ភ្នំពេញ៖ ក្តីគោរពស្រលាញ់របស់ប្រជាពលរដ្ឋចំពោះសម្តេចឪបានស្ថិតនៅក្នុងក្រអៅបេះដូងរបស់ពួកគេ។ អ្នកទាំងនោះសុខចិត្តចំណាយថវិកាដែលខ្លួនមានបន្តិចបន្តួចដើម្បីធ្វើដំណើរពីខេត្តឆ្ងាយៗមកគោរពព្រះបរមសពសម្តេចឪនៅរាជធានីភ្នំពេញ។
អ្នកស្រី ស រិន អាយុ៧៩ឆ្នាំរស់នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ អ្នកស្រីកំពុងអង្គុយលើកម្រាលតង់នៅមុខព្រះបរមរាជវាំង។ គាត់បានឲ្យដឹងថាគាត់មានលុយចំនួន២៥.០០០រៀលគឺស្មើរជាង៦ដុល្លារអាមេរិកតែប៉ុណ្ណោះដែលកូននិងអ្នកជិតខាងនាំគ្នាប្រមូលឲ្យគាត់។ ចំនួនទឹកប្រាក់នេះគ្រប់គ្រាន់សម្រាប់តែអ្នកស្រីធ្វើដំណើរពីភូមិរបស់គាត់ដែលមានចម្ងាយជាង២០០គីឡូមកទីក្រុងភ្នំពេញតែប៉ុណ្ណោះ។
ប៉ុន្តែអ្នកស្រីនៅតែសម្រេចចិត្តមកដែរហើយគាត់ពោលថា បើសិនជាមិនបានមកគោរពព្រះបរមសពសម្តេចឪទេនោះអ្នកស្រីប្រាកដជាសោកស្តាយអស់មួយជីវិត។ ចំណែកឯការហូបចុក និងសោហ៊ុយត្រឡប់ទៅផ្ទះវិញគឺបានពីការជួយឧបត្តម្ភរបស់ប្រជាពលរដ្ឋដែលបានមកគោរពវិញ្ញាណក្ខន្ធសម្តេចឪនៅមុខព្រះ បរមរាជវាំង។

អ្នកស្រីដែលមានរាង្គកាយមិនសូវមាំទាំបានឲ្យដឹងទៀតថា គាត់បានមកស្នាក់នៅរាជធានីភ្នំពេញចំនួនបួនថ្ងៃហើយ។
«ខ្ញុំមកកាន់ទុក្ខសម្តេចឪ។ មកហើយត្រូវដេកឲ្យយូរតបស្នងសងគុណឪ។ខ្ ញុំមកនេះ ខ្ញុំអត់លុយទេ តែខ្ញុំសុំកូនសុំចៅ។ កូនចៅគេឲ្យមកក៏មក។ អត់មានអីសម្រាប់ហូបទេ។ មកមានតែសោហ៊ុយតែប៉ុណ្ណោះ។ គេស្នាក់បែបណា ខ្ញុំស្នាក់ដូចគេដែរទៅ។ ដេកអញ្ចឹង តង់អញ្ចឹង កាលណាភ្លៀងបងប្អូនពូប៉ូលីសគាត់ធ្វើរោងឲ្យទៅ។ ធ្វើដូចម្តេចបើចិត្តយើងចង់ទៅហើយ។ យើងអត់មានស្តាយស្រណោះតូចចិត្តអីបន្តិចអត់ទេ។ អត់បានមកដូចអត់អស់ចិត្ត។ ចង់តែមកទោះបីជាអត់លុយយ៉ាងណាក៏ដោយ»។
អ្នកស្រី ស រិន សន្យាថានឹងព្យាយាមរកលុយឲ្យបានសម្រាប់មកម្តងទៀតនៅថ្ងៃបូជាព្រះបរមសព។ ព្រះមហាវីរៈក្សត្របានយាងចូលទិវង្គតនៅព្រះជន្ម៩០ព្រះវស្សាកាលពីព្រឹកថ្ងៃច័ន្ទ ទី១៥ ខែតុលា ក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន។
ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលមកគោរពវិញ្ញាណក្ខន្តព្រះបរមសពសម្តេចព្រះនរោត្តម សីហនុនៅមុខព្រះបរមរាជវាំង អ្នកស្រីម៉ៃ បូ អាយុ៧១ឆ្នាំមកពីស្រុកសំពៅលូន ខេត្តបាត់ដំបងដែលមានចម្ងាយជាង៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អ្នកស្រីកំពុងអង្គុយលើតង់មុខព្រះបរមរាជវាំង។
អ្នកស្រីមិនសូវធ្វើការផ្លាស់ទីកន្លែងប៉ុន្មានទេពីព្រោះគាត់ពិការជើងឆ្វេងម្ខាង។ គាត់មកទីនេះត្រូវចំណាយថវិកាសម្រាប់ធ្វើដំណើរអស់ប្រហែល៥០.០០០រៀលគឺស្មើរជាង១២ដុល្លារអាមេរិកដែលជាលុយសន្សំរបស់គាត់ជាយូរមកហើយ។ ទោះបីជាលុយដែលត្រូវចំណាយសម្រាប់ធ្វើដំណើរ និងចំណាយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះជាចំនួនមួយយ៉ាងច្រើនសម្រាប់គាត់ក៏ដោយ ក៏គាត់នៅតែមិនស្តាយដែរឲ្យតែគាត់បានមកគោរពព្រះបរមសពសម្តេចឪ។

«ធ្វើបុណ្យបង្សុកូលឲ្យគាត់។ បង្សុកូលដូចលោកទេស លោកសូត្រមន្តអញ្ចឹង ហើយបន់ឲ្យគាត់ទៅរកកន្លែងសុខ។ ត្រូវតែតស៊ូមក។ មិនអស់ចិត្តបើមិនបានឃើញគេធ្វើបុណ្យ»។
ចាប់ពីម៉ោង១០យប់អ្នកនៅរាជធានីភ្នំពេញនឹងមកពីខេត្តជាយក្រុងភ្នំពេញ ដែលចូលរួមអុជធូក ថ្វាយផ្កា គោរពវិញ្ញាណក្ខន្ធព្រះបរមសពបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ ដោយឡែកអ្នកដែលមកពីខេត្តឆ្ងាយៗតែងតែសម្រាកតម្រៀបគ្នានៅលើតង់ខៀវក្រាលលើថ្នល់មុខព្រះបរមរាជវាំង។
ដោយសារនេះជារដូវវស្សា នៅរៀងរាល់យប់ភាគច្រើនមានភ្លៀងដែលធ្វើឲ្យអ្នកទាំងនោះពិបាកក្នុងការរកកន្លែងជ្រកនិងសម្រាក។
គ្រឹះស្ថានឯកជន និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមួយចំនួនដែលមានជីវភាពធូរធារតែងតែធ្វើការបរិចាកដូចជាបាយ ម្ហូប អាហារ ទឹក និងថវិកាខ្លះដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្រីក្រទាំងនោះ។ ចំណែកឯអាវយឺតមានរូបសម្តេចឪ បូកាន់ទុក្ខ ផ្កានិងរូបថតសម្តេចឪនៅតែមានការទិញលក់យ៉ាងផុលផុសដដែល។ ប្រជាពលរដ្ឋមួយចំនួននៅតែបន្តពាក់អាវស និងខ្ទាស់បូកាន់ទុក្ខនៅលើអាវផ្នែកខាងឆ្វេង។
នៅតាមសារព័ត៌មានក្នុងស្រុកនៅតែមានការចុះផ្សាយសាររំលែកទុក្ខពីក្រុមហ៊ុនឯកជន និងស្ថាប័នមួយចំនួនផងដែរ។ ចំណែកឯវិទ្យុ និងទូរទស្សន៍ក្នុងស្រុកក៏នៅមានការផ្សាយពីស្នាព្រះហស្ថសម្តេចឪនិងសកម្មភាពការចូលគោរពព្រះបរមសពក្នុងព្រះបរមរាជវាំងពីសំណាក់មន្ត្រីរាជការក៏ប៉ុន្តែការផ្សព្វផ្សាយពីសកម្មភាពទាំងនោះមិនសូវមានច្រើនដូចកាលពីក្នុងអំឡុងពេលកាន់ទុក្ខនោះទេ។