ភ្នំពេញ៖ ក្រុមអ្នកបកប្រែភាសាបរទេសនៅក្នុងសាលាក្តីខ្មែរក្រហមសរុបចំនួន២៨នាក់បានធ្វើពហិការមិនធ្វើការងារដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងការបើកសវនាការកាលពីព្រឹកថ្ងៃចន្ទនេះ។
តំណាងអ្នកបកប្រែបានប្រកាសភ្លាមៗចេញពីបន្ទប់ក្រុមអ្នកបកប្រែភាសាបារាំង និងអង់គ្លេសក្នុងសាលសវនាការនៅប៉ុន្មានមួយនាទីប៉ុណ្ណោះ នៅពេលដែលក្រុមចៅក្រមចូលអង្គុយក្នុងបន្ទប់ជំនុំជម្រះហើយរៀបនឹងទាញក្បាលម៉េក្រូប្រកាសដំណើរការក្តី។
«លោកប្រធាន ពីអ្នកបកប្រែ។ សូមគោរពលោកប្រធាន សូមគោរពលោកលោកស្រី ចៅក្រម។ សូមគោរពភាគីទាំងអស់ដែលមានវត្តមាននៅទីនេះ។ យើងខ្ញុំជាបុគ្គលិកជាតិផ្នែកបកប្រែភាសានៃអង្គជំនុំជម្រះនៃតុលាការកម្ពុជា សូមប្រកាសការអនុវត្តការធ្វើពហិការមិនបំពេញការងារចាប់ពីពេលនេះ នាថ្ងៃចន្ទទី៤ ខែមិនា ឆ្នាំ២០១៣នេះតទៅ រហូតយើងខ្ញុំទទួលបានប្រាក់ខែពេញលេញសម្រាប់ខែធ្នូ ឆ្នាំ២០១២ និងខែមករា ខែកុម្ភៈ ឆ្នាំ២០១៣ ទើបខ្ញុំនឹងចូលចាប់ផ្តើមបំពេញការងារដូចប្រក្រតីឡើងវិញ។ សូមអរគុណលោកប្រធាន»។
នេះជាលើកទី១ហើយដែលបុគ្គលិកសាលាក្តីខ្មែរក្រហមក្នុងផ្នែកយ៉ាងសំខាន់មួយនេះសម្រេចចិត្តធ្វើពហិការឈប់ការងារបន្ទាប់ពីបុគ្គលិកកម្ពុជាជាទូទៅប្រមាណជិត២៨០នាក់ដែលមិនបានបើកប្រាក់ខែរបស់ខ្លួនចាប់តាំងពីខែធ្នូមកម្ល៉េះបានគំរាមធ្វើពហិការចាប់តាំងពីខែមករាមក។
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលតុលាការចម្រុះដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះគ្រោងនឹងស្តាប់សក្ខីកម្មអ្នកជំនាញការជនជាតិអាមេរិកក លោកហ្វ៊ីលីប សត។ ការធ្វើពហិការបានធ្វើឲ្យដំណើរការក្តីជាប់គាំងភ្លាមៗហើយលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានប្រកាសដកខ្លួនទៅពិភាក្សាជាមួយផ្នែករដ្ឋាបាលរបស់សាលាក្តី។
ក្រោយពីការពិភាក្សាអស់រយៈពេលជិតមួយម៉ោង អង្គជំនុំជម្រះសាលាដំបូងបានបើកកិច្ចជំនុំជម្រះឡើងវិញ។ យ៉ាងណាក៏ដោយ កិច្ចជំនុំជម្រះនោះគ្រាន់តែបានបង្ហាញការបើក្បាលពីដំបូងដើម្បីស្តាប់របាយការណ៍របស់ក្រឡាបញ្ជីតែប៉ុណ្ណោះ។ រីឯអ្នកបកប្រែភាសាបរទេសមានចំនួនតែម្នាក់មកពីខាងភាគីអន្តរជាតិដើម្បីបកប្រែភាសាអង់គ្លេស។ ការបកប្រែនេះធានាបានតែក្នុងរយៈពេលកន្លះម៉ោងប៉ុណ្ណោះ។
ក្រឡាបញ្ជីនិងលោកស្រីចៅក្រម ស៊ីលវា ខាតរ៉ៃត៍ (Sylvia Cartwright) បានលើកពីស្ថានភាពសុខភាពរបស់ជនជាប់ចោទនួន ជា និងអៀង សារី។ អៀង សារី ត្រូវបញ្ជូនទៅកាន់មន្ទីរពទ្យេជាបន្ទាន់កាលពីព្រឹកមិញនេះ។
លោកចៅក្រមនិល ណុន មិនបានបញ្ជាក់ពីស្ថានភាពជំងឺរបស់ជនជាប់ចោទអៀង សារី ទេ ហើយបានប្រកាសផ្អាកសវនាការតែម្តង។
«ដូច្នេះអង្គជំនុំជម្រះមិនអាចដំណើរការសវនាការដូចកាលវិភាគដែលបានគ្រោងទុកបានទេអង្គជំនុំជម្រះ។ អង្គជំនុំជម្រះសូមផ្អាកការដំណើរការនេះត្រឹមនេះដោយមិនបានកំណត់ពេលជាក់លាក់ទេ»។
សាលាក្តីខ្មែរក្រហមប្រើប្រាស់ភាសាផ្លូវការចំនួនបីគឺភាសាខ្មែរ អង់គ្លេសនិងបារាំង។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យនិងដែលបានឃ្លាំមើលសវនាការកាលពីព្រឹកមិញមានប្រសាសន៍ថា បញ្ហាជុំវិញការបកប្រប្រែភាសាអាចធ្វើឲ្យសាលាក្តីនេះជាប់គាំងបាន។
«បើសិនជាមិនមានអ្នកបកប្រែគឺដូចកាលពីព្រឹកមិញអញ្ចឹងគឺតុលាការត្រូវផ្អាក»។
នៅក្នុងលិខិតចំហរបស់ក្រុមអ្នកបកប្រែដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាន ក្រុមអ្នកបកប្រែភាសាបានទាមទារឲ្យមានការដោះស្រាយប្រាក់ខែរបស់ពួកគេជាបន្ទាន់។ ក្នុងលិខិតដដែលនោះក្រុមអ្នកបកប្រែភាសាបានលើកឡើងថា មានការចរចាអំពីស្ថានភាពប្រាក់ខែ ប៉ុន្តែមិនមានការសន្យាជាក់លាក់។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេទទួលរងការគំរាមដកហូតការងាររបស់ពួកគេទៀតផង។
ប្រភពពីក្រុមអ្នកបកប្រែដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា ភ្លាមៗក្រោយពីផ្ទុះការធ្វើពហិការ ក្រុមរដ្ឋបាលសាលាក្តីខ្មែរក្រហមបានគំរាមជ្រើសរើសបុគ្គលិកបកប្រែពីខាងភាគីអន្តរជាតិជំនួសវិញនិងបានគំរាមពីគ្រោះថ្នាក់បាត់បង់ការងារធ្វើដល់ក្រុមអ្នកតវ៉ា។
ការចរចារបានកើតឡើងចំនួនពីរលើកនៅថ្ងៃនេះប៉ុន្តែមិនមានដំណោះស្រាយណាមួយទេ។
ប្រភពដដែលបញ្ជាក់ថាក្រុមបុគ្គលិកនៅក្នុងការិយាល័យចៅក្រមស៊ើបអង្កេតនិងការិយាល័យក្រឡាបញ្ជីកំពុងត្រៀមដាក់លិខិតធ្វើពហិការដូចគ្នានេះនៅថ្ងៃស្អែក។
ទោះជាយ៉ាងណាលោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា មិនមានស្ថានភាពអ្វីប្រែប្រួលទេរហូតមកទល់ពេលនេះ៕