​ថា​យើង​ត្រូវ​សាមគ្គី​គ្នា។ បើ​អញ្ចឹង​ជា​គុណសម្បត្តិ​គាត់ កុំ​កប់ចោល យើង​ត្រូវតែ​លើក​យក​មក​និយាយ ដើម្បី​ឲ្យ​មតិ​សាធារណជន អង្គការ​សហប្រជាជាតិ​គាត់​មើលឃើញ​ការការពារ​ទឹកដី ការពារ​ព្រៃឈើ ការពារ​បរិស្ថាន។ ជំនាន់​យើង​នៅ បង​ប្អូន​អើយ​ធ្វើដំណើរ​ពី​ភ្នំ​ដងរែក​ទៅ​ស្រុក​ខ្មែរ ជួប​តែ​ដំរី ជួប​តែ​អណ្តើក ជួប​តែ​សត្វ ជួប​តែ​ព្រៃឈើ គ្មាន​ទេ​វាល។ ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃឈើ វា​អស់​ហើយ»។

សាលាក្តី​ខ្មែរក្រហម បានផ្តន្ទាទោស​ឌុច អតីត​ប្រធាន​គុក​ទួលស្លែង ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​ចំពោះ​ការរកឃើញ​ទោស​កំហុស​ទាក់ទង​ទៅ​នឹង​ការធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ និង​ការសម្លាប់​អ្នកទោស​យ៉ាង​តិច​១២,៣៨០​នាក់។

ដោយឡែក​សំណុំរឿង​០០២ ដែល​មាន​ជន​ជាប់​សង្ស័យ​អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស នួន ជា អតីត​ប្រធាន​សភា និង​ខៀវ សំផន អតីត​ប្រមុខរដ្ឋ។ សំណុំរឿង​នេះ​កំពុង​ឋិត​នៅ​ក្នុង​ដំណើរ​ការកាត់ទោស​នៅ​ឡើយ ហើយ​សាលាក្តី​ខ្មែរក្រហម​កំពុងតែ​រៀបចំ​សំណុំ​រឿង​០០៣ និង​០០៤ ជា​បន្តទៀត​។ ក៏ប៉ុន្តែ​សំណុំរឿង​នេះ ដែល​មាន​ជន​ជាប់សង្ស័យ​ចំនួន​ប្រាំ​នាក់​បានក្លាយ​ជា​ប្រធានបទ​យ៉ាង​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​រវាង​ភាគី​កម្ពុជា និង​ភាគី​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម។ នៅ​ក្នុង​ចំណោម​ជន​ជាប់​សង្ស័យ​ទាំង​នេះ អ្នកស្រី អ៊ឹម ចែម អតីត​ជំទប់​ឃុំ​មួយ​រូប នៅ​ស្រុក​អន្លង់វែង​នេះ ត្រូវ​គេ​ជឿថា​គឺ​ជា​ជន​ជាប់​សង្ស័យ​ម្នាក់​ដែរ។ ក៏ប៉ុន្តែ​លោក​នេត្រ ភត្រា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា​បញ្ជាក់​ថា ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​លើក​ឈ្មោះ​នៅ​ក្នុង​សំណុំរឿង​០០៣ និង​០០៤ នៅ​មិនទាន់​ទៅ​ជា​ផ្លូវការ​ដែល​សម្រេច​ដោយ​សាលាក្តី​ខ្មែរក្រហម​នៅ​ឡើយ​ទេ។

អ្នក​ចូលរួម​វេទិកា​ម្នាក់​ចោទសួរ​បន្ថែម​ថា តើ​អាច​នឹង​មាន​ការចាប់​ខ្លួន​ជនសង្ស័យ​លើស​ពី​ចំនួន​ជនសង្ស័យ​ដែល​មាន​ស្រាប់​សរុប​ចំនួន​១០​នាក់ នៅ​ក្នុង​សំណុំរឿង​ទាំង​បួន​នេះ​ដែរ ឬ​ទេ?

«ខ្ញុំ​មាន​សំណួរ​ចង់​សួរ​ថា តើ​សាលាក្តី​ខ្មែរក្រហម​នៅ​មាន​សំណុំរឿង​ចំនួន​ប៉ុន្មាន​ទៀត នឹង​យក​មក​អនុវត្ត​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម»។

លោក សេង ប៊ុនឃៀង សហព្រះរាជអាជ្ញារង​កម្ពុជា​បានថ្លែង​ធានា​ដល់​ការព្រួយបារម្ភ​យ៉ាង​នេះ។

«រាល់​ប្អូន​ទាំងឡាយ​ដែល​គ្រាន់តែ​ជា​សាច់ញាតិ ឬ​ជា​បងប្អូន ឬក៏​ជា​កូនចៅ​ជំនិត នោះ​មិន​ឋិត​នៅ​ក្នុង​យុត្ថាធិការ​អង្គជំនុំ​ជម្រះ​វិសមញ្ញ​នោះ​ទេ។ អញ្ចឹង​សូម​បង​ប្អូន​កុំ​មាន​ការព្រួយបារម្ភ​ចំពោះ​ករណី​នេះ»។

ជាមួយ​គ្នា​នេះ លោក ឡាស អលសិន មន្ត្រី​ទំនាក់ទំនង​ផ្នែក​កិច្ចការ​ច្បាប់​នៃ​សាលាក្តី​ខ្មែរក្រហម​បញ្ជាក់​ថា​នឹង​ពុំមាន​សំណុំរឿង​លើស​ពី​បួន​សម្រាប់​ការកាត់ទោស​នោះ​ទេ។

«ដូច្នេះ​គឺ​យើង​ពុំមាន​សំណុំរឿង​ឯណា​បន្ថែម​លើ​សំណុំរឿង​ដែល​មាន​ស្រាប់ លើ​សំណុំរឿង​០១, ០២, ០៣ និង​០៤​នោះ​ទេ»។

ថ្លែង​ក្នុង​ពិធី​ខាង​លើ​នេះ​ដែរ លោក លាង សូដា អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​ពន្យល់​ថា​ការ​មិនមាន​ចាប់​ខ្លួន​ជនសង្ស័យ​បន្ថែម​គឺ​ជា​ផ្នែក​មួយ​នៃ​ការគោរព​គោលការណ៍​ផ្សះផ្សារ​ជាតិ ដែល​ត្រូវ​បានធានា និង​សន្យា​សម្រាប់​ការចុះចូល​របស់​ពួកខ្មែរ​ក្រហម​នៅ​ក្នុង​តំបន់​អន្លង់វែង​នេះ។

«កុំ​ឲ្យ​មានការព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​ការចោទ​ប្រកាន់ និង​ចាប់​ខ្លួន​បងប្អូន​ប្រជាពលរដ្ឋ។ គោលនយោបាយ​ផ្សះផ្សារ​ជាតិ ស្ថិតនៅ​ជា​ធរមាន​នៅ​ឡើយ​សូមបង​ប្អូន​ចងចាំ​ថា មាន​តែ​ជន​ដែល​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​តែ​ប៉ុណ្ណោះ ដែល​ត្រូវ​កាត់ក្តី​នៅ​ក្រោម​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​សាលាក្តី​ពិសេស​នេះ»។

មាន​ការចោទ​សួរ​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ការ​ដាក់​ទោសទណ្ឌ​ជន​ជាប់ចោទ​ដែល​មាន​វ័យ​កាន់​តែ​ចាស់​។ រីឯ​អ្នក​ចូលរួម​ខ្លះទៀត ដែល​ត្រូវ​បានចោទសួរ​បាន​បង្ហាញ​ពី​ភាព​សោះ​អង្គើយ​ចំពោះ​យុត្តិធម៌​សម្រាប់​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ពួក​គេ ជាពិសេស​សមាជិក​គ្រួសារ​របស់​ពួកគេ​ដែល​បានចូល​តស៊ូ​ជាមួយ​ពួក​ខ្មែរក្រហម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG