ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរក្រហម​មាន​ផែនការ​សម្លាប់​អ្នក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​របប​លោក​លន់ ណុល


​លោក​សេនាប្រមុខ​លន់ ណុល
​លោក​សេនាប្រមុខ​លន់ ណុល

សាក្សី​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ពួក​ខ្មែរក្រហម​មាន​នយោបាយ​មួយ​គឺ​ត្រូវ​បោស​សម្អាត​ប្រជាពលរដ្ឋ​ដែល​ពួក​គេ​ជឿ​ថា ជាប់​ទាក់ទង​នឹង​របប​លោក​សេនាប្រមុខ​លន់ ណុល ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

លោក ​ពាន ​ឃាន ​អាយុ​៦២​ឆ្នាំ ​ជា​អតីត​អ្នក​នាំសារ ​និង​កង​ការពារ​របស់​កុយ ​ធួន ​ប្រធាន​ភូមិ​ភាគ​៣០៤ ​និង​ជា​អតីត​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរក្រហម។ លោក ​ឃាន ​បាន​និយាយ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ក្នុង​ការ​កាត់ទោស​សំណុំរឿង ​០០២ ​នៅ​រសៀល​នេះ​ថា ​ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ក្រុងភ្នំពេញ ​ដើម្បី​ងាយស្រួល​កម្ចាត់​សត្រូវ។

«ជំលៀស​ប្រជាជន​ចេញ​ពី​ក្រុងភ្នំពេញ​គឺ​ដើម្បី​ស្រួល​បោសសម្អាត​ពួក​ខ្មាំង ​ពួក​ក្បត់​នៅ​ទីក្រុង​ភ្នំពេញ។ ជា​ខ្មាំង​គឺ​កាល​នោះ​គេ​ថា ​ជា​ទាហាន​លន់ ​ណុល ​ហើយ​ប្រជាជន​ក៏​ជា​ប្រជាជន​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​លន់ ​ណុល។ ​អញ្ចឹង​នៅ​ក្នុង​របប​ទាំង​អស់​ហ្នឹង​ត្រូវ​បោសសម្អាត​។ ​ហើយ​ក្រោយ​មក​ទៀត​គឺ​កុំ​ឲ្យ​មាន​ពួក​ស៊ីអេអា​បង្កប់​នៅ​ទីក្រុង​ភ្នំពេញ»។

សាឡុត បាន ដែល​ជា​ក្មួយ​ប្រុស​បង្កើត​របស់​ប៉ុល ​ពត​ មេស្ថាបនិក​នៃ​របប​កម្ពុជា​ធិបតេយ្យ​ដែល​បញ្ចប់​ការ​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ ក៏​បាន​បញ្ជាក់​ក្នុង​សវនាការ​ដែរ​ថា ​ពួកខ្មែរក្រហម​មាន​គោលដៅ​មួយ​គឺ​តស៊ូ​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​ខ្លួន​ហៅ​ថា ​ការ​ឈ្លានពាន​របស់​ចក្រពត្តិ​អាមេរិក។

លោក ​ពាន ​ឃាន ​បាន​ចូល​តស៊ូ​ក្នុង​ព្រៃ​ជាមួយ​ពួក​ខ្មែរ​ក្រហម​ក្នុង​ខេត្ត​រតនគិរី​កាល​ពី​ឆ្នាំ​១៩៦៦​ នៅ​ពេល​ដែល​លោក​មាន​អាយុ​១៦​ ឆ្នាំ។ មាន​ដើមកំណើត​ជា​ជនជាតិ​ភាគ​តិច​ ខ្វែក ​និង​កំពង់រស់​នៅ​ក្នុង​ខេត្ត​តាកែវ ​សាក្សី​រូប​នេះ​និយាយ​ថា ​ប្រជាពលរដ្ឋ​ដែល​ពួក​ខ្មែរក្រហម​ចាប់​ខ្លួន​ថា ​ជា​ខ្មាំង​នោះ​នឹង​ត្រូវ​សម្លាប់​ចោល។

«ពេល​នោះ​ដោយសារ​តែ​គេ​ចាត់​ទុក​ថា​ជា​សត្រូវ ​ដូច្នេះ​បើ​សិន​ជា​គេ​ចាប់​បាន​គឺ​ត្រូវ​តែ​កម្ទេច​ហើយ»។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួកខ្មែរក្រហម​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​តិច​ចំនួន​ ១,៧​លាន​នាក់​ក្នុង​ចន្លោះ​ដែល​ពួក​គេ​កាន់​កាប់​អំណាច​ចន្លោះ​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា ​ឆ្នាំ ​១៩៧៥ ​ដល់​ថ្ងៃ​ទី​ ៦ ​មករា​ ឆ្នាំ ​១៩៧៩។

មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​ដែល​នៅ​រស់រាន​មាន​ជីវិត​ជាមួយ​នឹង​ភាព​ចាស់​ជរា​កំពុង​ស្ថិត​ក្នុង​ការ​កាត់ទោស​ក្នុង​សំណុំរឿង​០០២​ នេះ។ ក្នុង​នោះ​មាន​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ ​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការបរទេស ​និង​ នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG