ខណៈដែលប្រជាជនកម្ពុជាទូទាំងប្រទេសនាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យទី៣ អ្នកបោះឆ្នោតមួយចំនួន ជាពិសេសអ្នកបោះឆ្នោតវ័យក្មេងនៅក្នុងសង្កាត់មួយក្នុងរាជធានីភ្នំពេញ និយាយថា ពួកគេរំពឹងថា សន្លឹកឆ្នោតនឹងនាំមកនូវការផ្លាស់ប្តូរចំពោះស្ថានភាពគ្រប់គ្រងឃុំសង្កាត់បច្ចុប្បន្ន។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣បានចាប់ផ្តើមហើយនៅថ្ងៃអាទិត្យទី៣ ខែមិថុនានេះ។
អ្នកបោះឆ្នោតជាច្រើន ជាពិសេសអ្នកបោះឆ្នោតវ័យក្មេង និយាយថា ពួកគេរំពឹងថា សន្លឹកឆ្នោតរបស់ពួកគេនឹងធ្វើឲ្យស្ថានភាពនិងជីវភាពរស់នៅរបស់ពួកគេប្រសើរជាងមុន។
កញ្ញា ឃួន មុន្នី គឺជាកម្មការិនីរោងចក្រកាត់ដេរ និងជាអ្នកលក់ដូរម្នាក់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនេះ។
នាងនិងសមាជិកគ្រួសារបានមកដល់ស្ថានីយ៍បោះឆ្នោតក្នុងវត្តទួលសន្តិវ័ន ក្នុងសង្កាត់នេះតាំងពីព្រឹកព្រលឹមដើម្បីបោះឆ្នោត។
«ចង់ឲ្យកែប្រែ ឲ្យជឿនលឿន ហើយអ្នកធ្វើការចង់ឲ្យបានប្រាក់ខែឲ្យបានច្រើនៗដូចអ្នកធ្វើការរោងចក្រជាដើម»។
លោករស់ ប៊ុនធឿនគឺជាបុគ្គលិកនៃសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ។ លោកនិយាយថា លោកក៏ចង់ឃើញឲ្យមានការផ្លាស់ប្តូរដ៏ប្រសើរមួយដែរនៅក្នុងសង្កាត់របស់លោក តាមរយៈការបោះឆ្នោតនេះ។
«ចង់ផ្លាស់ប្តូរផ្នែកសន្តិសុខទី១។ ទី២ អាផ្នែកសេវាសាធារណៈហ្នឹងគឺឲ្យបានឆាប់រហ័សនិងកុំយកកម្រៃខាងក្រៅ»។
នៅក្នុងការបោះឆ្នោតនេះ ក្រុមអ្នកបោះឆ្នោត ជាពិសេសអ្នកបោះឆ្នោតវ័យក្មេង រំពឹងថា សន្លឹកឆ្នោតរបស់ពួកគេនឹងនាំមកនូវថ្នាក់ដឹកនាំមូលដ្ឋានមួយដែលគិតគូរប្រយោជន៍ពលរដ្ឋជាធំ ហើយនឹងផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាពនិងគ្មានការជម្រិតទារប្រាក់ពីពួកគេ។
គណបក្សនយោបាយចំនួន៤គឺគណបក្សប្រជាជនកម្ពុជា គណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្សនិងគណបក្សហ៊្វុនស៊ិនប៉ិច បានដាក់បេក្ខជនប្រកួតប្រជែងដណ្តើមការគាំទ្រពីអ្នកបោះឆ្នោតចំនួនជាង១ម៉ឺន១ពាន់នាក់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦នេះ។ នេះបើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់នេះ។
អ្នកស្រីប៉ុល ណាវី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតប្រចាំសង្កាត់គីឡូម៉ែត្រលេខ៦នេះ និយាយថា ប្រជាពលរដ្ឋហាក់ដូចជាចាប់អារម្មណ៍ទៅលើការបោះឆ្នោតក្នុងអាណត្តិនេះខ្លាំងជាងអាណត្តិមុន។
«ប្រជាជនដូចជារហ័សរហួន ដូចថា ព្រលឹមឡើងគាត់មកតម្រង់ជួរបោះឆ្នោតមុខគេតែម្តង។ ដូចថា គាត់ចង់បោះឆ្នោតតែម្តង ដូចជាគាត់បាត់ឈ្មោះបាត់អី គាត់ស្ទុះស្ទាររក។ អ្នកខ្លះអត់ព្រមចេញតែម្តង។ គាត់ថា គាត់ចង់បោះឆ្នោតដើម្បីរើសតំណាងរបស់គាត់ប្រចាំសង្កាត់គាត់ហ្នឹង»។
អ្នកបោះឆ្នោតមួយចំនួននៅទីនេះ និយាយថា ពួកគេពិតជាចង់ឃើញថ្នាក់ដឹកនាំមូលដ្ឋានថ្មីមួយដែលអាចធ្វើការងារបានល្អប្រសើរជាងមុន។
លោកសៅ វីរៈ គឺជាអ្នករត់រឺម៉ក់កង់បី និងជាឪពុកនៃកូនបីនាក់។
«ថ្នាក់ដឹកនាំថ្មីនៅក្នុងភូមិ ឃុំសង្កាត់ហ្នឹង ធ្វើយ៉ាងម៉ិចឲ្យមានការកែប្រែ ដើម្បីជួយប្រជាពលរដ្ឋ ដូចថា ធ្វើក្រដាសស្នាម ដូចជាលិខិតផ្លាស់ប្តូរទីលំនៅ ឬសំបុត្រកំណើតក្មេង កុំឲ្យយកលុយយកកាក់ ហើយដូចថា ការជួសជុលផ្លូវក្នុងភូមិឃុំសង្កាត់ កុំរៃអង្គាសពីប្រជាជនច្រើនៗពេក ព្រោះអីប្រជាជនមានការខ្វះខាត»។
គេនៅមិនទាន់ដឹងទេ ថាតើសេចក្តីប្រាថ្នាចង់បានរបស់ក្រុមអ្នកបោះឆ្នោតទាំងនេះអាចនឹងលេចចេញជារូបរាងបានដែរឬយ៉ាងណានោះ។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេនិយាយថា យ៉ាងហោចណាស់ពួកគេក៏បានបំពេញកាតព្វកិច្ច និងសិទ្ធិជាពលរដ្ឋក្នុងការជ្រើសរើសតំណាងដែលពួកគេជឿថា នឹងអាចធ្វើឲ្យមានការផ្លាស់ប្តូរមួយដែរ៕