ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​និង​ដើមបណ្តឹង​សោកស្តាយ​ដែល​អៀង សារី​ស្លាប់​ដោយ​មិន​ទាន់​ជាប់​ទោស


លោក ជុំ ម៉ី ​ជា​ជនរងគ្រោះ​ក្នុង​គុក​ទួលស្លែង ​និង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​សំណុំរឿង ០០១​
លោក ជុំ ម៉ី ​ជា​ជនរងគ្រោះ​ក្នុង​គុក​ទួលស្លែង ​និង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​សំណុំរឿង ០០១​

អៀង សារី​មាន​អាយុ​៨៧ឆ្នាំ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​ថ្ងៃទី៤ ខែមីនា។

ភ្នំពេញ៖ ដើម​បណ្តឹង​រដ្ឋប្បវេណី​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សម្តែង​ការសោកស្តាយ​និង​មិន​អស់ចិត្ត​ចំពោះ​ការស្លាប់​របស់​អៀង​សារី ​នៅមុន​ការកាត់ទោស​មិនទាន់​បានបញ្ចប់។
អៀង សារី​មាន​អាយុ​៨៧ឆ្នាំ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​ថ្ងៃទី៤ ខែមីនា។

លោក​ប៉ែន សឿន ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​សំណុំរឿង​០០២ ​និង​ជា​អ្នកតំណាង​ជន​រងគ្រោះ​នៅ​ខេត្តស្វាយរៀង​បានលើកឡើង​ថា​ការស្លាប់​របស់​អៀង​សារី​បន្សល់ទុក​នូវ​អាថ៌កំបាំង​ជាច្រើន​ដែល​មិនទាន់​បាន​ទម្លាយ​ចេញ។

«គឺ​ខ្ញុំ​សោកស្តាយ​ដោយសារ​អ្វី​ដែល​គាត់​ស្លាប់​ហ្នឹង​បានន័យថា​គាត់​ត្រូវ​រួច​ចាក​ផុតពី​ការផ្តន្ទា​ទោស​ពី​តុលាការ​ហើយ​គាត់​មិនទាន់បាន​និយាយ​ការពិត​អ្វីមួយ​ដែរ​សម្រាប់​ឱ្យ​យើងខ្ញុំ​ជា
ជនរងគ្រោះ​នោះ​បាន​ដឹង​ពី​ហេតុផល​នៃ​របប​សម័យ​នោះ​ផង»។

លោក ហេង ប៊ុន​ណែ​ត​ជា​ប្រជា​ពលរដ្ឋ​រស់នៅ​ខេត្តកណ្តាល​និង​ជា​តំណាង​ដើមបណ្តឹង​ រដ្ឋប្បវេណី​សំណុំរឿង​ ០០២ ​ដែល​ជនជាប់ចោទ​អៀង​សារី​ស្ថិត​ក្នុង​នោះ​បាន​សម្តែង​ការ​ព្រួយ បារម្ភ​ថា​ជនជាប់ចោទ​ដទៃ​ទៀត​នឹង​ស្លាប់​មុន​ការកាត់ទោស​ដូចជា​ អៀង​សារី​ដែរ។

លោក​យល់ថា​ការស្លាប់​របស់​ អៀង​សារី​មុន​ការកាត់ទោស​ធ្វើឱ្យ​អៀង សារី ​ជាម​នុស្ស ​ដែល​គ្មាន​កំហុស។

«ការសោកស្តាយ​របស់ខ្ញុំ​មិនមែន​ការសោកស្តាយ​អាឡោះអាល័យ​ជនឧក្រិដ្ឋ​នោះ​ទេ​ ខ្ញុំ​សោកស្តាយ​ត្រង់​ថា​ខ្ញុំ​មិនទាន់បាន​យុត្តិធម៌។ គាត់​ស្លាប់​នៅក្នុងនាម​គាត់​ដូចជា​ប្រជាជន​នៅឡើយ។​ ខ្ញុំ​ចង់ឱ្យមាន​ការកាត់ទោស​ចំពោះ​ជនឧក្រិដ្ឋ​ហ្នឹង​ឱ្យ​មុន​គាត់​ស្លាប់​ខ្ញុំ​នឹង​អស់ចិត្ត។ គាត់​ស្លាប់​ទៅ​គាត់​ស្ពាយ​ទោស​យកទៅ។ [ឥឡូវ] រួចខ្លួន​ហើយ។ ​គាត់​មានទោស​អ្វី​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ថា​អៀង សារី​បានសម្លាប់​ប្រជាជន​ខ្មែរ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ​ឥឡូវ​តុលាការ​អាច​កាត់ទោស​គា​ត់​ជាប់​គុកប៉ុណ្ណាៗ​គាត់​អត់​ទាន់​មាន​ផង​ហ្នឹង​គាត់​ស្លាប់​ដោយ​ស្រួល​ដូច្នេះ​គាត់​មាន​ប្រវត្តិសាស្ត្រ​ណា​ចារ​អៀង​សារី​ជាប់គុក​មួយជីវិត​អី​ហ្នឹង​អត់​មាន​ផង»។

លោក ជុំ ម៉ី ​ជា​ជនរងគ្រោះ​ក្នុង​គុក​ទួលស្លែង ​និង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​សំណុំរឿង ០០១​បាន​ស្តីបន្ទោស​ជាខ្លាំង​ទៅលើ​ការយឺតយ៉ាវ​ក្នុង​ដំណើរការ​កាត់ទោស​រប​ស់​សាលាក្តី​ខ្មែរ​ក្រហម។
លោក​បាន​រៀបរាប់​ថា ​អៀង​សារី​បាន​ស្លាប់​ដោយ​មិនទាន់បាន​កាត់ទោស​រក​យុត្តិធម៌​ជូន ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។

«សោកស្តាយ​ដែល​គាត់​មិនបាន​និយាយ ​ហើយ​គាត់​ហ្នឹង​ជា​មនុស្ស​កំសាក ​អត់​ហ៊ាន​ និយាយ​ប្រាប់​កូនចៅ​ជំនាន់​ក្រោយ​អត់​ហ៊ាន​និយាយប្រាប់​តុលាការ។ បើ​ថា​ម្នាក់​នេះ​បានជា​ទៅ ទៅហើយ ឥឡូវ​យើង​នៅ​ប៉ុន្មាន​នាក់​ទៀត​ នួន ជា ខៀវ សំផន គួរ​តុលា​ការរក​ឱ្យឆាប់ៗ​ទៅ ​កុំ ​ពន្យាៗ​ក្រែង​ពួក​អស់​ហ្នឹង​ងាប់​អស់​ទៅ​ចប់​ហើយ​ តុលាការ​អត់​មានន័យ​អី​ទេ»។

លោក សៀក មេកុង ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តស្ទឹងត្រែង ​និង​ជាដើម​បណ្តឹង ​រដ្ឋប្បវេណី​សំណុំ​រឿង​ ០០២ ​បានបង្ហាញ​ពី​អារម្មណ៍​ខឹង​យ៉ាងខ្លាំង ​ចំពោះ​តុលាការ​ខ្មែរក្រហម​ដែល​បណ្តាយ ​ឱ្យ​ជនជាប់ចោទ​ស្លាប់​មុន​ការកាត់ទោស។

«ខ្ញុំ​សោកស្តាយ​ដែល​ស្លាប់​មេដឹកនាំ​មិនបាន​កាត់ទោស ​មិនបាន​សួរចម្លើយ​អ្វី​ជា​វិជ្ជមាន​ដើម្បី​ឆ្លើយបំភ្លឺ​ចំពោះ​មហាជន​ទូទាំង​ប្រទេស​ខ្មែរ​ឬ​ខ្មែរ​នៅក្រៅ​ប្រទេស​ក្តី​ដែលមាន​ការឈឺចាប់។ ខ្ញុំ​សូម​អំពាវនាវ​ធ្វើយ៉ាងណា​ឱ្យជួយ​ជំរុញ​កាត់ទោស​ខ្មែរក្រហម​ដែល​នៅ​សេស​សស់ ​ប៉ុន្មាន​រូបនេះ​ធ្វើ​ឱ្យ​មាន​ភាពយុត្តិធម៌​ជូន​ជនរងគ្រោះ»។

លោក ជា វុទ្ធី​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​អង្គុយ​នៅលើ​ម៉ូតូ​កង់​បី​នៅ​មុខ​សារៈមន្ទីរ​ជាតិ​ទួល​ស្លែង​ក៏បាន​ដឹង​ពី​ការស្លាប់​របស់​អៀង សារី​តាម​ការផ្សព្វផ្សាយ​របស់​វិទ្យុ។

លោក​ក៏បាន​សម្តែង​ការសោកស្តាយ​ដូចជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែរ​ ដោយ អៀង សារី​បាន​ស្លាប់​មុន​លទ្ធផល​នៃ​ការកាត់ទោស​មិនទាន់​ត្រូវបាន​ប្រកាស។

«សោកស្តាយ​ដែល​មិន​បានឃើញ​លទ្ធផល​នៃ​ការកាត់ទោស​សាលាក្តី​ខ្មែរក្រហម​ឱ្យ​ច្បាស់លាស់​វា​ចេញ​ជា​លទ្ធផល​ដាក់ទោស​យ៉ាងម៉េចៗ ​ដល់ពេល​វា​អីចឹង​ទៅ​វា​ពិបាក​ដែរ​ ឱ្យតែ​មនុស្ស​វា​ស្លាប់​ទៅ​វា​ផុត​អស់ហើយ។សាលាក្តី​ខ្មែរក្រហម​ឃើញ​ធ្វើជា​យូរ​មក​ហើយ​មិន​ឃើញ​ចេញ​ជា​ដុំកំភួន​អី»។

អៀង សារី ​កើត​នៅ​ថ្ងៃទី២៤ ​ខែតុលា​ឆ្នាំ១៩២៥​មាន​តួនាទី​ជា​អតីត​ឧ​បនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស​និង​ជា​សមាជិក​មួយរូប​នៃ​គណៈអចិន្ត្រៃយ៍​នៃ​បក្សកុ​ម្មុយ​និ​ស្ត​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

អៀង សារី ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ១២ ​ខែ​វិច្ឆិកា ​ឆ្នាំ២០០៧ ​ហើយ​ត្រូវបាន​ជំនុំជម្រះក្តី​នៅ​ចំពោះមុខ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ចំពោះ​បទចោទប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ការរំលោភ​បំពារបំពាន ​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩។

លោក នេត ភ័​ក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​មានប្រសាសន៍ថា​ការស្លាប់​របស់​ អៀង សារី​តុលាការ​ក៏មាន​ការសោកស្តាយ​ដែរ ​ដោយ​ការកាត់ក្តី​នេះ​មិនទាន់​បានបញ្ចប់ ​ហើយ ​បទ​ចោទ​ប្រឆាំង​ទៅនឹង​អៀង សារី​ក៏ត្រូវ​បាន​រលត់​ត្រឹមនេះ​ផងដែរ។

ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងណា​លោក​បាន​បញ្ជាក់ថា​ការស្លាប់​នេះ​មិនបាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ ​ការកាត់ទោស​ជនជាប់ចោទ​ដទៃទៀត​នោះទេ។
«សំណុំ​រឿង​០០២​មិនមែន​សំណុំរឿង​តូចតាច​នោះ​ទេ​គឺជា​សំណុំរឿង​ដែល​ធំ​ហើយ​ មាន​ភាពស្មុគស្មាញ​ហើយ​សំណុំ​ឯកសារ​ក៏ដូចជា​រឿងរ៉ាវ​ ទីតាំង​ឧក្រិដ្ឋកម្ម​គឺមាន​ច្រើន ​ជា​រឿង​ដែល
ស្មុគស្មាញ​ដែល​ត្រូវការ​ចំណាយពេល​ច្រើន។​ តាមពិត​គឺ​តុលាការ​យើង​នេះ​បាន​ខិតខំ​នៅក្នុង​ការ
បំពេញ​ទៅតាម​នីតិ​វិធី​ច្បាប់​យើង​ចង់ឱ្យ​ដំណើរការ​លឿន​ក៏ប៉ុន្តែ​ក៏​យើង​ត្រូវធ្វើ​ការឱ្យ​ទៅនឹង ស្តង់ដា​អន្តរជាតិ​ដែរ ​ហើយ​តុលា​ការដែល​យើង​បាន​កំពុង​ធ្វើ​នេះ​គឺ​យើង​មិនបាន​ពន្យា​នូវ​ដំណើរការ​នីតិ​វិធី​ណាមួយ​នោះ​ទេ»។
លោក​នេត្រ ភ័​ក្ក្រា​ ក៏បាន​ឱ្យដឹង​បន្ដ​ដែរ​ថា​សាលាក្តី​ខ្មែរក្រហម​កំពុង​ប្រឈម​នឹង​បញ្ហា ​វ័យ​ចំណាស់​របស់​ជន​ចាប់​ចោទ​និង​ការខ្វះ​ថវិកា​ ដូច្នេះ​សាលាក្តី​ខ្មែរក្រហម​កំពុង​ព្យាយាម​រក​វិធី សាស្ត្រ​និង​យុទ្ធសាស្ត្រ​ធ្វើ ​យ៉ាងណា​ដើម្បី​ព​ន្លឿ​ន​នៃ​ដំណើរការ ​ការកាត់ក្តី​នេះ។
XS
SM
MD
LG