ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ការសម្លាប់​លោក ឈុត វុទ្ធី


អ្នក​ភូមិ​ម្នាក់​ចង​ឈើដាក់លើ​ម៉ូតូ​របស់គាត់​ដើម្បី​លក់ឲ្យ​ក្រុមហ៊ុនឈើ ខណៈដែល​អ្នក​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​ពីររូបពិនិត្យ​មើល​ជុំវិញ​ទីតាំង​របស់​ក្រុមហ៊ុនឈើ ថ្ងៃទី២៧ មេសា ២០១២។
អ្នក​ភូមិ​ម្នាក់​ចង​ឈើដាក់លើ​ម៉ូតូ​របស់គាត់​ដើម្បី​លក់ឲ្យ​ក្រុមហ៊ុនឈើ ខណៈដែល​អ្នក​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​ពីររូបពិនិត្យ​មើល​ជុំវិញ​ទីតាំង​របស់​ក្រុមហ៊ុនឈើ ថ្ងៃទី២៧ មេសា ២០១២។

រយៈពេល​ប្រាំថ្ងៃ​គត់​បន្ទាប់​ពី​លោក​ឈុត ​វុទ្ធី ​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​លេច​ធ្លោ និង​លោក​អ៊ឹន ​រតនា​ មន្ត្រី​កងរាជ​អាវុធហត្ថ​ត្រូវ​បាន​បាញ់​សម្លាប់ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ស៊ើបអង្គេត​ករណី​បាញ់​ប្រហារ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ចេញ​សេចក្តីប្រកាស​ជា​បន្ទាន់​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​រួម​គ្នា​មួយ​ដោយ​មាន​ការ​ចូលរួម​ពី​អគ្គស្នងការ​នគរបាលជាតិ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​ក្រសួង​យុត្តិធម៌ ​និង​នាយកដ្ឋាន​ទទួល​ពាក្យ​បណ្តឹង​ និង​អង្កេត​ស្រាវជ្រាវ​នៃ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ​និង​ព្រឹទ្ធសភា។

គណៈកម្មការ​ចម្រុះ​នេះ​នឹង​ដឹកនាំ​ការ​ស៊ើបអង្គេត​ករណី​បាញ់​សម្លាប់​លោក​ឈុត ​វុទ្ធី ​និង​លោក​អ៊ឹន ​រតនា ​ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​នៅ​ស្រុក​មណ្ឌលសីម៉ា ​ខេត្ត​កោះកុង ​ដើម្បី​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ដែល​ពាក់ព័ន្ធ​លើ​ករណី​បាញ់​សម្លាប់​នេះ។

ក្នុង​ខណៈពេល​ដែល​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការចម្រុះ​ដើម្បី​ស៊ើបអង្គេត​ករណី​បាញ់​សម្លាប់​លោក​ឈុត ​វុទ្ធី ​និង​លោក​អ៊ឹន ​រតនា នោះ​ មន្ត្រី​អង្គការ​សង្គមស៊ីវិល​ និង​សហជីព​មួយ​ចំនួន​បាន​ទទួច​ឲ្យ​គណៈកម្មការ​នេះ​មាន​ការ​ចូលរួម​អង្គេតការ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ការ​ទទួច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខួប​លើក​ទី​១២៦​ នៃ​ទិវា​ពលកម្មអន្តរជាតិ​ដោយ​មាន​ការ​ដើរក្បួន​ដង្ហែរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​និង​មាន​ការ​ចូលរួម​ពី​ក្រុម​កម្មករ ​កម្មការីនី​ ជា​ច្រើន​រ៉ាប់ពាន់​នាក់។

លោក​អាត់ ​ធន ​ប្រធាន​សហជីប​ការងារ​កម្ពុជា​បាន​មាន​ប្រាសាសន៍​ប្រាប់​អ្នក​កាសែត​ថា​ គណៈកម្មការចម្រុះ​នេះ​ត្រូវ​តែ​ឯករាជ្យ។

«ក្រោយ​ពី​ស្តាប់​របាយការណ៍​ពី​ប៉េអឹម ​និង​អង្គហេតុ​ទៅ​គឺ​ថា​រឿង​ហាក់​បី​ដូច​ជា​មិន​ទាន់​យុត្តិធម៌​ និង​ត្រឹមត្រូវ​នៅ​ឡើយ។ អញ្ចឹង​ហើយ​យើង​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​រក​រឿង​នេះ​ឲ្យ​បាន​ពិត​ ហើយ​យើង​នឹង​ជំរុញ​ឲ្យ​ធ្វើ​រឿង​នេះ ​ដើម្បី​កុំ​ឲ្យ​មាន​ករណី​នេះ​កើតឡើង​ទៀត​ដែល​ជា​ការ​គំរាមគំហែង​អ្នក​ការពារ​សិទ្ធិ ​និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត»។

លោក​ចាន់ ​សាវ៉េត ​មន្ត្រី​ផ្នែកស៊ើបអង្គេត​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ បាន​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្គេត​មិនទាន់​បាន​ពេញលេញ​ទេ​ ដែល​នាំ​ឲ្យ​អង្គការ​សង្គមស៊ីវិល​មិន​អាច​ទទួល​យក​បាន។

«សង្គម​ស៊ីវិល​សុំ​ទទួល​ឲ្យ​ពួក​យើង​នេះ​មាន​មតិ​យោបល់ ​ដើម្បី​ចូលរួម​ផ្តល់​យោបល់​ខ្លះ ​កែ​តម្រូវ​ខ្លះ​លើ​សកម្មភាព​នៃ​ការ​ស៊ើបអង្កេត​នេះ​ឯង»។

លោក​អំ ​សំអាត​ មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​លីកាដូ​វិញ​ បាន​មាន​ប្រសាសន៍​ថា​ឃាតកម្ម​នេះ​លោក​ជឿ​ថា ​មាន​អ្នក​ខាង​ក្រៅ​ជាប់​ពាក់ព័ន្ធ​ដើម្បី​សម្លាប់​បំបិទ​មាត់។

«យើង​ឥត​ចង់​ឃើញ​គណៈកម្មការ​ដែល​កើតឡើង​ធ្វើ​ការ​ស៊ើបអង្កេត​ដូច​រឿង​ជា ​វិជ្ជា​ ដូច​រឿង​អ្នក​កាសែត​ឃឹម ​សំបូរ​ នេះ​ទេ។ ​យើង​ចង់​ឲ្យ​មាន​គណៈកម្មការ​ហ្នឹង​ឯករាជ្យ​ ហើយ​ប្រកប​ដោយ​តម្លាភាព ​ហើយ​នឹង​មាន​លទ្ធផល ​ហើយ​នឹង​ផ្តល់​យុត្តិធម៌​សម្រាប់​អ្នក​ទាំង​ពីរ​នោះ»។

បើ​តាម​របាយការណ៍​ជា​បឋម​របស់​មន្ត្រី​នគរបាល​និង​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ខ្វែង​គំនិត​គ្នា​លើ​ចំណុច​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ។

មន្ត្រី​នគរបាល​បាន​និយាយ​ថា​លោក​អ៊ឹន ​រតនា​ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ស្លាប់​ដោយសារ​តែ​ផ្លាត​គ្រាប់​កាំភ្លើង​ត្រូវ។ ​ចំណែក​ឯ​មន្ត្រី​ប៉េអឹម​វិញ​បាន​និយាយ​ថា​លោក​អ៊ឹន ​រតនា ​បាន​ធ្វើ​អត្តឃាត​បាញ់​សម្លាប់​ខ្លួន​ឯង​ក្រោយ​ពី​បាន​បាញ់​សម្លាប់​លោក​ឈុត ​វុទ្ធី​ រួច​មក​ដោយសារ​តែ​លោក​បាន​ដឹង​ខ្លួន​ថា​មិន​អាច​គេច​រួច​ពី​សំណាញ់​ច្បាប់៕

XS
SM
MD
LG