ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិល្បករ​ខ្មែរ ត្រៀម​ខ្លួន​ទៅ​ចូលរួម​សម្តែង​ក្នុង​មហោស្រព​សិល្បៈ​ខ្មែរនៅ​ញូយ៉ក​


ង៉ែត រ៉ាឌី​គឺ​ជា​អ្នក​រាំ​របាំ​ស្វា​នាំ​មុខ​គេ​ម្នាក់​នៅក្នុង​ក្រុម
ង៉ែត រ៉ាឌី​គឺ​ជា​អ្នក​រាំ​របាំ​ស្វា​នាំ​មុខ​គេ​ម្នាក់​នៅក្នុង​ក្រុម
ភ្នំពេញ៖ សិល្បករ សិល្បការនី​ខ្មែរ​កំពុង​ត្រៀម​ខ្លួន​ទៅបង្ហាញ​ទេព​កោសល្យ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក សម្រាប់​មហោស្រព​រយៈ​ពេល​២ខែ ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​មេសា​ខាង​មុខនេះ។ មហោស្រព​នេះ​នឹង​នាំ​យក​សិល្បករ​ខ្មែរ​សរុប​ចំនួន​១២៥​នាក់​ពី​ប្រទេស​កម្ពុជា​ទៅ​សម្តែង​នៅ​ទីនោះ។​

សិល្បករ​វ័យក្មេង​ទាំង​នេះ​កំពុង​ហាត់​សម​រាំ​របាំ​ស្វា​របស់​ពួក​គេ​កាល​ពី​ពេល​ថ្មីៗ​នេះ នៅក្នុង​សាល​សម្តែង​សិល្បៈ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។​

របាំ​ដែល​គេ​ហៅ​ឈ្មោះ​ថា Khmeropedies III ​ឬ​ភព​ស្វា​នេះ​នឹង​ត្រូវ​យក​ទៅ​សម្តែង​នៅ​ឯ​សារមន្ទីរ​ហ្គូហ្គិនហែម​ក្នុង​ទីក្រុង​ញូយ៉ក នៅ​ខែ​មេសា​ខាង​មុខ​នេះ ជា​ផ្នែក​មួយ​នៃ​មហោ​ស្រព​សិល្បៈ​ខ្មែរ ឬ​ season of Cambodia។​

ស្នាដៃ​នេះ​មាន​ទម្រង់​ជា​សិល្បៈ​បែប​សហ​សម័យ​ដែល​លាយ​បញ្ចូល​គ្នា​ជាមួយរបាំ​បុរាណ​ខ្មែរ។​
ង៉ែត រ៉ាឌី​គឺ​ជា​អ្នក​រាំ​របាំ​ស្វា​នាំ​មុខ​គេ​ម្នាក់​នៅក្នុង​ក្រុម​ដែល​មាន​គ្នា​៧​នាក់​នេះ។​

«នេះ​ជា​មោទនភាព​មួយ​សម្រាប់​កូន​ខ្មែរ​ដែល​យើង​គិត​ថា នេះ​ជា​ស្នាដៃ​មួយ​របស់​ខ្មែរ ដែល​សិក្សា​ពី​ស្វា​បូក​ជាមួយ​នឹង​Classical ​របស់​យើង ដែល​នឹង​យក​ទៅ​បង្ហាញ​នៅ​ក្រៅ​ប្រទេស»។​
អ្នកស្រី ភួន ម៉ានូ​គឺ​ជា​អ្នក​បង្កើត​របាំ​បែប​សហ​សម័យ​នេះ​ឡើង។​

«ប្រសិន​បើ​អ្នក​ចង់​បង្កើត​របាំ​សហ​សម័យ​ អ្នក​ត្រូវ​រក្សា​អត្ត​សញ្ញាណ​របស់​អ្នក​ ហើយ​នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ពីព្រោះ​វា​រក្សា​អត្ត​សញ្ញាណ​ខ្មែរ។ ខ្ញុំ​មិន​មែន​ទទួល​បាន​ជោគជ័យ​គ្រប់​ពេល​នោះ​ទេ ប៉ុន្តែ នេះ​អាច​មាន​លទ្ធភាព​ទទួល​បាន​ជោគ​ជ័យ​មួយ​ដែរ។ អ្នក​ត្រឡប់​ទៅ​រក​ ឬស​គល់​នៃ​វប្បធម៌​របស់​អ្នក ថា​តើ​វា​មាន​ប្រភព​មក​ពី​ណា ហើយ​អ្នក​ក្រឡេក​មើល​វា ​ដោយ​ប្រើ​ក្រសែ​ភ្នែក​ផ្សេង»។​

ក្រុម​របាំ​ស្វា​នេះ​នឹង​ចូល​រួម​ជា​មួយ​សិល្បករ និង​សិល្បការិនី​ខ្មែរ​ផ្សេង​ទៀត សរុប​ទាំង​អស់​១២៥​នាក់ ដែល​នឹង​ទៅ​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​នៅ​ក្នុង​មហោ​ស្រព​សិល្បៈ​ដែល​មាន​រយៈពេល​២ខែ​នៅក្នុង​ទីក្រុង​ញូយ៉ក​នោះ។​

លោក កង ឫទ្ធីសាល​គឺជា​នាយក​កម្មវិធី​នៃ​អង្គការ​អម្រឹតា​សិល្បៈ ដែល​ជា​អ្នក​ចូលរួម​នាំយក​ស្នាដៃ​សិល្បៈ​ខ្មែរ​នេះ​ទៅបង្ហាញ​នៅ​ក្នុង​មហោ​ស្រព​នោះ។​

«ជាឱកាស​មួយ​ដែល​ពួកគាត់​ជា​សិល្បករ​ជំនាន់​ក្រោយមាន​ឱកាស​សម្តែង​ចេញ​តាម​រយៈ​ស្នាដៃ​ថ្មី។ ពួកគាត់​មាន​គំនិត​ច្នៃ​ប្រឌិត​ ចង់​សាក​ល្បង​ឈាន​ហួស​ពី​ទម្រង់​បុរាណ​របស់​ខ្លួន»។​

ទម្រង់​សិល្បៈ​មួយ​ទៀត​ គឺរបាំ​ព្រះរាជ​ទ្រព្យ​ ក៏​នឹង​ត្រូវ​នាំ​យក​ទៅ​សម្តែង​នៅ​ទី​ក្រុង​ញូយ៉ក​សម្រាប់​មហោ​ស្រព​នោះ​ដែរ។​

របាំ​បុរាណ​ខ្មែរ​ខ្នាត​ធំ ​ដែល​សម្តែង​ជា​រឿង​«អប្សរា​មេរា»​នេះ​ត្រូវ​បាន​បង្កើត​ដោយ​សម្តេច​ព្រះរាម​នរោត្តម បុប្ផាទេវី។​

ក្រុម​របាំ​ដែល​មាន​សមាជិក​៤០​នាក់​នេះ​នឹង​ត្រូវ​យក​ទៅសម្តែង​នៅ​Brooklyn​ Academy of Music ​នៅដើម​ខែ​ឧសភា​ខាង​មុខនេះ។​

អ្នក​រៀបចំ​មហោ​ស្រព​សិល្បៈ​នេះ​និយាយ​ថា មាន​ទម្រង់​សិល្បៈ​ខ្មែរ​ជាង​១០​ប្រភេទ ដោយ​រួម​មាន​គំនូរ តន្រ្តី ការ​សម្តែង ការ​តាំង​ពិរព័ណ៍ ​និង​សិក្ខា​សាលា​ដែល​ជជែក​ពិភាក្សា​អំពី​សិល្បៈ​ជាដើម នឹង​ត្រូវ​យក​ទៅ​បង្ហាញ​នៅ​ក្នុងអំឡុង​ពេល​មហោ​ស្រព​នោះ។​

លោក ព្រីម ភ្លឿន​គឺ​ជានាយក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ដែល​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​មហោ​ស្រព​នេះ​ឡើង។​

«យើង​ចង់​រៀបចំ​យ៉ាង​ម៉ិច​ឲ្យ​សិល្បករ​មាន​ក្តី​សង្ឃឹម​ទៅ​មុខ​ទៀត កុំ​ឲ្យ​គិត​ថា ធ្វើ​ជា​អ្នក​សិល្បៈ មិ​ន​បាន​ថវិកា​គ្រប់គ្រាន់ និង​ជីវភាព​ជួបការ​លំបាក ឬ​លេ​ង​បាន​តែ​ត្រឹម​ចិញ្ចើម​ថ្នល់»។​

នាង កាវ៉ិច​គឺ​ជា​ផលិតករ​ភាព​យន្ត​ម្នាក់​ដែល​កំពុង​រះ។ លោក​ក៏​គ្រោង​នាំ​យក​ស្នាដៃ​ភាព​យន្ត​ខ្នាត​វែង​លើក​ដំបូង​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា «តើ​ខ្ញុំ​ទៅណា?» ទៅ​ចូលរួម​ក្នុង​មហោ​ស្រព​សិល្បៈ​នោះ​ដែរ។​

«ខ្ញុំ​មាន​ឱកាស​មួយ​ថា ពួកយើង​ធ្វើ​ស្នាដៃ​សិល្បៈ​ មិន​មែន​ត្រឹម​តែ​ទុក​ទេ​គឺ​បង្ហាញ​ទៀត។ អញ្ចឹង វា​ជា​ផ្នែក​មួយ​ដែល​ជំរុញទឹកចិត្ត​ខ្ញុំ​ឲ្យ​ខំ​ប្រឹង​ធ្វើ​ស្នាដៃ​ប្លែកៗ​ផ្សេងៗ​ទៀត»។​

ក្រៅ​ពី​ខ្សែ​ភាពយន្ត របាំ​បុរាណ និង​សហ​សម័យ​ហើយ​នោះ ស្នាដៃ​ចម្លាក់​ធ្វើ​ពី​ផ្តៅ​ និង​ឬស្សី​របស់​សិល្បករ​ខ្មែរ​ដ៏​ល្បី​គឺ​លោក​ពេជ្រ សុភាព ក៏​នឹង​ត្រូវ​យក​ទៅ​ដាក់​បង្ហាញ​នៅ​ឯ​សារមន្ទីរ Metropolitan Museum of Art ផងដែរ។​

«ទើប​ជា​លើក​ទី​១​ដែល​យើង​មាន​សិល្បករ​ទៅតាំង​ពិព័រណ៍​នៅ​សារមន្ទីរ​ដែល​ស្ថិត​ក្នុង​ចំណោម​សារមន្ទីរ​ដែល​ល្បីល្បាញ​បំផុត​លើ​លោក។ អា​នេះ វា​ហាក់​ដូចជា​ប្រវត្តិសាស្ត្រ​មួយ​ដែរ»។​
លោក សាន់ វណ្ណា គឺ​ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សម្រាប់​មហោ​ស្រព​សិល្បៈ​ខ្មែរ​នៅ​ទីក្រុង​ញូយ៉ក​នោះ។​
«នេះ​គឺ​ជា​ខណៈ​ពេល​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​មោទភាព​ចំពោះ​វប្បធម៌​របស់​ខ្លួន និង​ក៏​ដើម្បី​ជំរុញ​ទឹកចិត្ត​ដល់​ក្មេង​ជំនាន់​ក្រោយដែលអាច​ក្រឡេក​មើល​មហោ​ស្រប​នេះ ហើយ​និយាយ​ថា នេះ​គឺ​ជា​អ្វី​មួយ​ដែលខ្ញុំ​ចង់​បាន និង​ចង់​ចូលរួម​ដែរ​ នៅក្នុង​ថ្ងៃ​អនាគត»។​

ពិធីបើក​សម្ពោធន៍​ជា​ផ្លូវការ​នៃ​មហោ​ស្រព​សិល្បៈខ្មែរ​ក្នុង​ទីក្រុង​ញូយ៉ក​នោះ​គ្រោង​នឹង​ធ្វើ​នៅ​សារមន្ទីរ Rubin Museum of Art ​នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា​ខាង​មុខ​នេះ៕​
XS
SM
MD
LG