ភ្នំពេញ
រដ្ឋាភិបាលកម្ពុជានឹងដោះលែងអ្នកទោសថៃ អ្នកស្រីរ៉ាទ្រី ពីតាណាប៉ៃប៊ូន នៅថ្ងៃទី១ ខែកុម្ភៈខាងមុខ រីឯអ្នកទោសថៃម្នាក់ទៀតលោកវីរ៉ាស៊ុមខ្វាមឃីតនឹងត្រូវបន្ធូរបន្ថយ ទោសរយៈពេលប្រាំមួយខែ។ នេះបើតាមការឲ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គវង្ស វឌ្ឍនា នៅថ្ងៃសុក្រនេះ។
ជនជាតិថៃទាំងពីរត្រូវបានចាប់ខ្លួនកាលខែធ្នូ ឆ្នាំ២០១០ នៅខេត្តបន្ទាយមានជ័យពីបទចារកម្ម។
ពិរុទ្ធជនពីតាណាប៉ៃប៊ូនត្រូវផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញកាលពីដើមឆ្នាំ២០១១ឲ្យជាប់ពន្ធនាគារចំនួនប្រាំមួយឆ្នាំ និងពិរុទ្ធជន វីរ៉ាស៊ុមខ្វាមឃីតត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួនប្រាំបីឆ្នាំ។
លោករដ្ឋមន្ត្រីអង្គវង្ស វឌ្ឍនាបានប្រាប់អ្នកកាសែតក្រោយពីលោកជួបសវនាការជាមួយប្រតិភូរបស់គណៈមេធាវីកម្ពុជានៅក្នុងទីក្រុងភ្នំពេញ។
«រឿងហ្នឹងគឺថា សម្តេចលោកសុំឲ្យដោះលែង។ យើងបន្ថយ យើងបន្ថយដូចបានតែប្រាំមួយខែទេ ព្រោះថា គាត់មិនបានជាប់មួយភាគបីទេគឺជិតមួយភាគបីហើយ»។
ការសម្រេចដោះលែងអ្នកទោសជនជាតិថៃនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែនស្នើសុំដល់ក្រសួងយុត្តិធម៌ បន្ទាប់ពីលោកទទួលការស្នើសុំពីសមភាគីថៃគឺលោកស្រីយីងឡាក់ស៊ីនណាវ៉ាត់។
លោកអង្គវង្ស វឌ្ឍនាអះអាងថា ការដោះលែងនេះគឺជាផ្នែកមួយនៃមនុស្សធម៌។
«រឿងហ្នឹងគឺសម្តេចគាត់គិតពីរឿងមនុស្សធម៌ដែរ»។
អ្នកទោសជនជាតិថៃរ៉ាទ្រីពីតាណាប៉ៃប៊ូននិងលោកវីរ៉ាស៊ុមខ្វាមឃីតនឹងត្រូវដោះលែងនិងបន្ធូរបន្ថយទោសក្នុងឱកាសពិសេសនៃពិធីថ្វាយព្រះភ្លើងទៅដល់ព្រះបមរសពនៃសម្តេចឪនរោត្តមសីហនុ។ ព្រះរាជពិធីនឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ខែកុម្ភៈ។
នៅក្នុងឱកាសនោះអ្នកទោសនៅកម្ពុជាចន្លោះពីបួនរយទៅប្រាំរយនាក់ នឹងត្រូវដោះលែងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គវង្ស វឌ្ឍនា៕