វ៉ាស៊ីនតោន៖ ខណៈពេលដែលប្រទេសកូរ៉េខាងជើងបានគម្រាមវាយប្រហារកូរ៉េខាងត្បូងនិងស.រ.អា. ក្រុមកម្មករនិងពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ខាងត្បូងបានអះអាងថាក្រុមគ្រួសាររបស់ពួកគេខ្លះ មានក្តីបារម្ភពីសុវត្ថិភាព របស់ពួកគេ ដោយបានទូរស័ព្ទហៅពួកគេឲ្យត្រឡប់ទៅវិញ។ ក្រុមកម្មករទាំង នោះមានក្តីបារម្ភផងនិងស្តាយការងាររបស់គេផង នៅក្នុងដំណាក់កាលនៃភាព តានតឹងមិនទាន់ដល់កម្រិតដែលគេចាត់ទុកថា ជ្រួលច្របល់នៅឡើយនោះ។
ប៉ែន សែ (Pen Se) អាយុ២៩ឆ្នាំ មកពីស្រុកព្រៃកប្បាស ខេត្តតាកែវ មកធ្វើការ នៅរោងចក្រកូរ៉េបាន១ឆ្នាំ មានកូនម្នាក់។ ប្អូនប្រុសបានថ្លែងថា ក្រុមគ្រួសារ របស់ប្អូននៅប្រទេសកម្ពុជា និងពលករដទៃក៏ដូចគ្នាគឺមានក្តីបារម្ភដូចគ្នានៅ ពេលឮព័ត៌មានថា មានស្ថានការណ៍តឹងតែងរវាងកូរ៉េទាំងពីរ ជាពិសេសការគំរាមរបស់ប្រទេសកូរ៉េខាងជើង ដែលជាប្រទេសកុម្មុយនីសឯកោនោះ។ ប្អូនប្រុសប៉ែន សែបានអះអាងថា ប្អូនពិបាកនឹងសម្រេចចិត្តជាក់លាក់នៅពេលនេះដើម្បីទៅឬនៅបន្ត។
«ចង់ទៅវិញដែរ តែមិនដឹងធ្វើម៉េច។ បើទៅវិញស្តាយលុយ»។
ពលករខ្មែរប្រមាណ៣ម៉ឺននាក់កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ ពួកគេ ពិបាករកឱកាសដើម្បីជាប់ឈ្មោះមកធ្វើការនោះ រកប្រាក់ចំណូលបានច្រើន ចាប់ពី១៥០០ដល់ជាង២០០០ដុល្លារស.រ.អា.ក្នុងមួយខែៗ ដែលពិបាកឲ្យពួកគេវិលត្រឡប់ទៅវិញ។
ប្អូនសែបានអះអាងថា ប្អូនបារម្ភពីសុវត្តិភាពផង និងគ្មានព័ត៌មានគ្រប់គ្រាន់ដើម្បីពិចារណាផង ដោយសារកិច្ចការមានការមមារញឹកពេក ដែលមិនអាចទទួល បានព័ត៌មានគ្រប់គ្រាន់ជាប្រចាំ។
រុន សារ៉ន អាយុ២៥ឆ្នាំ មកធ្វើការនៅក្នុងរោងចក្រកូរ៉េបានមួយឆ្នាំកន្លះ។ ប្អូន ប្រុសមកពីខេត្តព្រៃវែង។ ប្អូនប្រុសបានអះអាងថា ឳពុកម្តាយទូរស័ព្ទមកជា រឿយៗ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ។
«បាទ គាត់ធ្លាប់ទូរស័ព្ទមក។ គាត់ចង់ឲ្យវិលត្រឡប់ទៅវិញដែរ។ បើមានសភាព ការណ៍ធ្ងន់ធ្ងរ ឲ្យវិលទៅស្រុកវិញ»។
ប្អូនប្រុសបានអះអាងថា ពេលនេះដោយសារតែសភាពការណ៍ហាក់ដូចជាមិន ទាន់មានអីជ្រួលច្របល់ខ្លាំង ពិបាកឲ្យប្អូនសម្រេចថា ត្រូវវិលត្រឡប់ទៅវិញឬយ៉ាងណា។
កម្មករ និងពលករបានអះអាងថា គ្មានរោងចក្រ និងក្រុមហ៊ុនបិទទ្វារនោះទេ ហើយពលរដ្ឋកូរ៉េខាងត្បូងហាក់ដូចជារស់នៅធម្មតា។
មុំ តារា (Mom Dara) អាយុ៣១ មកពីស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្អូន អះអាងថា ដោយសារជីវភាពខ្វះខាត មិនមានលុយកាក់បន្ត បានសម្រេចចិត្ត មកធ្វើការនៅកូរ៉េក្នុងរោងចក្រមួយឆ្នាំ។
ប្អូនមិនសូវភ័យទេ ដោយសារតែជនជាតិកូរ៉េ ដូចជាសប្បាយរីករាយធម្មតា ហើយស្ថានភាពអីដូចជាធម្មតា ការងារអីដូចជានៅតែដដែល គ្មានចលាចលអីទេ។
«តាមទឹកចិត្តរបស់ខ្ញុំ ខ្ញុំអត់ចង់ឲ្យមានសង្គ្រាមទេ ព្រោះអីមើលទៅឃើញប្រជា ពលរដ្ឋកូរ៉េខាងត្បូងនេះ មើលទៅឃើញគេរស់នៅដោយសប្បាយរីករាយ។ ខ្ញុំចង់ឲ្យសកម្មភាពហ្នឹង ទិដ្ឋភាពហ្នឹងស្ថិតនៅជារៀងរហូតក្នុងប្រទេសរបស់គេ។ បើសិនជាមានសង្រ្គាម ប្រាកដជាមានទុក្ខវេទនាហើយ ព្រោះយើងនៅស្រុកខ្មែរ អញ្ចឹងធ្លាប់ជួបប្រទះហើយសង្គ្រាម»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមពលករអះអាងថា មានអតិផរណារូបិយប័ណកូរ៉េ ខាងត្បូងជាង១សប្តាហ៍នេះ ដោយសារលុយវុនកូរ៉េមានការធ្លាក់ចុះបន្តិចបន្តួច ដែរ បើប្រៀបធៀបនឹងលុយដុល្លារស.រ.អា.។
តំបន់រោងចក្រឧស្សាហកម្ម «កែសង»ដែលរកស៊ីរួមគ្នាចុងក្រោយតែមួយគត់នៅ ទល់ដែនរវាងកូរ៉េទាំងពីរ ហើយបង្កើតការងារដល់ពលរដ្ឋកូរ៉េខាងជើងជាង៥ ម៉ឺននាក់ត្រូវគេរាយការណ៍មកថា ពុំមានបុគ្គលិកចូលធ្វើការទេនៅថ្ងៃអង្គារនេះ។
ប្រទេសកូរ៉េខាងជើង ដែលប្រឆាំងនឹងទណ្ឌកម្មអ.ស.ប. និងអន្តរជាតិរឿងសាកល្បងកាំជ្រួចមីស៊ីល បានប្រកាសដល់មន្ត្រីស្ថានទូតនានាក្នុងប្រទេសខ្លួនឲ្យ ចាកចេញ មុនថ្ងៃទី១០ ខែមេសា។ ក្រៅពីបង្ហាញឲ្យឃើញពីកាំជ្រួចមីស៊ីលរបស់ ខ្លួន កូរ៉េខាងជើងបានគម្រាមថា សង្រ្គាមអាចកើតនៅវេលាណាមួយក៏ថាបាន។
ប្អូនមុំ តារាបានអះអាងថា តាមពិសោធន៍ក្នុងប្រទេសកម្ពុជា សង្គ្រាមមិនធ្វើឲ្យ ប្រទេសណាមួយឬភាគីណាចំណេញនោះទេ៖
«បើបាញ់គ្នាមែន ក្រុមហ៊ុនហ្នឹងប្រហែលជាបិទខ្លះ ហើយ ឬបិតភាគច្រើនផងមើលទៅ ព្រោះថា វាមិនដឹងជានាំចេញទៅណា? ព្រោះប្រទេសវារញ៉រញ៉ៃ។
បើសិនជាមានសង្គ្រាមមែន តាមមើលទៅសុទ្ធតែបង្ហាញអាវុធទំនើបៗដាក់គ្នា វាធ្ងន់»។
ដោយសារការវាយប្រហារគ្នានឹងប៉ះពាល់ដល់សន្តិសុខតំបន់ ពិភពលោកសេដ្ឋ កិច្ចការងារសម្រាប់ពលករខ្មែរនៅកូរ៉េ ក្រុមកម្មករ និងពលករបានអំពាវនាវដល់ ភាគីទាំងឡាយត្រូវបញ្ឈប់សកម្មភាពតានតឹង ហើយរកដំណោះស្រាយដោយ សន្តិវិធី៕