ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​បន្ត​កាន់​មរណទុក្ខ​អតីត​ព្រះមហាវីរក្សត្រ


ភ្នំពេញ៖ អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​កន្លង​មក​ហើយ​ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​រួមទាំង​ព្រះ​ស​ង្ឈ​ផង​ដែរ​នៅតែ​បន្ត​យ៉ាង​ផុលផុស​គោរព​វិញ្ញាណក្ខន្ធ និងធ្វើ​ពិធីសា​នា​សម្រាប់​ព្រះ​បរមសព​សម្តេច​ឪ នរោត្តម សីហនុ។ សកម្មភាព​បែបនេះ​ក៏បាន​ផ្តល់ឱកាស​ឲ្យ​ការ​ប្រកប​មុខ​របរ​លក់​ផ្កា បូណ៌​កាន់​ទុក្ខ និង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​សព​យ៉ាង​កាក់​កប​ផង​ដែរ។
ព្រះសង្ឃ​គ្រប់​អង្គ​ដែល​គង់​នៅ​តាម​ទី​វត្ត​អារាម​ទាំងអស់​ទូទាំង​ប្រទេស​កម្ពុជា​តែង​តែ​ធ្វើ​ពិ​ធី​បង្សុកូល​ឧទិ្ទសថ្វាយ​ដល់​វិញ្ញាណក្ខន្ឋ​ព្រះមហាវីរៈក្សត្រមុន​ឆាន់ ហើយ​រៀងរាល់​ព្រឹក និង​ល្ងាច​ព្រះ​សង្ឈ​ទាំង​អស់​ជួប​ជុំ​គ្នា​ដើម្បី​សូត្រធម៌​ឧទ្ទិស​ថ្វាយ​វិញ្ញាណក្ខន្ធ​សម្តេច​ឪ​ផង​ដែរ។
ព្រះ​ញាណ វង្ស ឃឹម សន ព្រះ​មេគុណ​រាជធានី​ភ្នំពេញ គង់នៅ​វត្តបុទុមវត្តី​បាន​មា​នស​ង្ឈដីកា​ថា​សកម្មភាព​ទាំងអស់​នេះ​នឹង​ធ្វើ​រហូត​ដល់​ព្រះរាជពិធីបូជា​ព្រះ​បរមសព។
«ពី​ថ្ងៃនេះ​ទៅ ទូទាំង​វត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ពុទ្ធបរិស័ទ​ជើង​វត្ត​នីមួយៗ​ដើម្បី​ជួបជុំគ្នា​នៅ​ទី​អារាម ហើយ​ធ្វើបុណ្យ​ឧទ្ទិស​ព្រះ​រាជកុសល​ថ្វាយ។ ការ​ប្រារព្ធ​យ៉ាងនេះ​ឲ្យ​ប្រារព្ធ​ជា​រៀងរហូត​ទៅ មិនមែន​ប្រារព្ធ​តែ​វិញ្ញាណខន្ធសម្រាប់​តែ​ប្រាំពីរ​ថ្ងៃ​នេះ​ទេ។ ពេល​មុន​នឹង​អាត្មា​បញ្ច​ប់​ធម៌​ផ្សាយ​មេត្តាធម៌ ក៏​អាត្មា​ប្រកាស​ផ្សាយ​ឧទ្ទិស​បុណ្យ​ព្រះរាជ​កុសល​ថ្វាយ​ទាំង​ព្រឹកទាំង​ល្ងាច​រាល់ថ្ងៃ»។
ចំណែក​នៅឯ​មុខ​ព្រះបរមរាជវាំង​វិញ​ទាំងថ្ងៃទាំងយប់​ប្រជាពលរដ្ឋ​និង​ព្រះ​ស​ង្ឈ​មកពី​គ្រប់​ទិស​ទី​នាំគ្នា​មក​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​ឪ​ដោយ​នាំ​យក​មក​ជាមួយ​នូវ​ទាន ធូ​ក និង​ផ្កា​ភ្ញី។
អ្នក​ទាំងនោះ​ភាគ​ច្រើន​បាន​អង្គុយ​បត់​ជើង​ផ្ទាល់​នឹង​ថ្នល់​ឬ​ឥដ្ឋ​ហើយ​បាន​អុជ​ធូ​ក​និយាយ​ខ្សឹបៗក្តុកក្តួល​ដោយ​បួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​សម្តេច​ឪ​យាង​ទៅកាន់​សុខ​គតិភព។ ព្រះ​ស​ង្ឈ និង​អ្នក​កាន់​សីល​ធ្វើ​ពិធី​សូត្រធម៌​ផងដែរ។
«ព្រះបិតា​ជាតិ​សម្តេច​តា​ដែល​លោក​បាន​ចែក​ឋាន​ទៅ សូម​ឲ្យ​លោក​ជួបតែ​បរមសុខ សូម​ជួយ​ថែ​រក្សាកូន​ចៅ​ទាំងអស់​ក្នុងប្រទេស​ខ្មែរ កុំ​ឲ្យ​មានរឿង​អ្វី​កើតឡើង​ទាំងអស់​ក្នុង​ប្រទេស។ សូម​ឲ្យ​ប្រទេស​យើង​ជួបតែ​សេចក្តីសុខ។ សត្រូវ​ដែល​ចង់​ឈ្លានពាន​យារ​យី​ប្រទេស​ជាតិ​យើង​សូម​ឲ្យ​មក​ពី​មុខ​រលំ​មកពី​ក្រៅ​រលាយ​ទាំងអស់ សូម​សម្តេច​តា​ជួយ​ថែរ​រក្សា​កូន​ចៅ​ផង»។
កញ្ញា ចាន់ ម៉ី អាជីវករ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទាំង​អួល​ដើម​ករ​ថា ទោះបី​ជា​គាត់​រវល់​យ៉ាង​ណា​ក៏​ដោយ​ក៏​គាត់​ត្រូវ​ឆ្លៀត​ពេល​មក​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​ឪ​ឲ្យ​បាន​យ៉ាង​តិច​ពីរ​ដង​ដែរ។
«រលឹក​ដល់​សម្តេច​ពី​ការគោរព​ស្រឡាញ់​បំផុត​នៅក្នុង​ចិត្ត​ខ្ញុំ។ ឲ្យតែ​រំលឹក​ដល់ មើល​ដល់​ធ្វើ​ឲ្យ​យើង​ចង់​ស្រក់​ទឹកភ្នែក​តែម្តង។ គាត់​ប្រឹង​អស់​មួយជីវិត​ហើយ។ គាត់​មិនបាន​អី​ទៅ​វិញ​ទេ គាត់​ផ្តល់​ឲ្យ​កូន​ចៅ​សុទ្ធតែ​អ្វី​ល្អៗ​ទាំង​អស់។ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​ចិត្ត​ដើម្បី​បាន​មក​ឲ្យ​ច្រើន​ជាង​នេះ»។
បន្ទាប់ពី​មានការ​អុជ​ធូប​បួងសួង​រួចហើយ​អ្នក​ទាំងនោះ​ភាគច្រើន​សរសេរ​ពី​អារម្មណ៍​របស់ខ្លួន​ដូចជា​ពី​វីរៈភាព​របស់​សម្តេច​ឪ ការ​សោក​ស្តាយ​ជាដើម​ចូល​ទៅ​ក្នុង​សៀវភៅ ដែល​បានដាក់​នៅលើ​តុ​វែង​មួយ។ មុននឹង​ត្រលប់​ទៅផ្ទះ​វិញ ប្រជាពលរដ្ឋ​មួយ​ចំនួន​ទិញ​រូបថត​សម្តេច​ឪ​កាលពី​ក្មេង រូបថត​ជុំ​គ្រួសារ និង​រូបថត​នៅ​ក្នុង​ពិធី​ដង្ហែរ​ព្រះ​សព​ជាដើម។
រីឯ​នៅតាម​កន្លែង​លក់​ផ្កា​នៅក្នុង​ក្រុងភ្នំពេញ​ក៏មាន​សកម្មភាព​មមាញឹក​ទិញ​លក់​កម្រង​ផ្កា ដាក់​ស៊ុម​រូបថត​សម្តេចឪ និង​បូកាន់​ទុក្ខ​ជា​ក្រណាត់​ពណ៌​ស និង​ខ្មៅ។ កម្រង​ផ្កា​មាន​តម្លៃ​ចាប់​ពី
៣០​ដុល្លារ​ដល់​១០០ដុល្លា​អាមេរិក។ ចំណែក​ឯ​បូណ៌​កាន់ទុ​ក្ខ​មាន​តំលៃ​ចាប់​៥០០ ដល់​១.០០០ រៀល ពោល​គឺ​ប្រមាណ​ជា០.១២ ដុល្លារ​ទៅ ០.២៥ដុល្លា​អា​មេ​រិច។
កញ្ញា​វណ្ណ សុធារ៉ា អ្នកលក់​ផ្កា និង​លក់​បូណ៌​កាន់ទុក្ខ​ក្នុង​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​គ្រាន់​តែ​កន្លែង​គាត់​មួយ​លក់​បូណ៌​កាន់ទុក្ខ​អស់​ប្រមាណ​ជា​ជិត​៣​ម៉ឺន​បូ។
«មាន​ខាង​ក្រសួង​គេ​មក​កុំ​ម៉ង់​ប្រហែល​ជា​១​ម៉ឺន​បូណ៌ ហើយ​ខ្លះទៅ​គេ​ទិញ១០០ ទៅ២០០ យក​ទៅ​លក់​បន្ត​ពីព្រោះ​អី​គេ​ទិញ​បន្ត​រហូត​ដល់​រៀង​យប់​ក៏​នៅតែមាន​អ្នកទិញ​ដែរ។ ខ្លះទៅ​បងប្អូន នៅ​ខេត្ត​គេ​ទិញ​ផ្ញើ។ គេ​ទិញច្រើន។ បូណ៌​នេះ​ខ្ញុំ​ធ្វើ​ទាន់​តែ​លក់​អត់​ទាន់​ពីព្រោះ​មនុស្ស​មក​ច្រើន​ពេក។ ២២​នាក់​ធ្វើ​មួយ​យប់​ទាល់​ភ្លឺ​ធ្វើ​តាំង​ពី​ថ្ងៃ​ទី​១៦​មក»។
នៅ​តាម​ក្រសួង ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯក​ជន ទី​វត្ត​អារាម និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន
ការ​ដាក់​តាំង​រូបថត​សម្តេចឪ​លម្អ​ដោយ​ផ្កា​ភ្ញី និង​តុបតែង​សញ្ញា​កាន់​ទុកជា​ដើម។ នៅ​ក្នុង​អំឡុង ប៉ុន្មាន​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​សម្លៀក​បំពាក់​អាវ​ស និង​មាន​បូណ៌​កាន់​ទុក្ខ​ខ្ទាស់​នៅ​លើ​អាវ​ផ្នែក​ដើម​ទ្រូង​ខាង​ឆ្វេង។
ព្រះមហាវីរក្សត្រ​បាន​យាង​ចូល​ទិវង្គត​ក្នុង​ព្រះជន្មាយុ​៩០​ព្រះវស្សា កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​តុលា ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។ កម្ពុជា​ទាំងមូល​កាន់​មរណៈទុក្ខ​រយៈពេល​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ​តទៅ។
ក្នុង​អំឡុងពេល​កាន់ទុក្ខ​នេះ គ្រប់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ទាំងអស់ ព្រមទាំង​កន្លែងកំសាន្ត​សប្បាយ ត្រូវ​បាន​ផ្អាក​ការផ្សាយ​ទស្សនីយភាព ការសម្តែង និង​ការប្រគុំ​តន្ត្រីផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ​គគ្រឹក​គគ្រេង។ ចំណែក​ឯ​ដងទង់​ជាតិ​ត្រូវ​បង្ហូត​តែ​១​ភាគ​៣​តែ​ប៉ុណ្ណោះ៕
XS
SM
MD
LG