ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​ជាច្រើន​ចង់​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​


មេដឹកនាំ​ក្រុម​ជំទាស់​ទាំង​ពីរ​គឺលោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​
មេដឹកនាំ​ក្រុម​ជំទាស់​ទាំង​ពីរ​គឺលោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​

គណបក្ស​ជំទាស់​ថ្មី​នេះ​ បាន​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ពីមន្ត្រី​សំខាន់ៗ​នៃ​គណបក្ស​ដទៃ​និង​ធ្វើឲ្យ​គេ​ពិចារណា​​ចង់​ចូលរួម ​មុនការ​បោះឆ្នោតឆ្នាំ​២០១៣​មក​ដល់។​

វ៉ាស៊ីនតោន​៖ ប៉ុន្មាន​ខែ​ក្រោយពី​មេដឹកនាំ​ក្រុម​ជំទាស់​ទាំង​ពីរ​គឺលោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​បាន​ប្រកាស​រួមគ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​នោះ​ គណបក្ស​ជំទាស់​ថ្មី​នេះ​ បាន​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ពីមន្ត្រី​សំខាន់ៗ​នៃ​គណបក្ស​ដទៃ​និង​ធ្វើឲ្យ​គេ​ពិចារណាចង់​ចូលរួម ​មុនការ​បោះឆ្នោតឆ្នាំ​២០១៣​មក​ដល់។​
លោក ​ម៉ោញ សាផាន​ អតីត​សមាជិក​សភា​បីអាណត្តិ​ បានអះអាង​ថា​លោក​ចាក​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ពីព្រោះ​លោក​គិតថា​ គណបក្ស​ជំទាស់​ថ្មី​នឹង​អាច​ដោះ​ស្រាយ​បញ្ហាជាតិ​សំខាន់ៗ​ ដូចជា​បញ្ហា​នយោបាយ​ សង្គម ​បញ្ហា​បូរណភាព​ដែន​ដី ​បញ្ហា​សង្គម​ និង​បញ្ហា​វិនិយោគ​ជា​ដើម។​

«ខ្ញុំបាន​សម្រេច​ចិត្ត ​ដោយ​ឃើញ​តាម​ការ​រួមរួមគ្នា​រវាង​គណបក្ស​ទាំងពីរ​ហ្នឹង​អាច​មាន​សក្តានុពល​ក្នុង​ការ​ស្រោចស្រង់​សភាព​ការណ៍​ដុនដាប​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ ហ្នឹង។​ ដូច្នេះខ្ញុំ​ក៏សម្រេច​ចិត្ត​ចូលរួម​ជាមួយ​នឹង​គណបក្ស​សង្រ្គោះជាតិ​ដើម្បីរួម​កម្លាំង​គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហាធំៗ​របស់​ជាតិ»។​

ដោយបាន​អះអាង​អំពី​កម្លាំង​នយោបាយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​បែក​ខ្ញែក​ដែល​ ជា​កត្តា​នាំ​ឲ្យ​លោក​ត្រូវ​ចាកចេញ​នោះ​ លោក​ម៉ោញ សាផាន​បាន​សង្កត់​ធ្ងន់​ថា​ប្រទេស​កម្ពុជា​មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ មិន​លុបចោល​កិច្ច​ព្រម ព្រៀង​ព្រំដែន​ខុសច្បាប់​ ប្រជា​ពលរដ្ឋ​រង​ទុក្ខ​ដោយការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ឯកជន​ខ្លះ​ បញ្ហា​ជន​អន្តោ​ប្រវេសន៍​ បញ្ហា​គ្រោះថ្នាក់​រឿង​ផ្តល់ដី​សម្បទាន​វិនិយោគ​៩០​ឆ្នាំ​តាមព្រំដែន ​ពេល​កម្ពុជា​និង​វៀតណាម​មិនទាន់​មាន​ការ​បោះ បង្គោល​ព្រំដែន​ចប់។​ លោក​សាផាន​បាន​បន្ថែម​ថា​ ការ​ផ្តល់​ដី​សម្បទាន​នោះ​នឹង​បាន​ផលទៅ​ប្រទេស​វៀតណាម​ច្រើនជាង​ ដោយសារ​ប្រជាជន​វៀតណាម​រស់​នៅ​តាម​ខេត្ត​ជាប់​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​ពលរដ្ឋ​កម្ពុជា។​

លោក ​លឺ ឡាយស្រេង​ អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណ​ បក្ស​ហ៊្វុនស៊ីនប៉ិច បាន​អះអាង​ថា​ គណបក្ស​ជំទាស់ថ្មី​អាច​ជួយ​ប្រទេស​បាន​ ជា ពិសេស​បូរណភាព​ដែនដី​ ហើយ​លោក​កំពុង​ពិចារណា​ដើម្បី​ចូលរួម​ជាមួយ​ ក្រុម​ជំទាស់​ពេល​នេះ។

«រឿង​អី​ទុក​ឲ្យខ្ញុំ​ពិចារណា​ទៀត ​ពីព្រោះ​ដូច​ខ្ញុំ​ជំរាប​អញ្ចឹង​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​ គេ​ទាត់​ខ្ញុំ​ចោល។​ ក្មួយ​ឯង​គិតមើល ​គ្រាន់តែ​ប្រធាន​កិត្តយស​មួយ​ក៏​អត់​មាន​ផង។​ ប្រធាន​កត្តិយស​ដែល​អត់​មាន​តួនាទី​ផង​ក៏​ដក​គ្នា​ដែរ។​ ឲ្យ​ខ្ញុំ​យក​មុខ​ទៅ​ទុក​ឯណា?»​

លោក ​លឺ ឡាយស្រេង​ ដែលជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផង​នោះ​ ត្រូវ​គេ​ ឃើញ​ថា​ បាន​ចូលរួម​ពិធី​បុណ្យ​រំឭក​ខួប​២១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃពុធ​នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សម រង្ស៉ី។​ លោកបាន​អះអាង​ថា​ លោក​ចូលរួម​នេះ​គឺដោយសារ​ថា​ ខួប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​ស្នា​ព្រះហស្ថ​របស់​សម្តេចឪ​ ដែល​រក​សន្តិភាព​ ស្ថិរភាព​នយោបាយ​ជូន​ដល់​កម្ពុជា​ ហើយ​គ្មាន​ទីណា​ ក្នុង​ប្រទេស​កម្ពុជា​បា្ររព្ធ​ពិធី​នេះ​ទេ។​ លោក​លឺ ឡាយស្រេង​ បាន​អះអាង​បន្ថែម​ថា​ លោក​នឹង​សម្រេច​ចិត្ត​ជា​ចុងក្រោយ​ថា​ ចូល​រួម​ជាមួយ​ គណបក្ស​ជំទាស់​ ឬមិនចូល ​បន្ទាប់ពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព​សម្តេច​ឳ។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ញឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា ​លោក​លឺ ឡាយស្រេង​ចុះចូល​ជាមួយ​គណបក្ស​ជំទាស់​ ដោយលោក​ចាត់ទុក​ថា​ ព័ត៌មាន​តាម​កាសែត​ជារឿង​មិនពិត​ និង​បំផ្លើស។​

«ពួកហ្នឹង​ចេះ​តែ​បំផ្លើស​ហ្នឹង។​ ខ្ញុំសួរ​គាត់​ពីរ​ដង​ហើយ ឆែក​មែនទែនទៅ​ គាត់ អត់​បាន​និយាយ​ថា​ គាត់​ប្រកាស​ចូល​ជាមួយ​គណបក្ស​ជំទាស់​ផង​ហ្នឹង»។​

តែ​លោក​អះអាង​ថា​ លោក ​ម៉ោញ សាផាន​បាន​លា​ឈប់​ពី​គណបក្ស​ហ៊្វុន ស៊ីនប៉ិច​យូរ​ហើយ​ ដែល​រឿង​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​គណបក្ស​លោក​ទេ។​

លោក ​យូ ហុកគ្រី​ តំណាង​រាស្ត្រ​គណបក្ស​ជាតិ​និយម​ ជា​អតីត​គណបក្ស​នរោត្តម​រណឫទ្ធិ​ ដែល​ត្រូវ​គេ​បញ្ចេញ​ឈ្មោះ​លោក​ដូច​លោក​ លឺ ឡាយស្រេង​ និង​លោក​ម៉ោញ សាផាន​ថា​ បានចូល​ជាមួយ​គណបក្ស​ជំទាស់​ផង​នោះ​ បាន​ច្រានចោល​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដោយ​គំរាម​ថា​ នឹង​ពិចារណា​ចាត់​វិធាន​ការណ៍​ច្បាប់។​

«ខ្ញុំសូម​បដិសេធ​នូវ​ព័ត៌មាននេះ​ទាំងស្រុង​ និង​ដាច់ខាត។​ ហើយ​ព័ត៌មាន​នេះ​ ខ្ញុំ គិត​ថា ​ជាព័ត៌មាន​មិន​ពិត ​ប្រាសចាក​ពី​លើមូលដ្ឋាន​សព្វ​បែប ​សព្វយ៉ាង​ទាំង​អស់»។​
ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​យឹម សុវណ្ណ​ តំណាង​រាស្ត្រ​គណបក្ស​ សម រង៉្សី ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ពុំបាន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ករណី​ ឥស្សរៈជន​នយោបាយ​ជាបុគ្គល​ទេ​ តែ​លោក​បាន​អះអាង​ថា៖​

«ខ្ញុំ​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។​ តែ​ខ្ញុំ​គ្រាន់តែ​អាច​បញ្ជាក់​បាន​ថា​ មាន​ឥស្សរៈ ជន​នយោបាយ​មក​ពី​គណបក្ស​ផ្សេងៗ​ ដែល​អ្នក​ខ្លះ​បាន​ចូល​ហើយ​ អ្នក​ខ្លះ​កំពុង​ តែ​ពិចារណា​នៅ​ឡើយ​នោះ ​នឹង​មក​ចូល​រួម​ធ្វើ​សកម្មភាព​ជា​មួយ​គ្នា»។​

អ្នក​នយោបាយ​ថ្នាក់​កណ្តាល​មួយ​ចំនួន​បាន​ចាកចេញ​ពី​គណបក្ស​រាជានិយម​ខ្លះ​មក​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ជំទាស់​ថ្មី​កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដោយ​សរសេរ​លិខិត​ជា​ផ្លូវការ។​

លោក​ យឹម សុវណ្ណ​បាន​បន្ថែម​ថា​ នៅ​ពេល​ខាងមុខ​នេះ ​ឥស្សរៈជន​នយោបាយ​ ពី​គណបក្ស​ផ្សេងៗ​ទៀត​ដែល​កំពុង​រៀបចំ​ខ្លួន​និង​កិច្ចការ​របស់គេ ​នឹង​ប្រកាស​ ជា​សារធារណៈ​ពីការ​ចូលរួម​កម្លាំង​ជាមួយ​គណបក្ស​ជំទាស់​គឺ​គណបក្ស​ សង្រ្គោះ​ជាតិ។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​នៅថ្ងៃ​២៨​កក្កដា​ឆ្នាំ​២០១៣​ខាង មុខ​ ដែល​ក្រុម​ជំទាស់​កំពុង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​និង​ សមាភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​តាម​អនុសាសន៍​របស់​លោក​ សូរីយា ស៊ូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។​ គណបក្ស​ជំទាស់​ គឺគណបក្ស​សង្គ្រោះជាតិ​ដឹក​ នាំដោយ​លោក​សម រង្ស៉ី​និង​លោក​កឹម សុខា​នឹង​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ​ ហើយ​ឈ្នះ​អាសនៈ​ ក្នុង​សភា​៩០​ក្នុង​ចំណោម​១២៣​កាលពី​ការបោះឆ្នោត​ឆ្នាំ២០០៨៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG